ការ​ថយ​ចុះ​ចំនួន​តំណាង​ស្ត្រី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥

មក​ដល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​ប្រកាស​ពី​ចំនួន​អាសនៈ​សភា​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា លទ្ធផល​បឋម​បញ្ជាក់​ថា គណបក្ស​នយោបាយ​ធំៗ​ចំនួន​២ បាន​ទទួល​សំឡេង​គាំទ្រ​នាំ​មុខ​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

0:00 / 0:00

ដោយ​ពិនិត្យ​តាម​ចំនួន​បេក្ខជន​តំណាង​រាស្ត្រ​ជា​ស្ត្រី​នៃ​គណបក្ស​ទាំង​២ នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី បាន​គិត​ទុក​ជា​មុន​ថា ចំនួន​តំណាង​ស្ត្រី​ក្នុង​សភា​នៅ​អាណត្តិ​ទី៥ នេះ នឹង​ចំនួន​តិច ដែល​ខុស​ពី​ការ​គ្រោង​ទុក​របស់​រដ្ឋាភិបាល​ដែល​ថា​នឹង​ជំរុញ​អោយ​ចំនួន​តំណាង​រាស្ត្រ​ជា​ស្ត្រី​បាន​កើន​ដល់ ៣០% នៃ​សមាជិក​សភា​សរុប ១២៣​រូប។

ការ​សាកល្បង​គិតគូរ​ពី​ចំនួន​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ ដែល​បាន​ធ្វើ​ឡើង គណៈកម្មាធិការ ខុមហ្រ្វែល (Comfrel) ទៅ​លើ​លទ្ធផល​ឆ្នោត​បឋម បាន​រក​ឃើញ​ថា ចំនួន​អ្នក​ទាំង​នោះ​អាច​នឹង​ថយ​ចុះ។

មន្ត្រី​អប់រំ និង​យេនឌ័រ នៃ​គណៈកម្មាធិការ ខុមហ្វ្រែល អ្នកស្រី សឺនកេត សេរីលក្ខណ៍ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លទ្ធផល​ឆ្នោត​នៅ​មិន​ទាន់​ផ្លូវ​ការ​ក៏ដោយ ក៏​អាច​និយាយ​បាន​ថា ចំនួន​តំណាង​រាស្ត្រ​ជា​ស្ត្រី​បាន​ថយ​ចុះ​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ។

នៅ​ក្នុង​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​នយោបាយ​សំខាន់​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​រួច​ជា​ស្រេច​ហើយ​ថា ចំនួន​បេក្ខជន​ជា​ស្ត្រី​មាន​ចំនួន​តិចតួច​នៅ​ឡើយ ដែល​ឈរ​នៅ​លេខ​រៀង​ល្អ ដែល​អាច​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ។ ស្រប​គ្នា​នេះ ចំនួន​អ្នក​ឈរ​លេខ​រៀង​បម្រុង ក៏​តិច​ចំពោះ​អ្នក​ដែល​អាច​មាន​ឱកាស​អាច​ត្រូវ​រុញ​អោយ​ក្លាយ​ជា​សមាជិក​សភា ប្រសិន​បើ​អ្នក​តំណាង​រាស្ត្រ​នៅ​លេខ​រៀង​ល្អ​សម្រេច​បោះ​បង់​ចោល​អាសនៈ​ទៅ​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល។

អ្នកស្រី សឺនកេត សេរីលក្ខណ៍ បន្ត​ថា បើ​ទោះ​ជា​លទ្ធផល​បង្ហាញ​ថា គណបក្ស​ទាំង​២ មាន​សំឡេង​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា​បែប​នេះ គឺ​ត្រូវ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បង្កើត​រដ្ឋាភិបាល​គិតគូរ​ដាក់​ស្ត្រី​អោយ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

ជា​បទ​ពិសោធន៍ ភ្លាមៗ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​អាណត្តិ​ទី៤ ឆ្នាំ​២០០៨ ចំនួន​ស្ត្រី​ដែល​ជាប់​ជា​តំណាង​រាស្ត្រ គឺ​មាន​ចំនួន ១៨​រូប ប៉ុន្តែ​វា​បាន​កើន​ឡើង​ដល់ ២៧​រូប ដែល​ស្មើ​នឹង​ជាង ១៣% នៅ​ក្រោយ​ពេល​ដែល​បង្កើត​រដ្ឋាភិបាល។ អ្នកស្រី សេរីលក្ខណ៍ បន្ត​ថា កាល​ណោះ គឺ​មាន​ភាព​ងាយ​ស្រួល ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​ដាច់​រហូត​ដល់​ជាង ៩០​អាសនៈ។ នៅ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​លាលែង​ដើម្បី​បង្កើត​រដ្ឋាភិបាល គណបក្ស​នេះ​បាន​ដាក់​ស្ត្រី​មួយ​ចំនួន​អោយ​បំពេញ​តួនាទី​ជា​តំណាង​រាស្ត្រ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី១ ខែ​សីហា។

យ៉ាង​ណា នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​នេះ​ដែល​ប្រកាស​តាំង​ពី​មុន​ពេល​បោះ​ឆ្នោត បាន​បញ្ជាក់​ថា នឹង​បង្កើន​ចំនួន​តំណាង​ជា​ស្ត្រី​អោយ​ច្រើន​បន្ថែម​ទៀត។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូល​រួម​កិច្ច​ពិភាក្សា​ដេញ​ដោល​មួយ ស្ដីពី​វិធាន​ការ​ពិសេស ដោះស្រាយ​បញ្ហា​ស្ត្រី និង​កុមារ ធ្លាប់​បាន​លើក​ឡើង​ថា គណបក្ស​នេះ​នៅ​តែ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​លំដាប់​ថ្នាក់។

ស្រប​គ្នា​នេះ នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​រដ្ឋាភិបាល បាន​កំណត់​ថា នឹង​បង្កើន​ចំនួន​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​អោយ​បាន ៣០% នៅ​ត្រឹម​ឆ្នាំ​២០១៥។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ (Silaka) អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា ប្រសិន​បើ​គោល​ដៅ​ក្នុង​ការ​បង្កើន​ចំនួន​ស្ត្រី​ពុំ​បាន​ច្រើន ដូច​ដែល​មាន​លើក​ឡើង​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទេ​នោះ ការ​គិតគូរ​ពី​អត្ថ​ប្រយោជន៍​ស្ត្រី និង​កុមារ គឺ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ទាប។

ករណី​នេះ ក្រុម​អង្គការ​ស្ត្រី ទាមទារ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​បង្កើត​វិធាន​ការ​ពិសេស ដើម្បី​បង្កើន​ចំនួន​ស្ត្រី​អ្នក​តំណាង​រាស្ត្រ។

អ្នកស្រី សឺនកេត សេរីលក្ខណ៍ បាន​លើក​ឡើង​ថា ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល នឹង​ធ្វើ​យុទ្ធនាការ​បន្ទាន់​មួយ ដើម្បី​ជំរុញ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ពិចារណា​ពី​វិធានការ​ពិសេស​នេះ។

នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​បាន​នឹងន​នៅ​ឡើយ​នោះ តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​បាន​ព្រួយ​បារម្ភ​ដែរ​ថា ការ​ទាមទារ​ដោះស្រាយ​បញ្ហា និង​ភាព​ចម្រូងចម្រាស​នៃ​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត ទំនង​ថា​អាច​ជា​បញ្ហា​មួយ​ទៀត ដែល​នឹង​ជំរុញ​អោយ​គណបក្ស​ធំៗ​ដែល​បាន​សំឡេង​គាំទ្រ​ច្រើន ពុំ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​ដែល​អាច​នឹង​ប៉ះពាល់​បញ្ហា​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។