សេចក្ដី​សង្ខេប​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ពិធី​បុណ្យ​មាឃ​បូជា

0:00 / 0:00

បុណ្យ​មាឃបូជា គឺ​ជា​ទិវា​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​នានា​លើ​សកលលោក ដែល​តែង​ជួប​ជុំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ ជា​ប្រពៃណី ក្នុង​ពិធី​បុណ្យ​នេះ ពុទ្ធបរិស័ទ​នាំ​គ្នា​ចាត់​ចែង​បូជា​នូវ​គ្រឿង​សក្ការៈ មាន​ប្រទីប​ជ្វាលា និង​ផ្កា​ភ្ញី ជាដើម ព្រម​ទាំង​ប្រជុំ​គ្នា​ស្តាប់​ធម្មទេសនា ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ដែល​បាន​បរិនិព្វាន​អស់​កាល ២៥៥៨​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ។

ពី​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកនាង កេសរណ្ណីយ្យា ជូន​សេចក្តី​អធិប្បាយ​ដោយ​សង្ខេប​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ពិធី​បុណ្យ​មាឃ​បូជា​នេះ និង​ការ​គោរព​បូជា​របស់​ពុទ្ធបរិស័ទ៖

៚ភ្លេង​ពិណពាទ្យ៚

ពិធី​បុណ្យ​មាឃបូជា គឺ​ជា​ការ​រំឭក​ព្រឹត្តិការណ៍​ធំៗ​ពីរ ដែល​កើត​ឡើង​នៅ​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ ក្នុង​ពុទ្ធកាល ៤៥​ឆ្នាំ​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម។ ព្រឹត្តិការណ៍​ទី​១ គឺ​ជា​សម័យ​ប្រជុំ​ធំ​ប្រកប​ដោយ​អង្គ​៤ ហៅ​ថា​ចតុរង្គ​សន្និបាត ដែល​ក្នុង​ឱកាស​នោះ ព្រះ​សក្យមុនី​គោតម​ព្រះអង្គ​ទ្រង់​សម្ដែង​នូវ​ឱវាទ​បាតិមោក្ខ ដែល​ជា​ខ្លឹម ជា​បេះដូង​នៃ​ពុទ្ធសាសនា ជា​ផ្លូវ​ប្រតិបត្តិ​ដល់​បរិស័ទ​គ្រប់​ជំពូក។

ឱវាទ​បាតិមោក្ខ មាន​សេចក្តី​វិសេស ១១​ប្រការ ដែល​រួបរួម​ក្រោម​គាថា ៣​បទ​ជា​គោល​ចម្បង គឺ​ទី​១ ការ​វៀរ​នូវ​អំពើ​បាប​ទាំង​ពួង។ ទី​២ ការ​ធ្វើ​នូវ​អំពើ​ល្អ​ជា​កុសល​ធម៌​គ្រប់​យ៉ាង និង​ការ​ជម្រះ​ចិត្ត​ឲ្យ​បរិសុទ្ធ ដែល​បាន​ដល់​ការ​ប្រតិបត្តិ​សីល សមាធិ និង​បញ្ញា តាម​រយៈ​ការ​ចម្រើន​វិបស្សនា​កម្មដ្ឋាន។

ភិក្ខុ​សន្ត​ចិត្តោ រ៉េន រដ្ឋា គង់​នៅ​វត្ត​ព្រះគន្ធកុដិ ក្រុង​បាត់ដំបង មាន​ថេរ​ដីកា​អធិប្បាយ​អំពី​ប្រការ ឬ​កណ្ឌ​ទី​១ ទី​២ និង​ទី​៣ ដោយ​ភ្ជាប់​សេចក្តី​ទៅ​នឹង​ប្រការ​ទី​៨ គឺ​ការ​សង្រួម​ក្នុង​បាតិមោក្ខ ដែល​ទាក់ទង​ជា​សំខាន់​ទៅ​នឹង​វិន័យ​របស់​ភិក្ខុ​សង្ឃ​មាន ២២៧​សិក្ខាបទ៖ «...ក្នុង​ឱវាទ​បាតិមោក្ខ ទី​១ ដំបូង គឺ​សព្វបាបស្ស អករណំ គឺ​ការ​មិន​ធ្វើ​នូវ​បាប​ទាំង​ពួង បំពេញ​កុសល ហើយ​និង​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ សង្ខេប​នូវ​ពុទ្ធ​ដីកា​ទាំងអស់​មក គឺ ៣​យ៉ាង​ហ្នឹង។ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ប្រយោជន៍​ដល់​ពុទ្ធបរិស័ទ និង​ដល់​ព្រះសង្ឃ​ខ្លួន​ឯង គឺ​ភិក្ខុ​សាមណេរ​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​សិក្ខាបទ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​សម្ដែង​បញ្ញត្តិ​មក គឺ​មាន ២២៧​សិក្ខាបទ គឺ​លោក​ត្រូវ​សង្រួម​គ្រប់​ទាំងអស់ មាន​តាំង​ពី​បរាជិក​៤ ដូចជា​លួច​ទ្រព្យ​គេ សម្លាប់​ជីវិត​មនុស្ស ឬ​ការ​អួត​ខ្លួន​ឯង​ថា​បាន​សម្រេច​ធម៌​ចេះ​ហោះ​ចេះ​ហើរ បាន​គុណធម៌​ខ្ពស់។ ហើយ​ដូច​ថា​លោក​ឆាន់​បាយ​ល្ងាច មើល​ទូរទស្សន៍ គឺ​លោក​ត្រូវ​អាបត្តិ​បាចិត្តិយៈ គឺ​ថា​ក្នុង ២២៧​ហ្នឹង អត់​ឲ្យ​ដាច់​មួយ​ណា​ទេ...»

ប្រការ​ទី​៤ គឺ​ព្រះ​សម្ពុទ្ធ​ទ្រង់​ពោល​សរសើរ​នូវ​សេចក្តី​អំណត់​អត់ធន់ ថា​ជា​តប​ធម៌​ដ៏​ឧត្តម ដែល​ពុទ្ធបរិស័ទ​គប្បី​ព្យាយាម​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ជា​រឿយៗ ដើម្បី​ធ្វើ​កាយ និង​ចិត្ត​ឲ្យ​ស្ងប់។ ប្រការ​ទី​៥ គឺ​ព្រះនិព្វាន ដែល​ព្រះពុទ្ធ​តែង​សម្ដែង​ថា​ជា​ធម៌​ដ៏​ឧត្តម ជា​បរមត្ថ​ធម៌ ជា​ធម៌​ល្អិត​សុខុម ជា​ធម្មជាតិ ឬ​ចិត្ត ដែល​ស្ងប់​ក្សេមក្សាន្ត ផុត​ចាក​រាគៈ ទោសៈ មោហៈ។ ប្រការ​ទី​៦ នៃ​ឱវាទ​បាតិមោក្ខ ព្រះ​សម្ពុទ្ធ​ទ្រង់​សម្ដែង​ថា បុគ្គល​ដែល​សម្លាប់​សត្វ​ដទៃ បៀតបៀន​សត្វ​ដទៃ មិន​ឈ្មោះ​ថា​សមណៈ មិន​ឈ្មោះ​ថា​បព្វជិត គឺ​អ្នក​បួស​ឡើយ។ ឱវាទ​ប្រការ​ទី​៧ គឺ​ទូន្មាន​ឲ្យ​វៀរ​ចាក​កិរិយា​ពោល​នូវ​ពាក្យ​តិះដៀល​ដល់​អ្នក​ដទៃ។

ភិក្ខុ​ឋិតប្បញ្ញោ គង់ សុភាព គង់​នៅ​វត្ត​រាជបូណ៍ ក្រុង​សៀមរាប មាន​ថេរ​ដីកា​អំពី​សារប្រយោជន៍​នៃ​ឱវាទ​បាតិមោក្ខ​ប្រការ ឬ​កណ្ឌ​ទី​៩ ដែល​ស្តី​អំពី​មត្តញ្ញុតា ចភត្តស្មឹ ជា​ភាសា​បាលី​ដែល​មាន​សេចក្តី​ថា ភាវៈ​ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត គឺ​ចង្ហាន់​បិណ្ឌបាត៖ «...រឿង​នេះ​ទាក់ទង​នឹង​ការ​ចិញ្ចឹម​ជីវិត​ដោយ​បរិសុទ្ធ។ ភិក្ខុ​ក្នុង​សាសនា​នេះ គឺ​លោក​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​កម្លាំង​ស្មង គឺ​ការ​និមន្ត​បិណ្ឌបាត ជា​វដ្ដ​របស់​ភិក្ខុ។ មាន​ភិក្ខុ​អង្គ​ខ្លះ​លោក​នៅ​ជា​បុថុជ្ជន លោក​ងប់​ក្នុង​លាភ​សក្ការៈ​ទាំង​ឡាយ ក៏​ធ្វើ​ឲ្យ​ប្រាសចាក​ពី​ធម៌​វិន័យ។ អ៊ីចឹង​បាន​ជា​ព្រះអង្គ​ឲ្យ​ចេះ​ប៉ាន់​ប្រមាណ។ សូម្បី​គ្រឹហាវាស​ក៏​ដូច​គ្នា​ដែរ ប្រសិន​បើ​ស្វែងរក​ដោយ​ផ្លូវ​មិន​ត្រូវ មិន​ប្រកប​តាម​ធម៌ ចូល​ក្នុង​មិច្ឆាជីវៈ ធ្វើ​ជំនួញ​ខុស គឺ​ព្រះអង្គ​ឲ្យ​វៀរ។ ហើយ​ក្នុង​នោះ គឺ​វៀរ​ក្នុង​មិច្ឆាកម្មន្តៈ ៣​យ៉ាង គឺ​មិន​សម្លាប់ មិន​លួច​ទ្រព្យ​អ្នក​ដទៃ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម...»

ភាវៈ​ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ​នេះ ក៏​បាន​ដល់​ការ​អប់រំ​ចិត្ត​ក្នុង​ការ​បរិភោគ ឬ​ឆាន់​អាហារ​ភោជន​ដោយ​សម​ល្មម គ្រាន់​តែ​ញ៉ាំង​អត្តភាព​រាង​កាយ​ឲ្យ​ប្រព្រឹត្ត​ទៅ​ឲ្យ​មាន​ជីវិត​រស់នៅ ដើម្បី​ប្រតិបត្តិ​ធម៌​វិន័យ ជា​ប្រយោជន៍​បាន​សេចក្តី​សុខ​ដល់​ខ្លួន​ផង និង​ដល់​មនុស្ស​សត្វ​ដទៃ​ផង។ ចំពោះ​ឱវាទ​បាតិមោក្ខ​ប្រការ​ទី​១០ ស្តី​អំពី​ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់ ភិក្ខុ​ឋិតប្បញ្ញោ គង់ សុភាព មាន​ថេរ​ដីកា​ពន្យល់​អំពី​ហេតុផល និង​គុណ​ប្រយោជន៍​នៃ​ការ​ទូន្មាន​របស់​ព្រះពុទ្ធ​បរម​គ្រូ៖ «...សប្បាយ​នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ហ្នឹង គឺ​មាន​ក្នុង​ព្រៃ​ក្នុង​ផ្ទះ​ដ៏​ស្ងាត់ ឬ​ទី​គល់​ឈើ​ហ្នឹង ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​គុណ​សម្បត្តិ​នៃ​ការ​ភិក្ខុ​នៅ​ក្នុង​ព្រៃ​ទី​ដ៏​ស្ងាត់​នេះ ជា​ទី​ដែល​វៀរ​ចាក​ឆ្ងាយ​ពី​រូប និង​សំឡេង​កង​រំពង ដែល​នាំ​ឲ្យ​រំខាន​ដល់​ភិក្ខុ​អ្នក​ពេញ​ចិត្ត​ក្នុង​សមណធម៌​ហ្នឹង។ ពេល​លោក​នៅ​ក្នុង​ទី​ស្ងាត់ ងាយ​ស្រួល​ក្នុង​ការ​អប់រំ​ចិត្ត ទូន្មាន​ចិត្ត...»

ចំពោះ​ឱវាទ​បាតិមោក្ខ​ប្រការ​ទី​១១ គឺ​ការ​ទូន្មាន​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ​ឲ្យ​បរិស័ទ​បំពេញ​ការ​ព្យាយាម​ក្នុង​អធិចិត្ត ជា​ចិត្ត​ដ៏​ក្រៃលែង ដែល​បាន​សម្រេច​នូវ​សមាធិ​បាន​ដល់​នូវ​ធម៌​ជាន់​ខ្ពស់​បំផុត គឺ​ព្រះ​និព្វាន។

សេចក្តី​វិសេស​ទាំង ១១​ប្រការ​នេះ ឧបាសិកា មាន លីណា មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មាន​ប្រសាសន៍​ថា អ្នក​ប្រាថ្នា​នូវ​សេចក្តី​សុខ​ស្ងប់ តែង​ព្យាយាម​តាំង​ចិត្ត​ប្រតិបត្តិ​ជា​រឿយៗ​ក្នុង​ជីវិត​រស់នៅ មិន​ថា​តែ​ក្នុង​ថ្ងៃ​មាឃបូជា​នោះ​ឡើយ៖ «...ក្រៅ​ពី​ការ​ទៅ​វត្ត ទៅ​ធ្វើ​កិច្ច​ប្រតិបត្តិ​ចំពោះ​ព្រះសង្ឃ​ក្តី ក៏​ការ​រស់​ជា​ធម្មតា គឺ​តែង​តែ​ប្រព្រឹត្ត​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ។ ទី​១ គឺ​ធ្វើ​ខ្លួន​ឲ្យ​មាន​សីល ចាប់​ពី​សីល​៥ ឡើង​ទៅ ក្នុង​ការ​អប់រំ​ចិត្ត ដើម្បី​សម្អាត​ចិត្ត​រស់នៅ​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង​កិច្ច​ការងារ​របស់​យើង ដែល​ជា​ពុទ្ធសាសនិកជន​ត្រូវ​មាន។ ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​មាន​សេចក្តី​សុខ​ស្ងប់ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត គឺ​មិន​មែន​អ្នក​ដទៃ​ណា​ក្រៅ​ពី​ខ្លួន​យើង​ដែល​បាន​ប្រយោជន៍​ពី​ការ​អប់រំ​ចិត្ត​នេះ​ទេ ហើយ​និង​សន្តិភាព​រស់នៅ​ជា​សុខ​ជាមួយ​អ្នក​ដទៃ​ក្នុង​សហគមន៍...»

ក្នុង​ន័យ​ដូច​គ្នា​នេះ​ដែរ លោក ឌុល វន្នី អ្នក​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​ពុទ្ធសាសនា ដើម្បី​ការ​អប់រំ​នៃ​កម្ពុជា ក្រុង​បាត់ដំបង ផ្តល់​នូវ​ការ​យល់​ឃើញ​ចំពោះ​ការ​រក្សា​សីល អប់រំ​កាយ​វាចា​ចិត្ត ដែល​ជា​គុណធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​មនុស្ស​ក្នុង​សង្គម ជា​ការ​ប្រារព្ធ​មាឃបូជា​ដ៏​ប្រសើរ​ឧត្តម ទោះ​បី​ជា​មិន​មាន​ប្រាក់កាស​ធនធាន​ក្នុង​ការ​បូជា​គ្រឿង​ប្រទីប និង​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រ័យ​ក្តី៖ «...នៅ​ក្នុង​ថ្ងៃ​មាឃបូជា​ហ្នឹង គឺ​ខ្ញុំ​ទៅ​វត្ត។ ទន្ទឹម​នឹង​ទៅ​ខ្លួន​ឯង ខ្ញុំ​ក៏​ដឹក​នាំ​ប្អូន ប្អូនស្រី ហើយ​រក្សា​នូវ​ឧបោសថ​ទាំង ២​នាក់។ ក្នុង​នោះ​ទៀត​សោត មាន​ពុទ្ធបរិស័ទ​ខ្លះ​គាត់​ហ៊ាន​លះ​បង់ ដើម្បី​រក្សា​សីល ខ្លះ​រក្សា​សីល​៥ ខ្លះ​រក្សា​សីល​៨ ឧបោសថសីល ដោយ​សេចក្តី​ជ្រះ​ថ្លា​របស់​គាត់។ ពី​មុន​គាត់​អត់​ធ្លាប់​រក្សា​ទេ សូម្បី​តែ​សីល​៥ ក៏​អត់​ធ្លាប់​ទេ នេះ​គឺ​ជា​ការ​បូជា​មួយ​ដែរ...»

ក្នុង​ពុទ្ធសាសនា ការ​បូជា​ដ៏​ប្រសើរ​ឧត្តម គឺ​ការ​ធ្វើ​វត្ត​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ។ រីឯ​ការ​បូជា​ធម្មទាន គឺ​ជា​ទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង។ ក្នុង​ន័យ​នេះ​ហើយ ដែល​ស្ថាបនិក​គេហទំព័រ​ព្រះពុទ្ធសាសនា ៥០០០​ឆ្នាំ នៅ​ក្រុង​ភ្នំពេញ លោក ស្រុង ចាន់ណា បាន​ចំណាយ​ពេលវេលា​ផ្សព្វផ្សាយ​វចនៈ គឺ​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ​តាម​រយៈ​គេហទំព័រ​អស់​រយៈពេល​ជិត ៤​ឆ្នាំ​កន្លង​ទៅ​នេះ៖ «...បាទ! ស្ម័គ្រ​ចិត្ត យើង​ស្តាប់​យល់​ទៅ​គិត​ថា ការងារ​ហ្នឹង​យើង​ធ្វើ​បាន ហើយ​មាន​ប្រយោជន៍​ក៏​ចាប់​ផ្ដើម​ធ្វើ​ទៅ។ ដល់​ពេល​ពុទ្ធបរិស័ទ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន កម្លាំង​ចិត្ត​ក៏​មាន​តៗ​ទៅ​ពង្រីក​ការ​ផ្សព្វផ្សាយ​ហ្នឹង...»

ព្រឹត្តិការណ៍​សំខាន់​ទី​២ នៃ​ពិធី​បុណ្យ​មាឃបូជា​នេះ គឺ​ការ​រំឭក​ដល់​ការ​ដាក់​អាយុ​សង្ខារ​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ដែល​ព្រះអង្គ​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ ក្នុង​ព្រះជន្ម ៨០​ព្រះ​វស្សា ថា​ក្នុង​រយៈពេល​បី​ខែ​ទៀត ព្រះអង្គ​នឹង​យាង​ចូល​បរិនិព្វាន​លែង​វិល​កើត​វិល​ស្លាប់​ក្នុង​វដ្ដ​នេះ​ត​ទៅ​ទៀត។

៚ភ្លេង​ពិណពាទ្យ៚

ឯកសារ​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​កត់ត្រា​ថា ព្រឹត្តិការណ៍​ទី​១ នៃ​សម័យ​ប្រជុំ​ចតុរង្គ​សន្និបាត ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ទ្រង់​ផ្តល់​ឱវាទ​បាតិមោក្ខ​នោះ គឺ​ជា​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ ក្នុង​វស្សា​ទី​១ ជា​ឆ្នាំ​ដំបូង​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ ក្នុង​ព្រះជន្មាយុ ៣៥​ឆ្នាំ។ រីឯ​ព្រឹត្តិការណ៍​ទី​២ នៃ​ការ​ដាក់​អាយុ​សង្ខារ​របស់​ព្រះអង្គ គឺ​ជា​ថ្ងៃ​ពេញ​បូណ៌មី ខែ​មាឃ ក្នុង​វស្សា​ចុង​ក្រោយ​គម្រប់​៤៥ នា​ព្រះជន្ម​គម្រប់ ៨០​ឆ្នាំ គឺ ៣​ខែ​មុន​ពុទ្ធសករាជ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។