នៅក្នុងនាទីច្បាប់ពេលនេះ លោក កែវ និមល លើកយកមតិមេធាវី និងខ្លឹមសារច្បាប់ទាក់ទងកិច្ចសន្យាជួលផ្ទះមកជម្រាបលោកអ្នកស្តាប់ដូចខាងក្រោម។
នៅក្នុងវចនានុក្រមច្បាប់ ពាក្យថា កិច្ចសន្យា គឺជាកិរិយាដែលបុគ្គល ២នាក់ ឬច្រើននាក់ មានឆន្ទៈត្រូវគ្នាព្រមបង្កើត ឬរំលត់កាតព្វកិច្ច។ ក្រមរដ្ឋប្បវេណីនៅប្រទេសកម្ពុជា បានចែងថា កិច្ចសន្យាមានអនុភាពទៅបានដោយសារសំណើ និងការទទួលយក ឬស្វីការត្រូវគ្នា។ ហើយកិច្ចសន្យានានាត្រូវតែមានលិខិតជាលាយលក្ខណ៍អក្សរ។
កិច្ចសន្យាមានច្រើនសណ្ឋានណាស់ ហើយនៅពេលនេះសុំលើកយកតែចម្ងល់របស់ប្រជាពលរដ្ឋទាក់ទងជាមួយកិច្ចសន្យាតិចតួច ដូចជា កិច្ចសន្យាជួលផ្ទះជាដើមមកនិយាយតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋមួយរូបឈ្មោះ វី រស់នៅក្រុងភ្នំពេញ មានចម្ងល់ទាក់ទងជាមួយកិច្ចសន្យាជួលផ្ទះ។ គាត់មានចម្ងល់ថា តើការជួលផ្ទះចាំបាច់ត្រូវមានកិច្ចសន្យា ឬយ៉ាងណា? ចុះបើគ្មានកិច្ចសន្យាជួលផ្ទះទេ តើមានផលវិបាកដូចម្តេចខ្លះ? តើកិច្ចសន្យាចាំបាច់ត្រូវមានអាជ្ញាធរដឹងឮឬទេ?
អ្នកស្រី វី បានសួរទៀតថា តើអ្នកជួលផ្ទះអាចលួច ឬបន្លំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើលំនៅឋានដែលខ្លួនជួលគេ ដើម្បីដាក់ធ្វើជាកម្មសិទ្ធិខ្លួនឯងបានឬទេ? ហើយបើធ្វើ តើមានទោសឬទេ?
ឆ្លើយតបចំពោះចម្ងល់មិត្តអ្នកស្តាប់នេះ អ្នកស្រី នី សោភ័ណនារី ជាមេធាវីរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) មានប្រសាសន៍ពន្យល់ឲ្យដឹងថា កិច្ចសន្យាមានសារសំខាន់ណាស់ ហើយភាគីដែលធ្វើកិច្ចសន្យាជាមួយគ្នា ត្រូវគោរពទៅតាមពាក្យសម្ដីដែលមានសរសេរ ឬចែងនៅក្នុងកិច្ចសន្យា។
ចំពោះភាពចាំបាច់ត្រូវមានរបស់កិច្ចសន្យានោះ អ្នកស្រីមេធាវី នី សោភ័ណនារី បានពន្យល់ថា កាលណាមានជម្លោះមិនយល់ស្របគ្នា ឬមានការក្បត់ ឬបញ្ចប់កិច្ចសន្យាមុនការកំណត់ជាដើម បើនិយាយតែពាក្យសម្ដី គឺមិនអាចយកជាការបានឡើយ ដូច្នេះបានជាចាំបាច់ត្រូវមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។
ចំពោះបញ្ហាថា តើកិច្ចសន្យាជួលផ្ទះនោះ ចាំបាច់ត្រូវមានអាជ្ញាធរដឹងឮជាសាក្សី ឬមិនបាច់នោះ អ្នកស្រីមេធាវីបានពន្យល់ថា វាមិនបាច់មានអាជ្ញាធរដឹងឮជាសាក្សីឡើយ បើយោងតាមក្រមរដ្ឋប្បវេណី ប៉ុន្តែ បើសិនជាម្ចាស់ផ្ទះចង់ឲ្យមានភាពច្បាស់លាស់ គេអាចទៅបញ្ជាក់ឲ្យអាជ្ញាធរជួយដឹងឮបានដែរ។
ទាក់ទងជាមួយសំណួរថា តើអ្នកជួលផ្ទះអាចលួចធ្វើប័ណ្ណកម្មសិទ្ធិ រំលោភលើម្ចាស់ផ្ទះបានឬទេនោះ អ្នកស្រីមេធាវី នី សោភ័ណនារី បានមានប្រសាសន៍ថា បើគិតតាមផ្លូវច្បាប់ គឺរឿងនេះមិនអាចទៅរួចទេ។
ក្រមរដ្ឋប្បវេណីមាត្រា៥៩៦ បានចែងទាក់ទងកិច្ចសន្យាជួលចលនវត្ថុ និងអចលនវត្ថុនានា ឬហៅថាភតិសន្យា ថាគឺជាកិច្ចសន្យាមួយដែលភាគីម្ខាងឲ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយ ដោយយកថ្លៃ។ វត្ថុដែលជាកម្មវត្ថុនៃការជួលនោះមានចលនវត្ថុ និងអចលនវត្ថុ។ ចំពោះការបង្កើតកិច្ចសន្យាជួល ឬហៅថាភតិសន្យានោះ មាត្រា៥៩៧ បានចែងថា ភតិសន្យាត្រូវមានអនុភាពដោយភាគីម្ខាង សន្យាថា ឲ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយ ចំណែកភាគីម្ខាងទៀត សន្យាថា បង់ថ្លៃឈ្នួលចំពោះវត្ថុនោះ។
កិច្ចសន្យាជួល ឬហៅថាភតិសន្យានោះ អាចធ្វើដោយមានកាលកំណត់ និងគ្មានកាលកំណត់បាន។ ភាគីទាំងសងខាង គឺទាំងម្ចាស់វត្ថុ ឬហៅថា ភតិបតី និងអ្នកជួល ឬហៅថា ភតិកៈ អាចធ្វើកិច្ចសន្យាជាមួយគ្នាឡើងវិញបាន ដើម្បីបន្ថយថ្លៃ ដើម្បីទាមទារឲ្យជួសជុលការខូចខាតដែលកើតមានដោយសារការជួល ឬអាចរំលាយកិច្ចសន្យាជាមួយគ្នាបាន។ នៅក្នុងក្រមរដ្ឋប្បវេណីមានចែងអំពីពេលកំណត់ប្រមូលប្រាក់ឈ្នួល អំពីសិទ្ធិក្នុងការជួលបន្តទៅឲ្យអ្នកទី៣ ឬហៅថាតតិយជនបានទៀតផង។
បើលោកអ្នកនាងមានចម្ងល់ផ្សេងៗទាក់ទងជាមួយបញ្ហាច្បាប់ លោកអ្នកអាចទូរស័ព្ទមកសាកសួរតាមលេខ ០១៦ ២៦ ១២ ៧៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
