តាមពុទ្ធបញ្ញត្តិ ភិក្ខុសង្ឃសាមណេរ អ្នកបួសក្នុងពុទ្ធសាសនា ទោះគង់នៅទីណាក្តី គឺត្រូវប្រារព្ធកិច្ចវត្តប្រតិបត្តិចូលកាន់វស្សារយៈពេលបីខែនៅរាល់វស្សានដូវ ឬរដូវភ្លៀង បើពុំនោះសោតនឹងត្រូវអាបត្តិទុក្កដ ឬមានទោសព្រោះកន្លងវិន័យ។
តើមានការខុសប្លែកគ្នាយ៉ាងណាក្នុងការបំពេញកិច្ចវត្តចាំវស្សារបស់ភិក្ខុសាមណេរនៅសម័យពុទ្ធកាល និងបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា?
ទោះបីជាព្រះពុទ្ធសាសនាបានកន្លងទៅអស់រយៈពេល ២៥៥៨ឆ្នាំទៅហើយក្តី ក៏ភិក្ខុសង្ឃសាមណេរនៅរក្សាកិច្ចចូលវស្សារយៈពេលបីខែ ទៅតាមពុទ្ធបញ្ញត្តិ។
ចំពោះកាលវេលាកំណត់គង់ចាំវស្សាពុំមានការផ្លាស់ប្ដូរអ្វីទេ គឺថ្ងៃចូលកាន់វស្សាដើម ឬ «បុរិមិកាវស្សា» និងថ្ងៃចូលកាន់វស្សាចុងដែលភាសាបាលីហៅថា «បច្ចិមិកាវស្សា»។ ថ្ងៃចូលកាន់វស្សាដើម គឺចាប់ពីថ្ងៃ ១រោច ខែអាសាឍ ហើយចេញវស្សានៅថ្ងៃ១៥ កើត ខែអស្សុជ។ រីឯថ្ងៃចូលកាន់វស្សាចុងវិញ គឺចាប់ផ្ដើមពីថ្ងៃ ១រោច ខែស្រាពណ៍ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ទើបចេញវស្សា។ ប៉ុន្តែជាទូទៅភិក្ខុសង្ឃនៅក្នុងប្រទេសកម្ពុជា ច្រើននិយមរើសយកចូលកាន់វស្សា នៅថ្ងៃ ១រោច ខែអាសាឍ ឬខែទុតិយាសាឍ ចំពោះឆ្នាំណាដែលមានការលើកខែ។
ចំណុចខុសគ្នាមួយ គឺនាសម័យព្រះពុទ្ធគង់ធរមាននៅឡើយ ភិក្ខុសង្ឃសាមណេរកំណត់ទីគង់ចាំព្រះវស្សា ដោយហេតុពីរយ៉ាង។ ភិក្ខុ ញ៉ឹម ច័ន្ទរិទ្ធិ ឥន្ទញាណចន្ទោ គង់នៅវត្ត«ពោធិ៍ក្នុង»ខេត្តបាត់ដំបង មានថេរដីកាអំពីហេតុពីរប្រការនេះ៖ «សម័យពុទ្ធកាល បើយើងសិក្សាក្នុងព្រះវិន័យ ព្រះសង្ឃដែលមានការគោចរចង់និមន្តទៅគង់ចាំវស្សានៅទីណាមួយ ដោយយល់ថាទីនោះសំបូរទៅដោយជីតុន។ ពាក្យថាជីតុននេះ មានន័យថា ជាញាតិជាអ្នកប្រាថ្នានឹងទំនុកបម្រុងដល់ព្រះសង្ឃ គេបានអារាធនាឱ្យភិក្ខុសង្ឃគង់ចាំវស្សានៅក្នុងស្រុកនិគមរបស់គេនោះ ហើយមួយទៀតលោកគង់ទៅតាមអធ្យាស្រ័យ ដែលលោកយល់ថា គង់នៅកន្លែងនឹងអាចរស់នៅចិញ្ចឹមជីវិតបានដោយងាយ ហើយងាយនឹងការប្រតិបត្តិធម៌ ហើយក៏មិននៅឆ្ងាយពីភូមិពេក។ អ៊ីចឹងការចាំវស្សា ទី១ ដោយការអារាធនា និងទី២ ដោយលោកយល់ឃើញថា កន្លែងនោះមានពុទ្ធបរិស័ទល្មមសមគួរនឹងចិញ្ចឹមនូវភិក្ខុសង្ឃដែលចាំវស្សាហ្នឹងបាន មានពីរចំណុចហ្នឹង»។
ឯកសារផ្នែកពុទ្ធសាសនាបង្ហាញថា នាសម័យពុទ្ធកាល មានពុទ្ធបរិស័ទអ្នកមានស្ដុកស្ដម្ភ ដូចជាមហាឧបាសិកាវិសាខា អនាថបិណ្ឌិកសេដ្ឋី លោកអ្នកបណ្ឌិត និងមហាសេដ្ឋី គហបតីពាណិជ្ជជាច្រើន ព្រមទាំងព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សនៃនគរផ្សេងៗផង តែងឧបត្ថម្ភបច្ច័យទាំងឡាយបួន រួមមានចង្ហាន់បិណ្ឌបាតប្រចាំថ្ងៃជាដើម ដែលហៅថា «និច្ចភត្ត» ជាប់មិនដាច់ ថ្វាយដល់ព្រះពុទ្ធ និងប្រគេនដល់ភិក្ខុសង្ឃ អស់វារៈបីខែ ពេញបរិបូណ៌នៅរៀងរាល់រដូវចូលវស្សា។ ប៉ុន្តែបច្ចុប្បន្ននេះ ជាទូទៅ ភិក្ខុសង្ឃសាមណេរចាំបាច់ត្រូវនិមន្តចេញបិណ្ឌបាតជារៀងរាល់ថ្ងៃ ក្នុងរយៈពេលកាន់វស្សាបីខែ ដោយហេតុថា ពុំសូវមានពុទ្ធបរិស័ទអារាធនានិមន្តគង់ចាំវស្សា ដោយផ្គត់ផ្គង់ភត្តាហារ ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗ ដូចជាក្នុងសម័យព្រះពុទ្ធគង់ធរមាននោះឡើយ។
ភិក្ខុ ញ៉ឹម ច័ន្ទរិទ្ធិ ឥន្ទញាណចន្ទោ មានថេរដីកាបន្ថែមអំពីការវិវត្តន៍ផ្លាស់ប្ដូរក្នុងការវេរភត្តទំនុកបម្រុងភិក្ខុសង្ឃ នារដូវកាលចូលវស្សានេះ ដែលក្រោយមកបានក្លាយទៅជាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឬប្រជុំបិណ្ឌ រហូតមកដល់សព្វថ្ងៃនេះ៖ «ដែលភិក្ខុសង្ឃគង់ចាំវស្សាអស់បីខែហ្នឹង សម័យពុទ្ធកាល គឺពុទ្ធបរិស័ទផ្គត់ផ្គង់បីខែពេញ ហើយបុព្វហេតុដែលថា ឱ្យចាំវស្សា មានពុទ្ធបរិស័ទមានដាក់បិណ្ឌ ដោយសារព្រះសង្ឃក្នុងរដូវនោះភ្លៀងធ្លាក់ច្រើនមិនអាចនិមន្តគោចរទៅកាន់ទីភោជនដ្ឋានផ្សេងៗ ទើបព្រះសម្មាសម្ពុទ្ធព្រះអង្គអនុញ្ញាតឱ្យមានការធ្វើបុណ្យដាក់បិណ្ឌ ឬយើងហៅថាភ្ជុំបិណ្ឌ។ ក្នុងឱកាសហ្នឹង គឺមាននាងវិសាខាក្នុងសម័យពុទ្ធកាលមានពុទ្ធបរិស័ទច្រើន អីចឹងគឺគេអាចផ្គត់ផ្គង់បានបីខែ។ ប៉ុន្តែក្រោយមក ដែលមានការចាំវស្សាក្នុងកម្ពុជារដ្ឋយើង នាសម័យកាលនៃព្រះបាទអង្គឌួង ឬក៏ពីសម័យកាលមុនហ្នឹង ដោយយល់ទៅតាមពុទ្ធបរិស័ទដែលមានកិច្ចរវល់ និងជីវភាពរស់នៅមានការលំបាក ក៏កាត់បន្ថយពីបីខែ មកនៅត្រឹមកន្លះខែហ្នឹង»។
ត្រង់ប្រការនេះ លោកគ្រូធម្មាចារ្យ លាវ សុមនោ នៅភូមិវត្តស្វាយ ឃុំសាលាកំរើក ក្រុងសៀមរាប បញ្ជាក់ដូចគ្នាអំពីការវិវត្តន៍ផ្លាស់ប្ដូរក្នុងការទំនុកបម្រុងបិច្ចភត្តដល់ភិក្ខុសង្ឃអស់មួយត្រៃមាសក្នុងរដូវចូលវស្សា។ ទោះបីយ៉ាងណាក្តី លោកមានប្រសាសន៍ថា នៅមានការរក្សាទំនៀមអារាធនានិមន្តព្រះសង្ឃគង់ចាំវស្សាតាមតំបន់ខ្លះនៃប្រទេសកម្ពុជា នាសម័យបច្ចុប្បន្ននេះ៖ «បាទ! រឿងការអារាធនានិមន្តភិក្ខុសង្ឃនេះ គឺនៅតែមាន ដោយបរិស័ទខ្លះលោកពេញចិត្តដោយព្រះថេរៈអង្គខ្លះចេះដឹងពុទ្ធវចនៈ អាចសម្ដែងធម៌ អាចបង្រៀនបាន ក៏និមន្តលោកឱ្យគង់នៅតាមវត្តអារាមក្នុងតំបន់តាមការពេញចិត្តរៀងខ្លួនទៅ។ ប៉ុន្តែដោយឡែកការផ្គត់ផ្គង់បច្ច័យបួន ដែលយើងឃើញនៅសព្វថ្ងៃនេះ គឺនៅសល់តែកន្លះខែ បានន័យថា ក្នុងរដូវដែលយើងដឹងថា ភ្ជុំបិណ្ឌនោះ គឺមានការផ្គត់ផ្គង់សម្រាប់ភិក្ខុសង្ឃជាប់ជានិច្ច មិនឱ្យលោកនិមន្តទៅបិណ្ឌបាត។ ប៉ុន្តែដែលថា គ្រប់ទាំង ៣ខែនោះ គឺមិនទាន់ឃើញថា មានគហបតីណាដែលជ្រះថ្លា មិនចាំបាច់ឱ្យលោកនិមន្តទៅណាមកណា ឱ្យគង់តែក្នុងវត្តរហូត ដើម្បីសិក្សាហើយសំដែងធម៌ ឬបង្រៀនធម៌ដល់បរិស័ទនោះ មិនទាន់ឃើញនៅឡើយទេ។ ចំណុចត្រង់ហ្នឹងបានតែមួយចំនួនតូចទេ»។
ទាក់ទងនឹងការផ្គត់ផ្គង់បច្ច័យបួនប្រគេនដល់ភិក្ខុសង្ឃក្នុងអំឡុងពេលគង់ចាំវស្សាវិញ លោកគ្រូធម្មាចារ្យ លាវ សុមនោ ដែលកាន់កម្មវិធីឧបាសក-ឧបាសិកាផ្កាឈូកនៃវិទ្យុព្រះពុទ្ធសាសនានៅខេត្តសៀមរាប អធិប្បាយថា មានការខុសប្លែកគ្នាពីសម័យពុទ្ធកាល ពោលគឺសព្វថ្ងៃនេះ បរិស័ទភាគច្រើននិយមប្រគេនជាបច្ច័យប្រាក់កាសដល់ភិក្ខុសង្ឃ ឬវេយ្យាវច្ចៈ ដែលជាអ្នកខ្នះខ្នែងបម្រើកិច្ចការក្នុងវត្ត មានអាចារ្យជាដើម៖ «បើសិនជាយើងធ្វើឱ្យត្រូវតាមធម៌វិន័យ គប្បីបវារណាលោកដោយបច្ច័យបួន មានសំពត់ចីវរ អាហារបិណ្ឌបាត ទីសេនាសនៈ និងថ្នាំកែរោគ តាមកិច្ចនូវព្រះវិន័យ បើយើងអារាធនាលោកឱ្យគង់អញ្ចឹង គឺត្រូវបវារណា។ ពាក្យថាបវារណានេះ មានន័យថា បើឱកាសឱ្យលោកត្រូវការ គឺឱ្យលោកម្ចាស់ត្រូវការបច្ច័យណាមួយមកទារពីខ្ញុំករុណា។ ប៉ុន្តែសព្វថ្ងៃនេះ មិនមានបរិស័ទយើងធ្វើអ៊ីចឹងទេ បើមានក៏តិចតួចណាស់ដែរ បើមានគឺច្រើនតែយកប្រាក់ទៅតែម្ដងសម្រាប់ដាក់នៅនឹងវេយ្យាវច្ច»។
ទោះបីជានាសម័យពុទ្ធកាល បរិស័ទមានសទ្ធាជ្រះថ្លាបរិច្ចាគទ្រព្យធនអារាធនាព្រះសម្មាសម្ពុទ្ធ ព្រមដោយភិក្ខុសង្ឃសាវក ដែលពេលខ្លះមានរហូតដល់ច្រើនពាន់អង្គផងនោះ ឱ្យនិមន្តគង់ចាំវស្សាជាសុខនៅក្នុងភូមិស្រុកនិគមរបស់ខ្លួន ដោយទំនុកបម្រុងជាប់ជាប្រចាំអស់វារៈមួយត្រីមាសក្តី ឯកសារផ្នែកពុទ្ធសាសនាកត់ត្រាឱ្យដឹងថា មានរដូវភ្លៀងធ្លាក់ជោកជាំខ្លះ ព្រះពុទ្ធសមណគោតមទ្រង់សព្វព្រះទ័យគង់ចាំវស្សាក្នុងព្រៃជ្រៅតែមួយអង្គឯងយ៉ាងស្ងប់ស្ងៀម ជាមួយសត្វម្រឹគីម្រឹគា មានដំរី ស្វា និងសត្វស្លាបតូចធំក្នុងព្រៃប្រកបដោយសេចក្ដីសុខពេញមួយវស្សា។
គោលដៅសំខាន់នៃការចូលវស្សារបស់ភិក្ខុសាមណេរ គឺដើម្បីប្រតិបត្តិធម៌វិន័យឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ ពិសេសផ្នែកគន្ថធុរៈ បានដល់ការសិក្សាគម្ពីរព្រះត្រ័យបិដកជាដើម និងវិបស្សនាធុរៈ បានដល់ការចម្រើនសមណធម៌ដែលជាការអនុវត្តជាក់ស្ដែង ជម្រះនូវគ្រឿងមន្ទិលសៅហ្មងក្នុងចិត្ត។ តើកិច្ចវត្តនេះ មានការវិវត្តន៍ផ្លាស់ប្ដូរដែរ ឬយ៉ាងណានៅបច្ចុប្បន្ន? សូមលោកអ្នកនាងកញ្ញារង់ចាំស្ដាប់សេចក្ដីអធិប្បាយអំពីប្រការនេះនៅក្នុងកម្មវិធីផ្សាយរបស់យើងនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
