ស្បង់ស្បៃត្រៃចីពរប្រកបដោយពណ៌អម្ចត់ គឺជាគ្រឿងសំគាល់ដ៏សំខាន់នៃសមណភាព ឬបព្វជិតអ្នកបួសក្នុងពុទ្ធសាសនា។ ចំពោះគ្រឿងក្រាលគ្រងនេះ តាមគម្ពីរព្រះត្រៃបិដកទាក់ទងនឹងវិន័យ ដែលជាពុទ្ធបញ្ញត្តិ គឺមានតែស្បង់ ចីពរ និងសង្ឃាដី ហៅថា សំពត់កាសាវពស្ត្រ ឬត្រៃចីពរ។ ការដែលភិក្ខុប្រើប្រាស់អាវ ទោះបីនៅពីខាងក្នុង ហើយគ្រងស្បង់ចីពរពីខាងក្រៅ បិទជិតមើលមិនឃើញក្ដីក៏ខុសវិន័យដែរ។
ចំណែកការទ្រទ្រង់មួក និងឈ្នួតក្បាលវិញ តើជាប្រព្រឹត្តិប្រាសចាកពុទ្ធបញ្ញត្តិ ដូចការដែលភិក្ខុទ្រទ្រង់អាវ ឬខោដែរឬទេ?
សេចក្ដីដកស្រង់ពីគម្ពីរដីកាអដ្ឋកថា ស្ដីពីវិន័យបញ្ញត្តិចំពោះចីពរ និងគ្រឿងបរិវារ សម្រាប់ភិក្ខុសង្ឃពុទ្ធសាសនា កត់ត្រាថា៖ «ភិក្ខុមិនត្រូវទ្រទ្រង់អាវ មិនត្រូវទ្រទ្រង់មួក មិនត្រូវទ្រទ្រង់សំពត់ឈ្នួត… ភិក្ខុណាទ្រទ្រង់ (នូវរបស់ទាំងអស់នេះ) ត្រូវអាបត្តិទុក្កដ»។
តាមន័យពាក្យ «អាបត្តិទុក្កដ» បានដល់អំពើអាក្រក់ អំពើបាប ជាទោសមួយចំពួកដែលភិក្ខុ ឬភិក្ខុនី ក្នុងព្រះពុទ្ធសាសនា ត្រូវពោលគឺមានទោស ព្រោះកន្លង ឬល្មើសពុទ្ធបញ្ញត្តិ។
ចំពោះទោសនៃការទ្រទ្រង់មួកនេះ តាមវិន័យទោះជាមួកប្រភេទណាក្ដី ឬមួយជាសំពត់ឈ្នួតក្បាលមានសណ្ឋានបែបណាក្ដី គឺភិក្ខុមិនអាចប្រើប្រាស់ទ្រទ្រង់បានឡើយ។ អ្នកកាន់កម្មវិធី «ឧបាសក - ឧបាសិកាផ្កាឈូក » នៃវិទ្យុព្រះពុទ្ធសាសនា ក្នុងក្រុងសៀមរាប លោកគ្រូធម្មាចារ្យ លាវ សុមនោ ពន្យល់អំពីប្រការនេះ៖ « ចំពោះមួក មួកធ្វើអំពីស្លឹកធ្នោត ឬមួកធ្វើពីស្លឹកចាក មួកធ្វើអំពីស្លឹកចារជាដើម គឺមិនគួរដល់ការទ្រទ្រង់។ ពាក្យទ្រទ្រង់នេះ គឺបានន័យថាលោកយកមកពាក់ ឬក៏ក្រណាត់ដែលគេដេរ ហើយយកមកធ្វើជាមួកនោះ ក៏មិនគួរដែរ មួកយ៉ាងណាមួយក៏មិនគួរទាំងអស់។ តើព្រះអង្គសំដៅយ៉ាងដូចម្ដេច ចំពោះឈ្នួតក្បាល ? ឈ្នួតក្បាលហ្នឹង នៅស្រុកខ្មែរយើងអ្នកស្រុកស្រែជនបទ គេប្រើជំនួសមួកហ្នឹងដែរ។ អីចឹងរបស់ហ្នឹង ព្រះអង្គទ្រង់ហាម ហាមមិនឱ្យប្រើ»។
ដើមចាក គឺជាឈើក្នុងប្រភេទដើមជ្រែ ឬដើមត្នោត ភាសាបាលី-សំស្ក្រឹតហៅថា «តាលព្រឹក្ស» ។ ដើមចាកនេះ គេឃើញមានសម្បូណ៌ នៅក្នុងដែនដីកម្ពុជាក្រោម ស្លឹកគេប្រើប្រក់ផ្ទះ ហើយផ្លែខ្ចីបរិភោគបាន ដូចផ្លែត្នោតខ្ចីដែរ។
រីឯដើមចារវិញ គឺជាប្រភេទឈើធំ មានផ្កាសម្បុរក្រហមប្រាក រីកនៅរដូវរងាក្នុងរវាងខែមាឃ និងខែផល្គុន។ រុក្ខជាតិចំពួកនេះ ក្នុងវិន័យក៏មានបញ្ញត្តិឱ្យចៀសវាងយកផ្កាចារ មកចម្រាញ់រំងាស់យកទឹកជ្រលក់សំពត់ចីពរដែរ។
ទាក់ទងនឹងការប្រើប្រាស់សំពត់ចីពរ ព្រះពុទ្ធទ្រង់អនុញ្ញាតឱ្យភិក្ខុអាចទ្រទ្រង់សង្ឃាដី៤ជាន់ ស្បង់២ជាន់ និងចីពរ២ជាន់ ដោយព្រះអង្គទ្រង់បានពិសោធដោយផ្ទាល់ទៅឃើញថា អាចទប់ទល់ធាតុអាកាសត្រជាក់ខ្លាំងបាន។ ដោយហេតុថាភិក្ខុមិនអាចទ្រទ្រង់មួក ឬសំពត់ឈ្នួតព្រះសិសៈ គឺសំពត់ឈ្នួតក្បាលបាននោះ តើមានពុទ្ធានុញ្ញាតដូចម្ដេចដែរ ដើម្បីបិទបាំងការពាររាងកាយផ្នែកនេះពីភាពត្រជាក់? សូមស្ដាប់សេចក្ដីអធិប្បាយរបស់ ភិក្ខុចូឡវរធម្មោ ហ៊ឺ ជីតៅ គង់នៅវត្តព្រះគន្ធកុដិ ជាយក្រុងបាត់ដំបង៖ «សម័យព្រះអង្គក៏ត្រជាក់ដូចសម័យកាលយើងនេះដែរ ហើយព្រះអង្គបញ្ញត្តិហ្នឹង ក៏បញ្ញត្តិនៅក្នុងរឿងត្រជាក់អញ្ចឹងដែរ ដូច្នេះយើងអាចបត់ជាស្បង់ បត់ជាចីពរហ្នឹងប្រើប្រាស់បាន គ្របពីលើព្រះសីសៈ ( ក្បាល ) យើងមិនចាំបាច់ទ្រទ្រង់នូវមួកនោះទេ»។
យើងសង្កេតឃើញថា ភិក្ខុសាមណេរក្នុងពុទ្ធសាសនាមានប្រើឆត្រ នៅពេលនិមន្តចេញក្រៅអាវាស ពោលគឺទីវត្តអារាម ដូចជានិមន្តបិណ្ឌបាតជាដើម។ ប៉ុន្តែការប្រើឆត្រនេះ គឺដើម្បីសម្រាប់តែការពារភ្លៀង ឬបាំងកម្ដៅថ្ងៃខ្លាំង ដែលហួសប្រមាណនឹងទ្រាំទ្របានប៉ុណ្ណោះ។ ម្យ៉ាងទៀតចំពោះភិក្ខុ ដែលមានអាពាធ បានដល់នូវជំងឺផ្សេងៗ ព្រះពុទ្ធទ្រង់អនុញ្ញាតឱ្យប្រើឆត្រ បានទាំងខណៈគង់នៅ ឬនិមន្តក្នុងព្រៃ ឬនាពេលនិមន្តគោចរទៅកាន់ទីនានាក្នុងនិគមជនបទ។ រីឯករណីដែលភិក្ខុមានសុខភាពល្អប្រសើរជាធម្មតានោះ គឺអាចបាំងឆត្របានតែក្នុងអារាម ក្បែរទីអារាម និងក្នុងទីព្រៃប៉ុណ្ណោះ ប៉ុន្តែលុះពេលនិមន្តជិតដល់ទីអ្នកស្រុករស់នៅ គឺគប្បីនឹងទម្លាក់ឆត្រទុកឈប់បាំង ទើបមិនត្រូវទោសអាបត្តិ។ ចំណែកឆត្រដែលធ្វើដោយស្លឹកឈើ១សន្លឹក គឺគួរក្នុងទីទាំងពួងមែនពិត ពោលគឺភិក្ខុអាចប្រើបានគ្រប់ទីទាំងអស់ មិនមានទោសពៃរ៍អ្វីឡើយ។
តើពុទ្ធានុញ្ញាត ក្នុងការប្រើប្រាស់សំពត់ត្រៃចីពរ ដើម្បីគ្របដណ្ដប់ការពារសិរ (សីសៈ ឬក្បាល) ជំនួសការទ្រទ្រង់មួក និងឈ្នួតក្បាលនោះវិញ មានសេចក្ដីដូចគ្នានឹងការបាំងឆត្រដែរ ឬយ៉ាងណា?
លោកគ្រូធម្មាចារ្យ លាវ សុមនោ គង់នៅភូមិវត្តស្វាយ ឃុំសាលាកំរើក ក្រុងសៀមរាប ពន្យល់ដូច្នេះ៖ «ក្នុងទីណាក៏គួរនឹងយកមកគ្របបានដែរ ចំពោះដែលត្រជាក់ខ្លាំង ឬក្ដៅខ្លាំង ដែលលោកមិនអាចទ្រាំបាន គឺអាចប្រើបាន។ តើទាំងនៅក្នុងកុដិហើយក្នុងពេលលោកនិមន្តចេញក្រៅ គឺបានដូចគ្នា អញ្ចឹងឬលោកគ្រូ ? បានដូចគ្នាហើយក្នុងរឿងដែលថាបាននេះ គឺក្នុងវត្តភិក្ខុនៅក្នុងព្រៃហ្នឹង [ និមន្ត ] បិណ្ឌបាតក៏ដូចគ្នា លោកអាចបត់ជាផ្នត់ៗទៅ ប៉ុន្តែកុំឱ្យកាច់កណ្ដាល ចីពរក៏ដោយ ស្បង់ក៏ដោយ មិនឱ្យបត់អីចឹងទេ អាចត្រូវទោសទៀត។ អីចឹងបើសិនជាលោកនិមន្ត ឧបមាថាស្រុកហ្នឹងនៅឆ្ងាយ លោកចេញពីវត្តលោកមក លោកអាចបត់ចីពរហ្នឹងបត់ជាផ្នត់ៗ ហើយយកមកទទូរលើព្រះសីសៈហ្នឹងឯង។ ដល់មកជិតដល់ភូមិអ្នកស្រុក មើលល្មមជិតដល់ឧបចារស្រុកហើយ លោកអាចឃ្លុំចីពរចូលទៅកាន់ស្រុកហ្នឹងបាន»។
ចំពោះពាក្យ «ឧបចារៈ» ដែលជាភាសាបាលី និងសំស្ក្រឹត គឺបានដល់ការចូលជិត; ទីជិត; ព្រំ; ខេត្ត ដូចជាពាក្យថា ឧបចារស្រុក គឺមានន័យថា ព្រំស្រុក។ រីឯពាក្យថាឧបចារវត្ត ឬព្រំវត្ត គឺកំណត់ទីត្រឹមរបងព័ទ្ធជុំវិញទីវត្តអារាម។
លោកអ្នកអាចនឹងមានសំណួរ ឬចម្ងល់ថា ហេតុអ្វីបានជាមានការហាមប្រាមដាក់វិន័យយ៉ាងដូច្នេះ ? ភិក្ខុចូឡវរធម្មោ ហ៊ឺ ជីតៅ មានថេរដីកាលើកយកពីដំណើរដើមហេតុ នាសម័យពុទ្ធកាល ដែលនាំឱ្យមានបញ្ញត្តិនេះឡើង៖ «ទាក់ទងនឹងការពាក់មួកនេះ ភិក្ខុណាទ្រទ្រង់ក៏ប្រព្រឹត្តទៅជាទោសតាមវិន័យបញ្ញត្តិ ក្នុងភាពជាអ្នកបួស នៅក្នុងន័យដែលព្រះដ៏មានប្រភាគព្រះអង្គទ្រង់ហាមនេះ គឺមានទាក់ទងនឹងរឿងរ៉ាវនាសម័យពុទ្ធកាល មានភិក្ខុទ្រទ្រង់នូវមួកនេះ។ ដល់ទ្រទ្រង់អីចឹងទៅ អ្នកស្រុកទាំងឡាយក៏តិះដៀល ត្រង់ថាយើងកោរសក់អញ្ចឹងទៅ សមណៈមិនសមគួរនឹងទ្រទ្រង់នូវមួកហ្នឹងទេ។ សូម្បីតែសម័យកាលនេះ បើកាលណាយើងទ្រទ្រង់ទៅ វាដូចជាគ្រហស្ថអញ្ចឹង គ្រហស្ថគេពាក់មួក។ ដល់សមណៈដែលអ្នកបួសតៗគ្នាមកពីសម័យហ្នឹង គឺមិនមានការទ្រទ្រង់នូវមួកទេ បើទ្រទ្រង់ទៅដូចជាគ្រហស្ថ ដែលជាអ្នកបរិភោគនូវកាមគុណជាប្រក្រតីអញ្ចឹង»។
តាមឯកសារក្បួនច្បាប់ផ្នែកពុទ្ធសាសនា ក្នុងករណីដែលភិក្ខុមានការខ្វះខាតស្បង់ចីពរ ប្រសិនមានបរិស័ទប្រគេនអាវ ឬសំពត់ឈ្នួតក្បាល ប្រកបដោយពណ៌ផ្សេងៗ គឺគប្បីរុះថ្នេរចេញ ហើយយកកំណាត់សំពត់ផ្ទាំងតូចធំទាំងនោះ ទៅដេរតភ្ជាប់គ្នាធ្វើជាស្បង់ស្បៃត្រៃចីពរ រួចហើយយកទៅជ្រលក់ពណ៌អម្ចត់ ក៏ជាការគួរនឹងទ្រទ្រង់បាន ឬមួយក៏ប្រើជាគ្រឿងបរិក្ខារផ្សេងៗ ដូចកំណាត់សំពត់ជូតមុខជាដើម ក៏ជាការគួរដូចគ្នា។ ចំណែកមួកជារបស់ដែលធ្វើដោយ [សរសៃ] សម្បកឈើវិញ ក៏គប្បីនឹងធ្វើមួកនោះឱ្យទៅជារបស់សម្រាប់ជូតជើង ក៏គួរ [នឹងភិក្ខុប្រើប្រាស់បាន]។
ដោយហេតុថា ភិក្ខុសង្ឃអាចប្រើប្រាស់សំពត់ចីពរ ឬកំណាត់សំពត់បរិក្ខារសម្រាប់គ្របដណ្ដប់សិរៈ គឺក្បាលដើម្បីការពារភាពត្រជាក់ ឬក្ដៅជំនួសមួក និងសំពត់ឈ្នួតក្បាល ដូចដែលបានរៀបរាប់មកនេះ សំពត់ទាំងនោះ គឺគប្បីមានលក្ខណៈត្រឹមត្រូវតាមវិន័យ។ ចំពោះពណ៌ គឺវៀរពណ៌ខៀវសុទ្ធ លឿងសុទ្ធ ក្រហមសុទ្ធ ហង្សបាទសុទ្ធ (ពណ៌ដូចជើងសត្វហង្ស ដែលមានពណ៌ស៊ីជម្ពូខ្ចី ឬពណ៌ផ្កាឈូកខ្ចី) ខ្មៅសុទ្ធ ក្រហមក្រម៉ៅសុទ្ធ និងពណ៌លឿងទុំសុទ្ធ។ រីឯសាច់សំពត់វិញ គឺជាក្រណាត់លាតសាមញ្ញ មិនមានផ្កាភ្ញី ឬដេរប៉ាក់ចាក់ឌិនលំអអ្វីឡើយ ដែលបានមកពីការត្បាញរវៃអំបោះ រោមសត្វ ឬសូត្រ កើតពីរុក្ខជាតិមួយចំនួន ដោយពុំមានប៉ះពាល់ដល់ជីវិតមនុស្សសត្វ។
សូមលោកអ្នកនាងកញ្ញារង់ចាំស្ដាប់ សេចក្ដីអធិប្បាយជុំវិញពុទ្ធបញ្ញត្តិ ចំពោះការទ្រទ្រង់កន្សែងបង់ក ស្រោមដៃ និងទ្រនាប់ជើង របស់ភិក្ខុសង្ឃ នៅក្នុងការផ្សាយរបស់យើងខ្ញុំនាពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
