បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ៖ ដើម​កំណើត​និង​ការវិវត្តន៍

0:00 / 0:00

ក្នុង​រយៈពេល​១៥​ថ្ងៃ​កន្លង​ទៅ​នេះ ពលរដ្ឋ​ពុទ្ធបរិស័ទ​ក្មេង​ចាស់​ប្រុស​ស្រី​នៅ​តាម​ភូមិ​ស្រុក​នានា​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​បុព្វការី​ជន មាន​ជីដូន​ជីតា មាតាបិតា​ជាដើម។

​ពិធីបុណ្យ​ប្រពៃណី​ពី​ដូនតា​នេះ ពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើជា​រៀង​រាល់​ឆ្នាំ លើកលែងតែ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែល​ជា​របប​ឥត​សាសនា។

ពិធី​បុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ដែល​ពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ខ្មែរ​តែង​រួប​រួម​គ្នា​ប្រារព្ធ​ធ្វើ​ក្នុង​ទី​វត្ត​អារាម​ពុទ្ធសាសនា តាម​ភូមិ​ស្រុក​និគម​ជនបទ​ទូទាំង​ប្រទេស គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​គង់​ចាំ​ព្រះវស្សា​របស់​ភិក្ខុសង្ឃ​សាមណេរ​រយៈពេល​បី​ខែ។

ឯកសារ​ផ្នែក​ពុទ្ធ​សាសនា​ខ្លះ​សរសេរ​ថា ក្នុង​សម័យ​ពុទ្ធកាល ពុំ​មាន​ពាក្យ «កាន់​បិណ្ឌ ឬ​ភ្ជុំបិណ្ឌ» នេះ​ទេ គឺ​មាន​តែ​ពាក្យ «បវារណា​បច្ច័យ​បួន ឬ​ទំនុក​បម្រុង​បច្ច័យ​បួន» ដូច​មាន​ចែង​ក្នុង​គម្ពីរ​ធម្មបទ​ស្ដីពី​ប្រវត្តិ​នៃ​ការ​គង់​ចាំ​វស្សា​របស់​ព្រះសម្មាសម្ពុទ្ធ និង​ភិក្ខុសង្ឃ​សាវក ដោយ​មាន​ពុទ្ធបរិស័ទ​ផ្គត់ផ្គង់​នូវ​និច្ចភត្ត ឬ​ចង្ហាន់​បិណ្ឌបាត​ប្រចាំ​ថ្ងៃ​អស់​វារៈ​មួយ​ត្រីមាស។

​ទាក់ទង​នឹង​ដំណើរ​រឿង​នេះ ភិក្ខុ ញ៉ឹម ច័ន្ទរិទ្ធិ ឥន្ទញាណចន្ទោ គង់​នៅ​វត្ត​ពោធិ៍ ក្នុង​ខេត្ត​បាត់ដំបង មាន​ថេរដីកា​បន្ថែម​អំពី​ការវិវត្តន៍​ផ្លាស់ប្ដូរ​ក្នុង​ការ​វេរ​និច្ចភត្ត​ទំនុកបម្រុង​ភិក្ខុសង្ឃ​នា​រដូវ​កាល​ចូល​ព្រះវស្សា ដែល​ក្រោយមក​បាន​ក្លាយ​ទៅ​ជា​ពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ឬ​ប្រជុំ​បិណ្ឌ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៖ «ដែល​ភិក្ខុសង្ឃ​គង់​ចាំ​វស្សា​អស់​បី​ខែ​ហ្នឹង សម័យ​ពុទ្ធកាល គឺ​ពុទ្ធបរិស័ទ​ផ្គត់ផ្គង់​បី​ខែ​ពេញ ហើយ​បុព្វហេតុ​ដែល​ថា ឱ្យ​ចាំ​វស្សា មាន​ពុទ្ធបរិស័ទ​មាន​ដាក់​បិណ្ឌ ដោយសារ​ព្រះសង្ឃ​ក្នុង​រដូវ​នោះ ភ្លៀង​ធ្លាក់​ច្រើន​មិន​អាច​និមន្ត​គោចរ​ទៅកាន់​ទី​ភោជនដ្ឋាន​ផ្សេងៗ ទើប​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ ឬ​យើង​ហៅ​ថា ភ្ជុំ​បិណ្ឌ។ ក្នុង​ឱកាស​ហ្នឹង គឺ​មាន​នាង វិសាខា ក្នុង​សម័យ​ពុទ្ធកាល​មាន​ពុទ្ធបរិស័ទ​ច្រើន អ៊ីចឹង​គឺ​គេ​អាច​ផ្គត់ផ្គង់​បាន​បី​ខែ»

រី​ឯ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​សព្វថ្ងៃ គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​ទំនុកបម្រុង​និច្ចភត្ត ឬ​សង្ឃភត្ត ដែល​មាន​រយៈពេល​បី​ខែ​ក្នុង​រដូវ​ចូល​វស្សា នា​សម័យ​ពុទ្ធកាល​នោះ​ដែរ គ្រាន់​តែ​មាន​រយៈពេល​ខ្លី​ជាង ដោយ​ថយ​មក​នៅ​ត្រឹម​តែ ១៥​ថ្ងៃ។ លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ នៅ​ភូមិ​វត្ត​ស្វាយ ឃុំ​សាលាកំរើក ក្រុង​សៀមរាប បញ្ជាក់​ដូចគ្នា​អំពី​ការវិវត្តន៍​ផ្លាស់ប្ដូរ​ក្នុង​ការ​ទំនុកបម្រុង​និច្ចភត្ត​ដល់​ភិក្ខុសង្ឃ​អស់​មួយ​ត្រៃមាស​ក្នុង​រដូវ​ចូល​វស្សា។

ទោះបីជា​យ៉ាង​ណា​ក្តី នៅ​តាម​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា នា​សម័យ​បច្ចុប្បន្ន​នេះ ពុទ្ធបរិស័ទ​មាន​សទ្ធា​ជ្រះថ្លា​បូជា​កម្លាំង​កាយ​កម្លាំងចិត្ត ពេលវេលា និង​ទ្រព្យ​ធនធាន រួបរួម​សាមគ្គី​គ្នា​ខ្នះខ្នែង​ឧបត្ថម្ភ​ចង្ហាន់​បិណ្ឌបាត​ជាប់​ជា​ប្រចាំ ប្រគេន​ភិក្ខុសង្ឃ​រយៈពេល ៣០​ថ្ងៃ ទាំង​នៅ​ក្នុង​រដូវ​ចូល​វស្សា​និង​ក្រោយ​ចេញ​វស្សា។

លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ៖ «បាទ! រឿង​ការ​អារាធនា​និមន្ត​ភិក្ខុសង្ឃ​នេះ គឺ​នៅ​តែ​មាន ដោយ​បរិស័ទ​ខ្លះ​លោក​ពេញចិត្ត​ដោយ​ព្រះ​ថេរៈ​អង្គ​ខ្លះ​ចេះ​ដឹង​ពុទ្ធវចនៈ អាច​សំដែងធម៌ អាច​បង្រៀន​បាន ក៏​និមន្ត​លោក​ឱ្យ​គង់​នៅ​តាម​វត្ត​អារាម​ក្នុង​តំបន់​តាម​ការ​ពេញ​ចិត្ត​រៀង​ខ្លួន​ទៅ។ ដូចជា​នៅ​ភ្នំពេញ នៅ​តំបន់​សៀមរាប​នេះ មាន​វត្ត​មួយ​ចំនួន​ដែរ ដែល​បរិស័ទ​លោក​នៅ​ក្នុង ៣០​ថ្ងៃ​ហ្នឹង គឺ​ដាក់​វេន​គ្នា​ក្នុង ១​វេន ១​នាក់ ឬ​ក៏ ២-៣​គ្រួសារ មាន​មិត្តភ័ក្ដិ​ជា​ក្រុម​អ៊ីចឹង​ទៅ យក ១​ថ្ងៃ​អ៊ីចឹង​ទៅ វេន​ដាក់​ជុំ​គ្នា​អ៊ីចឹង​ទៅ ហើយ​នៅ​តាម​ខេត្ត​ផ្សេងៗ​ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ។ ឥឡូវ​មាន​បណ្ដើរ​ដោយ​បរិស័ទ​លោក​បាន​យល់​ក្នុង​ធម៌​កាន់​តែ​ច្រើន ដើម្បី​សម្រួល​ដល់​ភិក្ខុសង្ឃ​ក្នុង​ការ​រស់​នៅ។ (សំណួរ៖ ទាំង​៣​ខែ ឬ​មួយ​ក៏​១​ខែ នៅ​ពេល​ចុង​ភ្ជុំបិណ្ឌ ហើយ​ចេញ​វស្សា​លោក​គ្រូ?) តាម​ពិត​ទៅ នៅ​តំបន់​នេះ មិន​គិតតែ​ក្នុង​រដូវវស្សា​ទេ គឺ​ទាំង​រដូវប្រាំង គឺ​ធ្វើ​អ៊ីចឹង​រហូត»

​ការវិវត្តន៍​ខុស​ប្លែក​គ្នា​មួយទៀត គឺ​នៅ​សម័យ​បច្ចុប្បន្ន​នេះ ជា​ទូទៅ​នៅ​តាម​វត្ត​អារាម​នានា ព្រះសង្ឃ​តែង​ប្រជុំ​គ្នា​និមន្ត​ស្វាធ្យាយធម៌​បរាភវសូត្រ នៅ​រៀងរាល់​ព្រឹក​ព្រលឹម នា​អំឡុង​ពេល​ខាង​ចុង​រដូវ​ចូល​វស្សា ដែល​ជា​វេលា​បុណ្យ​ភ្ជុំបិណ្ឌ។

ភិក្ខុ នាង ឆៃ បភទ្ទោ គង់​នៅ​វត្ត​ដំរីស ខេត្ត​បាត់ដំបង មាន​ថេរដីកា​ថា នោះ​គឺជា​ឱកាស​មួយ​ដ៏​ប្រសើរ​ដើម្បី​ផ្សព្វផ្សាយ​ការ​អប់រំ​សីលធម៌​សង្គម​ដល់​មហាជន ពុទ្ធបរិស័ទ ជាពិសេស​យុវជន​យុវតី៖ «ការ​អប់រំ​បរិស័ទ ពេល​ដែល​យើង​មាន​មនុស្ស​ច្រើន គឺ​ព្រះសង្ឃ​មាន​ឱកាស​ក្នុង​ការ​បញ្ជ្រាប​ធម៌​ទៅ​ដល់​បរិស័ទ។ ភាគ​ច្រើន​សំបូរ​តែ​យុវវ័យ​ដែល​មក​បោះ​បាយបិណ្ឌ អ៊ីចឹង​ហើយ​ព្រះសង្ឃ​លោក​ជា​អ្នកមាន​តួនាទី​ផ្នែក​អប់រំ​ព្រះពុទ្ធសាសនា​ផ្សព្វផ្សាយ​ហ្នឹង លោក​ត្រូវ​រៀបចំ​សូត្រ​នូវ​បរាវភសូត្រ​ហ្នឹង។ ចាស់​បុរាណ​លោក​គិត​ថា បើ​យើង​សូត្រ​ឱ្យ​ក្មេងៗ​ស្គាល់​ថា​ហេតុនេះ​វា​វិនាស វា​មិន​ចំរើន ពេល​ដឹង​ទៅ​វា​គេច​វា​ចៀស​ទៅ អាច​នាំ​ឱ្យ​មាន​សេចក្ដី​ចំរើន​កើត​ឡើង។ យ៉ាង​ហោច​ណាស់ ១៤​ថ្ងៃ​ហ្នឹង ក៏​អាច​ចេះ​ស្គាល់​ធម៌អាថ៌​បាន​មួយ​ម៉ាត់​មួយ​ក​ដែរ មិន​មែន​ជា​ពុទ្ធបញ្ញត្តិ​អី​ទេ​រឿង​សូត្រ​បរា [ភវសូត្រ] ហ្នឹង»

ត្រង់​ប្រការ​នេះ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត «នន្ទមុនី» ក្នុង​រាជធានី​ភ្នំពេញ ព្រះ​សំវរវិជ្ជា ភិក្ខុ សុខ ប៊ុនធឿន កន្តធម្មោ មាន​ថេរដីកា​បញ្ជាក់​ដូច​គ្នា​អំពី​គុណប្រយោជន៍​នៃ​ការ​ស្វាធ្យាយ​ធម៌​បរាវភសូត្រ​របស់​ព្រះសង្ឃ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​សុទ្ធសឹងតែ​ជា​ការ​អប់រំ​ចំពោះ​មហាជន​ក្មេង​ចាស់​ប្រុស​ស្រី​អំពី​ផ្លូវ​វិនាស​ក្នុង​ជីវិត៖ «ក្នុង​សង្គម ព្រះ​លោក​សំដែង​ថា យ៉ាង​ហោច​ណាស់​ឱ្យ​យើង​ស្គាល់​អំពើ​អបាយមុខ​បួន​ដែរ។ ទី​១ ឥត្ថីធុត្តោ អ្នក​ដែល​មាន​ដៃគូ​ស្នេហា​ច្រើន។ កាលណា​បុរស​ស្ត្រី​មាន​ដៃគូ​ស្នេហា មាន​ប្តី​ប្រពន្ធ​ហើយ ទៅ​មាន​ស្រី​មាន​ប្រុស​ខាង​ក្រៅ វា​បែកបាក់​សាមគ្គី​ក្នុង​ក្រុម​គ្រួសារ វិបត្តិ​នៃ​ការ​មិន​ស្មោះត្រង់​គ្នា​រវាង​ប្តី​ប្រពន្ធ។ អ៊ីចឹង​បានជា​បរាវភសូត្រ​លោក​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ដែល​មាន​ដៃគូ​ស្នេហា​ច្រើន​ក្រៅពី​ប្តី​ប្រពន្ធ​របស់​ខ្លួន រមែង​ទទួល​នូវ​ក្តី​វិនាស ដូច្នេះ​ធ្វើ​ឱ្យ​កូន​បាត់បង់​ឱកាស​នាំ​ការ​រៀន​សូត្រ។ ទី​២ សុរាធុត្តោ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទោស​នៃ​ការ​ប្រើប្រាស់​ទឹក​ស្រវឹង គ្រឿង​ញៀន ហើយ​យើង​មើល​ទៅ​ក្នុង​ពិធីបុណ្យ​ជា​រៀង​រាល់​ឆ្នាំ អាត្មា​មាន​ការ​សោកស្ដាយ​ដែរ ជួន​កាល​បុណ្យ​ក្នុង​ពុទ្ធសាសនា​ទេ តែ​យក​គ្រឿង​សុរា​មក​ប្រើប្រាស់​យ៉ាង​គគ្រឹកគគ្រេង។ ផល​ប៉ះពាល់​ដែល​កើត​ចេញ​មក​ពី​ការ​ប្រើប្រាស់​ទឹក​ស្រវឹង គ្រឿងញៀន ធ្វើ​ឱ្យ​បុគ្គល​នៅ​ក្នុង​សង្គម​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ច្រើន។ នេះ​គឺ​ទោស​ទី​២ នឹង​ផ្ដល់​នូវ​ក្តី​វិនាស​បែបនេះ»

​ចំណែក​អំពើ​អបាយមុខ​ពីរ​ប្រការ​ទៀត ដែល​ញ៉ាំង​បុគ្គល​អ្នក​ប្រព្រឹត្ត​ឱ្យ​ដល់​នូវ​ក្តី​វិនាស ព្រះ​សំវរវិជ្ជា ភិក្ខុ សុខ ប៊ុនធឿន កន្តធម្មោ មាន​ថេរដីកា​លើក​យក​ពី​បរាវភសូត្រ​ដោយ​សេចក្ដី​សង្ខេប​ខ្លី ស្ដីពី​ទោស​នៃ​ល្បែង​ភ្នាល់​ផ្សេងៗ និង​ការ​គប់​បាប​មិត្ត៖ «ទី​៣ អក្ខធុត្តោ ទោស​នៃ​ការ​លេង​ល្បែងស៊ីសង​ភ្នាល់​ក្តី ជា​ហេតុ​ធ្វើ​ឱ្យ​វិនាស​ទ្រព្យសម្បត្តិ វិនាស​នូវ​ពេល​វេលា តម្លៃ​នៃ​ពេល​វេលា ឱកាស​ដែល​យើង​ត្រូវ​បំពេញ​ប្រយោជន៍​វា​បាត់​បង់។ ទោស​ទី​៤ គឺ​បាប​មិត្តោ គឺ​លោក​មិន​ឱ្យ​សេពគប់​នូវ​មិត្ត​មិន​ល្អ។ អ៊ីចឹង​លោក​បង្ហាញ​អំពី​ទុក្ខទោស​ដែល​កើត​ចេញ​ពី​អំពើ​អបាយមុខ អប់រំ​ឱ្យ​យើង​យល់ យើង​ស្គាល់​ថា អំពើ​អបាយមុខ​បើ​បុគ្គល​ណាមួយ​ប្រព្រឹត្ត ឬ​សាង​ហើយ វា​ផ្ដល់​ទុក្ខទោស ទី​១ ខ្លួន ទី​២ គ្រួសារ ទី​៣ សង្គម​ជាតិ។ ដល់​ពេល​យើង​បាន​ស្តាប់​បាន​យល់​ទៅ អប់រំ​យើង​ឱ្យ​គេច​ចេញ​ពី​ផ្លូវ​ដែល​នាំមក​នូវ​ក្តី​វិនាស ដូច្នេះ​យើ​ងាក​មក​ប្រព្រឹត្ត​នូវ​អំពើ​ល្អ។ សរុប​មក យើង​ធ្វើ​ពិធីបុណ្យ​កាន់​បិណ្ឌ​រហូតដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ គឺ​បង្កប់​ន័យ​អប់រំ ធ្វើ​ឱ្យ​មនុស្ស​ស្គាល់​គុណ​ទោស​ខុស​ត្រូវ​បាប​បុណ្យ ជាពិសេស​ដឹង​គុណ​មាតា​បិតា ហើយ​ចេះ​ធ្វើ​កិច្ច​តបគុណ​មាតាបិតា ហើយ​ចេះ​គោរព​សីលធម៌​សង្គម។ នេះ​ជា​សារសំខាន់​មួយ​ក្នុង​ចំណោម​សារសំខាន់​ដទៃ​ទៀត​យ៉ាង​ច្រើន»

​ចំពោះ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ សៀវភៅ «ពិធី​ប្រចាំ​ដប់​ពីរ​ខែ​» របស់​អ្នកស្រី ពេជ្រ សល់ សរសេរ​ថា ផ្អែក​តាម​សិលា​ចារិក​របស់​ព្រះបាទ យសោវរ្ម័ន គ្រង​រាជសម្បត្តិ​រវាង គ.ស. ៨៨៩ ដល់​៩១០ ព្រះអង្គ​បាន​សាង​អាវាស​ជាច្រើន ហើយ​ទ្រង់​តែង​ធ្វើ​ពិធី​បូជា​បាយបិណ្ឌ​ជា​រៀង​រាល់​ខែ ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ចម្បាំង និង​ចំពោះ​ខ្មោច​ទាំង​ឡាយ​ដែល​គ្មាន​បងប្អូន​គ្រួសារ​ញាតិ​សន្តាន។

ទាក់ទង​នឹង​ការ​ថយ​ចុះ​នៃ​កិច្ច​ទំនុកបម្រុង​និច្ចភត្ត​ភិក្ខុសង្ឃ ក្នុង​រដូវ​ចូល​វស្សា​បី​ខែ ដែល​ប្ដូរ​មក​នៅ​ត្រឹម​ពិធី​បុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​រយៈពេល​តែ ១៥​ថ្ងៃ នា​សម័យ​នេះ ឯកសារ​មួយ​ចំនួន​កត់ត្រា​ថា គឺ​ចាប់​ពី​រជ្ជកាល​ព្រះករុណា​បរមកោដ្ឋ ព្រះ​អង្គឌួង រវាង​ពុទ្ធ​សករាជ ២៣៩១-​២៤០៤ ដែល​ត្រូវ​នឹង​គ្រិស្ត​សករាជ ១៨៤៨-​១៨៥៩។

​តាម​ទំនៀម​ចាស់​ពី​បរម​បុរាណ​មក នៅ​ថ្ងៃ​១​កើត ខែអស្សុជ​នេះ ពុទ្ធបរិស័ទ​នាំគ្នា​ធ្វើ​ពិធី​ជូន​ដំណើរ​ព្រលឹង​ដូនតា​ត្រឡប់​ទៅ​ទីឋាន​ដើម​វិញ បន្ទាប់​ពី​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​អស់​រយៈពេល ១៥​ថ្ងៃ​មក។

​ពិធី​ជូន​ដំណើរ​ដូនតា​នេះ គឺ​គេ​នាំគ្នា​ក្រោក​ពី​យប់​រៀបចំ​ក្បូន​ដើម​ចេក ផ្ទុក​ដោយ​ស្រូវ​អង្ករ អាហារ​ចំណី នំនែក​ផ្លែឈើ​ច្រើន​មុខ ហើយ​យក​ទៅ​បណ្ដែត​តាម​ទន្លេ​ស្ទឹង​បឹងបួ នៅ​ក្នុង​ភូមិ​ស្រុក នៅ​ពេល​ព្រឹក​ព្រលឹម។ ក្បូន​នេះ ជួន​កាល​គេ​ធ្វើជា​រៀង​ទូក ឬ​សំពៅ ដោយមាន​ដុត​ទៀន​ធូប និង​តុបតែង​លំអ​ដោយ​ទង់​ជ្វាលា និង​ផ្កា​ភ្ញី​ចម្រុះ​ពណ៌​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។