យុវជន និងសិស្សនិស្សិតជាច្រើន បានទៅចូលរួមពិព័រណ៍ការងារថ្នាក់ជាតិលើកទី៥ នៅសាលពិព័រណ៍កោះពេជ្រ ដើម្បីសាកសួរព័ត៌មានការងារ និងដាក់ពាក្យធ្វើការ កាលពីថ្ងៃទី៦ វិច្ឆិកា។ ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន៧៥ បានផ្តល់ឱកាសការងារប្រមាណ ៧.០០០កន្លែងដល់យុវជននាឱកាសនោះ។ យ៉ាងណាក៏ដោយ និយោជកមួយចំនួនបញ្ជាក់ថា ពួកគេនៅតែពិបាកក្នុងការជ្រើសរើសបុគ្គលិកដែលអាចបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីចូលធ្វើការបាន។
តើមូលហេតុអ្វីខ្លះ បានជានិយោជកអះអាងដូចនេះ?
កង្វះខាតចំណេះដឹងផ្នែកភាសាបរទេស ផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ និងផ្នែកជំនាញទន់ សុទ្ធតែជាមូលហេតុដែលធ្វើឲ្យនិយោជក ពិបាកសម្រេចចិត្តជ្រើសរើសបេក្ខជនឲ្យក្លាយជាបុគ្គលិករបស់ខ្លួន។
ប្រធានផ្នែកគ្រប់គ្រងបុគ្គលិកនៃក្រុមហ៊ុនសែលកាត (Cellcard) លោក ច័ន្ទ វិបុល ថ្លែងថា ក្រុមហ៊ុនរបស់លោកពិបាកក្នុងការជ្រើសរើសបុគ្គលិក ដោយសារតែអ្នកដាក់ពាក្យមួយចំនួនមិនសូវចេះភាសាអង់គ្លេស និងមានចំណេះដឹងទាបផ្នែកកុំព្យូទ័រ។ ចំពោះជំនាញទន់ ដូចជាទំនាក់ទំនង ការដោះស្រាយទំនាស់ និងការរៀបចំផែនការវិញ លោក ច័ន្ទ វិបុល បញ្ជាក់ថា វាមិនចាំបាច់នោះទេសម្រាប់អ្នកដែលទើបចូលធ្វើការថ្មីៗមិនទាន់មានបទពិសោធន៍។ លោក ច័ន្ទ វិបុល យល់ថា ការងារនៅកម្ពុជា មានច្រើន ប៉ុន្តែសមត្ថភាពរបស់បេក្ខជនទៅវិញទេដែលជាបញ្ហាសំខាន់៖ «ក្រៅពីជំនាញគោលដែលគាត់មានហើយ ខ្ញុំសំណូមពរគាត់ឲ្យចំណាយពេលផ្សេងទៀតរៀនភាសាអង់គ្លេស ដើម្បីបង្កើនចំណេះខាងផ្នែកនេះ និងខាងកុំព្យូទ័រផងដែរ»។
ចំណែកប្រធានផ្នែកប្រតិបត្តិធនធានមនុស្សនៃក្រុមហ៊ុនស្មាត (Smart Axiata) លោក គី ដូណេ វិញបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកជ្រើសរើសបុគ្គលិកជាង ១០០នាក់រៀងរាល់ឆ្នាំ ប៉ុន្តែបេក្ខជនដែលដាក់ពាក្យមក ហាក់មិនមានគុណសម្បត្តិគ្រប់គ្រាន់ចំពោះការងារនោះនៅឡើយ។ ភាសាបរទេស និងការប្ដេជ្ញាចិត្ត ជាអ្វីដែលក្រុមហ៊ុនរបស់ លោក គី ដូណេ ត្រូវការជាចាំបាច់ ប៉ុន្តែជាចំណុចខ្សោយរបស់បេក្ខជនដែលដាក់ពាក្យធ្វើការ៖ «គឺយើងត្រូវការភាសារបស់គាត់ ប៉ុន្តែភាគច្រើនយើងសង្កេតឃើញភាសានៅមានការខ្វះខាតច្រើន។ គាត់មិនទាន់អាចប្រើក្នុងកម្រិតមួយដែលយើងអាចទទួលយកបាន និងចំណុចមួយទៀត ការតាំងចិត្តរបស់គាត់។ ពេលដែលគាត់តាំងចិត្តមកធ្វើការ ជួនកាលគាត់ធ្វើបានមួយរយៈពេលខ្លី គាត់មានការផ្លាស់ប្ដូរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ នេះជាបទពិសោធន៍មួយមិនល្អ ហើយជាទម្លាប់មួយមិនល្អបញ្ជាក់ពីការមិនតាំងចិត្តធ្វើការងាររបស់គាត់។ អ៊ីចឹងយើងក៏អត់អាចទទួលយកគាត់បានដែរ»។
ការសិក្សាស្រាវជ្រាវថ្នាក់ជាតិឆ្នាំ២០១៥ របស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ បង្ហាញថា ភាពអត់ការងារធ្វើ គឺជាបញ្ហាអាទិភាពទី១ ដែលយុវជនកំពុងប្រឈមខ្លាំងជាងគេ។ មូលហេតុដែលធ្វើឲ្យយុវជនគ្មានការងារធ្វើ គឺបណ្ដាលមកពីគុណភាពអប់រំនៅមានកម្រិត ប្រាក់ខែទាប ខ្វះជំនាញដែលស្របតាមតម្រូវការទីផ្សារ ខ្វះឱកាសការងារសមស្រប និងបញ្ហាបក្ខពួកនិយម។
ទាក់ទងទៅនឹងការស្វែងរកការងារ យុវជនបញ្ចេញទស្សនៈផ្សេងៗពីគ្នា ដោយអ្នកខ្លះយល់ថា ការងារនៅពេលបច្ចុប្បន្នមានតិចពិបាករក ខ្លះគិតថា សមត្ថភាពទាបទើបមិនអាចរកការងារល្អបាន និងមួយចំនួនទៀតមើលឃើញថា ការងារនៅក្នុងស្រុកមានភាពសម្បូរបែប៖ «ប្រទេសកម្ពុជា យើង និស្សិតដែលគាត់បញ្ចប់ការសិក្សាមានចំនួនច្រើន ប៉ុន្តែឱកាសការងាររបស់ពួកគាត់មានចំនួនតិច ពីព្រោះភាគច្រើនតាមតំបន់ ឬសាលានីមួយៗ អ្នកចេះវាមានកម្រិត។ បើយើងដាក់ខ្លួនយើងថា យើងនឹងរកការងារធ្វើឲ្យបាន យើងនឹងរកបាន។ ខ្ញុំមានគំនិតមួយសុទិដ្ឋិនិយមចំពោះការរកការងារធ្វើ។ ការងារនៅកម្ពុជា យើង ទាំងឯកជនទាំងរដ្ឋ គឺមានច្រើនសម្រាប់ឲ្យនិស្សិតយើងរក។ អ្នកខ្លះគាត់ថាធ្វើនៅខ្មែរយើងបានប្រាក់ខែតិចតួច។ អ៊ីចឹងគាត់ទៅធ្វើនៅក្រៅទៅ គាត់បានទៅស្គាល់គេនៅក្រៅផង ហើយបានបទពិសោធន៍ថ្មីៗ ហើយបានប្រាក់ខែច្រើនផង»។
សុន្ទរកថារបស់ លោក ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកពិព័រណ៍ការងារថ្នាក់ជាតិលើកទី៥ ឆ្នាំ២០១៥ បញ្ជាក់ថា «ទីផ្សារការងារកម្ពុជា បច្ចុប្បន្នជួបប្រទះនូវបញ្ហាកង្វះ និងភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញ»។ លោក ពេជ សោភ័ន សង្កត់ធ្ងន់ទៅលើជំនាញទន់ ដែលជាបញ្ហាកំពុងកើតមានឡើងក្នុងចំណោមកម្លាំងពលកម្មគ្រប់ប្រភេទ ទាំងមាន និងទាំងគ្មានជំនាញបច្ចេកទេស។
សុន្ទរកថារបស់រដ្ឋមន្ត្រីស្តីទីរូបនេះបញ្ជាក់ទៀតថា «កង្វះជំនាញទន់បណ្ដាលឲ្យមានផលវិបាកជាច្រើននៅក្នុងការធ្វើការងារ ដូចជាការបង្កការយល់ច្រឡំ ការកើតជម្លោះ ការខ្វះការយកចិត្តទុកដាក់ ការប្រព្រឹត្តកំហុស ការបម្រើអតិថិជនមិនបានល្អ ការធ្លាក់ចុះផលិតភាព អត្រាចាកចេញរបស់កម្មករនិយោជិតខ្ពស់ និងចំណាយមិនចាំបាច់ជាច្រើន។ ចំពោះយុវជនវិញ កង្វះជំនាញប្រភេទនេះ បានបង្កជាឧបសគ្គក្នុងការទទួលបានការជ្រើសរើសចូលធ្វើការ និងជោគជ័យក្នុងជីវិតការងារ»។
ជុំវិញការពង្រឹងសមត្ថភាពរបស់យុវជន ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ក្រសួងអប់រំ ក្នុងការបំពាក់បំប៉នជំនាញបច្ចេកទេស និងជំនាញទន់ដល់សិស្សនិស្សិតគ្រប់រូប ដើម្បីបើកឱកាសឲ្យពួកគេក្លាយជាអ្នកដែលមានសមត្ថភាព អាចជ្រោងប្រទេសជាតិបានទៅថ្ងៃមុខ។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងវីដេអូសុន្ទរកថាបើកបវេសនកាលឆ្នាំសិក្សា២០១៥-២០១៦ ព្រឹកថ្ងៃទី១ វិច្ឆិកា ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោក៖ «លើកទឹកចិត្តចំពោះក្រុមស្រាវជ្រាវអប់រំ ដែលជាធនាគារខួរក្បាលនៃការកែទម្រង់ការអប់រំ អភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់សម្រាប់យុវជន និងការកែទម្រង់ការអប់រំកាយ និងកីឡា ហើយសូមបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យអប់រំរបស់យើងឲ្យឈានឆ្ពោះទៅមុខទៀត»។
ជំនាញទន់ដែលយុវជនកម្ពុជា ខ្វះខាត រួមមាន ជំនាញដែលពាក់ព័ន្ធនឹងទំនាក់ទំនង ការដោះស្រាយបញ្ហា ការបំពេញការងារជាក្រុម ការទទួលខុសត្រូវ ភាសាបរទេស ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា សេវាអតិថិជន ការរៀបចំផែនការ និងការចាត់ចែងការងារ ជាដើម។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោក កែម ឡី បញ្ជាក់ថា ដើម្បីឲ្យយុវជនទទួលបានជំនាញបច្ចេកទេស និងជំនាញទន់គ្រប់គ្រាន់ លុះណាតែក្រសួងអប់រំ ចាប់ផ្តើមអនុវត្តសកម្មភាពនៅថ្នាក់វិទ្យាល័យ រួចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ចំពោះការងារវិញ លោក កែម ឡី អះអាងថា រដ្ឋាភិបាលអាចពង្រីកការងារក្នុងវិស័យកសិកម្ម បង្កើនការងារក្នុងចំណោមបុគ្គលិកអង្គការសង្គមស៊ីវិល ការវិនិយោគបន្ថែមលើសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងបង្កើនឱកាសការងារក្នុងចំណោមមន្ត្រីសាធារណៈរបស់រដ្ឋ៖ «ខ្ញុំគិតថា យើងមើលផ្នែកអង្គការសង្គមស៊ីវិល យើងមើលអាជ្ញាធរដែនដី យើងមើលដីសម្បទានសេដ្ឋកិច្ច ហើយយើងមើលសហគ្រាសខ្នាតតូចខ្នាតមធ្យម រួចយើងរុញអាហ្នឹងជាយុទ្ធសាស្ត្រ។ យើងមានគោលនយោបាយការងារមែន ប៉ុន្តែគ្រាន់ថាយើងនៅរកមើលប្រព័ន្ធ រកមើលយន្តការ រកមើលកត្តាជំរុញផ្សេងទៀតទើបបាន ព្រោះអីរដ្ឋាភិបាលមានច្បាប់មានគោលនយោបាយ។ បង្កើតងាយណាស់ ប៉ុន្តែធ្វើវិញយកអាហ្នឹងទៅអនុវត្ត ការអនុវត្តនេះនៅខ្សោយ»។
ដើម្បីក្លាយខ្លួនជាបុគ្គលដែលមានសមត្ថភាពពេញលេញ និងអាចទទួលបានការងារល្អតាមបំណង លោក កែម ឡី លើកឡើងពីចំណុចប្រាំប្រការ ដែលយុវជនត្រូវមាន គឺជំនាញឯកទេស ជំនាញវិជ្ជាជីវៈ ជំនាញអន្តរវប្បធម៌ ភាសាបរទេស និងជំនាញបច្ចេកវិទ្យាព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។