ការ​បរិច្ចាគ​ទាន​ដែល​បាន​ផល​ច្រើន

0:00 / 0:00

ការ​ឱ្យ​ទាន​ដោយ​ចែករំលែក​នូវ​ទ្រព្យ​ធនធាន ចំណី​អាហារ ថ្នាំ​កែ​រោគ​សំលៀកបំពាក់ និង​ទី​ជម្រក​ជាដើម គឺ​ជា​កិច្ចសង្គ្រោះ​ដ៏​សំខាន់ និង​ចាំបាច់​ណាស់ ដើម្បី​ជួយ​មនុស្ស​សត្វ​ផង​គ្នា​ឱ្យ​មាន​សេចក្ដី​សុខ​ផ្លូវកាយ ផ្លូវចិត្ត និង​ឱ្យ​មាន​តុល្យភាព​ក្នុង​សង្គម។

ក្នុង​ពុទ្ធសាសនា​ហៅ​ការ​បរិច្ចាគ​ទ្រព្យធន​សម្ភារៈ​ទាំង​ឡាយ​ថា ជា «អាមិសទាន» និង «ធម្មទាន» គឺ​ការ​ចែក​រំលែក​ធម៌ ការ​ចេះ​ដឹង ដើម្បី​ឱ្យ​កើត​នូវ​បញ្ញា ប្រកប​ដោយ​សតិសម្បជញ្ញៈ ប្រាសចាក​ភាព​ល្ងឹតល្ងង់​អវិជ្ជា។

ការ​ឱ្យ​ទាន​គឺ​ជា​មធ្យោបាយ​ហាត់​ពត់​អប់រំ​ចិត្ត​ឱ្យ​រៀន​លះ​ការប្រកួត​ប្រកាន់​ភាព​អាត្មានិយម លះ​ចិត្ត​ស្មូរ​កំណាញ់ ដោយ​បណ្ដុះ​មក​វិញ​នូវ​ចិត្ត​អាណិត​ស្រឡាញ់ គិត​ពី​សុខទុក្ខ​អ្នក​ដទៃ។

​ទន្ទឹម​គ្នា​នេះ ក្នុង​ពុទ្ធសាសនា​មាន​ពោល​សរសើរ​ចំពោះ​ការ​បរិច្ចាគ​ទាន​ដោយ​ប្រការ​ផ្សេងៗ ថា​ជា​ផ្នែក​មួយ​នៃ​«អរិយទ្រព្យ» គឺ​ជា​កំណប់​ទ្រព្យ​ដ៏​ប្រសើរ​ឧត្ដម។

ទាក់ទង​នឹង​ការ​ធ្វើ​បុណ្យ​ដាក់​ទាន ឧបាសិកា សាំង សុជាតា នៅ​វត្ត «ព្រះគន្ធកុដិ» ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ចូលរួម​ចែក​រំលែក​ការ​យល់​ដឹង​អំពី​ការ​ឱ្យ «អាមិសទាន» ប្រកប​ដោយ​ចិត្ត​បរិសុទ្ធ ដែល​មាន​ផល​ច្រើន ជា​ការ​កប់​កំណប់​ទ្រព្យ​ទុក​សម្រាប់​ខ្លួន។

ឧបាសិកា សាំង សុជាតា៖ «ការ​ធ្វើ​ទាន​ដែល​កប់​ទុក​នោះ គឺ​បាន​ន័យ​ថា យើង​បំពេញ​នូវ​សេចក្ដី​ល្អ ព្រោះ​ការ​ធ្វើ​ទាន​នេះ ចិត្ត​យើង​គឺ​ជា​ចិត្ត​ល្អ បាន​បរិច្ចាគ​ធ្វើ​ទាន​កើត ហើយ​ចិត្ត​ល្អ​នេះ​ឯង ដែល​ធ្វើ​ឱ្យ​អ្នក​ផង​ជុំវិញ​រាប់​អាន​យើង ថា​យើង​ជា​មនុស្ស​ល្អ​ម្នាក់។ បើ​សិន​ណា​ជា​យើង​មិន​បាន​ធ្វើ​ទាន​កប់​ទុក​ទេ​នោះ ហៅ​ថា មច្ឆេរយៈ គឺ​សេចក្ដី​កំណាញ់ សូម្បី​តែ​អ្នក​ជិត​ខាង​យើង​ក៏​យើង​អត់​អាច​ឱ្យ​កើត​ទេ គឺ​យើង​អត់​បាន​ធ្វើ​នូវ​អំពើ​ល្អ​ទេ។ ដូច​ជា​យើង​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ ឬ​ស្មូម​យាចក​ផ្សេងៗ អំពើ​ល្អ​នោះ គឺ​ផុស​ចេញ​នៅ​ពេល​ដែល​យើង​ឱ្យ​នោះ​ឯង។ ទោះ​បី​ជា​យើង​មិន​មាន​ផ្ទះ​ថ្ម ផ្ទះ​ធំ​ទូលំទូលាយ ភូមិគ្រឹះ​ក៏​ពិត​មែន ក៏ប៉ុន្តែ​ក្នុង​ចិត្ត​យើង​គឺ​មាន​របស់​ទាំង​នោះ​ហើយ​ស្រេច បាន​ន័យ​ថា របស់​អស់​នុះ គឺ​យើង​កប់​ទុក​ក្នុង​ចិត្ត​ហើយ​ស្រេច គឺ​ចិត្ត​ល្អ»

ដោយសារ​ការ​ឱ្យ​នូវ «អាមិសទាន» ដែល​សំដៅ​លើ​បច្ច័យ​ជា​ប្រាក់កាស និង​សម្ភារៈ​ផ្សេងៗ​នោះ មាន​សំណួរ​ថា ចំពោះ​ជន​ទាំង​ឡាយ​ដែល​ក្រខ្សត់ ឬ​ពុំ​សូវ​មាន​ធនធាន តើ​អាច​នឹង​ធ្វើ​បុណ្យ​ដាក់​ទាន​បាន​ដោយ​របៀប​ណា?

ក្នុង​ពុទ្ធ​សាសនា ការ​ឱ្យ​ទាន​ដែល​មាន​ផល​ច្រើន សំដៅ​យក​តួ​ចិត្តជា​ធំ​ចម្បង ពោល​គឺ «ធ្វើ​ទាន​ដោយ​សទ្ធា​ជ្រះថ្លា» ទោះ​បី​ជា​វត្ថុ​ដែល​ឱ្យ​ជា​ទាន​នោះ តិច​ក្តី ច្រើន​ក្តី មិន​សំខាន់​ឡើយ។ អាស្រ័យ​ហេតុ​នេះ ការ​ធ្វើ​ទាន​សូម្បី​តែ​បុគ្គល​ក្រ​ខ្សត់​ទ្រព្យ ប៉ុន្តែ​មាន​ចិត្ត​ជ្រះ​ថ្លា​បាន​លះបង់​ចែក​រំលែក​ធនធាន​តិចតួច​ស្ដួចស្ដើង​ឱ្យ​ទៅ​ជា​ទាន​ដើម្បី​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ក៏​ជា​ទាន​មាន​ផល​ច្រើន ដូចគ្នា​នឹង​ការ​ឱ្យ​សម្ភារៈ និង​ធនធាន​ច្រើន​លើសលប់​ដែរ។

​ប្រការ​នេះ ខ្មែរ​តែង​នាំ​គ្នា​ពោល​ជា​ទំនៀម​តៗ​គ្នា​មក​ថា «ឱ្យ​ទាន​ឱ្យ​ដោយ​ស្មោះ» ឬ «ធ្វើ​បុណ្យ​ដាក់​ទាន​ដោយ​សុទ្ធ​ចិត្ត» ជាដើម។ ត្រង់​ចំណុច​នេះ ឧបាសិកា សាំង សុជាតា នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លើក​យក​នូវ​ឧទាហរណ៍​មួយ​អំពី​ពាក្យ​ទំនៀម «ទាន​សំណល់»៖ «ទាន​សំណល់ ដូច​ថា របស់​ហ្នឹង​យើង​ហូប​មិន​អស់ សឹង​ថា​យើង​ចាក់ចោល ថា​យើង​ឱ្យៗ​ទៅ​ជា​ជាង​ចាក់ចោល​ឱ្យ​សត្វ​ស៊ី។ ក្នុង​ចិត្ត​យើង​មិន​បាន​បរិច្ចាគ​ពី​ខាង​ដើម​ទេ ដល់​ចិត្ត​នោះ​អត់​មាន​ថ្លា​ស្អាត​ទេ ព្រោះ​របស់​ហ្នឹង​ជា​របស់​សំណល់ វា​អត់​មែន​ជា​របស់​ដែល​យើង​បាន​ចម្រាញ់ បាន​ធ្វើ​ស្អាត​ពី​ខាង​ដើម ទោះបី​តិច​ក៏ដោយ​ច្រើន​ក៏ដោយ គឺ​យើង​ឲ្យ​ដោយ​ចិត្ត​បរិសុទ្ធ ចិត្ត​អាណិតអាសូរ​ពិតៗ​តែម្ដង គឺ​បាន​បុណ្យ​ប្រសើរ ហើយ​ព្រះអង្គ​ក៏​បាន​សំដែង​ថា ជា​ទាន​ដ៏​ប្រសើរ។ ហើយ​មួយ​ទៀត ដូច​ថា​អ្នក​សុំ​ទាន​មក​ដល់​ផ្ទះ​យើង យើង​ចង្អៀតចង្អល់ ទើសទាល់​ណាស់ ហក​យក ១០០ ឬ​ក៏ ៥០០​ដើរ​ចេញ​ទៅ ដូចជា​ធុញទ្រាន់​ណាស់។ ហ្នឹង​ក៏​អត់​ល្អ​ដែរ បើ​យើង​ឱ្យៗ​ដោយ​ចិត្ត​បរិសុទ្ធ ចិត្ត​អាណិតអាសូរ​ពិត​ប្រាកដ ទើប​ហៅ​ថា​ទាន​ដ៏​ប្រសើរ»

ម្យ៉ាង​វិញ​ទៀត ពុទ្ធសាសនា​បាន​ចាត់​ទុក​ការ​លះបង់​នូវ​ពេល​វេលា កម្លាំង​កាយ និង​បញ្ញា​ស្មារតី ដើម្បី​បំពេញ​កិច្ចការ​ទាំង​ពួង​ជា​ប្រយោជន៍​ដល់​សង្គម និង​ជន​កម្សត់​ទុរគត​ទាំង​ឡាយ ឱ្យ​បាន​នូវ​សេចក្ដី​សុខ ដោយ​ពុំ​សម្លឹង​ចង់​បាន​អ្វី​មក​វិញ​នោះ ថា​ជា​ការ​បរិច្ចាគ​ទាន​ដ៏​មាន​ផល​ច្រើន។

ក្នុង​ន័យ​នេះ អ្នកស្រី ស៊ុយ សុវណ្ណារី នៅ​ខេត្ត​សៀមរាប ដែល​បាន​សិក្សា​រៀន​សូត្រ​ចេះ​ដឹង​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​តាម​រយៈ​គ្រូ​ធម្មាចារ្យ​ទាំង​ឡាយ បាន​ឆ្លៀត​ពេល​ពី​ការងារ​លក់​ដូរ​បន្តិច​បន្តួច​នៅ​នឹង​ផ្ទះ ចូលរួម​ជាមួយ​កល្យាណ​មិត្ត​ដទៃ​ទៀត អាន​គម្ពីរ​ព្រះ​ត្រ័យបិដក ដោយ​ថត​សំឡេង​ដាក់​ក្នុង​កុំព្យូទ័រ ដើម្បី​ដាក់​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ចែក​ជូន​ជា​ធម្មទាន។

អ្នកស្រី ស៊ុយ សុវណ្ណារី៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​យើង​បាន​កើត​មក​ជា​មនុស្ស គឺ​ជា​ការ​ក្រ ការ​បាន​ជួប​ព្រះពុទ្ធ​ក៏​ជា​ការ​ក្រ ហើយ​ការ​បាន​ស្ដាប់​ធម៌​របស់​ព្រះអង្គ​ក៏​ជា​ការ​ក្រ។ ដូច្នេះ​ហើយ​យើង​បាន​ស្ដាប់​ធម៌​ព្រះអង្គ​ហើយ ខ្ញុំ​ក៏​មាន​បំណង​ថា ចង់​ធ្វើ​សេចក្ដី​ល្អ ព្រោះ​អី​យើ​ង​មិន​មាន​ទ្រព្យ​សម្បត្តិ ធនធាន និង​ធ្វើ​បុណ្យទាន​អី​បាន​ធំដុំ​នឹង​គេ​ទេ។ អ៊ីចឹង​ក៏​នឹក​ឃើញ​ថា បើសិនជា​ខ្ញុំ​អាច​ធ្វើ ដូចជា​ការ​អាន​ព្រះ​ត្រ័យបិដក ព្រោះ​ចង់​ចែកចាយ​ឱ្យ​ពុទ្ធបរិស័ទ ដែល​គាត់​អាន​មិន​បាន ដូចជា​ចាស់ៗ​គាត់ មើល​សៀវភៅ​មិន​បាន​ទេ ព្រោះ​អី​សៀវភៅ​បិដក​ហ្នឹង​វា​តូចៗ ចាស់ៗ គាត់​មិន​អាច​អាន​បាន​ទេ ខ្ញុំ​ក៏​មាន​បំណង​ថា បើ​យើង​អាច​ធ្វើ​បាន ក៏​អាន​ទៅ​ដើម្បី​ឱ្យ​គាត់​បាន​ស្ដាប់»

ការ​លះបង់​នូវ​ពេលវេលា កម្លាំង​កាយ និង​តម្រិះ​បញ្ញា ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​នេះ ពុទ្ធសាសនា​ចាត់​ទុក​ជា «ធម្មទាន» ដែល​មាន​ផល​ច្រើន​ជាង​ទាន​នានា។

ភិក្ខុ ឆន ម៉ៅមេត្តា មេត្តារក្ខិតោ គង់​នៅ​វត្ត​និគ្រោធវ័ន្ត ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ថេរដីកា​អំពី​ការ​ឱ្យ​នូវ​ធម្មទាន ដែល​ជា​ទាន​ប្រសើរ​ឧត្ដម ជា​ការ​ឱ្យ​ទាន​ដើម្បី​ឱ្យ​កើត​នូវ​បញ្ញា ប្រកប​ដោយ​សតិ​សម្បជញ្ញៈ ប្រាសចាក​ភាព​ល្ងឹតល្ងង់​អវិជ្ជា៖ «ទាន​ពិសេស​ជាង​អមិសទាន ក្នុង​ពុទ្ធ​សាសនា គឺ​សំដៅ​ទៅ​ក្នុង​ធម្មទាន។ ដូច​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា សព្វ​ទា​នំ ធម្មទានំ ជិនាតិ គឺ​ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង ព្រោះ​ធម្មទាន​អាច​ធ្វើ​ឱ្យ​មនុស្ស​យើង​បាន​នូវ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត។ ការ​ឱ្យ​ទាន​ជា​ធម៌​នេះ​មាន​ច្រើន​យ៉ាង ការ​ពន្យល់​អ្នក​ដទៃ​បាន​យល់​ដោយ​វាចា ការ​សំដែង​ព្រះ​ធម្មទេសនា ហើយ​ការ​សរសេរ​អត្ថបទ​ធម៌ ឬ​ពុទ្ធភាសិត​ជា​កំណាព្យ​ជាដើម ក៏​ចាត់​ចូល​ជា​ធម្មទាន​ដែរ ដើម្បី​ឱ្យ​អ្នក​ដទៃ​ដែល​គេ​បាន​អាន​ទៅ​បាន​នូវ​ការ​ចេះ​ដឹង និង​សេចក្ដី​ស្ងប់»

ទន្ទឹម​គ្នា​នេះ ការ​ផ្ដល់​តម្រិះវិជ្ជា​ទាំង​ឡាយ​ក្នុង​លោក ដូចជា​ការ​អប់រំ​សីល​ធម៌ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សុចរិត​ផ្សេងៗ ដែល​អាច​យក​ទៅ​ប្រកប​បរ​ចិញ្ចឹម​ជីវិត​ដោយ​សេចក្ដី​សុខ គឺ​ចាត់​ចូល​ក្នុង​ធម្មទាន​ផ្លូវ​លោក​ដែល​មាន​ផល​ច្រើន​ជាង «អាមិសទាន»។

​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​បង្ហាញ​ថា ការ​ឱ្យ​ទាន ទោះ​ជា «ធម្មទាន​ក្ដី អាមិសទាន​ក្ដី» ដែល​បុគ្គល​បាន​បំពេញ​ហើយ​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា ប្រកប​ដោយ​អង្គ​បី គឺ​ទាំង​មុន​ពេល​ឱ្យ​ទាន ក្នុង​ពេល​កំពុង​ធ្វើ​ទាន និង​ក្រោយ​ពេល​បរិច្ចាគ​ទាន​រួច គឺជា​ទាន​ដ៏​ប្រពៃ និង​មាន​ផល​ច្រើន​ពេញ​បរិបូរណ៍។

បុព្វបុរស​ខ្មែរ​បាន​សរសេរ​នូវ​សុភាសិត​ទុក​ជា​គតិ​លោក ក្នុង​ការ​ព្យាយាម​ហាត់​ពត់​អប់រំ​ចិត្ត លះ​នូវ​សេចក្ដី​កំណាញ់ ស្រប​តាម​ពាក្យ​ប្រៀនប្រដៅ​ក្នុង​ពុទ្ធ​សាសនា ក្នុង​ការ​ធ្វើបុណ្យ​ដាក់​ទាន ជួយ​មនុស្ស​ផង​គ្នា​ក្នុង​សង្គម ដោយ​ពុំ​សម្លឹង​ចង់​បាន​អ្វី​ត្រឡប់​មក​វិញ ដែល​មាន​សេចក្ដី​ជាអាទិ៍​ថា៖ «ហុច​របស់​ស្រណោះ​ដៃ» និង «ហុត​ទឹក​សម្លឹង​កាក» ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។