សារ​នានា​​ចំពោះ​ស្ត្រី​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា

ដោយ​ សុ ជីវី
2017-03-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ត្រី​​នៅ​សហគមន៍​ដីធ្លី​មួយ​ចំនួន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ លើក​ទី​១០៦ ក្រោម​ប្រធានបទ "ម្ដាយ​ខ្ញុំ​អ្នក​ទោស​ដីធ្លី" នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧ នៅ​តំបន់​បឹងកក់ ខណ្ឌ​ដូនពេញ។ RFA/Sorn Chanratha
ស្ត្រី​​នៅ​សហគមន៍​ដីធ្លី​មួយ​ចំនួន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ លើក​ទី​១០៦ ក្រោម​ប្រធានបទ "ម្ដាយ​ខ្ញុំ​អ្នក​ទោស​ដីធ្លី" នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧ នៅ​តំបន់​បឹងកក់ ខណ្ឌ​ដូនពេញ។ RFA/Sorn Chanratha
RFA/Sorn Chanratha

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​ផង បាន​ប្រារព្ធ​ពិធី​ផ្សេងៗ​ពី​គ្នា​ដើម្បី​រំលឹក​ខួប​ទី​១០៦ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ថ្ងៃ​ទី​៨ ខែ​មីនា។ ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ថា នឹង​បង្កើន​ចំនួន​ស្ត្រី​ជា​អ្នក​ដឹកនាំ ជា​ពិសេស​ស្ត្រី​ជា​អភិបាល​ខេត្ត ស្ត្រី​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ។

ស្រប​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម​នៅ​តែ​ទទូច​អោយ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​នៅ​តាម​មូលដ្ឋាន ជាពិសេស​ស្ត្រី​សកម្ម​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព។

ចំណែក​បក្ស​ប្រឆាំង​អះអាង​ថា មាន​តែ​បក្ស​នេះ​ប៉ុណ្ណោះ ដែល​បាន​យកចិត្ត​ទុក​ដាក់​ពិតប្រាកដ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ដោយ​ចាប់​ផ្ដើម​ពី​ការ​ដាក់​បេក្ខភាព​នារី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ថា ស្ត្រី​ខ្មែរ​នៅ​តែ​ជួប​ប្រទះ​ការ​រើសអើង និង​ទទួល​រង​អំពើ​ហិង្សា​គ្រប់​ទម្រង់។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​ចេញ​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លើក​ឡើង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​រំលោភ​សេពសន្ថវៈ ការ​បៀតបៀន​លើ​ស្ត្រី កើត​មាន​ជា​ញឹកញាប់​នៅ​គ្រប់​វិស័យ រួម​ទាំង​ស្ត្រី​ជា​កម្មករ​រោងចក្រ ស្ត្រី​ធ្វើ​ការងារ​តាម​ផ្ទះ ស្ត្រី​បម្រើ​ការងារ​តាម​ទី​ផ្ដល់​សេវា​កម្សាន្ត ស្ត្រី​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​ស្ត្រី​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដទៃ​ទៀត។

ស្រដៀង​គ្នា​នេះ​ដែរ អង្គការ​សមាគម និង​សហជីព​នានា ក៏​រៀបចំ​ទិវា​សិទ្ធី​នារី​អន្តរជាតិ​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា។ ក្នុង​នោះ សហភាព​ការងារ​កម្ពុជា លើក​ប្រធានបទ "បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ"។

ប្រធាន​គណៈកម្មាធិការ​យេនឌ័រ នៃ​សហភាព​ការងារ​កម្ពុជា អ្នកស្រី ហេង ចិន្ដា មាន​ប្រសាសន៍​ថា ការ​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ និង​ការ​ប្រើ​ហិង្សា​លើ​ស្ត្រី នៅ​តែ​មាន​ច្រើន​ករណី​ចំពោះ​កម្មការិនី​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង ហើយ​ពេល​ខ្លះ​ទៀត​ស្ត្រី​ក៏​រង​ការ​រើសអើង​ក្នុង​តួនាទី​សហជីព​ការពារ​ប្រយោជន៍​ឲ្យ​កម្មករ៖ «នៅ​ពេល​ដែល​ក្លាយ​ជា​ថ្នាក់​ដឹកនាំ ខាង​និយោជក​គាត់​តែងតែ​លួងលោម​ទិញ​ទឹក​ចិត្ត​គាត់​ថា ឲ្យ​ឈប់​ធ្វើ​ប្រធាន​សហជីព​ទៅ គាត់​នឹង​ដំឡើង​លុយ គាត់​នឹង​ឲ្យ​តួនាទី ហើយ​បើ​សិន​ជា​ពួក​គាត់​អត់​ព្រម គំរាម​កំហែង​ដូចជា​ការ​រក​វាយ​ដំ។ ជួនកាល​អ្នក​ខ្លះ​ប្រើ​ពាក្យ​ដូចជា​ថា ប្រយ័ត្ន​គាត់​ជួល​គេ​ឲ្យ​រំលោភ​អី​ជាដើម។ អា​ហ្នឹង​យើង​តែងតែ​ជួប​ប្រទះ​កន្លង​មក។ អ៊ីចឹង​នៅ​ពេល​ដែល​ពួក​គាត់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​សហជីព អ្នក​ខ្លះ​គាត់​ភ័យ​ប្រឈម​នឹង​បញ្ហា​ទាំង​អស់​ហ្នឹង»

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​វិញ​បាន​រៀបចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា នេះ​ឡើង​ក្រោម​ប្រធានបទ "ស្ត្រី​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត"។

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ដែល​ម្ចាស់​ហត្ថលេខី​ចំពោះ​អនុសញ្ញា​អន្តរជាតិ​នានា ដែល​ធានា​ការពារ​សិទ្ធិ​សេរីភាព​ស្ត្រី​ពី​ការ​រើសអើង​នានា បាន​បង្កើត​គោលនយោបាយ​ជា​ច្រើន​ស្រប​តាម​អនុសញ្ញា​ទាំង​នោះ ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​នៅ​មាន​គម្លាត​គ្នា​ឆ្ងាយ​នៅ​ឡើយ ជា​ពិសេស​គឺ​ស្ត្រី​ក្នុង​តួនាទី​ជា​អ្នក​ធ្វើ​សេចក្ដី​សម្រេច៖ «យើង​មើល​ឃើញ​ថា នៅ​ក្នុង​គោលការណ៍​គឺ​មិន​បាន​និយាយ​ច្បាស់​ទេ គ្រាន់​តែ​ថា​មាន​សមាជិក​ស្រី​និង​ប្រុស​​​ ប៉ុន្តែ​អត់​មាន​និយាយ​ថា ស្រី​ប៉ុន្មាន​ភាគរយ។ ដល់​តែ​អ៊ីចឹង​ពេល​អនុវត្ត​​​យើង​ឃើញ​តើ ៩​នាក់​អី​មាន​ស្រី​ម្នាក់។ នៅ​ក្នុង​គោល​នយោបាយ គឺ​វា​អត់​ខុស​ទេ ប៉ុន្តែ​ដល់​អនុវត្ត​គឺ​អនុវត្ត​អត់​បាន»។

អាច​ជា​ការ​ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ពី​ផែនការ​ចំនួន ១៦​ចំណុច ដែល​ធានា​អោយ​មាន​សមភាព​យេនឌ័រ។ ក្នុង​នោះ​លោក ហ៊ុន សែន បាន​ជំរុញ​អោយ​មាន​ស្ត្រី​កាន់​តួនាទី​ជា​ចៅហ្វាយ​ខេត្ត និង​កាន់​តួនាទី​ធំៗ​នៅ​ក្នុង​អគ្គនាយកដ្ឋាន អគ្គនាយកដ្ឋាន​រង ប្រធាន​នាយកដ្ឋាន និង​ក្នុង​អង្គភាព​កង​កម្លាំង​ប្រដាប់​អាវុធ​នានា​ដែរ៖ «ឲ្យ​មាន​ចៅហ្វាយ​ខេត្ត​ជា​ស្ត្រី​មួយ​មើល៍! នៅ​ពេល​វេលា​ណា​មួយ ពេល​អភិបាល​ខេត្ត​ចូល​និវត្តន៍ ឬ​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ គឺ​អាច​ដាក់​ស្ត្រី​ម្នាក់​ក្នុង ២៥​ខេត្ត-​រាជធានី ទុក​តែ ២៤​ខេត្ត-​រាជធានី ឲ្យ​បុរស»

លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៧។ ខួប​លើក​ទី​១០៦ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “ស្ត្រី​ដើម្បី​សុខ​សន្តិភាព និង​វឌ្ឍនភាព”។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ទាំង​ប្រធាន និង​អតីត​ប្រធាន​គណបក្ស​នេះ ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​តួនាទី​សំខាន់​ដល់​ស្ត្រី​រាប់​ចាប់​តាំង​ពី​ថ្នាក់​ឃុំ-​សង្កាត់ រហូត​ដល់​ក្បាល​ម៉ាស៊ីន​បក្ស។

ស្រប​គ្នា​នេះ ប្រធាន​គណបក្ស​នេះ​គឺ​លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​នៅ​ស្នាក់​ការ​បក្ស​នេះ​ថា ចំណុច​សំខាន់​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី គឺ​ការ​ធ្វើ​អោយ​គោល​នយោបាយ​ត្រូវ​អនុវត្ត​បាន ដើម្បី​បំពេញ​ប្រយោជន៍​ស្ត្រី​អោយ​បាន​ពិត​ប្រាកដ៖ «កន្លង​មក​យើង​ឃើញ ហើយ​ប្រទេស​ច្រើន​ណាស់ ក្រុម​ច្រើន​ណាស់​ក្នុង​ប្រទេស​នីមួយៗ តែង​និយាយ​ថា លើក​តម្លៃ​ស្ត្រី តែង​តែ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ប៉ុន្តែ​រឿង​នេះ​មិន​មែន​ជា​រឿង​ពិត​មិន​មែន​ជា​រឿង​ជាក់​ស្ដែង​ទេ។ រឿង​ជាក់​ស្ដែង​គឺ​​រដ្ឋាភិបាល អាជ្ញាធរ​នៃ​ប្រទេស​នីមួយៗ​ត្រូវ​សរសេរ​គោល​នយោបាយ​របស់​ខ្លួន​អោយ​បាន​ច្បាស់លាស់ ជាក់លាក់ ហើយ​អនុវត្ត​អោយ​បាន​ពិត​ប្រាកដ​ដើម្បី​បង្ហាញ​ថា ផល​ប្រយោជន៍​គឺ​បាន​ទៅ​ស្ត្រី​មែន​ពិត​ទៅ​តាម​គោល​នយោបាយ​ទាំង​អស់​នោះ»

លើស​ពី​នេះ​គណបក្ស​ប្រឆាំង​អះអាង​ថា មាន​តែ​ខ្លួន​ទេ​ដែល​បាន​ដាក់​ស្ត្រី​ចំនួន​ច្រើន​ជា​បេក្ខភាព​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់។ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៦០​រូប បាន​ឈរ​នៅ​លេខ​រៀង​ទី​១ និង​មាន​ស្ត្រី​ជា​ច្រើន​រូប​ទៀត​បាន​ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់។ គណបក្ស​នេះ​បាន​យក​ឱកាស​ទិវា​សិទ្ធិ​នារី​ប្រគល់​លិខិត​សរសើរ​ដល់​ស្ត្រី ២​រូប ដែល​គណបក្ស​នេះ​ចាត់​ទុក​ជា​ស្ត្រី​ដែល​គួរ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ស្ត្រី គឺ​អ្នកស្រី ទេព វន្នី នៃ​សហគមន៍​បឹងកក់ និង​អ្នកស្រី លឹម មុនី មន្ត្រី​សមាគម​អាដហុក (ADHOC) នៅ​ពេល​ដែល​អ្នក​ទាំង​២ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នៅ​ឡើយ។

ករណី​នេះ​ដែរ ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​វិញ​មើល​ឃើញ​ថា ស្ត្រី​ដែល​​សកម្ម​ក្នុង​ការងារ​ការពារ​សិទ្ធិ​មនុស្ស​កំពុង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​នេះ​ក៏​បាន​ដាក់​តាំង​រូបថត​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី។ មជ្ឈមណ្ឌល​សិទ្ធី​មនុស្ស​កម្ពុជា បង្ហាញ​​ថា សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​កម្ពុជា គឺ​ជា​ស្ត្រី។ ពួក​គាត់​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​កម្ពស់ ការ​ពង្រឹង និង​ការពារ​សិទ្ធិ​មនុស្ស ប៉ុន្តែ​ជា​រឿយៗ ពួកគាត់​ប្រឈម​នឹង​ការ​គំរាម​កំហែង ការ​យាយី និង​អសុវត្ថិភាព ខណៈ​កំពុង​បំពេញ​ការងារ​របស់​ខ្លួន។ ក្នុង​នោះ​បាន​រំលឹក​ពី​ការងារ​របស់​សកម្ម​ជន​ស្ត្រី ២​រូប ដែល​កំពុង​ចាប់​ពន្ធនាគារ គឺ​អ្នកស្រី លឹម មុន្នី និង​អ្នកស្រី ទេព វន្នី។

ចំណែក​ក្រុម​ស្ត្រី​នៅ​សហគមន៍​បឹងកក់ ដែល​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ក្រោម​ប្រធានបទ "ម្ដាយ​ខ្ញុំ​អ្នក​ទោស​ដីធ្លី" នោះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​ពិចារណា​ដោះលែង​អ្នក​ជាប់​ឃុំ ជា​ពិសេស​ស្ត្រី​ទាំង ២​រូប គឺ​អ្នកស្រី លឹម មុន្នី និង​អ្នកស្រី ទេព វន្នី។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា យល់​ថា ការ​បន្ត​ឃុំ​ខ្លួន​ស្ត្រី​គឺ​ពាក់ព័ន្ធ​រឿង​នយោបាយ​ដែល​គណបក្ស​ទាំង​ពីរ​ពុំ​ត្រូវរ៉ូវ​គ្នា៖ «សម្រាប់​សិទ្ធិ​នារី​ឆ្នាំ​នេះ គឺ​យើង​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ និង​លោក​ជំទាវ ប៊ុន រ៉ានី គាត់​ផ្ដល់​កាដូ ជា​ពិសេស​សម្រាប់​ស្ត្រី ឲ្យ​គាត់​ដោះលែង​អ្នកស្រី ទេព វន្នី និង​អ្នកស្រី លឹម មុន្នី ឲ្យ​គាត់​មាន​សេរីភាព​វិញ​ក្នុង​នាម​ជា​ម្ដាយ​ដូច​គ្នា។ ខ្ញុំ​គិត​ថា លោក​ជំទាវ​អាច​ធ្វើ​មិន​ហួស​ពី​ដែន​សមត្ថភាព​របស់​លោក​ជំទាវ ជា​កិច្ច​អន្តរាគមន៍​មួយ​សម្រាប់​ធ្វើ​បុណ្យ​ជួបជុំ​ក្រុម​គ្រួសារ​គេ»

ចំពោះ​ក្រុម​ស្ត្រី​បម្រើ​សេវា​កម្សាន្ត និង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​វិញ ក៏​បាន​ជួប​ប្រជុំ​គ្នា​ដែរ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ពួកគេ​បាន​បង្ហាញ​សារ​ទៅ​សាធារណជន​អោយ​យល់​ដឹង​ពី​ការ​លំបាក និង​ការ​ទាមទារ​សិទ្ធិ​របស់​ពួកគេ។

អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ និង​យុទ្ធនាការ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា  អ្នកស្រី ចាន់ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ក៏​ជា​មនុស្ស​ដែល​ត្រូវ​ការពារ​ពី​ការរំលោភ​បំពាន​ផ្សេងៗ។

ក្នុង​ពេល​ដែល​កម្ពុជា ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ឧត្ដម​ស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ លោក ហ្សែត រ៉ាអេដអាល់ហួសេន (Zeid Ra’ad Al Hussein) រិះ​គន់​ពី​ការ​គំរាមកំហែង​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​​​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ ដោយ​ការ​ប្រើ​​​តុលាការ ក្នុង​រយៈពេល​មុន​ការ​បោះឆ្នោត។ លោក​ថា ការ​បន្ត​ឃុំខ្លួន​ជាង ១០​ខែ ដោយ​​គ្មាន​​ភស្តុតាង​ត្រឹមត្រូវ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ដែល​បម្រើ​ការ​នៅ​សមាគម​អាដហុក ក៏​ត្រូវ​បាន​គេ​លើក​ឡើង​ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណេវ។

ក្នុង​ន័យ​ការពារ​សិទ្ធិ​ស្ត្រី​ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព ស្នើ​ដល់​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ចាត់​វិធានការ​ដូចជា ដោះលែង​សកម្ម​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ធានា​ឲ្យ​មាន​ការ​ចូល​រួម​ស្មើ​ភាព​របស់​ស្ត្រី និង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ខាង​មុខ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​បញ្ជី​ឈ្មោះ​ឆ្លាស់​រវាង​បេក្ខជន​ស្ត្រី និង​បុរស ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សហជីព ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ ដែល​អនុលោម​តាម​ក្របខ័ណ្ឌ​របស់​អនុសញ្ញា​ស៊ីដ (CEDAW) ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ដែល​គួរ​តែ​ផ្ដោត​លើ​អ្នក​ដែល​ចូលរួម​ក្នុង​ការ​កេង​ប្រវ័ញ្ច​លើ​ស្ត្រី និង​កុមារ មិន​មែន​អ្នក​ដែល​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល