ច្បាប់​ជាតិ​និង​អន្តរជាតិ​ហាម​ឃាត់​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ក្នុង​ប៉ុស្តិ៍​នគរបាល​និង​ពន្ធនាគារ

ដោយ ជី វិតា
2015-11-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នកជាប់ឃុំ​អាន​សៀវភៅ​ប្រលោម​លោក ក្នុង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ។
អ្នកជាប់ឃុំ​អាន​សៀវភៅ​ប្រលោម​លោក ក្នុង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ។
RFA/So Chivy

ការ​ធ្វើ​ទារុណកម្ម​មនុស្ស ទោះ​ផ្លូវ​កាយ​ក្តី ផ្លូវ​ចិត្ត​ក្តី ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់។ រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ការពារ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ទារុណកម្ម នៅ​ពេល​កំពុង​ជាប់​ឃុំ​ក្នុង​ប៉ុស្តិ៍​នគរបាល ឬ​ក្នុង​ពន្ធនាគារ។ មន្ត្រី​រាជការ​ដែល​ធ្វើ​ទារុណកម្ម​មនុស្ស​ដើម្បី​សួរ​ចម្លើយ ឬ​បង្ខំ​ទារ​ប្រាក់ នឹង​ទទួល​ទោស​ធ្ងន់​ជាង​ជន​សាមញ្ញ។

កម្ពុជា បាន​ឆ្លង​កាត់​សោកនាដកម្ម​ជាច្រើន​ក្នុង​រយៈពេល​ជាង ៤​ទសវត្សរ៍​កន្លង​មក​នេះ។ មហា​វិនាសកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាង​គេ គឺ​កើត​មាន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ពី​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ប្រទេស​កម្ពុជា ស្ថិត​ក្នុង​យុគ​សម័យ​ដើរ​ថយ​ក្រោយ​នោះ មិន​មាន​ប្រព័ន្ធ​យុត្តិធម៌​ទេ ពោល​គឺ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង មិន​មាន​តុលាការ​ដែល​ជា​ស្ថាប័ន​សំខាន់​មួយ​សម្រាប់​ដោះស្រាយ​ជម្លោះ និង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្នុង​សង្គម​ជាតិ​ឡើយ។

មនុស្ស​មួយ​ក្តាប់​តូច​នៃ​បក្ស​កុម្មុយនិស្ត​ជា​អ្នក​សម្រេច​គោល​នយោបាយ​ជាតិ​ទាំង​មូល។ ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​រស់នៅ​ក្នុង​ការ​ភ័យ​ខ្លាច ដោយសារ​ការ​ចាប់​ខ្លួន​ធ្វើ​ទារុណកម្ម និង​ការ​ប្រហារ​ជីវិត​តាម​អំពើ​ចិត្ត​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ឆ្លង​កាត់​នីតិវិធី​ច្បាប់​អ្វី​ទាំងអស់។ ជា​លទ្ធផល ពលរដ្ឋ​កម្ពុជា ប្រមាណ ២​លាន​នាក់​បាន​ស្លាប់។

ដោយ​ហេតុ​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​បទពិសោធន៍​ដ៏​ជូរ​ចត់ និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នេះ​ហើយ ទើប​កម្ពុជា មាន​ការ​បោះ​ឆ្នោត​សកល​មួយ​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ហើយ​ប្រសូត​បាន​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ។ គ្រប់​ភាគី​នយោបាយ​ខ្មែរ​ទាំងអស់ មិន​ត្រឹម​តែ​បាន​មូល​មាត់​គ្នា​ធ្វើ​ច្បាប់​កំពូល​នេះ​ឲ្យ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដាក់​បញ្ចូល​នូវ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទៅ​ក្នុង​ឯកសារ​កំពូល​នេះ​ទៀត​ផង ដើម្បី​ការពារ និង​ធានា​មិន​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដូច​កន្លង​មក​កើត​មាន​ជា​ថ្មី​ទៀត។

មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ការ​បង្ខិត​បង្ខំ កា​ធ្វើ​បាប​លើ​រូប​រាង​កាយ ឬ​ប្រព្រឹត្ត​កម្ម​ណា​មួយ​ដែល​បន្ថែម​ទម្ងន់​ទណ្ឌកម្ម អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំឃាំង ឬ​ជាប់​ពន្ធនាគារ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ឡើយ។

លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា ដាច់​ខាត នគរបាល​អត់​មាន​សិទ្ធិ​ធ្វើ​ទារុណកម្ម​អ្នក​ណា​ម្នាក់​ទេ៖ «ពីព្រោះ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មាន​បទល្មើស​មួយ​ហៅ​ថា បទល្មើស​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​លើ​អ្នក​ដទៃ។ ដូច្នេះ បើ​នគរបាល​វាយ​ដំ​ជន​ជាប់​ចោទ គាត់​អាច​មាន​ទោស​ពី​ការ​ធ្វើ​ទារុណកម្ម​គេ»

មាត្រា​២១០ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​និយាយ​អំពី​បទ​ទារុណកម្ម និង​អំពើ​ឃោរឃៅ ចែង​ថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់​ប្រាំ) ឆ្នាំ។

ច្បាប់​មិន​ត្រឹម​តែ​ហាម​ឃាត់​ការ​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​ប៉ុណ្ណោះ​ទេ ទារុណកម្ម​ផ្លូវ​ចិត្ត ក៏​ជា​អំពើ​ល្មើស​ច្បាប់​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា វា​មាន​ការ​ពិបាក​បន្តិច​ក្នុង​ការ​បញ្ជាក់​ថា ជន​រងគ្រោះ​ត្រូវ​បាន​រង​ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត ដោយសារ​មិន​ឃើញ​ស្នាម​របួស​នៅ​លើ​រាង​កាយ៖ «ក្នុង​ការ​ធ្វើ​ទារុណកម្ម​ហ្នឹង ច្បាប់​គេ​ហាម​ទាំង​ទារុណកម្ម​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ប៉ុន្តែ​ផ្លូវ​ចិត្ត​អត់​ឃើញ​របួស​ស្នាម​អី ហើយ​ពលរដ្ឋ​យើង​អត់​យល់​អំពី​ទារុណកម្ម​ផ្លូវ​ចិត្ត​អី​ទេ។ អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក»

ការ​គំរាម​កំហែង​ធ្វើ​ទារុណកម្ម ឬ​ការ​គំរាម​សម្លាប់ គឺ​ជា​អំពើ​ទារុណកម្ម​លើ​ផ្លូវ​ចិត្ត។ របាយការណ៍​នានា​របស់​អង្គការ​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា ជន​ជាប់​ឃុំ ឬ​គ្រួសារ​របស់​ពួក​គាត់ ត្រូវ​បាន​មន្ត្រី​នគរបាល ឬ​អាជ្ញាធរ​ពន្ធនាគារ គំរាម​តាម​រូបភាព​ផ្សេងៗ​ដើម្បី​ទារ​ប្រាក់ ឬ​ឲ្យ​ឆ្លើយ​សារភាព។

កម្ពុជា ក៏​បាន​ផ្តល់​សច្ចាប័ន​ទទួល​យក​ច្បាប់​អន្តរជាតិ ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​ផង​ដែរ។ លោក​មេធាវី គង់ សំអុន បញ្ជាក់​ថា ហេតុ​ដូច្នេះ រដ្ឋ​ជា​សមាជិក​នៃ​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម ត្រូវ​តែ​គោរព​តាម​ច្បាប់​សកល​នេះ៖ «ប្រទេស​កម្ពុជា យើង​ក៏​ជា​ហត្ថលេខី​មួយ​នៃ​អនុសញ្ញា​ប្រឆាំង​អំពើ​ទារុណកម្ម​ដែរ។ ដូច្នេះ នីតិវិធី​របស់​យើង​មិន​អនុញ្ញាត​ឲ្យ​នគរបាល​យុត្តិធម៌​ធ្វើ​ទារុណកម្ម ឬ​បង្ខំ​ជន​សង្ស័យ ជន​ជាប់​ចោទ​ឲ្យ​ឆ្លើយ​សារភាព ឬ​ដាក់​ទោស​ខ្លួន​ឯង​នៅ​លើ​ចំណុច​ណា​មួយ​ទេ»

យោង​តាម​របាយការណ៍​ឆ្នាំ​២០១៤ របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អំពើ​ទារុណកម្ម និង​ការ​ធ្វើ​បាប​ក្នុង​ពន្ធនាគារ និង​ក្នុង​ប៉ុស្តិ៍​នគរបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​កើត​មាន​ជា​ប្រចាំ។ ជន​ជាប់​ឃុំ​តែង​រៀបរាប់​ថា ពួក​គេ​ត្រូវ​បាន​វាយ​ដំ ទាត់​ទះ ឬ​ដាល់​ជា​រឿយៗ​រហូត​ដល់​អ្នក​ទាំង​នោះ​ហូរ​ឈាម និង​សន្លប់។ ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយ​ដំ​នោះ​មាន កាំភ្លើង ដំបង​ឈើ ដំបង​ដែក និង​ដំបង​ឆក់។ គោល​បំណង​មួយ​នៃ​ការ​រំលោភ​បំពាន គឺ​នៅ​តែ​ជា​ការ​បង្ខំ​ឲ្យ​អ្នក​ទាំង​នោះ​ផ្តល់​ចម្លើយ​សារភាព ឬ​ទារ​រក​ថវិកា។

ច្បាប់​កម្ពុជា កំណត់​ថា ប្រសិន​បើ​អ្នក​ធ្វើ​ទារុណកម្ម​គេ​ជា​មន្ត្រី​រាជការ ដូចជា នគរបាល កង​រាជ​អាវុធហត្ថ ឬ​ជា​ទាហាន ជាដើម កម្រិត​ទោស​ទណ្ឌ​ដែល​ពួក​គេ​ត្រូវ​ទទួល មាន​ស្ថាន​ទម្ងន់​ធ្ងន់​ជាង​មនុស្ស​ធម្មតា។

មាត្រា​២១៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​និយាយ​អំពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទល្មើស​ធ្វើ​ទារុណកម្ម​ចែង​ថា បទ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​នៃ​ក្រម​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាល​បើ​បទ​ឧក្រិដ្ឋ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខ​ងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល