យុវជន​មួយ​ចំនួន​ចូលរួម​ការពារ​បរិស្ថាន

0:00 / 0:00

ទន្ទឹម​នឹង​ប្រទេស​កំពុង​អភិវឌ្ឍ មាន​ពលរដ្ឋ​មួយ​ចំនួន​ហាក់​ព្រងើយ​កន្តើយ និង​មិន​អើពើ​ចំពោះ​កិច្ច​ការពារ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចាប់​អារម្មណ៍ និង​រួម​ចំណែក​ទាំងអស់​គ្នា​ក្នុង​ការ​ការពារ​បរិស្ថាន។

យុវជន​ខ្លះ​ដែល​សកម្ម​រឿង​បញ្ហា​សង្គម​គិត​ថា ការ​ថែរក្សា​បរិស្ថាន​អាច​ធ្វើ​ទៅ​បាន លុះត្រា​តែ​ផ្ដើម​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់។

ក្នុង​នាទី​យុវជន និង​សង្គម​សប្ដាហ៍​នេះ អ្នកនាង ទេព សុរ៉ាវី មាន​សេចក្តី​រាយការណ៍​មួយ​អំពី​ការ​ចូលរួម​ចំណែក​របស់​យុវជន ក្នុង​កិច្ច​ការពារ​បរិស្ថាន​ដូច​ត​ទៅ៖

ការ​ចូលរួម​ការពារ​បរិស្ថាន ត្រូវ​មាន​មនុស្ស​គ្រប់​វ័យ​ទាំងអស់​ចូលរួម ក្នុង​នោះ​យុវវ័យ​ជា​កម្លាំង​មួយ​ចាំបាច់ ពីព្រោះ​ពួក​គេ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត។

តាម​ការ​ប៉ាន់ស្មាន​របស់​ក្រសួង​បរិស្ថាន បង្ហាញ​ថា មាន​ពលរដ្ឋ​កម្ពុជា ប្រមាណ​ពី ៦០ ទៅ ៧០​ភាគរយ​ដែល​យល់​ដឹង​ពី​កិច្ច​គាំពារ​បរិស្ថាន។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​យល់​ដឹង​បញ្ហា​បរិស្ថាន​ហើយ តែ​មិន​បាន​ចូលរួម​ចំណែក​ការពារ​បរិស្ថាន​ឡើយ។

យុវជន កឹម សុក្រិត និស្សិត​ឆ្នាំ​ទី​១ នៃ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ គិត​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​ចំណេះ​ដឹង​បន្ថែម​ពី​ផល​ប៉ះពាល់​បរិស្ថាន​នៅ​លើ​ពិភពលោក។ ការ​ចែក​រំលែក​ចំណេះ​ដឹង​ពី​កិច្ច​គាំពារ​បរិស្ថាន​ដល់​ក្មេង​ជំនាន់​ក្រោយ គឺ​ជា​រឿង​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។ យុវជន​រូប​នេះ​បន្ត​ថា របៀប​របប​រស់នៅ​ស្អាត ក៏​ជា​កត្តា​ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត​បាន​ដែរ​តាម​រយៈ​ការ​ចោល​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ការ​កាត់​បន្ថយ​ប្រើប្រាស់​នូវ​ឧបករណ៍ ឬ​យានយន្ត​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ដល់​បរិយាកាស ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ស្រទាប់​អូហ្សូន (Ozone)៖ «ខែ​នេះ​ជា​ខែ​ត្រជាក់ ពេល​ជិះ​ឡាន​យើង​អាច​បើក​កញ្ចក់​បាន កុំ​បើក​ម៉ាស៊ីន​ត្រជាក់ ដើម្បី​កុំ​ឲ្យ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​បរិស្ថាន​ទៅ​ថ្ងៃ​មុខ​ទៀត។ អ៊ីចឹង​បើ​យើង​យល់​ដឹង យើង​មិន​ខ្លាច​ខ្មាស​គេ​ទេ»

សព្វថ្ងៃ​នេះ ប្រទេស​ជាច្រើន​នៅ​ក្នុង​ពិភពលោក​កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ ដោយ​ថា​ស្រទាប់​អូហ្សូន (Ozone) ដែល​ការពារ​បរិយាកាស​ផែនដី​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង និង​ឈាន​ទៅ​រក​ការ​អន្តរាយ​ធ្ងន់ធ្ងរ ដោយសារ​តែ​សកម្មភាព​របស់​មនុស្ស​បង្ក​ឡើង។ ការ​ព្រួយ​បារម្ភ​នេះ បាន​ទាមទារ​ឲ្យ​បណ្ដា​រដ្ឋ​ទាំងអស់​នៅ​ក្នុង​ពិភពលោក ជួយ​ការពារ​ជា​បន្ទាន់​ទៅ​លើ​បរិស្ថាន និង​ការ​កាត់​បន្ថយ​សារធាតុ​ទាំង​ឡាយ​ដែល​អាច​បំផ្លាញ​ស្រទាប់​អូហ្សូន។

យុវតី​មួយ​រូប​ទៀត​ឈ្មោះ ស៊ីថា ឆដារដ្ឋ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា កំពុង​តែ​ប្រឈម​ធ្ងន់ធ្ងរ​នូវ​ការ​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់ ដែល​ជា​ប្រព័ន្ធ​ការពារ​បរិស្ថាន​យ៉ាង​សំខាន់។ យុវតី​រូប​នេះ និង​ក្រុម​យុវជន​ឯ​ទៀត​ដែល​ជា​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត កំពុង​តែ​ចូលរួម​ផ្សព្វផ្សាយ​នៅ​តាម​សាលា​រៀន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រំឭក​ឲ្យ​យុវជន​ចូលរួម​ការពារ​បរិស្ថាន​ទាំងអស់​គ្នា និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ចូលរួម​សិក្ខា​សាលា​ថ្នាក់​ជាតិ ឬ​ថ្នាក់​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ការ​យល់​ដឹង​បន្ថែម​ពី​កិច្ច​គាំពារ​បរិស្ថាន​លើ​ពិភពលោក ហើយ​ចែក​រំលែក​ចំណេះ​ដឹង​ទាំង​នោះ​ទៅ​ដល់​យុវជន​ឯ​ទៀត៖ «កន្លង​មក​ខ្ញុំ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ផ្សព្វផ្សាយ​ពី​កិច្ច​ការពារ​បរិស្ថាន និង​ជួយ​ដើរ​រើស​សំរាម ពន្យល់​ពលរដ្ឋ​ពី​ការ​បោះ​ចោល​សំរាម​ក្នុង​ធុង របៀប​បែង​ចែក​សំរាម​ដែល​អាច​ប្រើ​ឡើង​វិញ​បាន។ យើង​ក៏​អាច​កាត់​បន្ថយ​ពេល​យើង​ធ្វើ​ដំណើរ​ផ្លូវ​ជាមួយ​គ្នា។ យើង​ជិះ​ម៉ូតូ ឬ​ឡាន​ជាមួយ​គ្នា ឬ​អាច​ជិះ​ឡាន​ក្រុង​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទៅ​បរិយាកាស»

ការ​យល់​ដឹង​ផ្នែក​បរិស្ថាន​របស់​ពលរដ្ឋ ត្រូវ​បាន​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ស៊ូ សាវុត វាយ​តម្លៃ​ថា​មាន​ដំណើរ​ទៅ​យឺត។ បញ្ហា​សង្គ្រាម​រ៉ាំរ៉ៃ​ដែល​កម្ពុជា ជួប​ប្រទះ​កន្លង​មក ភាព​ក្រីក្រ​របស់​ពលរដ្ឋ គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សូវ​យល់​ដឹង​ពី​បរិស្ថាន។ លោក​គិត​ថា បញ្ហា​បរិស្ថាន​ចម្បង​ដែល​កម្ពុជា ចាត់​ទុក​ជា​អាទិភាព​ក្នុង​ការ​ដោះស្រាយ​បន្ទាន់​នោះ គឺ​បញ្ហា​សំរាម​ដែល​ពលរដ្ឋ​ចេះ​តែ​បោះ​ចោល​ពាស​វាល​ពាល​កាល៖ «អ្នក​ខ្លះ​យល់​ពី​បញ្ហា​បរិស្ថាន តែ​ធ្វើ​មិន​យល់ ភ្នែក​ភ្លឺ​តែ​ធ្វើ​ជា​ងងឹត ត្រចៀក​ស្តាប់​ឮ​តែ​ធ្វើ​ជា​ថ្លង់ នេះ​បាន​ជា​ការ​លំបាក។ បើ​គាត់​ជិះ​ឡាន​ទំនើប បើក​កញ្ចប់​បោះ​កន្ទុយ​បារី បោះ​ក្រដាស ខាក​ស្ដោះ នេះ​មែន​ពួក​គាត់​មិន​យល់​ទេ តែ​គាត់​មិន​ចូលរួម»

ព្រៃ​ឈើ គឺ​ជា​ប្រព័ន្ធ​ការពារ​បរិស្ថាន​ដ៏​សំខាន់។ កម្ពុជា បាត់​បង់​ព្រៃ​ឈើ​ជាច្រើន​តាម​រូបភាព​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ។

ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​នៃ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លុប​បំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និង​ជួយ​ទប់ស្កាត់​ការ​កើន​កម្ដៅ​ផែនដី រដ្ឋាភិបាល​កម្ពុជា បាន​រួម​ចំណែក​យ៉ាង​ធំធេង​រួម​មាន ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ដើម្បី​ឲ្យ​មាន​គម្រប​ព្រៃ​បៃតង​នៅ​ទូទាំង​ប្រទេស និង​ថែរក្សា​ព្រៃ​ឈើ សម្រាប់​ស្រូប​ទាញ​យក​ការ​វិនិយោគ​នូវ​ឥណទាន​កាបូន (Carbon Credit) ពីព្រោះ​តែ​ព្រៃ​ឈើ គឺ​ជា​ទីផ្សារ​កាបូន​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ពិភពលោក។

យ៉ាង​ណា កិច្ច​ខិតខំ​ប្រឹងប្រែង​ដាំ​ដើម​ឈើ​ឡើង​វិញ​របស់​រដ្ឋាភិបាល​កន្លង​មក មិន​សមាមាត្រ​នឹង​ការ​កាប់​ព្រៃ​ឈើ​យ៉ាង​រង្គាល​របស់​ក្រុម​ឈ្មួញ និង​អ្នក​វិនិយោគ​នោះ​ឡើយ។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង កត់​សម្គាល់​ថា អ្នក​បំផ្លាញ​ព្រៃ​ឈើ និង​បំផ្លាញ​ប្រព័ន្ធ​ការពារ​បរិស្ថាន​ច្រើន​នោះ គឺ​មន្ត្រី​មាន​អំណាច និង​ឧកញ៉ា​ធំៗ​ដែល​មាន​លុយ។ លោក​គិត​ថា ការ​ចូលរួម​ការពារ​បរិស្ថាន​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី កងទ័ព ត្រូវ​បញ្ឈប់​សកម្មភាព​បទល្មើស​ព្រៃ​ឈើ​ជា​មុន​សិន៖ «យើង​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​មាន​អំណាច ឧកញ៉ា​ធំៗ គឺ​រក​ស៊ី​មុខ​របរ​ធំ​បំផុត​នោះ គឺ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង​ហើយ ដែល​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ការពារ​បរិស្ថាន​នៅ​កម្ពុជា ក៏ដូចជា​ប្រព័ន្ធ​ការពារ​បរិស្ថាន​ពិភពលោក ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច​យើង​បាន​ឃើញ​នា​ពេល​កន្លង​មក»

ក្នុង​មួយ​ឆ្នាំៗ​មាន​ឈើ​ជាច្រើន​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​ខុស​ច្បាប់​ចេញ​ពី​ព្រៃ​រនាម ព្រៃ​ស្រោង និង​តំបន់​ព្រៃ​ឡង់ និង​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​កាល​ពី​ឆ្នាំ​២០១៣ ថា គម្រប​ព្រៃ​ឈើ​ទាំង​មូល​នៅ​សល់​ប្រមាណ ២៨​ភាគរយ​ប៉ុណ្ណោះ​នៃ​ផ្ទៃ​ព្រៃ​ឈើ​សរុប​ដែល​មាន​ចំនួន ១០​លាន​ហិកតារ​នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩២។

ក្រុម​អ្នក​ជំនាញ​ខាង​បរិស្ថាន បង្ហាញ​ឲ្យ​ឃើញ​ថា សព្វថ្ងៃ​នេះ​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ធម្មជាតិ​ធំៗ​ជាច្រើន រួម​មាន គ្រោះ​រាំង​ស្ងួត ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​ជាដើម។ គ្រោះ​ធម្មជាតិ​ទាំង​នោះ​បណ្ដាល​មក​ពី​មនុស្ស​បង្កើត​សារធាតុ​គីមី​យក​ទៅ​ប្រើប្រាស់ ហើយ​សារធាតុ​មួយ​ចំនួន​បាន​បំផ្លាញ​សារធាតុ​សំខាន់​ដែល​ការពារ​ផែនដី ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​បាត់​បង់​តុល្យភាព​នៃ​ការ​ជួយ​ជីវិត និង​សុខភាព​មនុស្ស​សត្វ។ យុវជន​ត្រូវ​បាន​ក្លាយ​ជា​ចលករ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈ​សកម្មភាព និង​ការ​ចូលរួម​គាំពារ​បរិស្ថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។