ការ​ផ្ដន្ទា​ទោស​លើ​បទ​កំហែង​ទារ​ប្រាក់

ការ​កំហែង​ទារ​ប្រាក់​ដោយ​មិន​ត្រឹមត្រូវ មិន​មាន​ច្បាប់​អនុញ្ញាត ត្រូវ​មាន​ទោស។ ក្រម​ព្រហ្មទណ្ឌ ឆ្នាំ​២០០៩ ចែង​ថា ជន​ប្រព្រឹត្ត​ការ​កំហែង​យក ឬ​កំហែង​ទារ​ប្រាក់ អាច​ជាប់​ពន្ធនាគារ និង​ផាក​ពិន័យ​ជា​ប្រាក់។

0:00 / 0:00

អំពើ​កំហែង​យក​ប្រាក់ បាន​កើត​មាន​ជា​ច្រើន​ករណី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​រូប​ភាព​ផ្សេងៗ គ្នា។ ការ​កំហែង​យក​ប្រាក់​ខ្លះ ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​រាជការ ដែល​មាន​តួនាទី​មុខងារ​ក្នុង​ការ​បម្រើ​រាស្ត្រ តែ​បែរ​ជា​យក​តួនាទី​នោះ ទៅ​កំហែង​យក​ប្រាក់​ពី​រាស្ត្រ​ទៅ​វិញ។ ប៉ុន្តែ ជួន​កាល​ការ​កំហែង​យក​ប្រាក់​ខ្លះ មាន​កើត​ឡើង​រវាង​ពលរដ្ឋ​ស៊ីវិល និង​ពលរដ្ឋ​ស៊ីវិល​ដូច​គ្នា​ដែរ។

ការ​កំហែង​យក​ប្រាក់ កើត​មាន​ក្នុង​សង្គម​កម្ពុជា មាន​លក្ខណៈ​សាមញ្ញ ដែល​ប្រជា​ពលរដ្ឋ បាន​ជួប​ប្រទះ មាន​ដូចជា ករណី​មន្ត្រី​មាន​សមត្ថកិច្ច បាន​ទាមទារ​ថា ទាល់​តែ​បង់​ប្រាក់ បាន​បំពេញ​កិច្ចការ​ឲ្យ ឬ​ជួនកាល​ទាល់​តែ​បង់​ប្រាក់​បាន​ដោះលែង​ឲ្យ​រួច​ខ្លួន​ជា​ដើម។

នៅ​ក្នុង​ស្រុក​ពារាំង ខេត្ត​ព្រៃវែង បាន​កើត​មាន​ករណី​កំហែង​ទារ​ប្រាក់​មួយ។ តាម​ការ​រៀបរាប់​របស់​ប្រជា​ពលរដ្ឋ​មួយ​រូប​ឈ្មោះ រឹម បាន​ឲ្យ​ដឹង​ថា កន្លង​មក នៅ​ក្នុង​ស្រុក​ពារាំង មាន​ឈ្មួញ​ទិញ​ដី បាន​ទៅ​ទិញ​ដី​អ្នក​ស្រុក​ជា​ច្រើន​ម្ចាស់ ក្នុង​តម្លៃ​ព្រមព្រៀង​គ្នា។ នៅ​ក្នុង​ការ​ទិញ​ដូរ​ដី​នោះ មិន​មាន​ការ​បញ្ជាក់​សំបុត្រ​ស្នាម​អ្វី​ទេ តែ​មាន​ការ​ថត​ជា​វីដេអូ​ទុក​ជា​ឯកសារ ដើម្បី​បញ្ជាក់​ថា អ្នក​ស្រុក​ជា​ម្ចាស់​ដី​ជា​ច្រើន​គ្រួសារ បាន​យល់​ព្រម​លក់​ដី ហើយ​មាន​អាជ្ញាធរ​ថ្នាក់​ភូមិ និង​ឃុំ​ដឹង​ឮ និង​មាន​ប្រគល់​ប្រាក់​កក់​ឲ្យ​ម្ចាស់​ដី​មួយ​ចំនួន​ទៀត​ផង។

នៅ​ក្នុង​ការ​ទិញ​ដូរ​នោះ ឈ្មួញ​ដី​បាន​កំណត់​កិច្ច​ព្រមព្រៀង​ថា អនុញ្ញាត​ឲ្យ​ម្ចាស់​ដី​ប្រើប្រាស់​ដី ដែល​ព្រមព្រៀង​លក់ និង​មាន​កក់​លុយ​នោះ​បាន។ នៅ​ពេល​ណា​ឈ្មួញ​ដី​ត្រូវ​ការ​ដី គេ​នឹង​ប្រគល់​ប្រាក់​គ្រប់​ចំនួន ហើយ​បាន​គេ​យក​ដី ដែល​បាន​ព្រមព្រៀង​លក់​នោះ។

លុះ​បាន​ប្រហែល ៤ ឆ្នាំ​កន្លង​ទៅ មិន​មាន​ដំណឹង ឬ​ឃើញ​ឈ្មួញ​ដី​មក​ប្រគល់​លុយ​គ្រប់​ចំនួន និង​ប្រមូល​យក​ដី ដែល​អ្នក​ស្រុក​ព្រម​លក់​ឲ្យ​នោះ​ឡើយ។ ក៏​ប៉ុន្តែ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មីៗ នេះ មាន​តំណាង​ក្រុម​អាជ្ញាធរ​ថ្នាក់​ភូមិ​ឃុំ បាន​មក​ទារ​លុយ​កក់​ថ្លៃ​ដី​ពី​អ្នក​ស្រុក​ទៅ​វិញ។ ក្រុម​អ្នក​ស្រុក​ជា​ម្ចាស់​ដី​មួយ​ចំនួន មិន​យល់​ព្រម​ប្រគល់​ប្រាក់​កក់​ដី​ទៅ​ឲ្យ​អាជ្ញាធរ​នោះ​ឡើយ។

ការ​ទារ​ទារ​លុយ​កក់​នេះ ធ្វើ​ឱ្យ​ម្ចាស់​ដី​មួយ​ចំនួន​មាន​ចម្ងល់​ថា តើ​ការ​មិន​ឲ្យ​លុយ​ទៅ​អាជ្ញាធរ​នោះ អ្នក​ស្រុក​មាន​កំហុស​ឬ​ទេ? តើ​សកម្មភាព​ប្រមូល​ទារ​លុយ​កក់​ដី​ពី​អ្នក​ស្រុក​នោះ មាន​ទោស​ឬ​ទេ?

ចំពោះ​សំណួរ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​នេះ លោកស្រី​មេធាវី គៀ សុផល បំពេញ​ការងារ​នៅ​សមាគម អាដហុក មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​មិន​ប្រគល់​ប្រាក់កក់​ដី​ឲ្យ​ទៅ​អាជ្ញាធរ​ពី​ព្រោះ​អាជ្ញាធរ​មិន​មែន​ជា​តំណាង​ឈ្មួញ​ទិញ​ដី​ទេ។ នេះ​គ្រាន់​តែ​ជា​សកម្មភាព​មួយ ឆ្លៀត​ឱកាស ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ៖ «ជួន​កាល​គាត់​អាច​គិត​ថា អ្នក​ទិញ​ដី​នោះ​គេ​លែង​ទិញ​ហើយ។ អីចឹង​មិន​គួរ​ឲ្យ​ប្រជាពលរដ្ឋ​បាន​លុយ​នោះ​ចាយ​ទេ គាត់​ត្រូវ​ទៅ​យក​វិញ​ទៅ​ក្នុង​នាម​គាត់​ជា​អាជ្ញាធរ ប្រហែល​ជា​គាត់​ចង់​បាន​លុយ​នោះ​មក​វិញ។ ប្រជាពលរដ្ឋ​គាត់​មាន​សិទ្ធិ​អត់​ឲ្យ»។

ចំពោះ​បញ្ហា​ថា តើ​ទង្វើ​របស់​អាជ្ញាធរ​នេះ​មាន​ទោស ឬ​អត់ លោកស្រី​មេធាវី គៀ សុផល មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ត្រូវ​មាន​ទោស៖ «មាន​ទោស ឬ​មិន​មាន វា​អាស្រ័យ​លើ​សកម្មភាព ដែល​គាត់​ទៅ​នោះ។ តើ​គាត់​គំរាម​កំហែង​គេ ឬ​អត់។ ជំរិត​យក​លុយ​ពី​គេ ឬ​អត់។ បើ​សិន​ជា​ទៅ​យក​ក្នុង​រូបភាព​ធម្មតា គាត់​ទៅ​សួរ​នាំ​ថា តើ​លុយ ដែល​អ្នក​ឯង​ទទួល​ក្នុង​ការ​កក់​ត្រូវ​បាន​ទទួល​យក​មក​វិញ​អី​នោះ អា​ហ្នឹង​អត់​បញ្ហា​អី​ទេ។ ប៉ុន្តែ បើ​គាត់​ទៅ​គំរាមកំហែង ទៅ​ចាប់​គេ​បង្ខាំង ដើម្បី​ធ្វើ​ម៉េច​ឲ្យ​គេ​ឲ្យ​លុយ​វិញ​នោះ គាត់​ត្រូវ​មាន​ទោស​ពី​បទ​បង្ខាំង​មនុស្ស ឬ​ក៏​ពី​បទ​គំរាម​កំហែង​ជំរិត​យក​ប្រាក់​ហើយ»។

លោក​មេធាវី ហុង គឹមសួន បំពេញ​ការងារ​នៅ​ក្នុង​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ករណី​អាជ្ញាធរ​ទៅ​ប្រមូល​លុយ​នេះ​ជំនួស​ឈ្មួញ​ដី អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​ឈ្មួញ​ទិញ​ដី​នោះ បាន​ប្រគល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​ដើរ​ប្រមូល​លុយ​កក់​វិញ៖ «ទេ​អត់​ត្រូវ​សោះ​និយាយ​ឲ្យ​ចំ វា​អត់​ត្រូវ​តែ​ម្តង។ រឿង​គេ​ទិញ​គេ​ដូរ​រឿង​របស់​គេ។ គេ​កក់​ហើយ​គេ​មិន​មក​យក​វិញ អា​ហ្នឹង​ដាច់​ហើយ បើ​តាម​ផ្លូវ​ច្បាប់​នោះ​ណា​កិច្ចសន្យា បើ​សិន​ជា​គេ​ធ្វើ​កិច្ចសន្យា។ អត់​មាន​គាត់​នោះ មាន​អំណាច​ណា​ទៅ​យក​លុយ​ទៅ​ទារ​លុយ​កក់​នោះ ពី​ប្រជាពលរដ្ឋ​វិញ​ទេ។ ធ្វើ​អ៊ីចឹង គឺ​ស្មើ​ទៅ​ទារ​លុយ​ទៅ​គំរាម​កំហែង​យក​ទ្រព្យ​សម្បត្តិ​គេ​ណា»។

យោង​តាម​ក្រម​ព្រហ្មទណ្ឌ ឆ្នាំ ២០០៩ មាត្រា ៣៦៤ បាន​ចែង​ថា អំពើ​កំហែង​យក​ប្រាក់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ២ ឆ្នាំ ទៅ​ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល​ទៅ ១០ លាន​រៀល។ ក្រម​ព្រហ្មទណ្ឌ​បាន​ឲ្យ​និយម​ន័យ​អំពើ​កំហែង​យក​ថា ជា​អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ប្រើ​ហិង្សា ការ​គំរាម​កំហែង​ថា នឹង​ប្រើ​ហិង្សា ឬ​ដោយ​ការ​បង្ខិតបង្ខំ ដើម្បី​ទទួល​បាន ទី​១ ហត្ថលេខា ឬ​ស្នាម​មេ​ដៃ។ ទី​២ ការ​សន្យា​បោះបង់​ចោល​អ្វី​មួយ។ ទី​៣ ការ​បង្ហាញ​អាថ៌​កំបាំង​ណាមួយ និង​ទី​៤ ការ​ប្រគល់​មូលនិធិ តម្លៃ ឬ​ទ្រព្យ​សម្បត្តិ​អ្វី​មួយ។

អំពើ​កំហែង​យក​នេះ ត្រូវ​មាន​ទោស​ធ្ងន់ធ្ងរ ជាប់​ពន្ធនាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ប្រសិន​បើ​មាន​ការ​ប្រើ​អាវុធ ហើយ​អាច​ជាប់​ពន្ធនាគារ​ពី ១៥ ឆ្នាំ​ដល់ ៣០ ឆ្នាំ ប្រសិន​បើ​អំពើ​នេះ ប្រព្រឹត្ត​ឡើង​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ ដោយ​គ្មាន​ចេតនា​សម្លាប់។

បើ​លោក អ្នកនាង មាន​ចម្ងល់​ផ្សេងៗ ទាក់ទង​បញ្ហា​ច្បាប់ សុំ​ទាក់ទង​មក​នាទី​អត្ថាធិប្បាយ​ច្បាប់ តាម​រយៈ​ទូរស័ព្ទ​លេខ ០១៦ ២៦ ១២ ៧៣៕