លោកអ្នកនាងបានជ្រាបខ្លះហើយអំពីការព្យាបាលជំងឺរបេង។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិននៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ការព្យាបាលរបេងសកម្មនេះត្រូវតែធ្វើឡើងឲ្យបានត្រឹមត្រូវតាមវិធីពេទ្យទើបជា។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ដូច្នេះ ៖ «ជំងឺរបេង បើសិនជាយើងឆាប់ទទួលការព្យាបាល ជាពិសេសរបេងសួតហ្នឹង អត្រាជាសះស្បើយបានខ្ពស់ណាស់សឹងតែ១០០% ។ ផ្ទុយទៅវិញ បើសិនជាអ្នកជំងឺហ្នឹងបានទុកឲ្យមានការវិវត្តន៍នៅយូរ ហើយដំណាក់កាលក្រោយនេះមិនសូវមានទេ គឺអាចឲ្យជំងឺរបេងហ្នឹងស៊ីសាច់សួតបានច្រើន។ ដូច្នេះការជាហើយនៅមានសំណល់ខ្លះៗដែលអ្នកជំងឺហ្នឹង ដង្ហើមហ្នឹង មិនអាចជាបានស្រួលប៉ុន្មានទេ តែករណីនេះមានតិចតួចទេ ហើយបើមិនអ៊ីចឹងទេ បើសិនជាយើងអាចពិនិត្យស្រាវជ្រាវឲ្យបានទាន់ពេលវេលា ព្យាបាលបានចប់សព្វគ្រប់ ចប់ចុងចប់ដើម យើងជា មិនមានសេសសល់ទេ»។
តើថ្នាំរបេងធ្វើទុក្ខយ៉ាងណាបន្ទាប់ពីលេបថ្នាំរបេងហើយនោះ?
វេជ្ជបណ្ឌិតមានប្រសាសន៍ថា ថ្នាំរបេងគ្មានបណ្តាលឲ្យគ្រោះថ្នាក់ទេ ហើយនៅលើសកលលោកនេះ មនុស្សរាប់លាននាក់ពិសាថ្នាំរបេងទៅក៏មិនអាចមានបញ្ហាអ្វីកើតឡើងដែរ ក៏ប៉ុន្តែមានមនុស្សខ្លះ ពេលដែលពិសាថ្នាំរបេងគឺបណ្តាលឲ្យធ្វើទុក្ខ។
បណ្តាញព័ត៌មានស៊ី.អិន.អិន (CNN) បានស្រង់ព័ត៌មានពីមូលនិធិ Mayo ដើម្បីការអប់រំនិងការស្រាវជ្រាវផ្នែកវិជ្ជាពេទ្យថា ចំពោះករណីថ្នាំរបេងធ្វើទុក្ខគឺមិនដូចគ្នាឡើយ ក៏ប៉ុន្តែករណីថ្នាំរបេងធ្វើទុក្ខវាអាចក្លាយជាធ្ងន់ធ្ងរបាន ហើយថ្នាំរបេងទាំងអស់អាចធ្វើឲ្យថ្លើមរបស់អ្នកជំងឺពុល។
ឯកសារបន្តថា ចំពោះការធ្វើទុក្ខបណ្តាលពីការពិសាថ្នាំរបេង Rifampin គឺអាចបណ្តាលឲ្យមានរោគសញ្ញាដូចជាកើតផ្តាសាយធ្ងន់ធ្ងរ គ្រុនរងា ឈឺសាច់ដុំ រមូលឆ្អើម ក្អួត។ ហេតុនេះហើយបានជាមានការណែនាំថា ពេលដែលពិសាថ្នាំនេះ អ្នកជំងឺត្រូវតែសាកសួរពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមប្រសិនណាមានលេចចេញអាការៈមួយចំនួនដូចជា រមូលឆ្អើម ក្អួត បរិភោគអាហារមិនបាន មិនស្រេកឃ្លាន ស្បែកមានពណ៌លឿង ឬគ្រាប់ភ្នែកមានពណ៌លឿង ឬពណ៌ទឹកក្រូច ទឹកនោមមានសម្បុរលឿងស្រអាប់ដូចពណ៌ទឹកតែ ឬក៏ពណ៌ក្រមៅ គ្រុនរយៈពេល៣ឬ៤ថ្ងៃហើយដោយគ្មានដឹងមូលហេតុជាក់ស្តែង ឈឺចាប់នៅពោះ ភ្នែកមើលឡើងព្រិល ឬភ្នែកមើលមិនដឹងពណ៌ មិនច្បាស់ថាជាពណ៌ក្រហម ពណ៌បៃតង ភាពទន់ខ្សោយអស់កម្លាំងខុសធម្មតា ភាពវិលមុខ ឡើងកន្ទួលលើស្បែក រមាស់ ស្ពឹក ស្រៀវស្រាញនៅលើដៃ ឬជើង លាមកមានករណីពណ៌ស ពណ៌ផេះ ពណ៌ប្រផេះ។
ឯកសាររបស់អង្គការសហគមន៍សុខភាព សមាគមអាស៊ីប៉ាស៊ីហ្វិក (AAPCHO–Association of Asian Pacific Community Health Organizations) បានឲ្យដឹងដែរថា ករណីថ្នាំរបេងធ្វើទុក្ខ ក៏យោងទៅតាមប្រភេទថ្នាំដែលប្រើផងដែរ។ ថ្នាំខ្លះធ្វើឲ្យស្ពឹកហើយឈឺឆៀបៗនៅតាមចុងម្រាមដៃនិងចុងម្រាមជើង។ ថ្នាំខ្លះធ្វើទុក្ខដោយនាំឲ្យសាច់ជាំងាយបំផុត បង្កើនការឈឺចាប់នៅពេលមានរដូវ។ ថ្នាំខ្លះទៀតធ្វើឲ្យមានប្រតិកម្មចេញមក គឺឈឺ ឬហើមនៅតាមសន្លាក់ មានការពិបាកក្នុងការបត់ជើងតូច។
ឯកសារបន្តថា ក្នុងពេលដែលអ្នកជំងឺកំពុងលេបថ្នាំគ្រាប់ផ្សេងៗ ដូចជាថ្នាំការពារមិនឲ្យមានកូន ថ្នាំសម្រាប់បញ្ឈប់ប្រើគ្រឿងញៀន ថ្នាំសម្រាប់ព្យាបាលសួត ថ្នាំសម្រាប់បេះដូង ឈាម ថ្នាំសម្រាប់ទឹកនោមផ្អែម ថ្នាំរម្ងាប់ការឈឺចាប់ ឬថ្នាំរម្ងាប់ចិត្ត ថ្នាំសម្រាប់បញ្ឈប់ពិសាសុរា ថ្នាំសម្រាប់បញ្ឈប់ប្រកាច់និងឆ្កួត គឺអ្នកជំងឺត្រូវប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាក គិលានុបដ្ឋាយិកាបន្ទាន់ មុននឹងលេបថ្នាំរបេង។
តើអ្នកជំងឺគប្បីទៅពិគ្រោះជំងឺនៅឯណាក្នុងករណីសង្ស័យថាកើតរបេង?
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា នៅកម្ពុជាមានមណ្ឌលជាង១.០០០កន្លែងសម្រាប់ពិគ្រោះ ពិនិត្យជំងឺរបេង ៖ «កម្ពុជាយើងហ្នឹងបានចាប់ផ្តើមព្យាបាលដោយដូតស៍តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ១៩៩៨ មានតែនៅថ្នាក់មន្ទីរពេទ្យទេ។ ចាប់ពីឆ្នាំ១៩៩៩ មកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង ក៏ដូចជាក្រសួងសុខាភិបាល បានពង្រីកសេវារបេងដោយដូតស៍នេះឲ្យបានដល់មណ្ឌលសុខភាពបណ្តើរៗហើយរហូតដល់ចុងឆ្នាំ២០០៤ មាននៅមណ្ឌលសុខភាពទាំងអស់ មន្ទីរពេទ្យបង្អែកទាំងអស់របស់រដ្ឋយើងហ្នឹង មានប៉ុស្តិ៍សុខភាពរបស់រដ្ឋយើងហ្នឹងមាន គឺមានសេវាពិនិត្យជំងឺរបេងទាំងអស់។ បច្ចុប្បន្ននេះទូទាំងប្រទេសមានកន្លែងព្យាបាលជំងឺរបេងហ្នឹងប្រមាណជា១។០៧០កន្លែង បានន័យថា នៅគ្រប់មន្ទីរពេទ្យបង្អែកទាំងអស់ នៅគ្រប់មណ្ឌលសុខភាពទាំងអស់ នៅប៉ុស្តិ៍សុខភាពទាំងអស់យើងមាន។ ដូច្នេះបើសិនជាប្រជាពលរដ្ឋខ្មែរយើងហ្នឹងមានអាការៈសង្ស័យថា មានជំងឺរបេង ពិសេសរបេងសួត ដែលមានសញ្ញាសង្ស័យថា ក្អករ៉ាំរ៉ៃលើសពី២-៣ សប្តាហ៍ឡើងទៅ លោកអាចទៅកាន់មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះលោកបំផុត ជនបទក៏មាន ទីក្រុងក៏មាន នៅរាជធានីក៏មានទទួលការធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាលហើយ»។
ចំពោះការពិនិត្យនិងព្យាបាលជំងឺនោះវិញ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា គឺមិនមានគិតថ្លៃឡើយ ៖ «ខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា ការពិនិត្យកំហាករកមេរោគរបេងសួត ហើយការព្យាបាលដោយឱសថរបេងនេះគឺថា ពុំមានការបង់ថ្លៃទេ ព្រោះនេះជាគោលនយោបាយរបស់ក្រសួងសុខាភិបាល។ ក្នុងការប្រយុទ្ធជំងឺរបេង សេវាដែលផ្តល់ថ្នាំរបេងហើយនិងសេវាពិនិត្យកំហាកហ្នឹង គឺអត់យកប្រាក់កម្រៃទេ»។
ថ្វីបើលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា ការព្យាបាលគឺមិនគិតថ្លៃសេវាព្យាបាលមាននៅច្រើនកន្លែងក្តី ក៏លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ដែលផ្សាយថ្ងៃ២៧ ខែសីហា ឆ្នាំ២០០៩ថា បញ្ហាទទួលបាននូវថ្នាំព្យាបាល ហើយនិងការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពនៅមិនទាន់គ្រប់គ្រាន់ទេ ជាពិសេសនៅតំបន់ជនបទកម្ពុជា ហើយថា អ្នកផ្តល់សេវាសុខាភិបាលជាច្រើន ទោះសាធារណៈក្តី ទោះឯកជនក្តី គឺនៅខ្វះសមត្ថភាពនៅឡើយ៕
