ប្រវត្តិ​ខ្នាត​ត្រៃ​ចីវរ​របស់​ព្រះសង្ឃ​ពុទ្ធ​សាសនា

0:00 / 0:00

តាម​ពុទ្ធបញ្ញត្តិ​គោល​ចារឹក​នៃ​សំពត់​កាសាវពស្ត្រ​សម្រាប់​ភិក្ខុសង្ឃ​ទ្រទ្រង់​ក្រាល​គ្រង គឺ​ត្រូវ​កាត់​ផ្ដាច់​ហើយ​ទើប​ដេរ​ភ្ជាប់​គ្នា​វិញ​ប្រកប​ដោយ​លក្ខណៈ​ពិសេស មាន​ផ្ទាំង ឬ​ខណ្ឌ មណ្ឌល ឬ​កន្សែង​តូច​ធំ និង​ជាយ​ព័ទ្ធ​ជុំវិញ។ រី​ឯ​ថ្នេរ​ដែល​ភ្ជាប់​កំណាត់​ផ្ទាំង​សំពត់​តូច​ធំ​ទាំង​អស់​ឱ្យ​ក្លាយ​ទៅ​ជា​ត្រៃចីវរ​ត្រូវ​ដេរ​ថ្នេរ​មូល។ តើ​គោល​ចារឹក​នៃ​សំពត់​ចីវរ​ទាំង​បី​កើត​មាន​ឡើង​ត្រឹម​ណា​ក្នុង​សម័យ​ពុទ្ធកាល?

សេចក្ដី​ក្នុង​ឯកសារ​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​កត់ត្រា​ថា នា​បឋម​ពោធិកាល គឺ​សម័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទើប​បាន​ត្រាស់​ដឹង​ថ្មីៗ ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​តែ​ចីវរ​ឥត​ម្ចាស់ ពោល​គឺ​សំពត់​ដែល​ភិក្ខុ​បាន​ដោយ​បង្សុកូល​យក​ពី​ព្រៃ​ស្មសាន ជា​ទី​ដែល​គេ​បោះ​សាកសព ឬ​ពី​គំនរ​សំរាម​មក​ប៉ះប៉ុន​ធ្វើ​ជា​គ្រឿង​ក្រាល​គ្រង។ សំពត់​ទាំង​នេះ គឺ​ភិក្ខុសង្ឃ​លោក​យក​ទៅ​ជ្រលក់​ពណ៌​ទឹក​អម្ចត់ (ម្ចត់) ដែល​ដាំ​រំងាស់​ចម្រាញ់​ពី​ផ្កា​ឈើ ផ្លែ​ឈើ មើម​ឈើ ស្លឹក និង​សំបក​ឈើ​ដើម្បី​ឱ្យ​ចីវរ​មាន​ពណ៌​ស្រគាំ​មិន​ឆើត​ឆាយ។

ភិក្ខុ​សុវណ្ណជោតោ ភួង សុវណ្ណ អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដម​សិក្សា​នៃ​វត្ត «និគ្រោធវ័ន» រាជធានី​ភ្នំពេញ មាន​ថេរដីកា​អំពី​សម័យកាល​នៃ​ពុទ្ធានុញ្ញាត​ដល់​ភិក្ខុ​ឱ្យ​ប្រើ​ប្រាស់​សំពត់​ចីវរ​មាន​ម្ចាស់៖ «ពរ! ក្នុង​រយៈ ២០​ឆ្នាំ​ដំបូង គឺ​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​មិន​ទាន់​អនុញ្ញាត​នូវ​គហបតី​ចីវរ បាន​ន័យ​ថា មិន​ទាន់​ឱ្យ​ភិក្ខុ​ទទួល​នូវ​ចីវរ​ដែល​គហបតី គ្រហស្ថ ប្រគេន។ អ៊ីចឹង​ក្នុង ២០​ឆ្នាំ​ដំបូង បន្ទាប់​ពី​ព្រះអង្គ​ត្រាស់​ដឹង គឺ​ភិក្ខុ​ទាំង​ឡាយ​ប្រើប្រាស់​សំពត់​បង្សុកូល​ពី​សាក​សព​ជា​ដើម​នោះ ពរ!…»

«គហបតី​ចីវរ» គឺ​សំពត់​ទាំង​ឡាយ​ដែល​ទាយក​ទាយិកា​មាន​សទ្ធា​ជ្រះថ្លា​នាំ​មក​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ។ នា​សម័យ​កាល​នោះ គហបតី​ចីវរ​គឺ​ជា​សំពត់​តែមួយ​ផ្ទាំង ដែល​ភិក្ខុ​យក​មក​ហ៊ុមព័ទ្ធ​គ្រប​ដណ្ដប់​រាង​កាយ។ លុះ​ចំណេរ​កាល​ក្រោយ​បន្តិច​មក ទើប​មាន​ពុទ្ធ​បញ្ញត្តិ​ឱ្យ​មាន​ការ​កាត់​ស្បង់​ស្បៃ​ត្រៃ​ចីវរ​ប្រកប​ដោយ​ក្បួនខ្នាត​ត្រឹមត្រូវ ដែល​មាន​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ភិក្ខុ​ព្រះ​មហា​ធម្មាលង្ការោ ចាន់ សុជន គង់​នៅ​វត្ត «ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់» ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​ថេរដីកា​បញ្ជាក់​អំពី​ដំណើរ​រឿង​ដែល​ជា​ហេតុ​បច្ច័យ​នាំ​ឱ្យ​កើត​ជា​ក្បួន​ច្បាប់​នៃ​បែប​ផែន​សណ្ឋាន​ក្នុង​ការ​កាត់ដេរ​ស្បង់​ស្បៃ​ត្រៃចីវរ​របស់​ភិក្ខុ​សង្ឃ៖ «ការ​កើត​ឡើង​នូវ​ប្រវត្តិ​ខ្នាត​រង្វាស់ ហើយ​មាន​ភាព​ពិសេស​ដែល​យើង​ឃើញ [មាន​លក្ខណៈ] ខុស​គេ​ហ្នឹង គឺ​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​ម្ចាស់​ទ្រង់​យាង​ទៅ​ជាមួយ​ព្រះ​អានន្ទ​ទៅ​កាន់​ទក្ខិណា​គិរី​ជនបទ នៅ​ដែន​មគធៈ​ហ្នឹង។ ក្នុង​កាល​ណោះ ព្រះអង្គ​ទ្រង់​ទត​ទៅ​ស្រែ​របស់​អ្នក​ស្រុក​ដែន​មគធៈ​ហ្នឹង ហើយ​ត្រាស់​សួរ​ទៅ​ព្រះ​អានន្ទ ថា​តើ​អានន្ទ​ឃើញ​ស្រែ​អ្នក​ទក្ខិណា​គិរី​ជនបទ​នេះ​ទេ? បាន​ព្រះ​អានន្ទ​ថា ឃើញ ទើប​ព្រះអង្គ​ថា ចុះ​អានន្ទ​អាច​ធ្វើ​ចីវរ​ឱ្យ​បាន​ដូច​រាង​ស្រែ​ហ្នឹង​ទេ? អានន្ទ​តប​ថា អាច​ធ្វើ​បាន។ ស្រែ​ហ្នឹង​មាន​ភ្លឺ មាន​ប្រឡាយ ទើប​ព្រះអង្គ​ឱ្យ​កើត​មាន​ឡើង​នូវ​ទម្រង់​ចីវរ​បែប​ស្រែ​អ្នក​ស្រុក​ដែន​មគធៈ​ហ្នឹង​ពរ!…»

​តាម​ពុទ្ធប្រវត្តិ ព្រះ​អានន្ទ​គឺ​ជា​ឧបដ្ឋាក​ដែល​នៅ​គាល់​បម្រើ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ដោយ​ផ្ទាល់​អស់​រយៈពេល​ប្រមាណ ៣០​ឆ្នាំ​ចុង​ក្រោយ រហូត​ដល់​ព្រះអង្គ​បរិនិព្វាន។ ព្រះ​អានន្ទ​តែង​និមន្ត​តាម​ព្រះពុទ្ធ​គ្រប់​ទិសទី ហើយ​បាន​ស្ដាប់ និង​ចេះ​ចាំ​នូវ​រាល់​ធម្មទេសនា​ទាំង​អស់​ដែល​ព្រះពុទ្ធ​បាន​សំដែង។ រី​ឯ​ដែន​មគធៈ គឺ​ជា​នគរធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា នា​សម័យ​ពុទ្ធកាល​ដែល​មាន​ក្រុង​រាជ​គ្រឹះ ឬ​រាជ​គិរី​ជា​ធានី។ សព្វ​ថ្ងៃ​នេះ​ដែន​មគធៈ បាន​ក្លាយ​ទៅ​ជា​រដ្ឋ «ប៊ីហារ» (ពិហារ ឬ​វិហារ) ស្ថិត​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា។

​អ្នកគ្រូ​ធម្មាចារ្យ ម៉ម សុខហេង នៅ​ភូមិ​វាល ឃុំ​គោកចក ស្រុក​សៀមរាប ខេត្ត​សៀមរាប រៀបរាប់​អំពី​មូលហេតុ​មួយ​នៃ​ពុទ្ធបញ្ញត្តិ​ឱ្យ​សំពត់​ចីវរ មាន​ការ​កាត់​ផ្តាច់​ជា​ផ្ទាំងៗ រួច​ទើប​យក​មក​ដេរ​ប៉ះ​ត​ភ្ជាប់​គ្នា​ជា​ក្រោយ​នេះ៖ «គឺ​ថា​គហបតី​ចីវរ​ហ្នឹង​ស្អាតៗ ដែល​ទាយក​ទាយិកា​សម័យ​ពុទ្ធកាល លោក​បាន​ដង្ហែ​ទៅ​សំពត់​ហ្នឹង​ផ្ទាំង​ជាប់ៗ​គ្នា គឺ​ថា​ស្អាតៗ​ណាស់ ធ្វើ​ឱ្យ​ជនខិលខូច ចោរ​ហ្នឹង​លួច លួច​លោក​ទៅ​ណា៎។ តែ​ក្រោយ ព្រះសម្មាសម្ពុទ្ធ​បាន​ប្រគល់​ភារកិច្ច​ហ្នឹង​ទៅ​ឱ្យ​ព្រះ​អានន្ទ ជា​អ្នក​ឆ្លាត​ឈ្លាស ថា​ត្រូវ​ឱ្យ​កាត់​នូវ​ត្រៃចីវរ​នេះ​ឯង ដូច​ជា​ថ្នាល​ស្រែ នៅ​ក្នុង​ដែន​មគធៈ ដែល​កាត់​ដាច់​ហើយ​ប៉ះ​មក​វិញ​ដើម្បី​ការពារ​កុំ​ឱ្យ​ចោរ​លួច...»

​តាម​ន័យ សំពត់​កាសាវពស្ត្រ​សម្រាប់​បព្វជិត​ពុទ្ធសាសនិក​គ្រង​ជានិច្ច​នោះ រួម​មាន ៣​ផ្ទាំង គឺ​ស្បង់ ចីពរ សង្ឃាដី ហៅ​ថា ត្រៃចីវរ។

ចាប់​តាំង​ពី​ពេល​ដែល​មាន​ពុទ្ធ​បញ្ញត្តិ​នោះ​មក សំពត់​ទាំង​បី​ផ្ទាំង​នេះ ទោះបីជា​សំពត់​បង្សុកូល​ដែល​ភិក្ខុ​បាន​មក​ពី​ព្រៃ​ស្មសាន ឬ​ពី​គំនរ​សំរាម​ក្តី ឬ​ជា «គហបតី​ចីវរ» ដែល​ទាយក​ទាយិកា​ប្រគេន​ក្តី គឺ​ត្រូវតែ​កាត់​ផ្ដាច់ និង​ដេរ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​វិន័យ បើ​មិន​ដូច្នេះ​ទេ ភិក្ខុ​ទ្រទ្រង់​ទៅ​នឹង​ត្រូវ​មាន​ទោស​អាបត្តិ។

​នេះ​គឺជា​ការ​អធិប្បាយ​របស់​ភិក្ខុ​ព្រះ​ញាណកោសល យ៉ង សេងយៀត សកលវិទ្យាធិការ​រង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុរាជ នៅ​ទីក្រុង​ភ្នំពេញ ចំពោះ​ហេតុផល​ចម្បង​មួយ​នៃ​ពុទ្ធ​បញ្ញត្តិ​នេះ៖ «សារសំខាន់ ព្រះសង្ឃ​អ្នក​បួស​​គឺ​ជា​អ្នក​ស្ម័គ្រចិត្ត​រស់នៅ​ដោយ​ការ​លះបង់។ ក្នុង​ព្រះ​វិន័យ​គ្រប់​សិក្ខាបទ​ទាំង​អស់ គឺ​ឱ្យ​ព្រះសង្ឃ​លះ​ទាំង​អស់ ហើយ​ព្រះអង្គ​ប្រកាស​សំដែង​ប្រាប់​ភិក្ខុសង្ឃ​ទាំង​អស់​ថា ព្រះអង្គ​មាន​ទ្រព្យ​តែ​ប៉ុណ្ណេះ​ទេ មាន​បាត្រ សង្ឃាដី ស្បង់​ចីវរ​មួយ​ត្រៃ​ហ្នឹង ៣​ហ្នឹង។ សូម្បី​តែ​របស់​ដែល​ថា ជាប់​នឹង​ខ្លួន​ហ្នឹង​ក៏​មិន​ឱ្យ​ជាប់​ជំពាក់​ថា រឿង​ហ្នឹង​វា​ល្អ​វា​ស្អាត​ទេ។ ព្រះអង្គ​បាន​ប្រៀបធៀប​ភិក្ខុសង្ឃ​ទៅ​ដូចជា​សត្វ​ដែល​មាន​ស្លាប​តែ​ពីរ​ទេ មិន​អាច​មាន​របស់​អ្វី​មិន​ឱ្យ​ជា​របស់​អ្វី​ច្រើន​ទេ ហើយ​របស់​ដែល​មាន​ហ្នឹង​គឺ​មិន​ឱ្យ​មាន​តម្លៃ​ទៅ​ទៀត អ៊ីចឹង​ហើយ​បាន​ឱ្យ​កាត់​ហ្នឹង…»

​តាម​ពុទ្ធ​បញ្ញត្តិ ចីវរ​ដែល​កាត់​ដាច់​ជា​កំណាត់ៗ ហើយ​ដេរ​ភ្ជាប់​គ្នា​វិញ ប្រកប​ដោយ​ពណ៌​អម្ចត់​តែ​ម្យ៉ាង​នេះ ទើប​សម​គួរ​ដល់​ភេទ​សមណៈ ជា​បព្វជិត​អ្នក​ប្រាថ្នា​ចេញ​ចាក​កាម បាន​លះបង់​ភាព​ជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ មក​ទ្រទ្រង់​ផ្នួស​ក្នុង​ពុទ្ធ​សាសនា។

​លោក​បណ្ឌិត សួន ឱសថ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ជា​ជំនួយ​ការ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បញ្ជាក់​អំពី​ហេតុផល​ដ៏​ចម្បង​មួយ​ទៀត​នៃ​ព្រះ​វិន័យ​ចំពោះ​គ្រឿង​ក្រាល​គ្រង​របស់​ភិក្ខុសង្ឃ​ដែល​តម្រូវ​ឱ្យ​មាន​ការ​កាត់​ផ្ដាច់​ជា​ចម្រៀក​តូច​ធំ​នេះ៖ «ចំណុច​មួយ​ដែល​សំខាន់​នោះ គឺ​ឱ្យ​ភិក្ខុ​មាន​សេចក្ដី​សង្វេគ​ថា វត្ថុ​ទាំង​ឡាយ​វា​កើត​មក​ពី​ការ​ផ្សំ​គ្នា ហើយ​ភិក្ខុ​ដែល​ទ្រទ្រង់​នូវ​សំពត់​បង្សុកូល គឺ​លោក​ទៅ​ទស់​យក​នូវ​សំពត់​នោះ មាន​ខ្នាត​មិន​ប៉ុន​គ្នា​ទេ មាន​ខ្នាត​ធំ​តូច មាន​ខ្លី​មាន​វែង។ ហេតុ​ដូច្នោះ ការ​ដែល​ទ្រង់​អនុញ្ញាត​យ៉ាង​នេះ គឺ​ដើម្បី​អនុគ្រោះ​ឱ្យ​ភិក្ខុ​បាន​យក​សំពត់​ទាំង​នោះ​មក​ដេរ​ផ្គុំ​តៗ​គ្នា​បាន បាន​ជា​ព្រះអង្គ​សំដែង​ថា ឱ្យ​ធ្វើ​ចីវរ​ហ្នឹង​ដូចជា​ស្រែ​អ្នក​ដែន​មគធៈ​ហ្នឹង...»

ប្រការ​មួយ​ទៀត ទោះ​បី​ជា​មិន​ឃើញ​មាន​ចែង​ក្នុង​គម្ពីរ​ដីកា​ក្តី លោក​អ្នក​ប្រាជ្ញ​បណ្ឌិត​ខាង​ពុទ្ធសាសនា​បាន​បញ្ជាក់​ស្រប​គ្នា ចំពោះ​អត្ថន័យ​ខ្នាត​រង្វាស់​ត្រៃចីវរ ដែល​កាត់​ផ្ដាច់​ដោយ​យក​តាម​លំនាំ​នៃ​សណ្ឋាន​ស្រែ​អ្នក​ស្រុក​ដែន​មគធៈ​សម័យ​បុរាណ មាន​កន្សែង​តូច​ធំ​ប្រកប​ដោយ​ភ្លឺស្រែ និង​ប្រឡាយ​ទឹក​ខ្វាត់ខ្វែង។ ក្នុង​នោះ​គឺ​អាច​បង្កប់​ន័យ​ដាស់តឿន​ដល់​ភិក្ខុសង្ឃ​ឱ្យ​មាន​ការពិចារណា​គ្រប់​ខណៈ​ថា អាត្មា​អញ​ក្រាល​គ្រង​ស្បង់​ស្បៃ​ត្រៃចីវរ ដែល​ជា​ទាន​របស់​បរិស័ទ ដូច្នេះ​គប្បី​ប្រតិបត្តិ​ខ្លួន​ឱ្យ​សមគួរ​ជា​ថ្នាល​បណ្ដុះ​បុណ្យ​កុសល​ដ៏​ប្រសើរ ដូច​សេចក្ដី​អធិប្បាយ​ក្នុង​គុណសម្បត្តិ​មួយ​ផ្នែក​របស់​ព្រះសង្ឃ គឺ​បុញ្ញក្ខេត្ត ដែល​មាន​ន័យ​ថា «ស្រែ​បុណ្យ»។

​សព្វ​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា ភិក្ខុសង្ឃ​ដែល​ប្រតិបត្តិ​ពុទ្ធសាសនា​ថេរវាទ គង់​នៅ​តាម​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក មាន​ទ្រទ្រង់​អាវ​ពី​ខាង​ក្នុង ទើប​គ្រង​ស្បង់​ចីវរ​ពី​លើ។ តើ​នេះ​ជា​ការ​ត្រឹមត្រូវ​តាម​ពុទ្ធ​បញ្ញត្តិ​ដែរ​ឬ​ទេ?

សូម​លោក​អ្នក​នាង​កញ្ញា​រង់ចាំ​ស្ដាប់​សេចក្ដី​អធិប្បាយ​អំពី​ប្រការ​នេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នា​ពេល​ក្រោយ។ ​ប្រសិនបើ​លោកអ្នក​នាង​កញ្ញា​មាន​សំណួរ ឬ​យោបល់​យ៉ាងណា សូម​សរសេរ​មក​យើង​ខ្ញុំ​តាម​អាសយដ្ឋាន៖ វិទ្យុ​អាស៊ីសេរី ប្រអប់​សំបុត្រ​ប្រៃសណីយ៍ លេខ ៨១៦ ក្រុង​ភ្នំពេញ។​ចំពោះ​អ៊ីម៉េល សូម​ប្រើ​អាសយដ្ឋាន៖ Khmer@rfa.org ​ឬ​មួយ​ទូរស័ព្ទ​មក​លេខ​៖ ០១២-៨១១-៩១១។ សូម​អរគុណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។