អ្នកស្ដាប់វិទ្យុអាស៊ីសេរីម្នាក់ប្រាប់ថា ឈ្មោះ លាង សាវុធ បានលើកសំណួរអំពីបញ្ហាផ្លូវច្បាប់មួយចំនួនមកនាទីយើង ទាក់ទងទៅនឹងតួនាទីរបស់នគរបាលក្នុងការតាមចាប់ជនប្រព្រឹត្តបទល្មើសមកផ្ដន្ទាទោសតាមបញ្ជារបស់តុលាការ។
អ្នកស្រី លាង សាវុធ បានលើកយកករណីរបស់គ្រួសារគាត់មួយ ដែលប្អូនប្រុសរបស់គាត់ត្រូវគេកាប់ឱ្យរបួសកាលពីដើមឆ្នាំ២០០៧។
អ្នកស្រី លាង សាវុធ ផ្ដល់សាច់រឿងសង្ខេបដូច្នេះ ៖ «ប្អូនប្រុសខ្ញុំហ្នឹងអាយុ ៣០ឆ្នាំ វាអង្គុយហូបស្រាហ្នឹងឃាតកលបកាប់ ប៉ុន្តែយើងមានវត្ថុតាងទាំងអស់។ យើងមានទាំងកាំបិត មានទាំងម៉ូតូដែលជនល្មើសវាជិះរត់អត់រួច។ រឿងហ្នឹងតាំងពី២០០៧។ នៅស្រុកភូមិជាមួយគ្នាហ្នឹង។ ប៉ូលិសដឹង តែទាល់តែឱ្យលុយគេបានគេចាប់។ ខ្ញុំទៅជួបចៅក្រមឱ្យចេញដីកាចាប់ខ្លួនហ្នឹងមក។ ដីកាចេញមកបីបួនខែ ធ្លាក់មកយូរហើយ»។
ទាក់ទងនឹងសាច់រឿងនេះ អ្នកស្រី លាង សាវុធ មានចម្ងល់និងសួរមកនាទីយើងដូច្នេះថា ៖ «ខ្ញុំឆ្ងល់ ខ្ញុំចង់សួរមើលថា តើច្បាប់មកពីណាដែលយើងត្រូវឱ្យលុយគេបានគេចាប់? តើតាមផ្លូវច្បាប់ យើងជនរងគ្រោះហ្នឹងត្រូវចេញថ្លៃដឹកជញ្ជូនឱ្យគេឬបានគេចាប់?»។
ចំពោះសំណួររបស់អ្នកស្រី លាង សាវុធ ខ្ញុំបាទជាអ្នករៀបរៀងនាទីអត្ថាធិប្បាយច្បាប់របស់វិទ្យុអាស៊ីសេរី បានជម្រាបសួរទៅលោកមេធាវី សំ សុគង់ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាកម្ពុជា និងជាម្ចាស់ការិយាល័យច្បាប់មួយឈ្មោះថា ក្រុមមេធាវីការពារយុត្តិធម៌ លោកបានពន្យល់ថា ការចាប់ជនប្រព្រឹត្តល្មើសច្បាប់គឺជាកាតព្វកិច្ចរបស់នគរបាល។
លោកមេធាវី សំ សុគង់ បញ្ជាក់បន្ថែមដូច្នេះ ៖ «ទាក់ទងនឹងការអនុវត្ត ទាក់ទងនឹងការចាប់ជនល្មើស ក៏ដូចជាការអនុវត្តដីកាតុលាការហ្នឹង វាជាកាតព្វកិច្ចរបស់នគរបាល។ គេហៅថា នគរបាលយុត្តិធម៌។ អ៊ីចឹងគឺអត់តម្រូវឱ្យជនរងគ្រោះ ក៏ដូចជាដើមបណ្ដឹងរដ្ឋប្បវេណីត្រូវបង់លុយ ដើម្បីឱ្យនគរបាលហ្នឹងអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាការអនុវត្តដីកាតុលាការទេ»។
បើដូចការពន្យល់នេះ អ្នកស្រី លាង សាវុធ បានសួរបញ្ជាក់ទៀតថា តើគាត់ត្រូវរង់ចាំការអនុវត្តតាមច្បាប់ឬ? ពីព្រោះគេបានប្រាប់ហេតុផលថា ការយកលុយនោះ គឺសម្រាប់ថ្លៃសាំងដឹកជញ្ជូន។
អ្នកស្រីបានលើកស្ថានភាពរឿងបន្តទៀតដូច្នេះ ៖ «ខ្ញុំចង់សួរថា តើយើងអាចឱ្យលុយទៅគេ ឬមួយក៏យើងនៅរង់ចាំមើលច្បាប់គេ មិនដឹងគេអនុវត្តអត់? បើដីកាតាមចាប់ខ្លួនមានអស់ហើយហ្នឹង។ ដីកាផ្លាក់មកចូលពីរបីខែហើយ។ ដីកាធ្លាក់មកដល់ខ្ញុំ ខ្ញុំយកមកឱ្យខាងស្រុកគេបោះត្រា គេទារ ១០០(ដុល្លារ)។ ខ្ញុំសួរខាងប៉ុស្តិ៍ គេថាមិនបាច់ឱ្យទេ។ ឥឡូវធ្លាក់មកដល់ដៃមេប៉ុស្តិ៍។ មេប៉ុស្តិ៍ សួរខ្ញុំថា យក២០០(ដុល្លារ)ម្នាក់ ហើយជនល្មើសវាពីរនាក់។ ខ្ញុំសួរថា អ៊ីចឹងយើងឱ្យលុយគេ ឬមួយយើងរង់ចាំ?»។
ដូចការពន្យល់ពីខាងដើមដែរ លោកមេធាវី សំ សុគង់ នៅតែបញ្ជាក់ថា ការងារនេះជាកាតព្វកិច្ចច្បាប់របស់ប៉ូលិស ៖ «ពាក់ព័ន្ធបញ្ហានេះ ជនរងគ្រោះហ្នឹងមិនត្រូវឲ្យលុយទៅនគរបាល ឬតុលាការជាដាច់ខាត ព្រោះវាពាក់ព័ន្ធនឹងសមត្ថកិច្ចផ្លូវច្បាប់របស់តុលាការ ក៏ដូចជានគរបាលយុត្តិធម៌ ដែលត្រូវតែអនុវត្តនូវដីការបស់តុលាការ»។
លោកមេធាវីមានប្រសាសន៍បន្តថា ៖ «ពាក់ព័ន្ធនឹងបញ្ហានគរបាលគាត់និយាយបែបនេះ បើយើងយោងទៅតាមផ្លូវច្បាប់គឺអត់ត្រឹមត្រូវទេ ដោយសារយើងនៅក្នុងក្រសួងនីមួយៗ យើងមានថវិកាមួយសម្រាប់ប្រតិបត្តិការរបស់គាត់។ ពាក់ព័ន្ធនឹងការទារលុយពីជនរងគ្រោះនេះគឺអត់ត្រឹមត្រូវតែម្ដង ព្រោះគាត់ជាជនរងគ្រោះផង រឿងអីត្រូវគាត់ចំណាយលុយលើនគរបាលទៀត?»។
អ្នកស្រី លាង សាវុធ បានប្រាប់ថា ឥឡូវនេះមន្ត្រីនគរបាលប៉ុស្តិ៍ចង់កោះហៅជនប្រព្រឹត្តល្មើសឱ្យមកដោះស្រាយផ្សះផ្សាជាមួយជនរងគ្រោះ។
នៅត្រង់ចំណុចនេះ អ្នកស្រី លាង សាវុធ បានលើកសំណួរបន្តដូច្នេះ ៖ «ចង់សួរថា តើដីកាចេញចាប់ខ្លួនជនល្មើសហើយ ហេតុអីក៏មេប៉ុស្តិ៍ហ្នឹងហៅជនល្មើសមកផ្សះផ្សា។ ករណីបែបហ្នឹងតើមេប៉ុស្តិ៍អាចមានសិទ្ធិផ្សះផ្សាបានទេ?»។
លោកមេធាវី សំ សុគង់ ពន្យល់ថា ៖ «ពាក់ព័ន្ធនឹងបញ្ហានេះ បើយើងយោងទៅលើច្បាប់នីតិវិធីព្រហ្មទណ្ឌយើង ទាំងចាស់ ទាំងថ្មី គឺថា មិនបាច់រឿងក្ដីហ្នឹងដល់តុលាការទេ សូម្បីតែនៅដំណាក់កាលនគរបាល នគរបាលយុត្តិធម៌ ក៏នគរបាលពុំមានសិទ្ធិសម្រុះសម្រួលក្នុងករណីព្រហ្មទណ្ឌដាច់ខាត។ កាលណាគាត់ចរចាករណីព្រហ្មទណ្ឌ ទោះបីក្នុងអំឡុងពេលដែលតុលាការកំពុងចាត់ការនីតិវិធីក៏ដោយ គឺថា គាត់កំពុងតែរំលោភច្បាប់ព្រហ្មទណ្ឌដែលមានចែងទាក់ទងនឹងបញ្ហាហ្នឹងយ៉ាងធ្ងន់ធ្ងរ»។
នៅក្នុងការដោះស្រាយករណីព្រហ្មទណ្ឌនេះដែរ លោកមេធាវី សំ សុគង់ បានលើកយកខ្លឹមសារក្នុងមាត្រា៧៥ នៃច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌមកបញ្ជាក់បន្ថែមដូច្នេះថា ៖ «មាត្រា៧៥ គេនិយាយថា ក្នុងករណីណាក៏ដោយមន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកអត់ចាត់ការបានទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើស ជនរងគ្រោះ ឬមានការដកពាក្យបណ្ដឹងក៏ដោយ»។
ប្រសិនបើលោកអ្នកមានចម្ងល់នានាទាក់ទងនឹងបញ្ហាច្បាប់ ហើយចង់សួរមកនាទីយើង សូមលោកអ្នកទាក់ទងមកទូរស័ព្ទលេខ ០១២ ៧៧៦ ៥០៧៕
