សំណួរ​ចម្លើយ​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ

កម្មវិធី​អត្ថាធិប្បាយ​ច្បាប់ សូម​លើក​យក​ការ​អត្ថាធិប្បាយ​មួយ​ទាក់​ទង​នឹង​ចម្ងល់​របស់​អ្នក​ស្ដាប់​ម្នាក់​ពី​ខេត្ត​កំពត ដែល​សួរ​ថា តើ​តាម​ផ្លូវ​ច្បាប់​អាច​ធ្វើ​ទៅ​បាន​ទេ នៅ​ពេល​ដែល​ប្រពន្ធ​របស់​លោក​ចុះ​ចេញ​ទៅ​ជាង​ម្ភៃ​ឆ្នាំ ហើយ​ត្រឡប់​មក​ប្ដឹង​ទាមទារ​ដី?

នៅ​ក្នុង​សប្ដាហ៍​នេះ មាន​លោក​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ម្នាក់ ដែល​ប្រាប់​ថា​ឈ្មោះ ជុំ ប៊ិត នៅ​ភូមិ​ស្បូវអណ្តែត ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​សួរ​មក​នាទី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី​អំពី​បញ្ហា​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​ចំណែក​ដី បន្ទាប់​ពី​បាន​បែក​គ្នា​អស់​រយៈ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ។

លោក ជុំ ប៊ិត បាន​លើក​យក​សាច់​រឿង​ផ្ទាល់​ខ្លួន​របស់​លោក និង​ប្រពន្ធ​របស់​លោក​ដែល​បាន​រៀបការ​ចាប់​តាំង​សម័យ​សង្គម​រាស្ត្រ​និយម ប៉ុន្តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ឬ​អេតាស៊ីវិល​ជាមួយ​គ្នា​ទេ។ នៅ​ឆ្នាំ​១៩៨៣ លោក និង​ប្រពន្ធ​របស់​លោក​បាន​បែក​គ្នា។

លោក ជុំ ប៊ិត មាន​ប្រសាសន៍​ដោយ​សង្ខេប​ថា ៖ «ប្រពន្ធ​ខ្ញុំ គេ​រត់​ចោល​ខ្ញុំ​ឆ្នាំ​៨៣ (១៩៨៣)។ តាំង​ពី​ពេល​ហ្នឹង​មក​វា ២៥​ឆ្នាំ​ហើយ។ កាល​ពេល​ហ្នឹង​ខ្ញុំ​ប្រាប់​អាជ្ញាធរ ហើយ​បង​ប្អូន​អ្នក​ជិត​ខាង​អ្នក​ស្រុក​ក៏​ដឹង​ដែរ ។ រាល់​ថ្ងៃ​គេ​កំពុង​ប្ដឹង​ខ្ញុំ​អំពី​ដី​ដែល​ខ្ញុំ​កាន់កាប់​សព្វថ្ងៃ​ហ្នឹង ព្រោះ​ដី​ហ្នឹង​គេ​ចង់​បាន។ គេ​ប្ដឹង​ខ្ញុំ​ពី​ថ្ងៃ​ទី ១០ ខែ​មីនា ថ្មីៗ​ហ្នឹង។ អា​ហ្នឹង​សាច់​រឿង»

នៅ​ក្នុង​សាច់​រឿង​នេះ លោក ជុំ ប៊ិត បាន​លើក​សំណួរ​ទី​មួយ​របស់​លោក​មក​ថា ៖ «ខ្ញុំ​ឆ្ងល់​ថា ហេតុ​អី ២៥​ឆ្នាំ​ហើយ​ប្រពន្ធ​ខ្ញុំ​ដែល​ចុះ​ចេញ​ហ្នឹង​ប្ដឹង​ខ្ញុំ តើ​បាន​ឬ​ទេ?»

ទាក់ទង​នឹង​សំណួរ​របស់​លោក ជុំ ប៊ិត ខ្ញុំ​បាទ​ជា​អ្នក​រៀបរៀង​នាទី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ី​សេរី បាន​ជម្រាប​សួរ​ទៅ​លោក​មេធាវី គង់ រ៉ាឌី ជា​សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ម្ចាស់​ការិយាល័យ​ច្បាប់​មួយ​ឈ្មោះ​ថា ការិយាល័យ​មេធាវី គង់ រ៉ាឌី លោក​បាន​ពន្យល់​អំពី​ហេតុផល​ផ្លូវ​ច្បាប់​ក្នុង​រឿង​នេះ​ជា​ពីរ​ផ្នែក។ ទី​មួយ​ទាក់​ទង​ទៅ​នឹង​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ និង​ទី​ពីរ​ទាក់ទង​ទៅ​នឹង​គោលការណ៍​កាន់​កាប់​ដីធ្លី។

ជា​ដំបូង​លោក​មេធាវី គង់ រ៉ាឌី ពន្យល់​ដូច្នេះ ៖ «ឥឡូវ​យើង​និយាយ​អំពី​ចំណង​អាពាហ៍ពិពាហ៍​កាល​ជា​ប្ដី​ប្រពន្ធ គឺ​ចំណង​អាពាហ៍ពិពាហ៍ ។ ចំណង​អាពាហ៍ពិពាហ៍ គឺ​គេ​និយាយ​ពី​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ អេតាស៊ីវិល នៅ​ក្នុង​ហ្នឹង​វា​មាន​បី អត្រានុកូលដ្ឋាន​ហ្នឹង វា​មាន​សំបុត្រ​កំណើត ពី​មុន​ហៅ "ក​៣" ហ្នឹង។ វា​មាន​កើត វា​មាន​ការ វា​មាន​ស្លាប់។ អត្រានុកូលដ្ឋាន​ទី​មួយ​វា​មាន​សំបុត្រ​កំណើត ពេល​រៀបការ​ត្រូវ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍ ហើយ​ស្លាប់​វា​មាន​សំបុត្រ​មរណភាព។ គាត់​អត់​មាន​ចំណង​អាពាហ៍ពិពាហ៍​អ៊ីចឹង អត់​មាន​ទ្រព្យ​សម្បត្តិ​រួម​ទេ។ អ៊ីចឹង​យើង​ក្រឡេក​មើល​មាត្រា​មួយ គឺ​មាត្រា​៣៣ នៃ​ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ហ្នឹង គេ​និយាយ​ថា ទ្រព្យ​សម្បត្តិ​រួម គឺ​អ្វីៗ​ទាំង​អស់​ដែល​សហព័ទ្ធ​ទាំង​ពីរ​បាន​រក​ជាមួយ​គ្នា ឬ​សហព័ន្ធ​ណា​ម្នាក់​ដែល​រក​បាន​ក្នុង​រយៈពេល​មាន​ចំណង​អាពាហ៍ពិពាហ៍ ។ អ៊ីចឹង​ទាល់​តែ​មាន​ចំណង​អាពាហ៍ពិពាហ៍​បាន​មាន​ទ្រព្យ​សម្បត្តិ​រួម បើ​អត់​មាន​ចំណង​អាពាហ៍ពិពាហ៍ អត់​មាន​ទ្រព្យ​សម្បត្តិ​រួម​ទេ។ គាត់​នៅ​ជាមួយ​គ្នា​មាន​កូន​មាន​អី​ក៏ដោយ នៅ​ដូច​សង្សារ​អ៊ីចឹង ហើយ​តែ​សង្សារ​មាន​ទ្រព្យ​សម្បត្តិ​រួម​ឯ​ណា បើ​អត់​ចំណង​អាពាហ៍ពិពាហ៍​ផង​ហ្នឹង។ ក្នុង​ករណី​នេះ​អត់​ចំណង​អាពាហ៍ពិពាហ៍ អ៊ីចឹង​ទ្រព្យ​សម្បត្តិ​ប្តី​គាត់​គឺ​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​គាត់ ទ្រព្យ​សម្បត្តិ​ផ្ទាល់​របស់​គាត់។ មិន​មែន​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ឯ​ណា»

ចំណុច​ទី​ពីរ ទាក់​ទង​ទៅ​នឹង​គោលការណ៍​កាន់​កាប់​ដីធ្លី​របស់​ឯកជន លោក​មេធាវី គង់ រ៉ាឌី លើក​ឡើង​ថា ៖ «ចំណុច​មួយ​ទៀត ទាក់ទង​ទៅ​នឹង​គាត់​ចុះ​ចេញ​តាំង​ពី​១៩៨៣។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ឆ្នាំ​១៩៨៣ អត់​ទាន់​មាន​កម្មសិទ្ធិ​ឯកជន​លើ​ដីធ្លី​ទេ។ អ៊ីចឹង​ជំនាន់​ហ្នឹង​គឺ​អត់​ទាន់​នរណា​មាន​កម្មសិទ្ធិ​លើ​ដីធ្លី​ទេ។ អ៊ីចឹង​ពេល​ដែល​គាត់​ចុះ​ចេញ​ពី​ប្ដី​គាត់​ហ្នឹង គ្រួសារ​គាត់​ហ្នឹង​គ្មាន​កម្មសិទ្ធិ​លើ​ដីធ្លី គ្មាន​នរណា​មាន​កម្មសិទ្ធិ​លើ​ដីធ្លី​ទេ ព្រោះ​ដី​ទាំង​អស់​ដែល​គាត់​នៅ​ហ្នឹង​គឺ​ជា​ដី​រដ្ឋ។ រដ្ឋ​គ្រាន់​តែ​ឱ្យ​នៅ​ឱ្យ​អាស្រ័យ​ផល ប៉ុន្តែ​អត់​ទាន់​មាន​ឱ្យ​នរណា​មាន​កម្មសិទ្ធិ​ទេ ទើប​តែ​ឆ្នាំ​៩១, ៩២ ទៅ​ទេ ទើប​ចាប់​ផ្ដើម​រដ្ឋ​ទទួល​ស្គាល់​ឱ្យ​មាន​កម្មសិទ្ធិ​ឯកជន​លើ​ដីធ្លី។ អ៊ីចឹង​ការ​ប្ដឹង​ទាមទារ​អត់​មាន​ទេ»

លោក ជុំ ប៊ិត បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​ប្រពន្ធ​របស់​លោក​ចុះ​ចេញ​ទៅ​បាន ៦​ឆ្នាំ កូន​ទីពីរ​របស់​លោក​ក៏​សម្រេច​ទៅ​រស់​នៅ​ជាមួយ​ប្រពន្ធ​លោក។ នៅ​ពេល​ដែល​អាជ្ញាធរ​ធ្វើ​សៀវភៅ​គ្រួសារ កូន​ទី​ពីរ​នោះ​មិន​មាន​ឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ​របស់​លោក​ទេ។

ចំណុច​នេះ​លោក ជុំ ប៊ិត មាន​ចម្ងល់ ហើយ​លើក​សំណួរ​បន្ត​មក​នាទី​យើង​ដូច្នេះ ៖ «កូន​ដែល​ឥត​មាន​បញ្ជី​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​គ្រួសារ​ហ្នឹង កូន​ដែល​នៅ​ជាមួយ​ម្ដាយ​រត់​ចេញ​ពី​ខ្ញុំ​ទៅ តើ​បាន​ចំណែក​ដី​ឬ​ទេ?»

ទាក់ទង​នឹង​ករណី​កូន លោក​មេធាវី គង់ រ៉ាឌី មាន​ប្រសាសន៍​ដូច្នេះ ៖ «ជា​ធម្មតា​រឿង​ចែក​ទ្រព្យ​សម្បត្តិ​ហ្នឹង​ក្នុង​ករណី​នេះ គឺ​ដូច​ក្នុង​ករណី​ថា ម្ដាយ​ស្លាប់ ឬ​ម្ដាយ​លែងលះ​គ្នា​អ៊ីចឹង ហើយ​កូន​ហ្នឹង​នៅ​ជាមួយ​គាត់។ អ៊ីចឹង​ទ្រព្យ​សម្បត្តិ​ហ្នឹង បើ​ឪពុក​គាត់​នៅ​គឺ​ឪពុក​គាត់​អ្នក​ចែក។ គាត់​ចង់​ចែក​ឱ្យ​អ្នក​ណា​ប៉ុន្មានៗ គឺ​គាត់​ជា​អ្នក​សម្រេច​ចែក។ បើ​កូន​ហ្នឹង​គាត់​ថា ចង់​ទារ​ចំណែក​អ៊ីចេះ​ចំណែក​អ៊ីចុះ គឺ​មាន​តែ​តុលាការ​ទេ​ដែល​គេ​មាន​សិទ្ធិ​សម្រេច​ថា ឱ្យ ឬ​មិន​ឱ្យ។ ឱ្យ​កូន​ហ្នឹង​ប្ដឹង​ទៅ​តុលាការ​ទៅ ។ ប៉ុន្តែ​តាម​ផ្លូវ​ច្បាប់ ប្រហែល​ជា​គាត់​ទៅ​នៅ​ជាមួយ​ម្ដាយ​ទេ ហើយ​ឪពុក​ចែក​ឱ្យ​អ្នក​នេះ កូន​ដែល​នៅ​ជាមួយ​គាត់ អា​ហ្នឹង​ខ្ញុំ​ជឿ​ថា តុលាការ​គេ​នឹង​សម្រេច​តាម​ការ​សម្រេច​ចិត្ត​របស់​ឪពុក​ហើយ»

លោក ជុំ ប៊ិត បាន​លើក​ឡើង​ថា ប្លង់​ដី​របស់​លោក​ត្រូវ​អាជ្ញាធរ​ឃុំ​រក្សាទុក ដោយ​លើក​សំអាង​ដូច្នេះ​ថា ៖ «ប្លង់​ដី​ធ្លាក់​មក មេ​ឃុំ​គេ​ថា កាត់​ទុក​នៅ​ក្នុង​ឃុំ ដី​នេះ​មាន​ទំនាស់​គេ​អត់​ឱ្យ​ខ្ញុំ អា​ហ្នឹង​យ៉ាង​ម៉េច​ដែរ?»

លោក ជុំ ប៊ិត បាន​លើក​សំណួរ​បន្ត​ទៀត​មក​នាទី​យើង​ដូច្នេះ ៖ «ជា​ការ​រំលោភ​សមត្ថកិច្ច​របស់​ឃុំ​ហើយ។ ឃុំ​គាត់​គ្មាន​សមត្ថកិច្ច​កាក់​ប្លង់​ដី​គេ​ទុក​ទេ។ អ៊ីចឹង​រឿង​កាក់​ប្លង់​ដី​គេ​ទុក រឿង​រឹប​អូស​ទ្រព្យ​សម្បត្តិ​គេ រឿង​ឃាត់​ទ្រព្យ​សម្បត្តិ​គេ មាន​តែ​សមត្ថកិច្ច​របស់​តុលាការ​ទេ ឃុំ​គាត់​គ្មាន​សិទ្ធិ​យក​ប្លង់​ដី​គេ​មក​ទុក​ទេ។ បើ​ដី​មាន​ទំនាស់​អី ឃាត់​របស់​គេ ក៏​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែរ។ រឿង​ឃាត់​របស់​គេ​ហ្នឹង ឃុំ​គាត់​គ្មាន​សិទ្ធិ​ទេ ឃុំ​គាត់​ធ្វើ​ហ្នឹង​គឺ​ខុស​ហើយ។ សុរិយោដី​ស្រុក​ក៏​អត់​មាន​សិទ្ធិ​ឃាត់​របស់​គេ​ដែរ»

លោក​មេធាវី គង់ រ៉ាឌី ពន្យល់​ដូច្នេះ​ថា ៖ «ដី​ស្រែ​ដី​ភូមិ​អី​ហ្នឹង ប្រពន្ធ​ដើម​ខ្ញុំ​គេ​មក​គាស់​កាយ​យក។ គេ​ប្តឹង​ខ្ញុំ។ មេ​ឃុំ​គេ​ហៅ​ខ្ញុំ​ទៅ​ពី​ថ្ងៃ​ទី​១២ តែ​ខ្ញុំ​ឆ្លើយ​អត់​ឱ្យ តើ​អា​ហ្នឹង​យ៉ាង​ម៉េច​ដែរ? តើ​ខុស​ត្រូវ​អី​យ៉ាង​ម៉េច?»

ដូច​ការ​ពន្យល់​ពី​ខាង​ដើម​ដែរ លោក​មេធាវី គង់ រ៉ាឌី បាន​ពន្យល់​បញ្ជាក់​ជា​ថ្មី​ដូច្នេះ​ថា ៖ «គាត់​មិន​ឱ្យ​ហ្នឹង​ត្រូវ​ហើយ ជា​សិទ្ធិ​របស់​គាត់ ព្រោះ​ប្រពន្ធ​របស់​គាត់​អត់​មាន​ចំណង​អាពាហ៍ពិពាហ៍។ គឺ​ប្រពន្ធ​ហ្នឹង​គាត់​អត់​មាន​ទេ ដាច់​តែម្ដង ព្រោះ​តាម​ច្បាប់​គាត់​អត់​មាន​ទេ។ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ហ្នឹង​គេ​និយាយ​ច្បាស់​ថា ទ្រព្យ​សម្បត្តិ​រួម គឺ​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ហើយ​គាត់​អត់​មាន​ចំណង​អាពាហ៍ពិពាហ៍ គាត់​មាន​ទ្រព្យ​សម្បត្តិ​រួម​ទេ។ ចំណុច​ទី​ពីរ​ទៀត ទ្រព្យ​សម្បត្តិ​រួម​ដែល​គាត់​ទាមទារ​នោះ គឺ​ដី​ធ្លី ហើយ​ទាក់ទង​នឹង​ដីធ្លី ទាក់ទង​នឹង​ប្រវត្តិ​ច្បាប់​របស់​យើង​ហ្នឹង គឺ​ក្នុង​ឆ្នាំ​១៩៨៣ ហ្នឹង គឺ​ប្រទេស​កម្ពុជា មិន​ទាន់​មាន​កម្មសិទ្ធិ​លើ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ទេ។ អ៊ីចឹង​គ្មាន​នរណា​ជា​ម្ចាស់​ដី​ទេ​ជំនាន់​នោះ។ យើង​មិន​បាច់​និយាយ​ទៅ​រឿង​លែង​លះ រឿង​អី​គាត់​ចុះ​ចោល ក្នុង​ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ កាល​ណា​គាត់​ចុះ​ចោល​គេ​លើស​ពី​មួយ​ឆ្នាំ​ទៅ ខាង​ប្ដី​មាន​សិទ្ធិ​ប្ដឹង​លែងលះ រំលាយ​អាពាហ៍ពិពាហ៍។ ប៉ុន្តែ ដោយសារ​គាត់​គ្មាន​ចំណង​អាពាហ៍ពិពាហ៍ គឺ​មិន​បាច់​ទៅ​ប្ដឹង​រំលាយ​អី​ទេ»

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​នានា​ទាក់ទង​នឹង​បញ្ហា​ច្បាប់ ហើយ​ចង់​សួរ​មក​នាទី​យើង សូម​លោក​អ្នក​ទាក់ទង​មក​ទូរស័ព្ទ​លេខ ០១២ ៧៧៦ ៥០៧៕