ការ​បក​ស្រាយ​ចម្ងល់​ទាក់ទង​នឹង​បញ្ហា​ទិញ​ផ្ទះ​ជាប់​បំណុល

ក្នុង​កម្មវិធី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ពេល​នេះ លោក ឡេង ម៉ាលី មាន​សេចក្តី​អត្ថាធិប្បាយ​ច្បាប់​ទាក់ទង​នឹង​បញ្ហា​ទិញ​ផ្ទះ​ជាប់​បំណុល​តាម​ចម្ងល់​របស់​អ្នក​ស្តាប់។

0:00 / 0:00

មាន​លោក​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប ឈ្មោះ ផន ចាន់ថុល ជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ ថាង ស្រីចុំ ដែល​អះអាង​ថា កំពុង​រស់​នៅ​ឯ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​សាកសួរ​មក​នាទី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី អំពី​បញ្ហា​ផ្លូវ​ច្បាប់​មួយចំនួន​ទាក់ទង​នឹង​ករណី​ទិញ​ផ្ទះ​ដែល​មាន​ជាប់​ជំពាក់​បំណុល​ច្រើន​ដែល​ធ្វើ​ឱ្យ​ខាត​បង់​លុយ។

ទាក់ទង​នឹង​រឿង​ទិញ​ផ្ទះ​ជាប់​បំណុល​នេះ លោក ផន ចាន់ថុល បាន​លើក​យក​រឿង​រ៉ាវ​របស់​លោក​ផ្ទាល់ ដែល​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៩ លោក​និង​ប្រពន្ធ​បាន​ព្រមព្រៀង​គ្នា​ទិញ​ផ្ទះ​ឈើ​មួយ​ខ្នង​នៅ​ខេត្ត​កណ្តាល ដើម្បី​រុះ​យក​ទៅ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ។ ការ​ទិញ​ដូរ​នេះ​បាន​ដឹង​ឮ​តែ​ត្រឹម​ប្រធាន​ភូមិ​ប៉ុណ្ណោះ។

លោក ផន ចាន់ថុល បាន​ឱ្យ​ដឹង​ពី​ដំណើរ​រឿង​ដោយ​សង្ខេប​ដូច្នេះ ៖ «ដំបូង​ផ្ទះ​ហ្នឹង​គាត់​លក់​ឱ្យ​ខ្ញុំ ២.៨៥០​(ដុល្លារ) តែ​ខ្ញុំ​កក់​ឱ្យ​គាត់ ១​ពាន់​ដុល្លារ។ ខ្ញុំ​ទិញ​តែ​ផ្ទះ​ទេ។ ទិញ​តែ​ផ្ទះ​ហ្នឹង ខ្ញុំ​រុះ​យក​ទៅ​ធ្វើ​នៅ​ខាង​ខ្ញុំ​កំពង់ស្ពឺ។ ពេល​ខ្ញុំ​ព្រម​ទិញ​ហ្នឹង​មាន​ផ្តិត​មេដៃ​ប្រធាន​ភូមិ​ប្រធាន​អី​ដែរ។ ពេល​ហ្នឹង​ខ្ញុំ​ស៊ើប​សួរ​អត់​ដឹង​ទេ។ ពេល​ខ្ញុំ​ទៅ​ទិញ​ផ្ទះ​ហ្នឹង សួរ​អ្នក​ភូមិ​ហ្នឹង​អត់​មាន​ជំពាក់​អី​នរណា​ទេ»

លោក ផន ចាន់ថុល បាន​ឱ្យ​ដឹង​ទៀត​ថា លុះ​ក្រោយ​មក​លោក​បាន​ទៅ​រុះ​ផ្ទះ​នោះ ក៏​ប៉ុន្តែ​មិន​អាច​រុះ​បាន ដោយសារ​ម្ចាស់​បំណុល​ផ្សេង​ទៀត​ហាមឃាត់ ៖ «ពេល​ដែល​ខ្ញុំ​ទៅ​រុះ​ហ្នឹង ស្រាប់​តែ​អង្គការ​បី​អង្គការ ដូចជា​អេស៊ីលីដា ស្ថាបនា និង​ពិភពលោក។ ទៅ​រើ​ហ្នឹង​អង្គការ​គេ​ឃាត់​ថា ផ្ទះ​ហ្នឹង​ពាក់ព័ន្ធ​អង្គការ​បី​អង្គការ»

នៅ​ក្នុង​ដំណើរ​រឿង​ហេតុ​ដូច្នេះ អ្នកស្រី ថាង ស្រីចុំ ដែល​ជា​ប្រព័ន្ធ​មាន​ចម្ងល់​មួយ​ថា បើ​តាម​ផ្លូវ​ច្បាប់ តើ​អ្នកស្រី​អាច​ទាមទារ​លុយ​នោះ​យក​មក​វិញ​បាន​ទេ? ហើយ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បាន​លុយ​នោះ​មក​វិញ? ដោយ​អ្នកស្រី​លើក​ជា​សំណួរ​ដូច្នេះ ៖ «ខ្ញុំ​ចង់​សួរ​ថា ខ្ញុំ​ទិញ​ផ្ទះ​អ៊ីចឹង ហើយ​អង្គការ​គេ​អត់​ឱ្យ​រុះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ម៉េច​បាន​លុយ​វិញ ឬ​បាន​ផ្ទះ​វិញ?»

ចំពោះ​ចម្ងល់​របស់​អ្នកស្រី ថាង ស្រីចុំ លោក​មេធាវី ជា ដារា ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណា​កម្ពុជា និង​ជា​នាយក​ការិយាល័យ​ច្បាប់​ឈ្មោះ​ក្រុម​មេធាវី ឌី.ស៊ី បាន​ពន្យល់​អំពី​ផ្លូវ​ច្បាប់​ដូច្នេះ​ថា ៖ «ពេល​ណា​ទំនាស់​កើត​ឡើង បើ​សិន​ជា​អចលនទ្រព្យ​នោះ​បាន​បញ្ចាំ​គេ​មុន​ហើយ ដូច្នេះ​ម្ចាស់​ទី​មួយៗ ដែល​គាត់​ទទួល​បញ្ចាំ​ហ្នឹង​គាត់​ត្រូវ​ទទួល​យក​មុន​គេ។ នេះ​បើ​សិន​ជា​មាន​ការ​ឡាយឡុង ឬ​ក៏​លក់​អចលនទ្រព្យ​ដែល​បាន​បញ្ចាំ​ហ្នឹង។ អ៊ីចឹង​អ្នក​ទី​មួយ​គាត់​ត្រូវ​បាន​ទទួល​ចំណែក​មុន​គេ បន្ទាប់​មក​បាន​អ្នក​បន្តបន្ទាប់​ទៀត។ អ៊ីចឹង​សួរ​ថា តើ​យើង​ត្រូវ​ដោះស្រាយ​ដោយ​វិធីណា បើ​សិន​ជា​មាន​អ្នក​បញ្ចាំ​ច្រើន​នាក់? បើ​មាន​អ្នក​បញ្ចាំ​ច្រើន​នាក់ អ៊ីចឹង​បើ​អ្នក​មុន​យក​ផល​អស់​ទៅ អ៊ីចឹង​អ្នក​ក្រោយ​គឺ​គាត់​អត់​បាន​ផល​ទេ»

ក្នុង​ករណី​ដែល​ការ​សង​ទូទាត់​ប្រាក់​បំណុល​ទៅ​ម្ចាស់​បំណុល​មុនៗ​អស់ ហើយ​លោក​នៅ​ក្រោយ​គេ​មិន​បាន​ទទួល លោក ផន ចាន់ថុល បាន​លើក​សំណួរ​បន្ត​ថា ៖ «ខ្ញុំ​ឆ្ងល់​ថា ខ្ញុំ​ប្តឹង​បាន​ឬ​អត់​ឱ្យ​ម្ចាស់​ហ្នឹង​ប្រគល់​លុយ​ឱ្យ​ខ្ញុំ​មួយ​ពាន់​ដុល្លារ​វិញ?»

លោក​មេធាវី ជា ដារា បាន​ពន្យល់​ថា ៖ «តាម​ផ្លូវ​ច្បាប់ យើង​មាន​តែ​មធ្យោបាយ​ម្យ៉ាង​ទេ គឺ​ប្តឹង​អ្នក​ដែល​បញ្ចាំ​យើង ឬ​លក់​ឱ្យ​យើង​ចុង​ក្រោយ​ហ្នឹង ទាមទារ​យក​ប្រាក់​មក​វិញ។ ច្បាប់​តម្រូវ​ឲ្យ​អ្នក​ដែល​បញ្ចាំ​មុន គាត់​ត្រូវ​ទទួល​ចំណែក​មុន​គេ សល់​ប៉ុន្មាន​អ្នក​បន្ទាប់ៗ​មក​ទៀត។ អា​នេះ​នៅ​ក្នុង​ច្បាប់​កិច្ចសន្យា​ក៏​និយាយ នៅ​ក្នុង​ច្បាប់​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ក៏​យើង​និយាយ​ដែរ»

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​លិខិត​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ក៏​មាន​ឈ្មោះ​មេ​ភូមិ​ចារ​បញ្ជាក់​ផង​ដែរ ដូច​ដែល​ប្រពន្ធ​របស់​លោក ផន ចាន់ថុល ឈ្មោះ ថាង ស្រីចុំ បាន​អាន​ខ្លឹមសារ​សេចក្តី​បញ្ជាក់​នោះ​ដូច្នេះ ៖ «គាត់​ដាក់​ថា ថ្ងៃ​ទី​៨ ខែ​៦ ឆ្នាំ​២០០៩, បាន​ឃើញ​និង​បញ្ជាក់​ថា ឈ្មោះ ហុក ញ៉ លក់​ផ្ទះ​ទៅ​ឱ្យ ផន ចាន់ថុល ពិត​ប្រាកដ​មែន។ មេ​ភូមិ​ត្នោតខ្ពស់ ប៊ិ បឿន»

ដល់​ត្រង់​ចំណុច​នេះ លោក ផន ចាន់ថុល មាន​ចម្ងល់​ទៀត​ថា ៖ «ដល់​ពេល​មេ​ភូមិ​មេ​អី​ហ្នឹង​គាត់​ស៊ីញ៉េ​ឱ្យ​ខ្ញុំ​ប្រគល់​លុយ​ប្រគល់​អី​ឱ្យ​ហ្នឹង ឥឡូវ​ខ្ញុំ​ចង់​ប្តឹង​គាត់ ឱ្យ​ធ្វើ​ម៉េច​ឱ្យ​បាន​លុយ​ឱ្យ​ខ្ញុំ​វិញ។ តើ​ខ្ញុំ​ប្តឹង​គាត់​បាន​ឬ​ទេ?»

លោក​មេធាវី ជា ដារា បាន​ពន្យល់​ចំណុច​នេះ​ដូច្នេះ ៖ «បើ​សិន​ជា​គាត់​បញ្ជាក់​នៅ​ក្នុង​លិខិត​ថា ដីធ្លី​ហ្នឹង​មិន​មាន​បញ្ហា​អី​ទេ អាហ្នឹង​គាត់​មាន​ទំនួល​ខុស​ត្រូវ​មួយ​ទៀត ត្រង់​ថា គាត់​ធានា​អះអាង។ គាត់​មិន​មែន​ជា​សាក្សី​ទេ គាត់​ក្លាយ​ទៅ​ជា​អ្នក​ធានា​អះអាង​វិញ។ អ៊ីចឹង​អ្នក​ធានា​អះអាង​ហ្នឹង គាត់​បាន​ធានា​អះអាង​ទៅ​លើ​អ្នក​បាន​លក់​ផ្ទះ​នេះ​ឱ្យ​គាត់។ បើ​យើង​ធានា ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​មួយ​ទៀត ព្រោះ​គាត់​ធានា គាត់​ថា អត់​មាន​រឿង​អី​កើត​ឡើង»

ក៏​ប៉ុន្តែ​ប្រសិន​បើ​គាត់​គ្រាន់តែ​ចារ​ជា​សាក្សី​ថា បាន​ដឹង​ឮ​វិញ លោក​មេធាវី ជា ដារា ពន្យល់​ដូច្នេះ ៖ «ច្បាប់​គាត់​គ្រាន់​តែ​ជា​សាក្សី​ដឹង​ឮ​ក្នុង​ការ​លក់​ទិញ​ទេ ដូច្នេះ​ការ​ទទួ​ខុស​ត្រូវ​របស់​គាត់​ក្នុង​នាម​ជា​សាក្សី​គ្រាន់តែ​ដឹង​ឮ​ប៉ុណ្ណឹង​ទេ។ គាត់​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​អី​ទៅ​លើ​ហ្នឹង​ទេ ព្រោះ​គាត់​មិន​មែន​ជា​សមត្ថកិច្ច​ក្នុង​រឿង​ដី​ធ្លី​ហ្នឹង រឿង​ផ្ទះ​សម្បែង​ហ្នឹង ។ អ៊ីចឹង​អ្នក​ដែល​មាន​សមត្ថកិច្ច គឺ​មាន​តែ​អាជ្ញាធរ​សុរិយោដី​ទេ។ ប្រសិន​បើ​អាជ្ញាធរសុរិយោដីស៊ីញ៉េខុស អាជ្ញាធរសុរិយោដីគាត់​ទទួល​ខុសត្រូវ ។ ប៉ុន្តែ​នេះ​គាត់​ជា​អាជ្ញាធរ​មូលដ្ឋាន គាត់​អត់​មាន​សមត្ថកិច្ច​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ផ្នែក​ហ្នឹង​ទេ។ អ៊ីចឹង​គាត់​គ្រាន់​តែ​ជា​សាក្សី​នៅ​ក្នុង​រឿង​ហ្នឹង ហើយ​បើ​ប្តឹង​សាក្សីៗ បាន​តែ​ឆ្លើយ​មក​វិញ​ថា គាត់​គ្រាន់តែ​ជា​សាក្សី​ទេ ការងារ​លក់​ទិញ​ហ្នឹង​គាត់​អត់​មាន​ទទួល​ខុស​ត្រូវ​ទេ។ នេះ​ចង់​ជម្រាប​អ៊ីចឹង»

ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​មិន​ដាច់​ស្រេច​នៅ​ក្នុង​រឿង​ទិញ​ដូរ​អចលនទ្រព្យ ដូចជា​ដី ឬ​ផ្ទះ​ជាដើម លោក​មេធាវី ជា ដារា បាន​ផ្តល់​យោបល់​ដូច្នេះ​ថា ៖ «សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ បើ​សិន​ជា​បង​ប្អូន​មិន​យល់​ពី​ការ​លក់​ដូរ ឬ​មួយ​ក៏​ចង់​លក់​ដូរ​អចលនទ្រព្យ​ទាំង​អស់ រួម​មាន​ផ្ទះ​សម្បែង ដី​ធ្លី ដើម​ឈើ​ជាដើម គឺ​អចលនទ្រព្យ​ដែល​មាន​តាំង​នៅ គឺ​សុំ​ឱ្យ​គាត់​ទៅ​បញ្ជាក់​នៅ​អាជ្ញាធរ​សុរិយោដី ដែល​ជា​អាជ្ញាធរ​មួយ​ទទួល​ខុស​ត្រូវ​ផ្នែក​ដីធ្លី​នោះ។ បើ​មិន​អ៊ីចឹង​ទេ មុន​នឹង​លក់​ទិញ បង​ប្អូន​ទៅ​មេធាវី​អ្នក​ច្បាប់ ដើម្បី​ឱ្យ​គេ​ដឹង​ឮ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ ប៉ុន្តែ​ជា​គោលការណ៍​ច្បាប់ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ការ​លក់​អចលនទ្រព្យ​ទាំង​អស់​ត្រូវ​តែ​ទៅ​ប្រាប់​អាជ្ញាធរ​សុរិយោដី ដើម្បី​ចៀសវាង​នូវ​ការ​ទំនាស់​ផ្សេងៗ ក្រោយ​ពី​ការ​លក់​ដូរ​ទៅ អាច​ជា​អចលនទ្រព្យ​នោះ អាច​ជា​អចលនទ្រព្យ​ដែល​គេ​ដាក់​បញ្ចាំ​នៅ​ធនាគារ ឬ​មួយ​ជា​អចលនទ្រព្យ​គេ​ដាក់​បញ្ចាំ​ធានា​បំណុល​ផ្សេងៗ​កន្លង​មក»

នាទី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី​សូម​បញ្ចប់​ចប់​តែប៉ុណ្ណេះ។ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​ទាក់ទង​នឹង​បញ្ហា​ច្បាប់ ហើយ​ចង់​សួរ​មក​នាទី​យើង សូម​លោក​អ្នក​ទាក់ទង​មក​ទូរស័ព្ទ​លេខ ០១២ ៧៧៦ ៥០៧៕