គុណប្រយោជន៍​នៃ​សីល​ចំពោះ​សង្គម

0:00 / 0:00

ព្រះពុទ្ធ​សាសនា​ណែនាំ​ឱ្យ​មនុស្ស​រក្សា​សីល ដែល​ជា​ផ្នែក​មួយ​នៃ​មូលដ្ឋានគ្រឹះ​ក្នុង​ការ​អនុវត្ត​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ សម្រាប់​គ្រហស្ថ អ្នក​គ្រប់គ្រង​ផ្ទះ រួម​មាន​និច្ចសីល ឬ​សីល​៥ និង​ឧបោសថសីល ឬ​សីល​៨។ អតិរេក​សីល ឬ​សីល​១០ សម្រាប់​ដូនជី​តាជី និង​ចំពោះ​ព្រះសង្ឃ គឺ​សីល​៤ ឬ​ចតុប្បារិសុទ្ធិសីល ដែល​ប្រកប​ដោយ ២២៧ សិក្ខាបទ។

"សីល" មាន​ន័យ​ថា វិរតិ​ចេតនា គឺ​ការ​វៀរចាក​អំពើ​អាក្រក់ ការ​កាន់ ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយវាចា​ចិត្ត។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​ដល់​បុគ្គល​ដែល​រក្សាសីល​ថា ជា​អ្នក​លះបង់​នូវ​បាបកម្ម ដែល​ជា​អំពើ​ផ្ដល់​នូវ​ទុក្ខទោស​ដល់​ខ្លួនឯង​ផង និង​ដល់​មនុស្ស​សត្វ​ដទៃ​ផង។

បើ​ពិនិត្យ​មើល​ជីវិត​រស់​នៅ​ក្នុង​សង្គម អំពើ​ទុច្ចរិត​ទាំង​ឡាយ​មាន​ការ​ធ្វើ​ទារុណកម្ម កាប់​សម្លាប់​ជីវិត​ជន​ដទៃ ការ​ឆបោក ឬ​លួច​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​គេ និង​ការ​ជួញដូរ​គ្រឿង​ញៀន និង​ជួញដូរ​មនុស្ស​ជា​ដើម​នេះ គឺ​សុទ្ធតែ​អំពើ​ល្មើស​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ។

ត្រង់​ប្រការ​នេះ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់ រស់​នៅ​រដ្ឋ​មែរីឡែន (Maryland) សហរដ្ឋអាមេរិក លោក តាន់ សាយ គូស​បញ្ជាក់​អំពី​គុណប្រយោជន៍​នៃ​ការ​រក្សាសីល ដែល​ជា​មូលដ្ឋាន​នៃ​សីលធម៌​សង្គម៖ «ក្នុង​បច្ចុប្បន្ន រស់​នៅ​ក្នុង​សង្គម បើ​យើង​ធ្វើ​ល្អ សង្គម​បាន​ល្អ បើ​យើង​ធ្វើ​អាក្រក់​បាន​ផល​អាក្រក់​ដល់​សង្គម។ ព្រះពុទ្ធ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ថា យើង​ត្រូវ​កាន់សីល សមាធិ បញ្ញា សីល​ហ្នឹង​លោក​មាន​ពុទ្ធដីកា​ថា យ៉ាង​តិច​យើង​ត្រូវ​កាន់​សីល​៥។ សីល​៥ កុំ​ឱ្យ​សម្លាប់​គេ កុំ​លួច​គេ កុំ​រំលោភ​ប្រពន្ធ​កូន​គេ កុំ​ទៅ​ភរ​គេ កុំ​ហូប​គ្រឿង​ញៀន។ បើ​កាន់តែ​សីល​៥​ បាន យើង​អត់​អាច​ធ្វើ​ទុក្ខ​អ្នក​ផ្សេង​បាន​ទេ ព្រោះ​បើ​យើង​អត់​សម្លាប់ បាន​សេចក្ដី​ថា មាន​ធ្វើ​ទុក្ខ​អ្នក​ណា​កើត ម្ល៉ោះ​ហើយ​យើង​ធ្វើ​ល្អ​ខ្លួន​យើង​ផង យើង​ធ្វើ​ល្អ​ឱ្យ​អ្នក​ដទៃ​ផង»

ចំពោះ​សេចក្ដី​ថា អ្នក​រក្សាសីល គឺ​បាន​ធ្វើ​សេចក្ដី​ល្អ​សម្រាប់​ខ្លួន​ឯង ព្រោះ​ថា បុគ្គល​នោះ​រមែង​រក្សា​ខ្លួន​ឱ្យ​នូវ​ជា​សុខ ប្រាសចាក​ទោស​ទណ្ឌ​ផ្សេងៗ ដែល​កំណត់​ដោយ​ច្បាប់ ឬ​ធម្មនុញ្ញ​នៃ​ប្រទេស ពោល​គឺ​សុខ​កើត​ចេញ​ពី​ការងារ​ប្រាសចាក​ទោស ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា ជា​ផ្នែក​មួយ​នៃ​សេចក្ដី​សុខ ៤​ប្រការ របស់​គ្រហស្ថ អ្នក​គ្រប់គ្រង​ផ្ទះ មាន​សេចក្ដី​ជា​ភាសា​បាលី​ថា «អនវជ្ជសុខ»។

សកលវិទ្យាធិការ​រង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ «ព្រះសីហនុរាជ» នៅ​ទីក្រុង​ភ្នំពេញ ភិក្ខុ យ៉ង សេងយៀត ព្រះញាណកោសល មាន​ថេរដីកា​បញ្ជាក់​បន្ថែម​អំពី​គុណប្រយោជន៍​នៃ​សីល​ដែល​ជា​គុណ​ជាតិ​ទ្រទ្រង់​សង្គម​មនុស្ស​ឱ្យ​មាន​ភាព​សុខក្សេមក្សាន្ត៖ «ប្រសិន​បើ​មនុស្ស​ក្នុង​សង្គម​ហ្នឹង​មាន​តែ​សម្ភារៈ ខ្វះ​គុណធម៌ គឺ​សីល សង្គម​នោះ​នឹង​វឹកវរ មិន​មែន​ជា​សង្គម​ប្រកប​ដោយ​សុភមង្គល​ទេ។ បើ​សិន​មនុស្ស​ទាំង​អស់​ធ្វើ​សុទ្ធតែ​អំពើ​អាក្រក់​ខ្លាំង​ពេក សង្គម​នោះ​នឹង​ដួល​រលំ​ភ្លាម។ ដូច្នេះ​យើង​ឃើញ​ថា គុណជាតិ​នៃ​សីល​នេះ គឺ​ជួយ​ទ្រទ្រង់​សង្គម​តាម​រយៈ​គុណធម៌ តាម​រយៈ​ផ្លូវ​ស្មារតី។ សីល​សម្រាប់​ធ្វើ​ឱ្យ​មនុស្ស​ក្នុង​សង្គម​ស្គាល់​នូវ​សេចក្ដី​ល្អ ផ្លូវ​ចិត្ត​របស់​មនុស្ស​ភាព​ត្រជាក់​ដោយ​សីល ព្រោះ​សីល​ហ្នឹង​ដោយ​ខ្លី គឺ​ធ្វើ​ឱ្យ​បុគ្គល​ឱ្យ​ខ្ពង់ខ្ពស់ ឱ្យ​ចិត្ត​ត្រជាក់ ឱ្យ​ចិត្ត​បុគ្គល​ហ្នឹង​មាន​ការ​រីកចម្រើន ហើយ​ធ្ងន់ ហើយ​ឱ្យ​មាន​ស្ថិរភាព។ ហ្នឹង​ហើយ​ជា​គុណប្រយោជន៍​នៃ​សីល ដែល​មនុស្ស​បដិបត្តិ​ហើយ​ទទួល​បាន»

នៅ​ក្នុង​សៀវភៅ​សិក្សា «ប្រជុំ​វប្បធម៌» របស់​ក្រសួង​អប់រំ​ជាតិ បោះ​ពុម្ពផ្សាយ​ក្នុង​ឆ្នាំ​១៩៧៣ អ្នក​និពន្ធ លោក ឡុង ផ្លែង បាន​ដាក់​បញ្ចូល​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ច្រើន​ប្រការ​ក្នុង​គោលដៅ​អប់រំ​សិស្សានុសិស្ស ដែល​ជា​កោសិកា​នៃ​សង្គម ឱ្យ​បានជា​ពលរដ្ឋ​ល្អ ចម្រើន​ដោយ​សីលធម៌ និង​គុណធម៌។ ក្នុង​នោះ​​មាន​វគ្គ​ខ្លះ​ស្តី​អំពី​ភ័យ​អន្តរាយ ដែល​កើត​ឡើង​ដោយ​ចោរ​លួច ចោរ​ប្លន់ កាប់​សម្លាប់ ព្រម​ទាំង​មាន​សរសេរ​ទាក់ទង​នឹង​បុណ្យ​ដែល​កើត​ដោយ​ការ​រក្សា​សីល និង​ការ​ឱ្យ​ទាន ដោយ​ប្រការ​ផ្សេងៗ។

សីលាទិគុណ​ក្នុង​ពុទ្ធសាសនា គឺ​គុណ​មាន​សីល​ជា​ដើម​នេះ ជា​ផ្នែក​មួយ​នៃ​ការ​បរិច្ចាគ​ទាន​ដ៏​ខ្ពង់ខ្ពស់ ហៅ​ថា «អភ័យទាន» ព្រោះ​ថា ការ​មិន​បៀតបៀន​ជីវិត រាងកាយ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ ជា​ការ​ផ្ដល់​នូវ​សេចក្ដី​សុខ​ដល់​ជន​ដទៃ ជា​ការ​សន្ដោស​ប្រណី​ដល់​មនុស្ស​សត្វ​ផង​គ្នា។

​ព្រះ​គ្រូ​ចៅអធិការ​វត្ត «ធម្មរង្សី» នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ភិក្ខុ រស់ ប៊ុនថន ថិតធម្មោ មាន​ថេរដីកា​ពន្យល់​អំពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ក្នុង​ការ​ឱ្យ​ទាន រក្សាសីល ការ​ចំរើន​ភាវនា ឬ​សីល សមាធិ បញ្ញា ដែល​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​អាច​ខ្វះ​ផ្នែក​ណា​មួយ​បាន​ឡើយ៖ «ចំរើន​ពរ ព្រះ​ដីកា​របស់​ព្រះអង្គ​មួយ​ព្រះ​ឱសៗ ឬ ១​គាថា​ហ្នឹង គឺ​មាន​ន័យ​អាច​សម្រេច​ផល​បាន​បី​យ៉ាង គឺ​មាន​ន័យ​ទាំង​ក្នុង​សីល​ផង ក្នុង​សមាធិ​ហ្នឹង​ផង ក្នុង​បញ្ញា​ហ្នឹង​ផង។ ជា​ឧទាហរណ៍ ដូច​ក្នុង​សិក្ខាបទ​ទី​១ ដែល​ព្រះអង្គ​សំដែង​ពី​បាណាតិណាតា គឺ​ហាម​សម្លាប់​សត្វ គឺ​បាន​ដល់​តួ​វិន័យ គឺ​សីល​នេះ​ហើយ។ ពេលណា​អ្នក​មិន​សម្លាប់​សត្វ​នេះ គឺ​នាំ​ឱ្យ​មាន​សេចក្ដី​ស្រឡាញ់​ពី​មហាជន​ទាំង​ឡាយ​ទាំង​ពួង នាំ​ឱ្យ​សព្វ​សត្វ​ទាំង​ឡាយ​ក៏​មិន​មាន​ការ​ភ័យ​ខ្លាច ត្រង់​ហ្នឹង​ក៏​ជា​ផ្នែក​មួយ​នៃ​សុត្តន្តបិដក​ដែរ។ ហើយ​ត្រង់​ចិត្ត​ដែល​មិន​សម្លាប់​ហ្នឹង គឺ​ជា​ចិត្ត​មេត្តា ចិត្ត​មេត្តា​ហ្នឹង ក៏​ជា​ផ្នែក​មួយ​ដែល​ប្រៀនប្រដៅ​ក្នុង​អភិធម្ម​ដែរ»

ក្នុង​សង្គម​សព្វថ្ងៃ​នេះ មាន​គោលការណ៍​ជា​ច្រើន​ប្រការ​សម្រាប់​មន្ត្រី​រាជការ​តាម​ស្ថាប័ន​នានា​ក្នុង​ការ​អនុវត្ត​ការងារ​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ដែល​ហៅ​ថា ក្រម​សីលធម៌។ ឧទាហរណ៍​ដូច​ក្រម​សីលធម៌​គ្រូបង្រៀន និង​ក្រម​សីលធម៌​គ្រូពេទ្យ គឺ​សុទ្ធ​តែ​មាន​មាត្រា ដែល​ចែង​អំពី​ករណីយកិច្ច​ក្នុង​ការ​គោរព​ជីវិត រាងកាយ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ព្រមទាំង​ចែង​អំពី​ការ​ប្រកាន់​នូវ​ភាព​សុចរិត​ជាដើម។ រីឯ​ក្រម​សីលធម៌​របស់​ចៅក្រម តុលាការ និង​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​វិញ គឺ​សុទ្ធតែ​មាន​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ប្រកប​ដោយ​ភាព​សុចរិត ទៀង​ត្រង់ កាត់​ក្ដី​ដោយ​ត្រឹមត្រូវ ផ្ដល់​ព័ត៌មាន​ពិត និង​មិន​លំអៀង​ជាដើម។

​ប្រការ​ទាំង​អស់​នេះ គឺ​សុទ្ធសឹងតែ​ជា​ការ​អប់រំ​ចរិយា ចិត្ត​គំនិត ព្រម​ទាំង​ការ​ប្រព្រឹត្ត​ដោយ​កាយ និង​វាចា​ពាក្យសំដី​ក្នុង​ការ​រស់​នៅ​ប្រកប​កិច្ច​ចិញ្ចឹម​ជីវិត និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​សង្គម​ប្រកប​ដោយ​សីលធម៌ គឺ​សីល ដែល​ជា​គោលការណ៍​គ្រឹះ​ព្រះពុទ្ធ​សាសនា។

ចំណែក​ច្បាប់​កូនចៅ​ដែល​ចម្លង​ចេញ​ពី​សាស្ត្រា​ស្លឹករឹត ក៏​មាន​ចែង​ទាក់ទង​នឹង​សេចក្ដី​វិនាស​ដែល​បណ្ដាល​ពី​ការ​ប្រព្រឹត្ត​អំពី​ប្រាសចាក​សីលធម៌ សិក្ខាបទ​ទី​៥ គឺ​ការ​សេព​គ្រឿង​ស្រវឹង គ្រឿងញៀន​ផ្សេងៗ ដោយ​សេចក្ដី​ជា​ពាក្យកាព្យ​យ៉ាង​ដូច្នេះ៖ "លោក​ថា​ឆ្កួត​បី ឆ្កួត​មួយ​នឹង​ស្រី ឆ្កួត​មួយ​នឹង​ស្រា ឆ្កួត​មួយ​នឹង​ល្បែង អំពើ​ពាលា ឆ្កួត​នេះ​ហៅ​ថា ឆ្កួត​ក្រៃ​កន្លង"។

ទាក់ទង​នឹង​សេចក្ដី​វិនាស​ដែល​បណ្ដាល​ពី​ការ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​ធ្លាក់​ចូល​ក្នុង​អន្លង់​នៃ​គ្រឿងញៀន មាន​សុរា​ជា​ដើម​នេះ នៅ​ប្រទេស​កម្ពុជា ជា​រៀងរាល់​ឆ្នាំ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ស្លាប់ និង​រង​របួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ក្នុង​នោះ​ការ​បើកបរ​ក្នុង​ភាព​ស្រវឹង គឺ​ជា​មូលហេតុ​ចម្បង​ទី​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។