តើ​ព្រះសង្ឃ​ទ្រទ្រង់​អាវ​ខុស​ពុទ្ធប្បញ្ញត្តិ​ឬ​ទេ?

0:00 / 0:00

បច្ចុប្បន្ន​នេះ ភិក្ខុសង្ឃ​ដែល​ប្រតិបត្តិ​ពុទ្ធសាសនា​ថេរវាទ រួមមាន​ប្រទេស​កម្ពុជា ឡាវ ថៃ ភូមា និង​សិរីលង្កា គឺ​ទ្រទ្រង់​ស្បង់​ចីវរ​តាម​ពុទ្ធប្បញ្ញត្តិ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​ភិក្ខុសង្ឃ​អង្គ​ខ្លះ​ប្រើប្រាស់​អាវ​ពី​ក្នុង ហើយ​គ្រង​ស្បង់​ចីពរ​ពី​ខាង​ក្រៅ។ តើ​ការ​ដែល​ភិក្ខុសង្ឃ​ទ្រទ្រង់​អាវ​ខុស​នឹង​ពុទ្ធប្បញ្ញត្តិ ឬ​ទេ?

ស្បង់​ស្បៃ​ត្រៃចីវរ​ប្រកប​ដោយ​ពណ៌​អម្ចត់ គឺ​ជា​គ្រឿង​សំគាល់​ដ៏​សំខាន់​នៃ​សមណ ឬ​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា។ ចំពោះ​គ្រឿង​ក្រាល​គ្រង​នេះ តាម​គម្ពីរ​ព្រះ​ត្រៃបិដក ទាក់ទង​នឹង​វិន័យ​ដែល​ជា​ពុទ្ធប្បញ្ញត្តិ គឺ​មានតែ​ស្បង់ ចីពរ និង​សង្ឃាដី ហៅ​ថា សំពត់​កាសាវពស្ត្រ ឬ​ត្រៃចីវរ។ សំពត់​ចីវរ​ទាំង​បី​នេះ​ទៀតសោត គឺ​មាន​ការ​កំណត់​ជាក់លាក់​អំពី​ពណ៌​សាច់​សំពត់ ក្បួនខ្នាត​នៃ​ការ​កាត់ដេរ និង​ការ​តាំង​ចិត្ត​អធិដ្ឋាន​ត្រឹមត្រូវ ទើប​ភិក្ខុសង្ឃ​ទ្រទ្រង់​ទៅ​មិន​មាន​ទោស​អាបត្តិ។

​អាស្រ័យហេតុ​នេះ ការ​ដែល​ភិក្ខុសង្ឃ​ទ្រទ្រង់​អាវ ឬ​ខោ គឺ​ជា​ការប្រព្រឹត្ត​ខុស​ប្រាសចាក​ពុទ្ធប្បញ្ញត្តិ និង​មិន​គួរ​ជា​ទី​ជ្រះ​ថ្លា​នៃ​បរិស័ទ​អ្នក​ម្ចាស់​ទាន​ដែល​បាន​លះបង់​ទ្រព្យធន​បូជា​ដោយ​ក្តី​គោរព​ចំពោះ​ព្រះសង្ឃ​ក្នុង​ពុទ្ធ​សាសនា។

នេះ​គឺ​ជា​ការ​អធិប្បាយ​របស់​ភិក្ខុសីលបញ្ញោ មហាទិត្យ គង់​នៅ​វត្ត «ខេមរា​រុក្ខារាម» ក្នុង​រដ្ឋ នដ ខារ៉ូឡាញណា (North Carolina-NC) សហរដ្ឋអាមេរិក បញ្ជាក់​បន្ថែម​អំពី​ប្រការ​នេះ៖ «ពរ! ព្រះពុទ្ធ​បញ្ញត្តិ​ក្នុង​ការ​ប្រើ​ចីវរ​នេះ​ច្រើន ច្រើន​ណាស់។ រាល់​ចីវរ ឬ​ក្រណាត់​សំពត់​ទាំង​ឡាយ​ណា​ដែល​ព្រះពុទ្ធ​អនុញ្ញាត​ឱ្យ​ភិក្ខុ​សាមណេរ​ប្រើ គឺ​គប្បី​ពិន្ធុអធិដ្ឋាន កំណត់​ឈ្មោះ​ចំណាំ​ទុក ហើយ​ឱ្យ​ពិចារណា។ ភិក្ខុ​សាមណេរ​បួស​ក្នុង​ពុទ្ធសាសនា គប្បី​ពិចារណា​បច្ច័យ​៤ ក្នុង​ករណីយកិច្ច​៤ គឺ​ពិចារណា​ចីវរ​បច្ច័យ​នេះ ជា​ដំបូង​គេ​សំខាន់​ណាស់ គឺ​សំលៀកបំពាក់​នេះ​ជា​តំណាង​ឱ្យ​ព្រះពុទ្ធ​សាសនា ទាក់ទាញ​នូវ​ពុទ្ធបរិស័ទ [ឱ្យ​មាន] សទ្ធា​ជ្រះថ្លា ឱ្យ​គោរព​ប្រតិបត្តិ ដោយ​ការ​ឃើញ​នូវ​ស្បង់​ចីពរ​នេះ​ឯង ជា​គ្រឹះ​ដំបូង​គេ​បង្អស់​មុន​នឹង​ការ​និយាយ​ស្តី…»

សៀវភៅ «វិន័យ​ខន្ធកៈ និង​បរិវារៈ​ភាគ​២» របស់​ភិក្ខុ​សុវណ្ណ​ជោតោ ភួង សុវណ្ណ អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដម​សិក្សា​នៃ​វត្ត «និគ្រោធវ័ន» រាជធានី​ភ្នំពេញ សរសេរ​ដកស្រង់​ពី​អដ្ឋកថា​ត្រង់​អន្លើ​មួយ​នៃ​ព្រះ​វិន័យ​ដោយ​សេចក្ដី​ថា៖ «ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​អាវ… មិន​ត្រូវ​ទ្រទ្រង់​មួក…»។

ចំពោះ​សំណួរ​ថា តើ​ភិក្ខុសង្ឃ​អាច​ទ្រទ្រង់​អាវ ឬ​ខោ​ពី​ខាង​ក្នុង ហើយ​គ្រង​ស្បង់​ចីពរ​ពី​លើ​ដោយ​បិទ​បាំង​ឱ្យ​ជិត​មើល​មិន​ឃើញ​បាន​ដែរ​ឬ​ទេ?

ភិក្ខុ​ចូឡវរធម្មោ ហ៊ឺ ជីតៅ គង់​នៅ​វត្ត «ព្រះគន្ធកុដិ» ជាយ​ក្រុង​បាត់ដំបង មាន​ថេរដីកា​ពន្យល់​ថា ប្រការ​នេះ​នៅ​តែ​ខុស​នឹង​ព្រះ​វិន័យ៖ «ពរ! ការ​ទ្រទ្រង់​អាវ គឺ​មិន​សមគួរ មិន​គួរ មិន​គួរ​ទេ។ ទាំង​ពាក់​អាវ​ពី​ក្នុង ហើយ​គ្រង ឬ​ឃ្លុំ​ចីវរ [ពី​ក្រៅ] អី​ក៏ដោយ មិន​សមគួរ​ដែរ ទ្រទ្រង់​អាវ​ហ្នឹង។ អ្វី​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្តិ​យ៉ាង​ណា គឺ​ត្រូវតែ [គោរព​ប្រតិបត្តិ] យ៉ាង​ហ្នឹង ចំពោះ​អ្នក​ដែល​ទ្រទ្រង់​មិន​បាន គឺ​ជា​រឿង​បុគ្គល គឺ​ថា​ទោស​នៅ​តែ​មាន​ទោស​អ៊ីចឹង...»

មាន​ហេតុផល​មួយ​ផ្នែក​ទាក់ទង​នឹង​ការ​ដែល​ភិក្ខុសង្ឃ​ពុទ្ធសាសនា​នា​ពេល​បច្ចុប្បន្ន​នេះ ទ្រទ្រង់​អាវ ឬ​ខោ ហើយ​គ្រង​ស្បង់​ចីពរ​ពី​លើ ឬ​មួយ​ក៏​ទ្រទ្រង់​អាវ​រងា​ធំ​ក្រាស់ៗ​ពី​លើ​ស្បង់​ចីពរ គឺ​ដោយ​សំអាង​ថា ដើម្បី​ការពារ​អាកាសធាតុ​ត្រជាក់។

សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ជា​ជំនួយការ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សួន ឱសថ បញ្ជាក់​អំពី​ពុទ្ធានុញ្ញាត​ដល់​ភិក្ខុសង្ឃ​សាវក ក្នុង​ការ​ប្រើប្រាស់​ស្បង់​ស្បៃ​ត្រៃចីវរ​នោះ គឺ​សម្រាប់​គ្រប់​រដូវ​កាល និង​សម្រាប់​ទាំង​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ និង​ត្រជាក់៖ «ការ​ដែល​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ព្រះ​វិន័យ​ហ្នឹង នៅ​ក្នុង​មជ្ឈិម​ប្រទេស គឺ​ដែន​ដែល​ព្រះអង្គ​សំដែង​ហ្នឹង គឺ​នៅ​ចំ​កណ្ដាល គឺ​ជម្ពូទ្វីប។ ការ​ដែល​ទ្រង់​សំដែង​ព្រះ​វិន័យ​បញ្ញត្តិ​ដល់​ភិក្ខុ​ត្រង់​កណ្ដាល​ទ្វីប គឺ​ជម្ពូទ្វីប​ហ្នឹង គឺ​ថា ផែនដី​យើង ជា​ទី​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​នោះ គេ​ហៅ​ថា ជម្ពូទ្វីប​ហើយ។ (កេសរណ្ណីយ្យា៖ ជា​ផ្ចិត​នៃ​ផែនដី ចាស៎ ណា៎) បាទ! ជា​ផ្ចិត​នៃ​ផែនដី ហើយ​គេ​ហៅ​ថា មជ្ឈិម​ប្រទេស គឺ​ប្រទេស​ដែល​នៅ​ចំ​កណ្ដាល។ ដូច្នេះ​ព្រះអង្គ​សំដែង​ហ្នឹង មិន​មែន​ចំពោះ​តែ​អ្នក​ដែល​នៅ​ក្នុង​តំបន់​ត្រជាក់ តំបន់​ក្តៅ​ទេ គឺ​ព្រះអង្គ​សំដែង​ដោយ​អនុលោម​ទាំង​តំបន់​ត្រជាក់​ទាំង​តំបន់​ក្តៅ។ ហេតុ​នេះ​ហើយ​បាន​ព្រះអង្គ​អនុញ្ញាត​ឱ្យ​សង្ឃាដី​មាន ២​ជាន់ មាន ៤​ជាន់...»

​តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ជម្ពូទ្វីប គឺ​ជា​ឈ្មោះ​កោះព្រីង ជា​ប្រទេស​ដែល​រុង​រឿង ត្រដែត​ត្រដឹម​ដោយ​ដើម​ព្រីង។ សេចក្ដី​ពន្យល់​ម្យ៉ាង​ទៀត គឺ​ជម្ពូទ្វីប​ជា​ឈ្មោះ​ទ្វីប​ធំ​មួយ​ដែល​មាន​ដើម​ព្រីង​ធំ​សម្បើម​ដុះ​នៅ​នា​ភ្នំ​សុមេរុ​ជា​គោល​ចារឹក ហៅ​ថា ព្រីង​ប្រចាំ​ទ្វីប មាន​ផ្លែ​ធំៗ លុះ​ទុំ​ជ្រុះ​ក៏​រលួយ​ក្លាយ​ជា​ទឹក​ហូរ​ច្រោះ​កើត​ជា​ស្ទឹង ហៅ​ថា «ស្ទឹង​ជម្ពូ»។

រីឯ​កករ​ដី​នៅ​សង​ខាង​ស្ទឹង ដែល​ជ្រាប​ជោក​ដោយ​ទឹក​ផ្លែ​ព្រីង​ប្រចាំ​ទ្វីប​នេះ ក៏​កកើត​ជា​មាស​ដ៏​វិសេស ឈ្មោះ​ថា «ជម្ពូនទៈ» គឺ​ជា​មាស​បរិសុទ្ធ​ឥត​មន្ទិល មាន​សាច់​ល្អ​បំផុត​ជាង​មាស​ទាំងពួង។ កាល​ពី​សម័យ​បុរាណ ដែនដី​នោះ​សំដៅ​ចំពោះ​ត្រង់​មជ្ឈិមប្បទេស ឬ​មធ្យម​ប្រទេស ពោល​គឺ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស [ឥណ្ឌា] ទាំង​មូល​ហៅ​ថា «ជម្ពូទ្វីប»។

ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ដល់​ភិក្ខុ​ឱ្យ​ប្រើប្រាស់​តែ​ស្បង់​ចីពរ​គ្រប់​រដូវ​កាល និង​គ្រប់​តំបន់​វិញ ភិក្ខុ​សុវណ្ណ​ជោតោ ភួង សុវណ្ណ អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដមសិក្សា​នៃ​វត្ត «និគ្រោធវ័ន» រាជធានី​ភ្នំពេញ មាន​ថេរដីកា​អំពី​រំលឹក​រឿងរ៉ាវ​នា​សម័យ​ពុទ្ធកាល៖ «នៅ​ក្នុង​ចីវរ​ខន្ធកៈ ព្រះ​ត្រៃបិដក​ខ្មែរ​លេខ​៨ គឺ​មាន​និយាយ​ទាក់ទង​ពី​ដើមឡើយ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ត្រៃចីវរ​ហ្នឹង គឺ​សង្ឃាដី ២​ជាន់ ស្បង់ ១​ជាន់ ចីពរ ១​ជាន់។ ដល់​សម័យ​ក្រោយ​មក ព្រះអង្គ​ចង់​ពិសោធ​មើល ព្រះអង្គ​នៅ​ក្នុង​ទីវាល​ដែល​មាន​អាកាសធាតុ​ត្រ​ជាត់​ហ្នឹង ៨​ថ្ងៃ គឺ​ថ្ងៃ​ជា​ខាង​ចុង​នៃ​ខែមាឃ និង​ខាងដើម​នៃ​ខែផល្គុន។ ក្នុង​វេលា​បឋមយាម ព្រះអង្គ​ដណ្ដប់​ចីវរ​តែ​១​ជាន់ អាច​ធន់​នឹង​ត្រជាក់​បាន ហើយ​ដល់​ពេលយប់​ទៅៗ ព្រះអង្គ​ថែម​១​ជាន់ៗ រហូត​ដល់ ៤​ជាន់ ក៏​អាច​អត់ធន់​អត់ទ្រាំ​នឹង​ត្រជាក់​ហ្នឹង​បាន។ ទើប​ព្រះអង្គ​ប្រារព្ធ​នូវ​ហេតុ​នេះ​ឯង ក៏​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំង​ឡាយ​ប្រើប្រាស់​សង្ឃាដី ៤​ជាន់ ហើយ​បើ​កាល​ណា​ប្រើ​សង្ឃាដី ៤​ជាន់ ចីវរ​ត្រូវតែ ២​ជាន់ ស្បង់​ត្រូវតែ ២​ជាន់»

​មូលហេតុ​ចម្បង​មួយ​នៃ​ពុទ្ធ​ប្បញ្ញត្តិ​ដែល​មិន​ឱ្យ​ភិក្ខុសង្ឃ​សាវក​ទ្រទ្រង់​អាវ ឬ​ខោ ព្រោះ​ថា នេះ​ជា​គ្រឿង​ស្លៀក​ដណ្ដប់​របស់​មនុស្ស​បុថុជ្ជន ជា​គ្រហស្ថ​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ។

ម្យ៉ាង​ទៀត ព្រះ​វិន័យ​ក៏​កំណត់​មិន​ឱ្យ​ភិក្ខុសង្ឃ​ប្រើប្រាស់​ស្បែក​ខ្លា ដែល​ជា​សំលៀកបំពាក់​នៃ​ក្រុម​តិរ្ថិយ គឺជា​មនុស្ស​ចំពួក​ខ្លះ​ដែល​ប្រព្រឹត្ត​កាន់​សាសនា​តាម​លទ្ធិ​ឆ្វេង​ទីទៃ​ពី​ព្រះពុទ្ធសាសនា ដូច​យ៉ាង​ខំប្រឹង​ដេក​ននៀល​លើ​គំនរ​ដីខ្សាច់​កំពុង​ក្ដៅ បរិភោគ​អាហារ​ត្របាក់​ដូច​សុនខ គឺ​សត្វ​ឆ្កែ ជាដើម។ ក្រុម​តិរ្ថិយ​ប្រកាន់​ថា វត្តប្រតិបត្តិ​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ អាច​នឹង​ចម្លង​ខ្លួន​ឯង និង​អ្នក​ដែល​ជឿ​កាន់​តាម​ឲ្យ​បាន​ដល់​ត្រើយ គឺ​សេចក្ដី​សុខ។

ក្រៅ​ពី​នេះ សូម្បី​តែ​ពណ៌​ស្បង់​ក៏​ព្រះ​វិន័យ​សំដែង​ឱ្យ​ភិក្ខុ​ចៀសវាង​សំពត់​ពណ៌​ផ្សេងៗ​ដែល​ស្រស់​ឆើតឆាយ រួម​ទាំង​ពណ៌​ស​ផង។ ហេតុផល​មួយ គឺ​ដោយសារ​ក្នុង​ប្រទេស​ឥណ្ឌា នា​សម័យ​ពុទ្ធកាល ក្រុម​និគ្រន្ថ និង​ព្រាហ្មណ៍ ដែល​ជា​បព្វជិត​ក្រៅ​សាសនា បាន​យក​ពណ៌​ស​ជា​ឯកសណ្ឋាន​សម្រាប់​សំគាល់​ក្រុម​ពួក​របស់​គេ។

អាស្រ័យ​ហេតុ​នេះ ទើប​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​សាវក​ទ្រទ្រង់​សំពត់​កាសាវពស្ត្រ ពោល​គឺ​ស្បង់​ស្បៃ​ត្រៃចីវរ ដែល​មាន​ពណ៌​អម្ចត់ គឺ​ពណ៌​លឿង​លាយ និង​ពណ៌​ខ្លឹម​ខ្នុរ ដើម្បី​ជា​លក្ខណៈ​ពិសេស​សំគាល់​នៃ​សមណ អ្នក​បួស​ក្នុង​ពុទ្ធសាសនា។

សព្វ​ថ្ងៃ​នេះ គេ​ក៏​សង្កេត​ឃើញ​ថា ភិក្ខុសង្ឃ​ដែល​ប្រតិបត្តិ​ពុទ្ធសាសនា​ថេរវាទ គង់​នៅ​តាម​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក មាន​ទ្រទ្រង់​មួក កន្សែង​បង់​​ក ស្រោមដៃ ស្រោមជើង​ផង​ដែរ។

តើ​នេះ​ជា​ប្រព្រឹត្តិ​ប្រាសចាក​ពុទ្ធ​ប្បញ្ញត្តិ ដូច​ការ​ដែល​ភិក្ខុ​ទ្រទ្រង់​អាវ ឬ​ខោ​ដែរ​ឬ​ទេ? សូម​លោកអ្នក​នាង​កញ្ញា​រង់ចាំ​ស្តាប់​សេចក្ដី​អធិប្បាយ​អំពី​ប្រការ​នេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ។

ប្រសិនបើ​លោក​អ្នក​នាង​កញ្ញា​មាន​សំណួរ ឬ​យោបល់​យ៉ាងណា សូម​សរសេរ​មក​យើង​ខ្ញុំ​តាម​អាសយដ្ឋាន៖ វិទ្យុ​អាស៊ីសេរី ប្រអប់​សំបុត្រ​ប្រៃសណីយ៍​លេខ ៨១៦ ក្រុង​ភ្នំពេញ។ ចំពោះ​អ៊ីម៉េល សូម​ប្រើ​អាសយដ្ឋាន៖ Khmer@rfa.org ឬ​មួយ​ទូរស័ព្ទ​មក​លេខ៖ ០១២-៨១១-៩១១។ សូម​អរគុណ!៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។