សិទ្ធិ​កាន់​កាប់​ដីធ្លី​ដែល​ឪពុក​ម្ដាយ​ចែក​ឲ្យ​កូន

ក្នុង​នាទី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី នៅ​ពេល​នេះ​យើង​នឹង​លើក​យក​ចម្ងល់​អ្នក​ស្តាប់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និង​អាសយដ្ឋាន បាន​សួរ​មក​នាទី​យើង​អំពី​បញ្ហា​ដីធ្លី​មួយ​ក្នុង​ការ​ចែកដី​របស់​ឪពុក​ម្តាយ​ឲ្យ​កូន​កាន់​កាប់។

0:00 / 0:00

អ្នក​ស្តាប់​ដែល​មាន​ចម្ងល់​រូប​នេះ​បាន​ឲ្យ​ដឹង​អំពី​ដំណើរ​រឿង​សង្ខេប​ដូច្នេះ​ថា ៖ «ក្នុង​ករណី​ឪពុក​ម្តាយ​ចែក​ដី​ឲ្យ​កូន​គ្រប់​គ្នា ដល់​នេះ​ក៏​កូន​ទី​មួយ​បាន​ប៉ុណ្ណេះ កូន​ទី​ពីរ​បាន​ប៉ុណ្ណេះ កូន​ទី​បី​បាន​ប៉ុណ្ណេះ។ ចែក​បាន​៧​ហើយ ប៉ុន្តែ​គ្មាន​ជា​លាយ​លក្ខណ៍​អក្សរ​អី​ទេ ដោយសារ​តែ​ឪពុក​ម្តាយ​និង​កូន​ក៏​នាំ​គ្នា​នៅ​ដី​ហ្នឹង​ទៅ​ចិញ្ចឹម​ជីវិត​រហូត​ដល់​៧​ឆ្នាំ ទើប​តែ​ឆ្នាំ​ហ្នឹង​មាន​បញ្ហា​ជាមួយ​ឪពុក​ហ្នឹង ហើយ​ឪពុក​ខឹង​កូន​ចង់​ដក​ដី​ហ្នឹង​វិញ»

ក្នុង​សាច់​រឿង​នេះ លោក​បាន​លើក​សំណួរ​មក​កាន់​នាទី​យើង​ដូច្នេះ ៖ «តើ​បើសិន​ជា​លោក​ឪពុក​ធ្វើ​អ៊ីចឹង យើង​អាច​ទាមទារ​ជា​កម្មសិទ្ធិ​លើ​ដី​ហ្នឹង​បាន​ទេ ដោយសារ​យើង​រស់​នៅ​លើ​ដី​ហ្នឹង ដំណាំ​ភោគផល​អី​យើង​ដាំ​ធំ​អស់​ហើយ ហើយ​ធ្វើ​ផ្ទះ​នៅ​បាន​រហូត​ដល់​៧​ឆ្នាំ​ហើយ?»

ទាក់ទង​នឹង​ចម្ងល់​និង​សំណួរ​របស់​អ្នក​ស្តាប់​នេះ ខ្ញុំ​បាទ​បាន​ជម្រាប​សួរ​ទៅ​មន្ត្រី​កម្មវិធី​ខាង​គម្រោង​ច្បាប់​ដីធ្លី​និង​ធនធាន​ធម្មជាតិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​គឺ​លោក គិត ទូច។

លោក គិត ទូច បាន​ពន្យល់​អំពី​ចំណុច​ត្រង់​រយៈ​ពេល​កាន់​កាប់​ដូច្នេះ ៖ «ពាក់​ព័ន្ធ​រឿង​កាន់​កាប់​រយៈពេល​៧​ឆ្នាំ​ហ្នឹង ទស្សនៈ​វិស័យ​របស់​ច្បាប់​គឺ​ថា បើ​សិន​ជា​កាន់​កាប់​របស់​ថ្មី កាន់​កាប់​លើ​របស់​មិន​មាន​ម្ចាស់ កាន់​កាប់​ភោគ​ទ្រព្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទេរ​ឲ្យ​យើង ផ្តល់​ឲ្យ​យើង ការ​កាន់​កាប់​បែប​ហ្នឹង​យើង​អាច​ធ្វើ​លទ្ធកម្ម​កម្មសិទ្ធិ​បាន»

នៅ​ក្នុង​ករណី​នេះ អ្នក​ស្តាប់​ម្ចាស់​សំណួរ​បាន​សួរ​សំណួរ​របស់​ខ្លួន​បន្ត​ដូច្នេះ​ថា ៖ «ឧបមា​ថា គាត់​ដាច់​ខាត​ត្រូវ​តែ​ដក​ដី​ហ្នឹង​វិញ តើ​យើង​មាន​សិទ្ធិ​ដែរ​ឬ​ទេ​ក្នុង​ការ​ទាមទារ​យក​ដី​ហ្នឹង​វិញ? ព្រោះ​អី​យើង​នៅ ហើយ​គាត់​បាន​ចែក​ឲ្យ​ហើយ។ តែ​ដោយសារ​ថា មិន​មាន​លក្ខខណ្ឌ​អី​ច្បាស់​លាស់ ព្រោះ​អី​ពុក​និង​កូន​ដល់​ពេល​មាន​រឿង​តិចតួច​ចង់​ដក​វិញ»

លោក គិត ទូច បញ្ជាក់​ថា ចំពោះ​ករណី​ដី​ដែល​ភាគី​ឪពុក​ម្តាយ​មាន​ប័ណ្ណ​កម្មសិទ្ធិ គឺ​កូន​ដែល​កំពុង​កាន់​កាប់​នេះ​មិន​ទាមទារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ទេ ហើយ​លោក​ពន្យល់​បន្ថែម​ដូច្នេះ ៖ «ដោយ​ឡែក​ការ​កាន់​កាប់​ទ្រព្យ​អ្នក​ដទៃ​ក្រោម​រូបភាព​ការ​ធ្វើ​អំណោយ ការ​ធ្វើ​សន្តតិកម្ម​ពេល​ដែល​ឪពុក​ម្តាយ​ស្លាប់ ការ​ឲ្យ​អំណោយ​ពេល​ឪពុក​ម្តាយ​នៅ​រស់។ សន្តតិកម្ម​គឺ​ជា​លិខិត​បណ្តាំ​មរតក គឺ​មិន​អាច​ធ្វើ​លទ្ធកម្ម​បាន​ទេ បើ​ទោះ​ណា​ពន្យារ​ពេល​ច្រើន​ឆ្នាំ​ដូច​ម្តេច​ក្តី។ លទ្ធកម្ម​មាន​ន័យ​ការ​ផ្ទេរ ការ​បាន​មក គឺ​លទ្ធភាព​ដែល​អាច​ទទួល​បាន»

លោក គិត ទូច ដែល​ជា​មន្ត្រី​កម្មវិធី​ខាង​គម្រោង​ច្បាប់​ដីធ្លី​និង​ធនធាន​ធម្មជាតិ​នៃ​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​សហគមន៍ បាន​ពន្យល់​ពី​នីតិ​វិធី​ដើម្បី​ទាមទារ​ជា​កម្មសិទ្ធិ​បាន​ដូច្នេះ ៖ «គាត់​អាច​ផ្ទេរ​មក​ជា​កម្មសិទ្ធិ​របស់​គាត់​បាន ល្គឹកណា​ដែល​ឪពុក​ម្តាយ​ធ្វើ​បែប​បទ​ទម្រង់​ផ្ទេរ​ហ្នឹង​តាម​សេចក្តី​បង្គាប់​របស់​ច្បាប់​ភូមិបាល។ បាន​ន័យ​ថា តាម​ទម្រង់​យថាភូត គឺ​លិខិត​រដ្ឋបាល​ខាង​អាជ្ញាធរ​ដីធ្លី​ហ្នឹង​គេ​ធ្វើ ហើយ​មាន​ការ​ចុះ​បញ្ជី​សុរិយោដី ថែម​ទាំង​មាន​ការ​បង់​ពន្ធ​ផ្ទេរ​ទ្រព្យ​ហ្នឹង​ទៀត»

ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​ទាំង​ភាគី​ឪពុក​ម្តាយ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ ហើយ​កូន​កាន់​កាប់​មិន​តាម​ការ​ផ្ទេរ​ត្រឹមត្រូវ​តាម​បែប​បទ​ផ្លូវការ លោក គិត ទូច មាន​ប្រសាសន៍​ថា ភាគី​ឪពុក​ម្តាយ​អាច​បាត់​បង់​កម្មសិទ្ធិ​ដោយសារ​តែ​ការ​កាន់​កាប់​ដី​នោះ​មិន​បាន​ជាប់លាប់។

លោក គិត ទូច មាន​ប្រសាសន៍​ដូច្នេះ ៖ «ដោយ​ឡែក​ក្នុង​ស្ថានភាព​ដែល​លោក​បាន​លើក​ថា ឪម្តាយ​ក៏​មិន​មាន​ប័ណ្ណ​កម្មសិទ្ធ​និង​កូន​ក្តី​ក៏​មិន​បាន​ផ្ទេរ​តាម​បែប​បទ​រដ្ឋបាល​ផ្លូវការ ហើយ​សិទ្ធិ​ផ្ទេរ​ឲ្យ​កាន់​កាប់​របស់​ឪពុក​ម្តាយ​ហ្នឹង»

តើ​ករណី​ដូច​នេះ​ត្រូវ​ដោះ​ស្រាយ​តាម​ច្បាប់​ដោយ​របៀប​ណា?

លោក គិត ទូច បញ្ជាក់​ថា ៖ «អ៊ីចឹង​បើ​ឲ្យ​អ្នក​ច្បាប់​គេ​ដោះស្រាយ គឺ​គេ​ដោះស្រាយ​តាម​គោល​ការណ៍​សមធម៌។ សមធម៌​មាន​ន័យ​ថា សមធម៌​នៃ​សិទ្ធិ​ប្រើប្រាស់​លើ​ដី​ហ្នឹង។ ឪពុក​ម្តាយ​មាន​ចិត្ត​ប្រែប្រួល​មិន​ទៀង​ទាត់ ក៏​ព្រោះ​តែ​គាត់​អះអាង​ទៅ​លើ​គ្មាន​ឯកសារ​ផ្ទេរ​ជាក់​លាក់​ឲ្យ​កូនៗ​បាន​កាន់​កាប់​រយៈ​ពេល​វែង ហើយ​ខណៈ​ដែល​អាជ្ញាធរ​រដ្ឋបាល​ដីធ្លី​ហ្នឹង មិន​ទាន់​មាន​យន្តការ​ចុះ​បញ្ជី​ដី​ទូលាយ ខណៈ​ដែល​តម្រូវ​ការ​កាន់​កាប់​នោះ​មាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គម អ៊ីចឹង​ទំនង​ថា អ្នក​កាន់​កាប់​ជាក់​ស្តែង​ហ្នឹង​នឹង​ទទួល​ប្រយោជន៍​ច្រើន​ពី​លទ្ធភាព​ធ្វើ​លទ្ធកម្ម​កម្មសិទ្ធិ។ មាន​ន័យ​ថា គាត់​អាច​ជា​កម្មវត្ថុ​ដែល​អាជ្ញាធរ​ដី​ធ្លី​ហ្នឹង​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​កាប់​ច្រើន​ជាង»

កម្មវិធី​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ពេល​នេះ​ចប់​តែប៉ុណ្ណេះ៕