ក្នុងសង្គមខ្មែរសព្វថ្ងៃមានពិធីបុណ្យជាច្រើន ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យកឋិនទាន បុណ្យផ្កា បុណ្យភ្ជុំបិណ្ឌ បុណ្យទក្ខិណានុប្បទាន បុណ្យបច្ច័យបួន បុណ្យចំរើនអាយុ និងពិធីបុណ្យសពជាដើម។
ក្នុងឱកាសនៃពិធីបុណ្យទាំងអស់នេះ តែងមានភ្ជាប់ជាមួយនូវការផ្តល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលក្នុងពុទ្ធសាសនាឱ្យឈ្មោះថាទាន។
«អាមិសទាន» ឬការចែករំលែកនូវចំណីអាហារ ថ្នាំកែរោគ គ្រឿងស្លៀកដណ្តប់ និងទីស្នាក់អាស្រ័យជាដើមនេះ គឺរាប់ចូលទៅក្នុងសង្គហធម៌ ឬសេចក្តីសង្គ្រោះ ក្នុងការប្រព្រឹត្តអំពើជាប្រយោជន៍ដល់មនុស្សសត្វផងគ្នា។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរសង្គហទាននេះ គឺជាគុណធ៌មដ៏ប្រសើរដែលញ៉ាំងឱ្យកើតមាននូវសេចក្តីសុខដល់បុគ្គលអ្នកឱ្យផង ដល់បុគ្គលអ្នកទទួលផង និងសុខសន្តិភាពដល់សង្គមផង។ សង្គហធម៌ ឬសង្គហទាននេះ បានដល់ការសង្គ្រោះគ្នាទៅវិញទៅមកក្នុងរង្វង់ក្រុមគ្រួសារញាតិមិត្តរវាងមនុស្សក្នុងក្រុម ឬសហគមន៍មួយ និងរវាងប្រទេសជាតិមួយទៅប្រទេសជាតិមួយទៀត។
សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យ «ព្រះសីហនុរាជ» នៅទីក្រុងភ្នំពេញ ភិក្ខុ យ៉ង សេងយៀត ព្រះញាណកោសល មានថេរដីកាពន្យល់បន្ថែមអំពីអត្ថប្រយោជន៍នៃ «អាមិសទាន» គឺការឱ្យនូវរបស់ទ្រព្យ គ្រឿងឧបភោគបរិភោគ ទីស្នាក់អាស្រ័យ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលជាបច្ច័យដ៏សំខាន់ និងចាំបាច់ក្នុងការរក្សាសង្គមឱ្យមានភាពសុខសាន្ត ប្រាសចាកនូវភាពក្រីក្រ ក្តីស្រេកឃ្លាន និងភាពគ្មានទីជម្រកជាដើម។
ភិក្ខុ យ៉ង សេងយៀត៖ «ការធ្វើនូវសប្បុរសធម៌តាមរយៈទាន គឺដោយសារមនុស្សក្នុងសង្គម កើតមកមានលទ្ធភាពមិនដូចគ្នា ទាំងកម្លាំងបញ្ញា និងកម្លាំងរាងកាយមិនដូចគ្នា។ បុគ្គលខ្លះមានកម្រិតនៃការរស់នៅខ្ពស់ មានបញ្ញាល្អប្រសើរ ដោយឡែកអ្នកខ្លះទៀត គ្នាទ្រុឌទ្រោមពីធម្មជាតិមក គ្នាកើតមកមានការពិបាក។ ក្នុងសង្គមមានមនុស្សគ្រប់ប្រភេទទាំងអស់ ដើម្បីឱ្យសង្គមមានតុល្យភាពដល់តែអ្នកដែលសំបូរសប្បាយ ជួយសង្គ្រោះអ្នកទន់ខ្សោយ។ ក្នុងសង្គមមួយមនុស្សអត់ឃ្លានច្រើនពេក សង្គមនឹងក៏មិនអាចមានស្ថិរភាពបានដែរ។ ក្នុងន័យនេះឯង បានព្រះពុទ្ធជាម្ចាស់លោកថា ឱ្យធ្វើទានដើម្បីសង្គ្រោះគ្នា ន័យមួយគឺសង្គ្រោះសង្គមឱ្យមានតុល្យភាព»។
ក្នុងគោលគំនិតសង្គ្រោះដល់ជនកំសត់ទុរគតដែលគ្មានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិត ឬគ្មានទ្រព្យធនធានដើម្បីទិញថ្នាំសង្កូវព្យាបាលរោគនេះ មានយុវជនយុវតីជាច្រើនក្រុមបានរួមសាមគ្គីគ្នាចំណាយពេលវេលា កម្លាំងកាយ និងតម្រេះវិជ្ជាដែលខ្លួនបានសិក្សារៀនសូត្រ ចាត់ចែងបង្កើតឱ្យមានជាទិវាបរិច្ចាគឈាម ដើម្បីជួយដល់កុមារនៃគ្រួសារក្រីក្រ។
យុវជន រស់ សុដារិទ្ធ ដែលមានជំនាញផ្នែកព័ត៌មានវិទ្យា ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ មក យុវជនយុវតីជាមិត្តច្រើននាក់ផ្សេងទៀតបានមូលចិត្តគំនិតគ្នា បង្កើតជាព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីកុមារបានចំនួន ៥ដង ដោយក្នុងនោះមានសប្បុរសជនក្មេងចាស់ប្រុសស្រីជាច្រើនចូលរួមចំណែកផ្តល់ឈាម និងថវិកា ជួយដល់កុមារនៃគ្រួសារក្រីក្រ ដែលស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យកុមារជាតិ «គន្ធបុប្ផា» ក្នុងទីក្រុងភ្នំពេញ។
យុវជន រស់ សុដារិទ្ធ៖ «គោលគំនិត គឺចង់ចូលរួមជួយសង្គម ក្នុងនាមយើងជាពលរដ្ឋ ជាយុវជនទាំងអស់គ្នាហ្នឹង។ បើយើងគិតពីសង្គមរបស់យើងវិញ ដែលជឿទៅលើព្រះពុទ្ធសាសនា ដែលជាការធ្វើបុណ្យធ្វើទានដល់មនុស្សទូទៅ ក៏ដូចជាកុមារនៅមន្ទីរពេទ្យនឹងជាដើម។ ដោយសារយើងឃើញថា ខាងមន្ទីរពេទ្យប្រកាសថា គាត់ខ្វះខាតនូវថវិកា ក៏ដូចជាខ្វះឈាម យើងប្រកាសនៅតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត ហ្វេសប៊ុក មានកម្មវិធីផ្តល់ឈាមនៅថ្ងៃនេះៗអ៊ីចឹងទៅ ដល់ពេលហ្នឹងយើងទៅមន្ទីរពេទ្យផ្តល់តែម្តង។ បើសិនជាអ្នកណាស្ម័គ្រចិត្តនឹងទៅចូលរួមថ្ងៃហ្នឹងជាមួយគ្នា។ សុទ្ធតែជាការងារស្ម័គ្រចិត្ត យើងអត់ចង់បានកម្រៃ ឬក៏ផលប្រយោន៍ពីការធ្វើហ្នឹងទេ គឺយើងគ្រាន់តែជាការធ្វើកុសលសុទ្ធសាធ គឺជួយសង្គមដោយសុទ្ធចិត្តតែម្តង»។
សកម្មភាពដែលក្រុមយុវជនយុវតីនិងសប្បុរសជនទាំងអស់បានធ្វើនេះ គឺជាការបរិច្ចាគទានប្រកបដោយចិត្តអាណិតអាសូរ ក្នុងកិច្ចសង្គ្រោះរវាងមនុស្ស ក្នុងសង្គមមួយ ឬសហគមន៍មួយ។ ទន្ទឹមនឹងការជួយសង្គ្រោះផ្នែកសម្ភារៈ ឬ អាមិសទាន ការបរិច្ចាគផ្នែកសតិបញ្ញាស្មារតីមានសារសំខាន់ណាស់ក្នុងសង្គមមនុស្ស ដែលពុទ្ធសាសនាចាត់ទុកជា «ធម្មទាន»។
ភិក្ខុ ឆន ម៉ៅ មេត្តា មេត្តារក្ខិតោ គង់នៅវត្តនិគ្រោធវ័ន្ត ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានថេរដីកាអំពីកិច្ចសង្គ្រោះរបស់គ្រូអាចារ្យក្នុងការប្រៀនប្រដៅផ្តល់ចំណេះដឹងទាំងឡាយដល់សិស្ស ដែលជាផ្នែកមួយនៃធម្មទាន គឺការឱ្យទានខាងបញ្ញាស្មារតី ផ្នែកវិជ្ជាផ្លូវលោក៖ «ចំណេះដឹងក្នុងលោកមានច្រើន ប៉ុន្តែចំណេះដឹងណាដែលប្រព្រឹត្តទៅបានជាប្រយោជន៍ និងសេចក្តីសុខ គឺចាត់ចូលក្នុងធម្មទាន ដូចជាការអប់រំសីលធម៌ ការផ្តល់នូវចំណេះដឹងដើម្បីឱ្យអ្នកដទៃបាននូវចំណេះដឹង។ ក្នុងចំណេះដឹងនីមួយៗសុទ្ធតែមានវិជ្ជាជីវៈសីលធម៌ អ៊ីចឹងការបង្រៀនរបស់គ្រូបង្រៀនក្តី ការពន្យល់របស់សាស្ត្រាចារ្យក្តី ដែលគាត់ផ្តល់ទៅឱ្យសិស្ស ប្រកបដោយគុណធ៌មក្នុងចិត្ត ចង់ឱ្យសិស្សបានចំណេះដឹង ហើយយកទៅប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយសេចក្តីសុខ។ ការតាំងចិត្តឱ្យគេបានសុខយ៉ាងនេះ ក៏ចាត់ចូលទៅក្នុងធម្មទានដែរ»។
ដោយទទួលបាននូវការសង្គ្រោះបង្ហាត់បង្រៀនឱ្យមានវិជ្ជាផ្សេងៗពីគ្រូអាចារ្យហើយនោះ សង្គហធម៌របស់សិស្ស គឺការដឹងគុណចំពោះគ្រូដោយការបដិបត្តិ មានការយកចិត្តទុកដាក់រៀនសូត្រដោយគោរពជាដើម ហើយបានយកវិជ្ជាដែលបានសិក្សាចេះចាំទាំងនោះទៅប្រកបរបរចិញ្ចឹមជីវិតក្នុងផ្លូវសុចរិត និងជួយដល់ជនទាល់ក្រ ទន់ខ្សោយដោយប្រការណាមួយទៅតាមកម្លាំងទ្រព្យ និងបញ្ញារបស់ខ្លួន។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា «សព្វទានំ ធម្មទានំ ជិនាតិ» មានសេចក្តីថា «ធម្មទាន ឈ្នះអស់ទានទាំងពួង» ពោលគឺបានដល់ការចែករំលែកចំណេះដឹងក្នុងការអប់រំទូន្មានកាយវាចាចិត្ត ឱ្យស្ថិតនៅក្នុងសីលធម៌ ចរិយាធម៌ ឱ្យកើតនូវបញ្ញា ប្រាកចាកភាពអវិជ្ជា គឺជាទានដ៏ប្រសើរខ្ពង់ខ្ពស់បំផុត។
ទាក់ទងនឹងការធ្វើបុណ្យដាក់ទាន ឬការចែករំលែកនេះ ដូនតាខ្មែរបានចារឹកទុកនូវសុភាសិតបុរាណមួយ ស្របតាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីទុកជាគតិអប់រំកូនចៅជំនាន់ក្រោយ ឱ្យនាំគ្នាព្យាយាមធ្វើអំពើល្អក្នុងជីវិតមានសេចក្តីថា៖ «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
