ភាព​ខុស​គ្នា​រវាង​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋសភា​តាម​រូបមន្ត​២​ភាគ​៣ និង​៥០​ភាគរយ​បូក​១

0:00 / 0:00

មូលហេតុ​ថ្មី​មួយ​ដែល​ធ្វើ​អោយ​មាន​ការ​ជាប់​គាំង​នយោបាយ​នា​ពេល​ចុង​ក្រោយ​នេះ គឺ​ការ​ខ្វែង​យោបល់​គ្នា​រវាង​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ ស្ដីពី​វិធីសាស្ត្រ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​អោយ​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋសភា​ជ្រើស​តាំង​សមាសភាព គ.ជ.ប ធ្វើ​ឡើង​តាម​ការ​បោះ​ឆ្នោត​មតិ​ភាគ​ច្រើន ២​ភាគ​៣ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​ការ​បោះ​ឆ្នោត​តាម​រយៈ​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១។

តើ​វិធីសាស្ត្រ​បោះ​ឆ្នោត​ទាំង​ពីរ​នេះ​មាន​ភាព​ខុស​គ្នា និង​មាន​សារសំខាន់​យ៉ាង​ណា​ខ្លះ?

បើ​គិត​ពី​សារសំខាន់​វិញ អាច​និយាយ​បាន​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប ប្រាកដ​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់។ ពីព្រោះ​តែ​សំខាន់​ខ្លាំង​ណាស់​នេះ​ហើយ ទើប​គណបក្ស​ធំ​ទាំង​ពីរ​មូល​មតិ​គ្នា​ដាក់​បញ្ចូល​ស្ថាប័ន​មួយ​នេះ អោយ​ក្លាយ​ទៅ​ជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ។

តើ​អ្វី​ទៅ​ជា​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ? ស្ថាប័នរដ្ឋ​ធម្មនុញ្ញ គឺ​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា កំណត់​ថា ស្ថាប័ន​កំពូល​នោះ​ត្រូវ​តែ​បង្កើត​ឡើង។ ឧទាហរណ៍ កម្ពុជា នា​ពេល​បច្ចុប្បន្ន មាន​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​មួយ​ចំនួន ដូចជា ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ជាដើម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣។ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​កំណត់​ដែរ​ថា ស្ថាប័ន​រដ្ឋធម្មនុញ្ញ​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​រៀបចំ​អង្គការ​មួយ។

បច្ចុប្បន្ន វិបត្តិ​ជាប់​គាំង​នយោបាយ​ចំពោះ​មុខ គឺ​នៅ​ត្រង់​ថា គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​អោយ​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋសភា​ជ្រើស​តាំង​សមាសភាព គ.ជ.ប ត្រូវ​ធ្វើ​ឡើង​តាម​ការ​បោះ​ឆ្នោត​មតិ​ភាគ​ច្រើន ២​ភាគ​៣ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​ការ​បោះ​ឆ្នោត​តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១។

បើ​និយាយ​អោយ​ងាយ​ស្តាប់​ទៅ ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ធំ​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ដំឡើង​ឋានៈ ឬ​ស័ក្តិ​អោយ គ.ជ.ប ពី​ស្ថាប័ន​រដ្ឋ​ធម្មតា​ទៅ​ជា​ស្ថាប័ន​កំពូល​មួយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មាន​ន័យ​ថា សមាជិក គ.ជ.ប នឹង​ត្រូវ​ជ្រើស​តាំង​ដោយ​សមាជិក​រដ្ឋសភា និង​តែង​តាំង​ដោយ​ព្រះមហាក្សត្រ ព្រម​ទាំង​មាន​ថវិកា​ស្វយ័ត​ខ្លួន​ឯង​ដូច​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឬ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ​ដែរ។ បច្ចុប្បន្ន កញ្ចប់​ថវិកា​របស់ គ.ជ.ប ត្រូវ​ឆ្លង​កាត់​ក្រសួង​មហាផ្ទៃ។

ក្នុង​ការ​ការពារ​ការ​ទាមទារ​របស់​ខ្លួន លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា វិធីសាស្ត្រ​បោះ​ឆ្នោត​តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១​នេះ គឺ​ធ្វើ​តាម​ការ​ស្នើ​ឡើង​របស់ លោក សម រង្ស៊ី។ លោក​ថា កាល​ពី​ឆ្នាំ​២០០៦ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​អោយ​ដូរ​ពី​មតិ​ភាគ​ច្រើន ២​ភាគ​៣ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល មក​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១ វិញ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា នេះ លោក ព្រុំ សុខា បាន​អាន​លិខិត​របស់ លោក សម រង្ស៊ី ជូន​អ្នក​សារព័ត៌មាន​ស្តាប់​យ៉ាង​ដូច្នេះ៖ «សម្ដេច​ដោយ​ឈរ​លើ​ស្មារតី​ផ្សះផ្សា និង​បង្រួប​បង្រួម​ជាតិ ក្នុង​គោល​បំណង​ធានា​នូវ​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ផ្តល់​នូវ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជៀសវាង​នូវ​ការ​ជាប់​គាំង​នយោបាយ​ដូច​កាល​អតីតកាល​កន្លង​ទៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ម្តងៗ គណបក្ស សម រង្ស៊ី មាន​កិត្តិយស​ទូល​សុំ និង​ស្នើ​សម្ដេច​ក្រុម​ព្រះ និង​សម្ដេច​នាយក​រដ្ឋមន្ត្រី សូម​ទ្រង់​ព្រះ​មេត្តា និង​មេត្តា​ពិនិត្យ​លទ្ធភាព​ធ្វើ​វិសោធនកម្ម​មាត្រា​៩០ វាក្យខណ្ឌ​ទី​៨​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​មធ្យោបាយ​អោយ​គណបក្ស​ឈ្នះ​ឆ្នោត បង្កើត​បាន​រដ្ឋាភិបាល​ដោយ​ងាយ​ស្រួល ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ។ វាក្យខណ្ឌ​នេះ​នឹង​ត្រូវ​ប្ដូរ​រដ្ឋសភា​បោះ​ឆ្នោត​ទុក​ចិត្ត​រាជ​រដ្ឋាភិបាល​ពី​មតិ​ភាគ​ច្រើន ២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ទៅ​ជា​រដ្ឋសភា​បោះ​ឆ្នោត​ទុក​ចិត្ត​រាជ​រដ្ឋាភិបាល តាម​មតិ​ភាគ​ច្រើន ៥០​បូក​១​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល (ចប់​ខ្លឹមសារ​របស់​លិខិត)។ (សម្ដី​លោក ព្រុំ សុខា) ពាក្យ​នេះ​គ្រប់គ្រាន់​ណាស់ ទាំង​ការ​ទុក​ចិត្ត​ស្ថិរភាព​នយោបាយ កុំ​អោយ​គាំង​នយោបាយ​អី​ទាំងអស់»

មាត្រា​៩០​នៃ​រដ្ឋធម្មនុញ្ញ​ពិត​ជា​មាន​ការ​កែប្រែ​ដូច​សេចក្តី​ដែល លោក ព្រុំ សុខា បាន​អាន​អម្បាញ់មិញ។ ប៉ុន្តែ មាន​ការ​កែប្រែ​តែ​១​ចំណុច​គត់ គឺ​ត្រង់​រដ្ឋសភា​បោះ​ឆ្នោត​ទុក​ចិត្ត​បង្កើត​រដ្ឋាភិបាល។

មាត្រា​៩០​ចាស់​នៃ​រដ្ឋធម្មនុញ្ញ​សរសេរ​ថា រដ្ឋសភា​បោះ​ឆ្នោត​ទុក​ចិត្ត​ដល់​រដ្ឋាភិបាល តាម​មតិ​ភាគ​ច្រើន​២​ភាគ​៣ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

មាត្រា​៩០​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​សរសេរ​ថា រដ្ឋសភា​បោះ​ឆ្នោត​ទុក​ចិត្ត​ដល់​រដ្ឋាភិបាល តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

ក្រៅ​ពី​នេះ គ្មាន​ការ​កែប្រែ​អ្វី​ទាំងអស់​នៅ​ក្នុង​មាត្រា​៩០​ថ្មី​នេះ។ ហើយ​ក៏​មិន​មាន​ការ​បញ្ជាក់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ ឬ​ការ​អនុម័ត​បង្កើត​ច្បាប់​រៀបចំ​អង្គការ ដូចជា ស្ថាប័ន គ.ជ.ប នេះ ត្រូវ​បង្កើត​តាម​ការ​បោះ​ឆ្នោត​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១​នោះ​ទេ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (Comfrel) អោយ​ដឹង​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ពិត​ប្រាកដ​មែន គួរ​តែ​អោយ​គណបក្ស​ដទៃ​ទៀត​ចូលរួម​ក្នុង​ដំណើរ​ការ​កែលំអ គ.ជ.ប។ លោក​ថា ធ្វើ​ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​គេច​ផុត​ពី​ការ​ស្តី​បន្ទោស​នៅ​ថ្ងៃ​មុខ។ ប៉ុន្តែ​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មួយ​នេះ​នៅ​រឹងរូស​ចង់​ប្រើ​វិធីសាស្ត្រ​បោះ​ឆ្នោត​តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១ ដើម្បី​កែ​រដ្ឋធម្មនុញ្ញ និង​ជ្រើស​តាំង​សមាជិក គ.ជ.ប នោះ គ.ជ.ប ដែល​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​លម្អៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា នេះ នឹង​នៅ​តែ​ដដែល​គ្មាន​ការ​ផ្លាស់​ប្តូរ។

លោក គល់ បញ្ញា៖ «នៅ​ពេល​មាន​សំណើ​របស់​ឯកឧត្តម សម រង្ស៊ី ទៅ​ហ្នឹង និយាយ​តែ​ពី​បង្កើត​រដ្ឋាភិបាល​ទេ តាម​ការ​បោះ​ឆ្នោត ៥០​ភាគរយ​បូក​១។ អា​ហ្នឹង​ប្រទេស​ភាគ​ច្រើន​គេ​ធ្វើ​អ៊ីចឹង។ ប៉ុន្តែ​ស្ថាប័ន​ជាតិ​ដូចជា គ.ជ.ប អី​ហ្នឹង គេ​ខំ​ធ្វើ​យ៉ាង​ម៉េច​អោយ​ការ​ជ្រើស​រើស​ហ្នឹង​អោយ​មាន​តម្លាភាព។ ទី​២ ការ​ជ្រើស​រើស​ហ្នឹង​អោយ​មាន​ការ​ចូលរួម​ទុក​ចិត្ត​ពី​គណបក្ស ពី​ភាគី​គណបក្ស​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ហ្នឹង​ឯង។ ជាពិសេស គណបក្ស​ដែល​មាន​កម្លាំង​ខាង​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ហ្នឹង អោយ​ពួក​គេ​ពិនិត្យ​មើល​សមាសភាព គ.ជ.ប ហ្នឹង។ អា​ហ្នឹង​ជា​គោលការណ៍​ធំ​ក្នុង​ការ​ជ្រើស​រើស គ.ជ.ប អោយ​មាន​តម្លាភាព។ បើ​យើង​ថា ហ្អេ​ចង់​ទុក​ដដែល​ប្រៀប​ហ្នឹង​នឹង​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​ដដែល ហើយ​វា​អាច​បញ្ហា​ទៀត​នៅ​ពេល​បោះ​ឆ្នោត​ទៅ​ថ្ងៃ​មុខ​នោះ។ លុះត្រា​ដូរ​ហ្នឹង​ត្រូវ​ដូរ​ទាំង​ការ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​សមាសភាព គ.ជ.ប ហ្នឹង​ក្នុង​ការ​រើស ហើយ​ការ​រើស​ហ្នឹង​ត្រូវ​សាធារណជន​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​អោយ​សាធារណជន​ដឹង​អំពី​បេក្ខជន​របស់ គ.ជ.ប ហ្នឹង ហើយ​ត្រូវ​ឆ្លង​ការ​ជឿ​ទុក​ចិត្ត​ពី​សមាជិក​រដ្ឋសភា​ភាគ​ច្រើន ២​ភាគ​៣​ទាំង​មូល​ហ្នឹង ជា​ការ​សំខាន់​ណាស់។ បើ​នៅ​ស្រុក​គេ​មួយ​ចំនួន គេ​ខំ​ប្រឹង​រហូត​មិន​អោយ​ឆ្លង​សភា​ទេ។ គេ​ចង់​ឆ្លង​ស្ថាប័ន​ណា​ដែល​ឯករាជ្យ​ទៀត ដូចជា​នៅ​ប្រទេស​ថៃ និង​ប្រទេស​មួយ​ចំនួន គេ​មិន​ចង់​អោយ​សភា​អ្នក​អនុម័ត​ទៀត។ ប៉ុន្តែ​យើង​វា​ពិបាក អ៊ីចឹង​ក៏​យក​គោលការណ៍​សភា​នេះ​ទៅ ហើយ​សភា​ហ្នឹង​ធ្វើ​ម៉េច​អោយ​មាន​គណបក្ស​សំខាន់ៗ ដែល​មិន​នៅ​ខាង​រដ្ឋាភិបាល​ហ្នឹង​អោយ​ចូលរួម​ពិនិត្យ ហើយ​ចូលរួម​អនុម័ត​ផ្តល់​ការ​ទុក​ចិត្ត​ដល់​សមាសភាព គ.ជ.ប។ ហើយ គ.ជ.ប ដែល​បាន​សំឡេង​ការ​ទុក​ចិត្ត​ពី​ទាំង​ពីរ​ក្រុម​គណបក្ស​ហ្នឹង នឹង​ជួយ​អោយ គ.ជ.ប ហ្នឹង​មាន​ទំនុក​ទុក​ចិត្ត​ខ្លួន​ឯង។ គឺ​មាន​ទំនុក​ចិត្ត​ថា នែ! មិន​មែន​តែ​បក្ស​មួយ​រើស​ម៉ោ​សម្រេច​អោយ​ទេ គឺ​មាន​សារសំខាន់ៗ​នៅ​ក្នុង​សភា​ហ្នឹង​គេ​បោះ​ឆ្នោត​ទុក​ចិត្ត​លើ​ខ្លួន។ អ៊ីចឹង​ដល់​គាត់​ចាត់​ចែង​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ គាត់​អាច​ខិតខំ​បំពេញ​កិច្ចការ​មួយ​ដែល​បាន​មក​ពី​ការ​ទុក​ចិត្ត​ពី​មតិ​ភាគ​ច្រើន ២​ភាគ​៣ នៅ​ក្នុង​រដ្ឋសភា»

ចំណែក លោក កុយ នាម ជា​មេធាវី និង​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​គណៈ​មេធាវី បាន​អោយ​ដឹង​ថា ដើម្បី​បញ្ចូល គ.ជ.ប ទៅ​ជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ គេ​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋសភា​ត្រូវ​បង្កើត​ច្បាប់​មួយ​ហៅ​ថា ច្បាប់​រៀបចំ​អង្គការ ដើម្បី​កំណត់​នូវ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ និង​មុខងារ​របស់ គ.ជ.ប។ ដូច្នេះ​គេ​គប្បី​ប្រើ​រូបមន្ត​បោះ​ឆ្នោត​តាម​មតិ​ភាគ​ច្រើន ២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ដើម្បី​អោយ​សមស្រប​តាម​ឋានានុក្រម​នៃ​ច្បាប់៖ «អា​ច្បាប់​ណា​ដែល​រៀបចំ​អង្គការ​អ៊ីចឹង គេ​ហៅ​ថា organic law អោយ​វា​ធំ​បន្តិច​ទៅ ព្រោះ​អា​ហ្នឹង​យើង​និយាយ​តាម​បារាំង បារាំង​ថា organic law ដែល​ជា​ច្បាប់​មួយ​ចេញ (extension) ពី​រដ្ឋធម្មនុញ្ញ។ វា​នៅ​ចន្លោះ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មតា។ អ៊ីចឹង​ស័ក្តិ​វា​ធំ​ជាង​ច្បាប់​ធម្មតា។ បើ​ស័ក្តិ​វា​ធំ​ជាង​ធម្មតា មក​អោយ​វា ៥០​ភាគរយ​បូក​១​ដូច​ស័ក្តិ​ធម្មតា​ដែរ អ៊ីចឹង​ចាំ​អោយ​មាន organic law (ច្បាប់​រៀបចំ​អង្គការ) ដែរ អ៊ីចឹង​វា​អត់​ឡូស៊ិច បើ​យើង​និយាយ​ទៅ។ វា​ត្រូវ​តែ​លើស។ លើស​ប៉ុន្មាន​យើង​មិន​ដឹង​ទេ ប៉ុន្តែ​ស័ក្តិ​វា​លើស ត្រូវ​តែ​ធំ​ជាង​ហើយ។ បើ​ស័ក្តិ​ធម្មតា​យើង​អោយ​វា ៥០​ភាគរយ​បូក​១។ អ៊ីចឹង​អា organic law (ច្បាប់​រៀបចំ​អង្គការ) ច្បាប់​មួយ​ដែល (មាន​ឋានៈ) ជិត​ស្មើ​រដ្ឋធម្មនុញ្ញ​ហើយ វា​គួរ​តែ​ការ​អនុម័ត​វា​លើស​ពី​ច្បាប់​ធម្មតា អា​ចំនួន​ហ្នឹង បើ​យើង​និយាយ​ឡូស៊ិច​វា​វិញ។ ហើយ​អា​ហ្នឹង (វិធីសាស្ត្រ​ហ្នឹង) វា​ក៏​ជួយ​ដោះស្រាយ​រឿង​ចម្រូងចម្រាស​រឿង​នយោបាយ​ហ្នឹង​ដែរ។ មិន​ចាំបាច់​ភ័យ​ទេ រឿង​រើស​នាយក​រដ្ឋមន្ត្រី​លើក​ក្រោយ វា​នៅ​តែ ៥០​ភាគរយ​បូក​១​ដដែល​ហ្នឹង។ ប៉ុន្តែ​អា​ច្បាប់​ដទៃ​ទៀត យើង​គិត​ទៅ​តាម​តម្លៃ​វា​ទៅ។ ច្បាប់​រៀបចំ​អង្គការ (ឧទាហរណ៍ ច្បាប់​បង្កើត​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឬ​បង្កើត គ.ជ.ប) ហ្នឹង​ស័ក្តិ​វា អា​ហ្នឹង​អ៊ីចឹង​គេ​ត្រូវ​ការ​សំឡេង​វា​អោយ​មាំ​បន្តិច»

បើ​យោង​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ នៅ​ក្នុង​រដ្ឋសភា។ បើ​គិត​ត្រឹម​យក​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ឬ​ហៅ​បាន​ម្យ៉ាង​ទៀត​ថា ៥០​ភាគរយ​បូក​១ ដើម្បី​អនុម័ត​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំងអស់​នោះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ការ​តែ ៦២​អាសនៈ ឬ ៦២​សំឡេង​តែ​ប៉ុណ្ណោះ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ ប៉ុន្តែ​ប្រសិន​បើ​តម្រូវ​អោយ​មាន​សំឡេង​ភាគ​ច្រើន ២​ភាគ​៣​វិញ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ការ​រហូត​ដល់ ៨២​អាសនៈ ឬ ៨២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​ឯណោះ។ ហេតុ​ដូច្នោះ ដោយសារ​តែ​ខ្លួន​មាន​ត្រឹម ៦៨​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា ប្រាកដ​ជា​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​ជា​យ៉ាង​ណា រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ប្រទេស។ ដោយសារ​តែ​ជា​ច្បាប់​កំពូល​នេះ​ហើយ ជា​គោលការណ៍​គេ​មិន​អាច​ចេះ​តែ​ដោះដូរ​កែប្រែ​តាម​អំពើ​ចិត្ត​នោះ​ទេ បើ​មិន​មាន​ការ​ចាំបាច់​នោះ។ ការ​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​រដ្ឋធម្មនុញ្ញ​ញឹកញាប់ នឹង​ធ្វើ​អោយ​ច្បាប់​កំពូល​មួយ​នេះ​ធ្លាក់​តម្លៃ។ ហើយ​ដើម្បី​ជៀសវាង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​តាម​អំពើ​ចិត្ត​របស់​អ្នក​កាន់​អំណាច ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​និមួយៗ តែង​បង្កើត​យន្តការ​ការពារ​មិន​អោយ​កែប្រែ​បាន​តាម​ចិត្ត ដែល​អាច​នាំ​សង្គម​ជាតិ​ធ្លាក់​ក្នុង​របប​ផ្តាច់​ការ។ យន្តការ​ការពារ​មួយ គឺ​បង្កើត​នីតិវិធី​អោយ​ពិបាក​ក្នុង​ការ​រក​សំឡេង​អោយ​បាន​គ្រប់គ្រាន់​ដើម្បី​កែ។ ហើយ​វិធីសាស្ត្រ​បោះ​ឆ្នោត​តាម​មតិ​ភាគ​ច្រើន ២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​នេះ គឺ​ជា​វិធី​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។