តើ​អ្វី​ទៅ​ជា​ការ​ព្យួរ​ទោស ហើយ​មាន​ប៉ុន្មាន​ប្រភេទ?

0:00 / 0:00

ក្រម ឬ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា អនុញ្ញាត​អោយ​តុលាការ​អាច​ចេញ​សេចក្តី​សម្រេច​ព្យួរ​ទោស​ដល់​ជន​ណា ដែល​ចៅក្រម​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ។ តើ​អ្វី​ទៅ​ជា​ការ​ព្យួរ​ទោស ហើយ​មាន​ប៉ុន្មាន​ប្រភេទ?

តាម​ផ្លូវ​ច្បាប់ បន្ទាប់​ពី​រក​ឃើញ​ថា ជន​ជាប់​ចោទ​ណា​ម្នាក់​មាន​ទោស​ហើយ ចៅក្រម​មាន​ជម្រើស​ពីរ​ក្នុង​សម្រេច​កាត់​ទោស​ជន​នោះ។ ជម្រើស​ទី​១ គឺ​បញ្ជូន​ខ្លួន​ជន​នោះ​ទៅ​ក្នុង​ពន្ធនាគារ ជាមួយ​ការ​កំណត់​នូវ​រយៈពេល​វេលា ដើម្បី​អនុវត្ត​ទោស។ ទី​២ គឺ​ការ​ព្យួរ​ទោស។

ជន​ណា​ដែល​ត្រូវ​តុលាការ​ព្យួរ​ទោស មាន​ន័យ​ថា ជន​នោះ​មិន​ចាំបាច់​រស់នៅ​ក្នុង​ពន្ធនាគារ​ទេ ក្នុង​រយៈពេល​អនុវត្ត​ទោស​នោះ។ ចៅក្រម​អាច​ប្រកាស​ដាក់​ទោស​ព្យួរ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​បាន ក្រោយ​ពី​ប្រកាស​ថា បុគ្គល​នោះ​មាន​ទោស​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ ហើយ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ឬ​ជា​ទោស​ជាប់​ពន្ធនាគារ ឬ​ទាំង​ទោស​ពិន័យ​ជា​ប្រាក់​ផង និង​ទោស​ជាប់​ពន្ធនាគារ​ផង។

ជា​គោលការណ៍​ក្នុង​ការ​ប្រកាស​ដាក់​ទោស​ព្យួរ ឬ​មិន​ព្យួរ​លើ​បុគ្គល​ណា​ម្នាក់ ចៅក្រម​ត្រូវ​ពិនិត្យ​មើល​ស្ថានភាព​មួយ​ចំនួន ក្នុង​នោះ​រួម​មាន ស្ថាន​ទម្ងន់​ទោស ដូចជា​ធ្ងន់ ឬ​ស្រាល​ប៉ុណ្ណា កាលៈទេសៈ​នៃ​បទល្មើស បុគ្គលិក​លក្ខណៈ ធនធាន និង​បន្ទុក​របស់​ជន​ជាប់​ចោទ។

លោក កុយ នាម សាស្ត្រាចារ្យ​ច្បាប់​អោយ​ដឹង​ថា ការ​សម្រេច​ព្យួរ​ទោស​ទណ្ឌិត​ណា​ម្នាក់​បាន ចៅក្រម​ត្រូវ​ពិនិត្យ​មើល​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា ថា​តើ​បុគ្គល​នោះ​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​ពី​មុន​មក​ដែរ​ឬ​ទេ៖ «តុលាការ​អាច​ពិចារណា​ថា តើ​បទល្មើស​វា​ធ្ងន់ធ្ងរ​ប៉ុន្មាន កាលៈទេសៈ​នៃ​ការ​ប្រព្រឹត្ត​ហ្នឹង​វា​យ៉ាង​ម៉េច? ឧទាហរណ៍​ថា មនុស្ស​ម្នាក់​ដែល​អត់​លុយ​យក​ទៅ​ព្យាបាល​កូន​កំពុង​ឈឺ ដើម្បី​បាន​លុយ គាត់​ទៅ​លួច​នេះ​លួច​នោះ​គេ ដើម្បី​បាន​លុយ​ហ្នឹង​មក។ មើល​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ហ្នឹង ដូចជា​មនុស្ស​មិន​ដែល​មាន​រឿង​អី​ជាមួយ​អ្នក​ណា វា​ចៃដន្យ​ក៏​ប្រព្រឹត្ត​បទល្មើស​ម្តង​ហ្នឹង​ទៅ។ អា​ហ្នឹង​ជា​កត្តា​ដែល​ចៅក្រម​អាច​ពិនិត្យ​មើល។ មួយ​ទៀត ដូចជា ជន​ដែល​គេ​ផ្ដន្ទាទោស​ហ្នឹង​មាន​បន្ទុក​គ្រួសារ មាន​អី​ច្រើន អ៊ីចឹង​ម៉ោ​អា​ហ្នឹង​ក៏​អាច​គិត​ដែរ ដើម្បី​ទុក​អោយ​គាត់​មាន​ពេល​រក​ស៊ី​ចិញ្ចឹម​គ្រួសារ ដើម្បី​អោយ​កូន​បាន​រៀន ជា​ជាង​យក​គាត់​ទៅ​ដាក់​គុក​ទៅ វា​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​ពឹង​ផ្អែក​លើ​គាត់»

ប្រសិន​បើ​ការ​ឃុំ​ខ្លួន​មិន​ជា​ការ​ចាំបាច់​ទេ ហើយ​ការ​ព្យួរ​ទោស​អាច​ជួយ​អោយ​រដ្ឋ​រក​ចំណូល​បន្ថែម​បាន​នោះ អ្នក​ច្បាប់​ផ្តល់​យោបល់​ថា ចៅក្រម​គួរ​តែ​ពិចារណា​ដែរ។ ឧទាហរណ៍ បើ​ជន​ជាប់​ចោទ​ណា​ម្នាក់​ជា​អ្នក​ជំនួញ ត្រូវ​តុលាការ​ដាក់​ទោស​ព្យួរ មាន​ន័យ​ថា គាត់​ត្រូវ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ ហើយ​អំឡុង​ពេល​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ​នោះ អាច​អោយ​គាត់​មាន​ឱកាស​ធ្វើ​ការ​រក​ស៊ី ដែល​នាំ​អោយ​គាត់​អាច​បង់​ពន្ធ​ជូន​រដ្ឋ​បាន​នោះ ចៅក្រម​គួរ​តែ​អនុវត្ត​សាលក្រម​ព្យួរ​ទោស​បែប​នេះ។

លោក​សាស្ត្រាចារ្យ​ច្បាប់ កុយ នាម មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជន​ជាប់​ចោទ​ណា​ម្នាក់​មាន​លទ្ធភាព​រក​ថវិកា​ជូន​រដ្ឋ​បាន​តាម​ការ​បង់​ពន្ធ ខណៈ​កំពុង​ទទួល​ទោស​ព្យួរ​នោះ វា​ជា​ការ​ល្អ៖ «បើ​ខ្ញុំ​ជា​ចៅក្រម​វិញ ប្រហែល​ជា​ថា អ្នក​ណា​ដែល​នៅ​ក្រៅ ហើយ​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ ដូចជា អាច​បង់​ពន្ធ​អោយ​រដ្ឋ​រក​ស៊ី​ទៅ​បង់​ពន្ធ​អោយ​រដ្ឋ​បាន​ច្រើន​អ៊ីចឹង ហើយ​មនុស្ស​នោះ​មិន​ដែល​មាន​ទោស​ពី​មុន (ដូច្នេះ) ព្យួរ​ទោស​គាត់​ដែរ​ទៅ អោយ​គាត់​ទៅ​រក​ស៊ី​ដើម្បី​បាន​បង់​ពន្ធ​ជូន​រដ្ឋ វា​គ្រាន់​បើ​ជាង​យក​គាត់​ទៅ​ដាក់​ពន្ធនាគារ ហើយ​រដ្ឋ​ត្រូវ​ចិញ្ចឹម​គាត់​នៅ​ក្នុង​ពន្ធនាគារ​ទៀត។ អា​ហ្នឹង​បើ​ខ្ញុំ​វិញ​ណាស់។ តែ​មាត្រា​៩៦ (ក្រម​ព្រហ្មទណ្ឌ) គេ​មិន​ថា​អ៊ីចឹង​ទេ ប៉ុន្តែ​លក្ខខណ្ឌ​ទាំងអស់​ហ្នឹង​ស៊ី​សង​នឹង​ចៅក្រម​ទេ»

ក្រម ឬ​ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ ចែក​ការ​ព្យួរ​ទោស​ជា​ពីរ គឺ​ការ​ព្យួរ​ទោស​ធម្មតា និង​ការ​ព្យួរ​ទោស​សាកល្បង។

មាត្រា​១០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​ខ្មែរ​ចែង​ថា ការ​ព្យួរ​ទោស​ធម្មតា ត្រូវ​អនុវត្ត​ទៅ​លើ​ទោស​ដាក់​ពន្ធនាគារ កាល​បើ​ទោស​ដែល​ប្រកាស​នោះ​តិច​ជាង ឬ​ស្មើ​នឹង​៥ (ប្រាំ) ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់។ ឧទាហរណ៍ ថ្មីៗ​នេះ​មាន​ជន​ជាប់​ចោទ ឬ​ទណ្ឌិត​ជាង ២០​នាក់ ដែល​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ព្យួរ។ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​នោះ​មាន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ លោក វន់ ពៅ ត្រូវ​បាន​សាលា​ដំបូង​ផ្ដន្ទាទោស​ក្នុង​អំពើ​ហិង្សា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ សម្រាប់​កម្មករ​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​រោងចក្រ យ៉ាក ជីន។

សម្រាប់ លោក វន់ ពៅ ត្រូវ​តុលាការ​កាត់​ទោស​ព្យួរ ៤​ឆ្នាំ​កន្លះ។ មេធាវី​របស់ លោក វន់ ពៅ គឺ​លោក សុខ គង់ បញ្ជាក់​អំពី​ប្រភេទ​នៃ​ការ​ព្យួរ​ទោស​របស់​កូន​ក្តី​របស់​លោក៖ «នៅ​ក្នុង​រឿង​របស់ លោក វន់ ពៅ ហ្នឹង សាលក្រម​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ គេ​សម្រេច​ព្យួរ​ទោស​គាត់​ហ្នឹង គឺ​ព្យួរ​ទោស​ធម្មតា។ អ៊ីចឹង​មាន​ន័យ​ថា ជន​ជាប់​ចោទ ឬ​គាត់​មិន​ចាំបាច់​គោរព​នូវ​លក្ខខណ្ឌ​ណា​ដែល​មិន​បាន​កំណត់​នៅ​ក្នុង​ច្បាប់ ក៏​ដូច​ជា​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ​ទេ។ មាន​ន័យ​ថា ជន​ជាប់​ចោទ​មិន​នៅ​ក្នុង​ឃុំ ហើយ​គាត់​ក៏​មិន​ចាំបាច់​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ ក៏​ដូច​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ណា​មួយ ដែល​មិន​បាន​កំណត់​នៅ​ក្នុង​សាលក្រម​ផង​ដែរ»

ទោះ​ជា​យ៉ាង​ណា ក្នុង​រយៈពេល​ព្យួរ​ទោស​នេះ កាល​បើ លោក វន់ ពៅ ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ថ្មី​ផ្សេង​ទៀត ទោស​ដែល​ព្យួរ​នោះ​នឹង​ត្រូវ​ដក​ហូត​មក​វិញ។ មាន​ន័យ​ថា លោក វន់ ពៅ នឹង​ត្រូវ​ទៅ​អនុវត្ត​ទោស​ដែល​ព្យួរ​នោះ​នៅ​ក្នុង​ពន្ធនាគារ​វិញ។ លើស​ពី​នេះ ក៏​អាច​ត្រូវ​ទទួល​ទោស​បន្ថែម​ពី​បទល្មើស​ថ្មី​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ក្រម​ព្រហ្មទណ្ឌ​ខ្មែរ​ក៏​អនុញ្ញាត​អោយ​តុលាការ​មិន​ចាំបាច់​ដក​ហូត​ការ​ព្យួរ​ទោស​នោះ​មក​វិញ​ដែរ ដោយ​អាស្រ័យ​លើ​ស្ថាន​ទម្ងន់​ទោស​ដែល​បាន​ប្រព្រឹត្ត​ថ្មី​នោះ។ មាត្រ​១១០ ចែង​ថា តុលាការ​អាច​សម្រេច​ថា ការ​ផ្ដន្ទាទោស​ថ្មី​មិន​នាំ​អោយ​មាន​ការ​ដក​ហូត​នូវ​ការ​ព្យួរ​ទោស​ធម្មតា ដែល​បាន​សម្រេច​ពី​មុន​នោះ​ទេ។ សេចក្តី​សម្រេច​របស់​តុលាការ​ត្រូវ​តែ​មាន​សំអាង​ហេតុ​ជា​ពិសេស។

ទោះ​ជា​យ៉ាង​ណា ការ​ឃុំ​ឃាំង​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ បណ្ដាល​អោយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ចិញ្ចឹម​អ្នក​ទោស។ នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​រដ្ឋ ក្នុង​ការ​រក​ថវិកា​មក​ផ្គត់ផ្គង់​បាយ​ទឹក ថ្នាំ​សង្កូវ​ដល់​អ្នក​ទោស។ ចំនួន​អ្នក​ទោស​កាន់​តែ​ច្រើន ការ​ចំណាយ​ក៏​កាន់​តែ​ច្រើន​ដែរ។ នេះ​នៅ​មិន​ទាន់​គិត​ដល់​ការ​ចំណាយ​លើ​ការ​បង្កើត​បណ្ណាល័យ​សម្រាប់​អ្នក​ទោស​អាន​សៀវភៅ និង​ការ​បង្កើត​កម្មវិធី​ហ្វឹកហ្វឺន​មុខ​របរ​ផ្សេងៗ​ដល់​អ្នក​ទោស អោយ​សមស្រប​តាម​និយាម​អន្តរជាតិ​ផង​ទេ។ បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចំណាយ​ប្រាក់ ២.៨០០​រៀល​ក្នុង​មួយ​ថ្ងៃ សម្រាប់​អ្នក​ទោស​ម្នាក់។

ហេតុ​ដូច្នេះ​ហើយ មតិ​ខ្លះ​យល់​ឃើញ​ថា ការ​ព្យួរ​ទោស​ធម្មតា ឬ​ការ​ព្យួរ​ទោស​ដោយ​មាន​ការ​សាកល្បង គឺ​ជា​ជម្រើស​មួយ​ដែល​ចៅក្រម​គួរ​ពិចារណា។ ប្រសិន​បើ​ជនល្មើស​ទើប​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ជា​លើក​ដំបូង ហើយ​បទល្មើស​មិន​ធ្ងន់ធ្ងរ​ពេក​ទេ ហើយ​បើ​ទុក​អោយ​គាត់​អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ អាច​អោយ​គាត់​ប្រកប​អាជីវកម្ម​ជា​ប្រក្រតី នាំ​អោយ​រក​ប្រាក់​បង់​ពន្ធ​ជូន​រដ្ឋ​បាន​នោះ វា​ជា​ការ​មួយ​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋ​ផង​ដែរ។

សរុប​មក ការ​ព្យួរ​ទោស​ធម្មតា មាន​ន័យ​ថា ទណ្ឌិត​រស់នៅ​ក្រៅ​ពន្ធនាគារ​ធម្មតា ហើយ​ក៏​មិន​មាន​លក្ខខណ្ឌ ឬ​វិធានការ​ត្រួត​ពិនិត្យ​ពី​តុលាការ​ដែរ ក្នុង​អំឡុង​ពេល​ព្យួរ​ទោស​នោះ។ ដរាប​ណា​មិន​ប្រព្រឹត្ត​បទល្មើស​ថ្មី​ទេ​នោះ ពេល​ផុត​កំណត់​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​ហើយ ទណ្ឌិត​នឹង​មាន​សេរីភាព​ជា​ប្រក្រតី​ឡើង​វិញ។ ប៉ុន្តែ បើ​ប្រព្រឹត្ត​បទល្មើស​ថ្មី​ក្នុង​អំឡុង​ពេល​ព្យួរ​ទោស​វិញ តុលាការ​អាច​ដក​ហូត​ព្យួរ​ទោស​នោះ ហើយ​ទណ្ឌិត​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។