បុណ្យ​កឋិន និង​ជំនឿ​អ្នក​ស្រុក

0:00 / 0:00

នៅ​ពេល​រដូវ​កាល​កឋិនទាន​ចូល​មក​ដល់ គឺ​ចាប់​ពី​ថ្ងៃ ១​រោច ខែ​អស្សុជ រហូត​ដល់​ថ្ងៃ​១៥ កើត ខែ​កត្តិក គេ​តែង​ឮ​សូរ​ស័ព្ទ​សំឡេង​ស្គរ​ឆៃយ៉ាំ​ស្ទើរ​គ្រប់​ទិសទី នាំ​មុខ​ក្បួន​នៃ​ពិធី​បុណ្យ​កឋិនទាន ដែល​ដង្ហែ​ទៅ​កាន់​ទី​វត្ត​អារាម​ជិត​ឆ្ងាយ។

ប៉ុន្តែ​មាន​ជំនឿ​ថា វត្ត​ដែល​ពុំ​មាន​អង្គ​កឋិន​ហែ​ចូល គឺ​ជា​វត្ត​មិន​ស្មើ​មុខ​នឹង​វត្ត​ដទៃ​ទៀត ដែល​បាន​ទទួល​កឋិនទាន។ ជំនឿ​មួយ​ទៀត គឺ​អ្នក​នៅ​ក្មេង​ធ្វើ​កឋិន​មិន​បាន។

តើ​ជំនឿ​នេះ​មាន​ចែង​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ពុទ្ធសាសនា​ដែរ​ឬ​ទេ?

៚ភ្លេង​ពិណពាទ្យ៚

នា​សម័យ​ពុទ្ធកាល ទាយក​ទាយិកា​អ្នក​ម្ចាស់​ទាន​ប្រធាន​ដើម​បុណ្យ​កឋិន នាំ​យក​តែ​ចីវរ​ណា​មួយ​ទៅ​ប្រគេន​ចំពោះ​ព្រះសង្ឃ​ដោយ​ស្ងាត់ៗ ដោយ​គ្រាន់​តែ​បញ្ចេញ​វាចា​ថា ខ្ញុំ​ព្រះករុណា​សូម​ប្រគេន​កឋិន​ចីវរ​នេះ​ចំពោះ​ព្រះសង្ឃ។ រីឯ​ព្រះសង្ឃ​វិញ បន្ទាប់​ពី​បាន​បំពេញ​កិច្ច​ទទួល​ក្រាល​គ្រង​សំពត់​កឋិន​ត្រឹមត្រូវ​តាម​ពុទ្ធ​វិន័យ​ហើយ​នោះ ក៏​ជា​ការ​ស្រេច​កើត​ទៅ​ជា​កឋិនទាន​ដោយ​បរិបូណ៌​តាម​ពុទ្ធានុញ្ញាត។

សៀវភៅ ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ កត់ត្រា​ថា ពុទ្ធបរិស័ទ​នាំ​គ្នា​ធ្វើ​បុណ្យ​កឋិន​នេះ គឺ​ក្នុង​ជំនឿ​តាម​គម្ពីរ​ដីកា​ពុទ្ធសាសនា ស្តី​អំពី​កឋិនទាន ថា​ជា​កាល​ទាន​ដ៏​មាន​ផលានិសង្ស​ច្រើន​ជាង​ទាន​ទាំង​ពួង។ អាស្រ័យ​ហេតុ​នេះ ទើប​មាន​ការ​សម្គាល់​ថា បើ​វត្ត​ណា​ដែល​ដល់​រដូវ​កាល​កឋិន​ហើយ គ្មាន​នរណា​ហែ​អង្គ​កឋិន​ចូល​ទេ គឺ​ជា​វត្ត​មិន​ស្មើ​មុខ​នឹង​វត្ត​ដែល​មិន​បាន​ទទួល​អង្គ​កឋិនទាន។

ទាក់ទង​នឹង​ប្រការ​នេះ លោក ឌុក ស៊ាត អ្នក​ក្រុង​បាត់ដំបង ដែល​ធ្លាប់​បាន​បួស​រៀន​ធម៌​វិន័យ​ជាច្រើន​វស្សា​ដែរ​នោះ បញ្ជាក់​ថា លោក​មិន​យល់​ឃើញ​ដូច្នេះ​ឡើយ៖ «មិន​មែន​ថា​វត្ត​ហ្នឹង​មិន​ត្រឹមត្រូវ ជួន​កាល​ប្រជាជន​ក្រីក្រ​អី​ទៅ​វិញ​ទេ។ មិន​មែន​ថា​វត្ត​ហ្នឹង​អាក្រក់ ព្រះសង្ឃ​លោក​អាក្រក់​នោះ​ទេ។ ខ្ញុំ​ធ្លាប់​ទៅ​ដែរ​វត្ត​ដាច់​ស្រយាល​នៅ​តែ​ក្នុង​ព្រៃ ផ្ទះ​ឯណេះ​មួយ ឯណោះ​មួយ ហើយ​ផ្ទះ​ហ្នឹង​តូចៗ ហើយ​វត្ត​ក៏​មិន​មាន​រីក​ចម្រើន កុដិ​សាលា​អី​ក៏​មិន​ឃើញ​មាន។ ប៉ុន្តែ​ឥឡូវ​មិន​អត់ ដូច​កម្រ​ថា​វត្ត​ណា​អត់​កឋិន​ផង ទោះ​បី​ជា​នៅ​ចុង​កាត់​មាត់​ញក​ក្តី ព្រោះ​ពុទ្ធបរិស័ទ​មាន​តែ​ស្បង់​មួយ​ក៏​បាន យក​ទៅ​វេរ​ប្រគេន​លោក​ទៅ លោក​ធ្វើ​កិច្ច​ទៅ​ក៏​បាន​អានិសង្ស»

តាម​ពុទ្ធបញ្ញត្តិ ភិក្ខុសង្ឃ​ដែល​អាច​ទទួល​ក្រាល​គ្រង​កឋិន​បាន លុះត្រា​ណា​តែ​បាន​គង់​ចាំ​វស្សា​អស់​វារៈ​បី​ខែ​ដោយ​បរិបូណ៌ ពុំ​មាន​ដាច់​កិច្ច​ចូល​វស្សា​ព្រោះ​កន្លង​វិន័យ​ដោយ​ប្រការ​ណា​មួយ​ឡើយ។ រីឯ​វត្ត​ដែល​ពុំ​មាន​ភិក្ខុសង្ឃ​គង់​នៅ​ចាំ​ព្រះវស្សា​ទេ​នោះ ក៏​ពុំ​អាច​ទទួល​កឋិនទាន​ពី​ពុទ្ធបរិស័ទ​បាន​ដែរ។ គឺ​អាច​មក​ពី​កត្តា​នេះ​ហើយ ដែល​នាំ​ឱ្យ​បរិស័ទ​សម្គាល់​ថា វត្ត​ដែល​គ្មាន​បរិស័ទ​ហែ​កឋិន​ចូល គឺ​ជា​វត្ត​មិន​ស្មើ​មុខ​នឹង​វត្ត​ដែល​បាន​ទទួល​អង្គ​កឋិនទាន។ ព្រះបាឡាត់​គុណ​ខេត្ត​ព្រៃវែង ព្រះសិរីមុនី ស៊ុន ច័ន្ទសុធា មាន​ថេរ​ដីកា​អំពី​វិន័យ​ក្រឹត្យក្រម​ក្នុង​ពុទ្ធសាសនា​ទាក់ទង​នឹង​ប្រការ​នេះ៖ «ការ​ចាំ​ព្រះវស្សា​វត្ត​ណា​នីមួយៗ​នោះ សូម​ពុទ្ធបរិស័ទ​ទាំង​ឡាយ​មេត្តា​ជ្រាប​ថា បើ​ដាច់​ព្រះវស្សា​ចំពោះ​ព្រះសង្ឃ​អង្គ​មួយ ក្នុង​នោះ​មាន​ភិក្ខុ​ពីរ​អង្គ បី​អង្គ បួន​អង្គ អ៊ីចឹង​អង្គ​ណា​ដាច់​ព្រះវស្សា ព្រះសង្ឃ​ដែល​ដាច់​ព្រះវស្សា​នោះ អាច​ចូល​ជា​គណ​បុរិកៈ មាន​ន័យ​ថា ចូល​បង្គ្រប់​សង្ឃ​ចូល​ក្នុង​កម្មវិធី​បាន គ្រាន់​តែ​មិន​បាន​ទទួល​អានិសង្ស​កឋិនទាន​តែ​ប៉ុណ្ណោះ»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី ព្រះសិរីមុនី ស៊ុន ច័ន្ទសុធា ព្រះ​គ្រូ​ចៅអធិការ​វត្ត​មេស​ប្រច័ណ្ឌ ក្នុង​ស្រុក​ពារាំង ខេត្ត​ព្រៃវែង មាន​ថេរ​ដីកា​ពន្យល់​បន្ថែម អំពី​ពុទ្ធ​វិន័យ​ទាក់ទង​នឹង​ករណី​ភិក្ខុសង្ឃ​ដាច់​វស្សា ហើយ​និង​ការ​ទទួល​ក្រាល​គ្រង​កឋិន​ចីវរ​ទាន​នេះ៖ «បើ​ព្រះ​ភិក្ខុសង្ឃ​ព្រះអង្គ​នោះ​ដាច់​ព្រះវស្សា ដោយសារ​លោក​និមន្ត​ទៅ​ណា​ជិត​ឆ្ងាយ ដែល​ពុទ្ធបរិស័ទ​ទាំង​ឡាយ​និមន្ត​ទៅ ប៉ុន្តែ​លោក​និមន្ត​ទៅ​ដោយ​មិន​បាន​លើក​សត្តហៈ​វិធី ដែល​ព្រះពុទ្ធ​ទ្រង់​អនុញ្ញាត ហើយ​និមន្ត​ត្រឡប់​មក​វត្ត​វិញ​មិន​ទាន់​ពេល​មុន​ថ្ងៃ​រះ ពេល​វេលា​មក​ដល់​វត្ត គឺ​ថ្ងៃ​រះ​ពេញ​ពន្លឺ​ភ្លឺ​សព្វគ្រប់ ហើយ​ទើប​មក​ដល់​ឈ្មោះ​ថា ដាច់​ព្រះវស្សា​ហើយ។ ប៉ុន្តែ​ដាច់​ព្រះវស្សា​នេះ​គ្រាន់​តែ​មិន​បាន​ទទួល​អានិសង្ស​អង្គ​កឋិនទាន ញាតិញោម​ប្រារព្ធ​អង្គ​កឋិនទាន​មិន​បាន​តែ​ប៉ុណ្ណោះ តែ​ឱ្យ​ដល់​ថ្នាក់​ថា​ព្រះសង្ឃ​អង្គ​នោះ យើង​ធ្វើ​បុណ្យ​លែង​បាន​បុណ្យ ឬ​ព្រះសង្ឃ​អង្គ​នោះ​មាន​ទុក្ខ​មាន​ទោស​រហូត​ដល់​មាន​អាបត្តិ​បរាជិក មិន​ដូច្នោះ​ទេ ពរ!»

ចំពោះ​ជំនឿ​ធ្វើ​បុណ្យ​កឋិនទាន ដោយ​សម្គាល់​លើ​ព្រហ្មចរិយធម៌​របស់​ភិក្ខុសង្ឃ​ក្នុង​កិច្ច​ចូល​វស្សា​តែ​ម្យ៉ាង​នេះ លោក ឌុក ស៊ាត អ្នក​ក្រុង​បាត់ដំបង ដែល​ជា​ពុទ្ធបរិស័ទ​ម្នាក់​មាន​ការ​ចេះ​ដឹង​ធម៌​វិន័យ​ដែរ​នោះ បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​តាម​មូលដ្ឋាន​ពុទ្ធសាសនា​ថា នោះ​គឺ​ជា​ភារៈ​របស់​ភិក្ខុសង្ឃ​មួយ​អង្គៗ ក្នុង​ការ​ប្រព្រឹត្ត​ធម៌​វិន័យ៖ «ទោះ​បី​យើង​ហែ​កឋិន​ចូល​ទៅ អង្គ​ណា​មិន​គោរព​ធម៌​វិន័យ លោក​នៅ​តែ​មិន​គោរព​អ៊ីចឹង មិន​មែន​មាន​ន័យ​ថា បាន​កឋិន​ទៅ​ហើយ លោក​ហ្នឹង​ល្អ​គ្រប់​១០​ទាំងអស់​ឯណា។ ការ​បដិបត្តិ​ហ្នឹង​វា​នៅ​លើ​ព្រះសង្ឃ ទោះ​បី​ជា​គ្មាន​កឋិន​ចូល បើ​លោក​ប្រតិបត្តិ​ល្អ​ក៏​នៅ​តែ​ល្អ​អ៊ីចឹង។ មិន​មែន​ចាំ​តែ​ចេញ​វស្សា​នេះ​ទេ ក្នុង​វស្សា​ហ្នឹង​ក៏ដោយ អង្គ​ណា​ដែល​លោក​មិន​គោរព មិន​បដិបត្តិ នៅ​តែ​មិន​គោរព ដូច​កូន​ដែល​មិន​ស្តាប់​ឪពុក​ម្តាយ​មិន​ស្តាប់​គ្រូ​បាធ្យាយ​អ៊ីចឹង​ណា៎! បាទ!»

នៅ​មាន​ជំនឿ​មួយ​ទៀត​ថា អ្នក​ដែល​នៅ​ក្មេង ឬ​មិន​ទាន់​បាន​ទុក​ដាក់​កូន​ចៅ​ឱ្យ​មាន​គូស្រករ​នៅ​ឡើយ គឺ​មិន​អាច​ផ្ដួចផ្ដើម​ធ្វើ​ជា​ម្ចាស់​ទាន​ប្រធាន​ដើម​បុណ្យ​កឋិន​បាន​ឡើយ។

ឧបាសិកា​ម្នាក់​រស់នៅ​ភូមិ​ស្វាយស ឃុំ​តាប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង គឺ​អ្នកស្រី ឡយ នី លើក​យក​ការ​សម្ដែង​ធម្មទេសនា​របស់​ព្រះសង្ឃ ដែល​ពន្យល់​បកស្រាយ​ដល់​ពុទ្ធបរិស័ទ​អំពី​សំណួរ​នេះ៖ «ព្រះសង្ឃ​លោក​បាន​សម្ដែង​ថា អត់​មែន​អ៊ីចឹង​ទេ គ្រាន់​តែ​ជា​ពាក្យ​ជំនឿ​តៗ​គ្នា។ តាម​ពិត​ទៅ អ្នក​ធ្វើ​កឋិន​ទុក​ជាមួយ​ត្រៃ​ក្តី ទុក​ជា​ស្បង់​មួយ​ក្តី ឱ្យ​តែ​យើង​បាន​ធ្វើ​ហើយ ជា​តួអង្គ​កឋិន​ហើយ អ៊ីចឹង​មិន​ថា​ចាស់​មិន​ថា​ក្មេង​ទេ គឺ​ធ្វើ​បាន​ទាំងអស់​គ្នា»

ចំណែក លោក ឌុក ស៊ាត អ្នក​ក្រុង​បាត់ដំបង មាន​ប្រសាសន៍​បន្ថែម​អំពី​ជំនឿ​នេះ ថា​មិន​សមស្រប​តាម​គោល​ពុទ្ធសាសនា​ឡើយ៖ «ជំនឿ​ចាស់ៗ​គាត់​មិន​ចង់​ឱ្យ​ធ្វើ ក្មេងៗ​ធ្វើ ម្យ៉ាង​ទៅ​យើង​នៅ​ក្មេង​កវែកកឆ្នាំង យើង​ធ្វើ​បុណ្យ​វា​អស់​លុយ​អស់​កាក់។ បុណ្យ​នេះ​ឱ្យ​តែ​យើង​ធ្វើ មិន​ថា​ចាស់​មិន​ថា​ក្មេង​ទេ ធ្វើ​ពេល​ណា​ក៏​ល្អ ព្រោះ​យើង​ស្លាប់​ក៏​មិន​មែន​ដល់​ចាស់​បាន​ស្លាប់​ឯណា ខ្លះ​ស្លាប់​តាំង​ពី​នៅ​ក្មេង»

តាម​ពុទ្ធបញ្ញត្តិ និង​ពុទ្ធានុញ្ញាត គោល​សំខាន់​ដើម្បី​ឱ្យ​កើត​ជា​អង្គ​កឋិនទាន​ត្រឹម​ត្រូវ​បាន គឺ​ទី​១ កាល​វេលា​ដែល​ចាប់​ពី​ថ្ងៃ ១​រោច ខែ​អស្សុជ រហូត​ដល់​ថ្ងៃ​១៥ កើត ខែ​កត្តិក។ បើ​ធ្វើ​ខុស​ពី​អំឡុង​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ចីវរ​ទាន ពោល​ការ​ឱ្យ​គ្រឿង​ស្លៀក​ដណ្ដប់ ប៉ុន្តែ​មិន​កើត​ជា​កឋិនទាន​ទេ។ គោល​ទី​២ គឺ​ភិក្ខុសង្ឃ​ដែល​អាច​ទទួល​ក្រាល​គ្រង​កឋិន​បាន លុះត្រា​ណា​តែ​បាន​គង់​ចាំ​ព្រះវស្សា​អស់​រយៈពេល​បី​ខែ ដោយ​មិន​មាន​ដាច់ ឬ​កន្លង​វិន័យ​ដោយ​ប្រការ​ណា​មួយ​ឡើយ។ រីឯ​គោល​ទី​៣ គឺ​ក្នុង​ចំណោម​ត្រៃចីវរ រួម​មាន​ស្បង់ ចីវរ សង្ឃាដី ដែល​ជា​ទាន​វត្ថុ​នៃ​អង្គ​កឋិន​នោះ ត្រូវ​កាត់​ដេរ​ត្រឹមត្រូវ​តាម​ខ្នាត​វិន័យ។ គោល​ទី​៤ គឺ​មាន​ការ​វេរ​ប្រគេន​ពី​អ្នក​ម្ចាស់​ទាន និង​កិច្ច​អនុមោទនា​ក្រាល​គ្រង​កឋិន​ចីវរ​ដោយ​ត្រឹមត្រូវ ពី​សំណាក់​ភិក្ខុសង្ឃ​អ្នក​ទទួល។

ម្យ៉ាង​ទៀត ក្នុង​ពុទ្ធសាសនា ទាន​ដែល​បរិស័ទ​មាន​សទ្ធា​ជ្រះ​ថ្លា​ប្រគេន​ចំពោះ​ព្រះសង្ឃ ដោយ​សម្គាល់​ថា​ជា​សមណ​អ្នក​មាន​សីល គឺ​បុណ្យ​រមែង​កើត​ឡើង​ដល់​បុគ្គល​អ្នក​ម្ចាស់​ទាន​ដោយ​បរិបូណ៌។ ចំពោះ​ភាព​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ ក្នុង​ការ​ប្រព្រឹត្ត​ធម៌​វិន័យ​នោះ គឺ​ជា​កាតព្វកិច្ច​របស់​ព្រះសង្ឃ ក្នុង​ឋានៈ​ជា​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា ដែល​ប្រាថ្នា​សិក្សា​ធម៌​វិន័យ​បដិបត្តិ​សម្អាត​កាយ វាចា ចិត្ត ឱ្យ​បរិសុទ្ធ ដើម្បី​បាន​ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ពុទ្ធបរិស័ទ​សាបព្រោះ​បណ្ដុះ​បុណ្យ​កុសល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។