សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD) ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវេទិកាសម្ព័ន្ធយុវជនជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមីនា។ ប្រព័ន្ធវេទិកាយុវជននេះ បង្កើតឡើងក្នុងគោលបំណងបើកឱកាសឱ្យយុវជនធ្វើការតស៊ូមតិចំពោះបញ្ហាប្រឈមរបស់ពួកគេតាមរយៈប្រព័ន្ធអេឡិចត្រូនិក។
យុវជនមួយចំនួនថ្លែងសាទរចំពោះការបង្កើតវេទិកាសម្ព័ន្ធយុវជន ដែលអនុញ្ញាតឱ្យពួកគេអាចពិភាក្សា និងដេញដោលមតិលើបញ្ហាប្រឈមរបស់ខ្លួនបានតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ ក្រុមយុវជនរំពឹងថា តាមរយៈវេទិកានេះ ពួកគេនឹងអាចកសាងសមត្ថភាពក្នុងការតស៊ូមតិ និងបង្កើតយុទ្ធនាការផ្សេងៗ លើប្រព័ន្ធបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា។
និស្សិតឆ្នាំទី៣ ផ្នែកសង្គមកិច្ចវិទ្យា កញ្ញា ផេង ស្រីស អះអាងថា កញ្ញានឹងប្រើប្រាស់វេទិកាថ្មីនេះដើម្បីបង្កើនការចូលរួមក្នុងការតស៊ូមតិចំពោះបញ្ហាអយុត្តិធម៌សង្គម ដែលនាងជួបប្រទះ និងបង្ហាញដល់រដ្ឋាភិបាល៖ «គាត់ចង់ចូលរួមក្នុងសកម្មភាពសង្គមទាក់ទងនឹងការពិភាក្សា និងការជ្រើសរើសជាដើម គាត់មិនមានកន្លែងមួយច្បាស់លាស់ដើម្បីចូលរួមនោះទេ។ ប៉ុន្តែការបង្កើតថ្មីនេះមួយ វាពិតជាល្អមែនទែនដែលជាឱកាសរបស់ពួកគាត់អាចចូលរួមក្នុងការបញ្ចេញមតិ និងការពិភាក្សាអំពីរឿងសង្គម ជាពិសេសរឿងខ្លួនឯង»។
យុវជនម្នាក់ គឺលោក ទី រស្មី បញ្ចេញយោបល់ថា រូបគេពេញចិត្តនឹងវេទិកានៅលើប្រព័ន្ធអ៊ីនណឺណិត បែបនេះ ពីព្រោះរូបគេនឹងអាចធ្វើការចែករំលែកព័ត៌មាន និងជជែករកដំណោះស្រាយទៅលើប្រធានបទអ្វីមួយជាមួយយុវជនដទៃទៀត៖ «ការបង្កើតវេទិកានេះ ខ្ញុំយល់ថា វាមានសារសំខាន់ដោយសារតែវាផ្ដល់ឱកាសដល់យុវជនក្នុងការចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ព្រមទាំងធ្វើការតស៊ូមតិទៅលើអ្វីមួយដែលពួកគាត់ចង់បាន។ បើសិនជាយើងប្រៀបធៀបនឹងកាលពីមុនវិញ បើសិនជាយុវជនមានបញ្ហាអ្វីមួយ ពួកគាត់អត់ដឹងថា ត្រូវទៅធ្វើការតស៊ូមតិ ឬក៏ធ្វើការទាក់ទងទៅកាន់ស្ថាប័នមួយណាទេ»។
ប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន ជាកន្លែងដែលអនុញ្ញាតឱ្យយុវជនចូលរួមបញ្ចេញមតិលើបញ្ហា និងដំណោះស្រាយអំពីរឿងដែលពាក់ព័ន្ធនឹងយុវជន តាមរយៈការចូលរួមជជែកដេញដោលលើប្រធានបទថ្មីៗ ការបោះឆ្នោត និងការស្ទង់មតិ។
វេទិកាសម្ព័ន្ធយុវជន ជាប្រព័ន្ធដែលដំណើរការលើម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទដៃទំនើប។ មនុស្សគ្រប់គ្នាអាចប្រើប្រាស់វាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងឱ្យតែម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃត្រូវបានភ្ជាប់ទៅនឹងអ៊ីនធឺណិត ដោយចូលទៅកាន់គេហទំព័រសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ www.ycud.org រួចចុចនៅលើពាក្យការជជែកដេញដោល ការបោះឆ្នោត ឬការស្ទង់មតិ។
អ្នកសម្របសម្រួលគម្រោងវេទិកាសម្ព័ន្ធយុវជន លោក ផា ស៊ីណា បញ្ជាក់ថា ការបង្កើតវេទិកាដេញដោលមតិលើប្រព័ន្ធអ៊ីនធឺណិត នេះត្រូវបានរៀបចំ និងអនុវត្ត ដូចគ្នាទៅនឹងវេទិកាជួបផ្ទាល់ដូច្នោះដែរ៖ «សម្រាប់ Debate (ជជែក) គាត់មានក្រុមគាំទ្រ និងក្រុមបដិសេធចំពោះប្រធានបទនីមួយៗ អ៊ីចឹងគាត់ជជែកដេញដោលគ្នាអ៊ីចឹងទៅ។ បន្ទាប់ពីនោះ ពួកគាត់អាចមានអ្នកបោះឆ្នោតគាំទ្រ។ បើថា គាត់ពេញចិត្តនឹងអំណះអំណាងរបស់ក្រុមគាំទ្រ គាត់បោះឆ្នោតឱ្យក្រុមនោះឈ្នះទៅ។ សម្រាប់អ្នកដែលមិនចង់ Debate គាត់អាចផ្ដល់យោបល់ក្នុងប្រអប់ខាងក្រោមបាន»។
លោក ផា ស៊ីណា ពន្យល់ថា យុវជនចាំបាច់ត្រូវចុះឈ្មោះតាមរយៈអ៊ីម៉ែល ឬគណនីហ្វេសប៊ុក (Facebook) របស់ខ្លួន ដើម្បីអាចចូលទៅកាន់វេទិកាសម្ព័ន្ធយុវជននេះបាន៖ «ជារឿងដែលសំខាន់ទី១ គឺគាត់ត្រូវតែចុះឈ្មោះចូលប្រើ។ គាត់ចុះឈ្មោះប្រើដូច Yahoo ឬ Facebook ។ ការចុះឈ្មោះ គឺសាមញ្ញទេ មិនមានការបំពេញព័ត៌មានច្រើនទេ។ គាត់បំពេញតែឈ្មោះ អ៊ីម៉ែល រួចគាត់ចុចចុះឈ្មោះ។ ចុះឈ្មោះហើយ គឺគេមានផ្ញើអ៊ីម៉ែលមួយទៅកាន់អ៊ីម៉ែលរបស់គាត់ ដើម្បីឱ្យគាត់ចុច Link មួយ ដើម្បីបញ្ជាក់ថា ជាអ៊ីម៉ែល ពិត។ រួចគាត់អាចប្រើប្រាស់បានតាមធម្មតា»។
លោក ផា ស៊ីណា បន្តទៀតថា ប្រធានបទដែលនឹងលើកយកមកពិភាក្សា បានមកពីយុវជនខ្លួនឯង ឬអង្គការយុវជន ហើយគ្របដណ្ដប់គ្រប់វិស័យទាំងអស់ ពិសេសចំពោះរឿងដែលរសើប ឬផុសផុលក្នុងសង្គមដែលប៉ះពាល់ដល់យុវជន។
វេទិកាសម្ព័ន្ធយុវជន ទទួលបានការឧបត្ថម្ភជាថវិកាពីអង្គការ ឌីវេឡុបមិន អ៊ីណូវេស្សិន (Development Innovations) ដែលទទួលបានមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
អនុប្រធានគម្រោងនៃអង្គការ Development Innovations លោក ថេង វិបុល បញ្ជាក់ថា វាជារឿងចាំបាច់ដែលត្រូវផ្ដល់ឱ្យយុវជននូវវេទិកានៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីពួកគេអាចតស៊ូមតិ ឬបង្ហាញក្តីកង្វល់ និងបញ្ហារបស់ខ្លួនទៅកាន់អ្នកដឹកនាំ៖ «ខ្ញុំសង្ឃឹមថា យុវជននឹងមានការចូលរួម ហើយជាពិសេសគាត់នឹងតាមដានកម្មវិធីនៅលើវ៉ឹបសាយនេះ ជាពិសេសថាតើមានបញ្ហាអ្វីខ្លះត្រូវបានពិភាក្សា និងសម្រេចដើម្បីដាក់ជូនថ្នាក់ដឹកនាំ ឬស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យពិចារណារួមចំណែក និងរួមបញ្ចូលបញ្ហា និងតម្រូវការរបស់យុវជនទៅក្នុងកម្មវិធីអភិវឌ្ឍប្រទេសជាតិ»។
រាល់មតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សាលើវេទិកាសម្ព័ន្ធយុវជន នឹងត្រូវបានចងក្រង និងពិភាក្សាបន្ត ដើម្បីដាក់ជូនភាគីពាក់ព័ន្ធដើម្បីរកឆ្លើយតប។
សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ រំពឹងថា នឹងមានយុវជន ១ពាន់នាក់ប្រើប្រាស់វេទិកាសម្ព័ន្ធយុវជន នៅត្រឹមខែមេសា ឆ្នាំ២០១៦ ដែលជាជំហានដំបូងនៃដំណើរការវេទិកានេះ។
ទិន្នន័យមូលដ្ឋានខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បង្ហាញថា អតិថិជនអ៊ីនធឺណិត ទាំងចល័ត និងអចល័តនៅទូទាំងប្រទេសមានចំនួនជាង ៦លាននាក់ (៦.៤១៤.៨៣៥)។ ចំណែកទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម We Are Social របស់សិង្ហបុរី រកឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏សកម្មនៅកម្ពុជា បានកើនឡើងរហូតដល់ ៣,៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។