តើ​យុវជន​ត្រៀម​ខ្លួន​អ្វី​ខ្លះ​សម្រាប់​សមាហរណកម្ម​អាស៊ាន?

0:00 / 0:00

មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​រក​ឃើញ​ថា ប្រទេស​កម្ពុជា មាន​ហានិភ័យ​កម្រិត​ខ្ពស់​លើ​ភាព​គ្មាន​ការងារ​ធ្វើ ដោយសារ​ការ​មិន​ពង្រឹង​គុណភាព​អប់រំ និង​មិន​មាន​ការ​ផ្សព្វផ្សាយ​ដល់​យុវជន​ឲ្យ​បាន​ច្រើន​អំពី​ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន នៅ​ពេល​ដែល​អាស៊ាន​បង្កើត​ជា​តំបន់​តែមួយ​នៅ​ឆ្នាំ​២០១៥។

យុវជន​នៅ​តែ​ត្អូញត្អែរ​ពី​ការ​ទទួល​ព័ត៌មាន​តិចតួច​ពី​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន​ចូល​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥។ ប៉ុន្តែ​ពួកគេ​បាន​ស្រាវជ្រាវ និង​ពង្រឹង​សមត្ថភាព​ដោយ​ខ្លួន​ឯង​ដើម្បី​អាច​ឈាន​ទៅ​ប្រកួតប្រជែង​ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់​បាន។

យុវតី លន់ ម៉ាលីណា និស្សិត​ឆ្នាំ​ទី​៤ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឲ្យ​ដឹង​ថា នាង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ ខាង​មុខ។

ពេល​វេលា​មិន​មាន​ច្រើន​ទេ​សម្រាប់​នាង ប៉ុន្តែ​យុវតី​រូប​នេះ​បញ្ជាក់​ថា នាង​បាន​ព្យាយាម​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​លើ​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ (Leadership)។ នាង​គិត​ថា តាម​រយៈ​ផ្នែក​មួយ​នេះ នាង​អាច​កំណត់​ទិសដៅ​និង​ដឹកនាំ​ខ្លួន​ឯង​បាន និង​ដឹកនាំ​មនុស្ស​ជា​ច្រើន​ទៀត​ក្នុង​សហគមន៍ ដើម្បី​ឲ្យ​ពួកគេ​មាន​ការ​អភិវឌ្ឍ​ខ្លួន​បាន​ល្អ។ នាង​បន្ត​ថា យុវជន​ខ្មែរ​ភាគ​ច្រើន​មិន​ទាន់​ដឹង​ពី​ទិសដៅ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ផ្នែក​ភាសា និង​ការ​ទំនាក់ទំនង​ដែល​នាំ​ឲ្យ​យុវជន​ទាំងនោះ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ការងារ​ពី​សំណាក់​យុវជន​ឯទៀត ក្នុង​បណ្តា​ប្រទេស​អាស៊ាន៖ «ជំនាញ ចំណេះដឹង ពិសេស​ភាព​ជា​អ្នកដឹកនាំ ដែល​យុវជន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​សមាហរណកម្ម​ចូល​មក គាត់​មិនមែន​ធ្វើការ​តែឯង​ទេ គឺ​ធ្វើជា​ជាមួយ​ជនជាតិ​ដទៃ​ទៀត»

ទោះ​យ៉ាង​ណា យុវតី​រូប​នេះ​ជឿ​ថា កម្ពុជា​ពិតជា​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាស៊ាន​បាន ប្រសិន​បើ​យុវជន​ខិតខំ​យក​ចិត្ត​ទុកដាក់​អភិវឌ្ឍន៍​ខ្លួន​ឯង ពិសេស​គឺ​ផ្នែក​ជំនាញ ព្រោះ​យុវជន​ភាគច្រើន​នៅ​ខ្វះខាត​ជំនាញ​ផ្ទាល់ខ្លួន។ នាង​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ឱកាស​ឲ្យ​ច្រើន​សម្រាប់​យុវជន រួម​មាន​ការ​ផ្ដល់​អាហារូបករណ៍​ដល់​យុវជន​រៀន​ផ្នែក​ភាពជា​អ្នកដឹកនាំ ផ្នែក​ជំនាញ​វគ្គ​ខ្លី ឬ​វគ្គ​វែង ឬ​ក៏​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្កើត​សិក្ខាសាលា​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្សេងៗ ពាក់ព័ន្ធ​នឹង​បញ្ហា​អាស៊ាន​ឲ្យ​បាន​ច្រើន។

​យុវជន​មួយ​រូប​ទៀត ឈ្មោះ អូម៉ុយ ពិសិដ្ឋ និស្សិត​ឆ្នាំ​ទី​៤ នៃ​សកល​វិទ្យាល័យ លីម កុកវីង ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​សប្បាយ​ចិត្ត​ដែល​សមាហរណកម្ម​អាស៊ាន នឹង​ឈាន​មក​ដល់​នៅ​ឆ្នាំ​ក្រោយ យុវជន​រូប​នេះ​ក៏​បារម្ភ​ថា កង្វះខាត​ផ្នែក​ជំនាញ​គឺ​ជា​បញ្ហា​ចម្បង​ដែល​យុវជន​ត្រូវ​រៀន​ដើម្បី​ត្រៀមខ្លួន​ក្នុង​សមាហរណកម្ម​អាស៊ាន​នោះ៖ «ខ្ញុំ​នឹង​ខំ​ស្វែង​យល់​ពី​សមាហរណកម្ម​អាស៊ាន»

ប្រទេស​កម្ពុជា មាន​យុវជន​ចំនួន ៣៣​ភាគរយ គឺ​ស្មើ​នឹង​ជាង ៤​លាន​នាក់ នៃ​ប្រជាជន​សរុប​ប្រមាណ ១៤​លាន​នាក់។ បណ្ដាញ​ក្រុម​យុវជន​អាស៊ាន ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ម្ដង​រួច​មក​ហើយ​ទៅ​ថ្នាក់ដឹកនាំ​អាស៊ាន។ សេចក្ដី​ថ្លែងការណ៍​រួម​នោះ​ផ្ដោត​សំខាន់​ទៅ​លើ​ការអប់រំ​របស់​យុវជន ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ចំណុច​ជា​ច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រឈម​របស់​យុវជន​នៅ​តំបន់​អាស៊ាន។

នាយករង​នៃ​សកល​វិទ្យាល័យ ន័រ តុន និង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល លោក អ៊ុង វ៉ាន់ធឿន គិត​ថា មាន ២​ចំណុច​ដែល​យុវជន​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន។ ទី​១ គឺ​ឥរិយាបថ​ដែល​លោក​សំដៅ​ទៅ​សមត្ថភាព​សមាហរណកម្ម​វប្បធម៌​ចម្រុះ​ពឹង​ផ្នែក​ទៅ​លើ​ការ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស៊ីសង្វាក់​គ្នា​ជាមួយ​ជាតិ​សាសន៍​ដទៃ។ ទី​២ សមត្ថភាព​ជំនាញ ឬ​បច្ចេកទេស​ដែល​លោក​សំដៅ​ថា យុវជន​ទាំង​អស់​មិន​ត្រូវ​គិត​ថា តើ​ជំនាញ​ណា​មួយ​ដែល​គេ​ត្រូវការ ឬ​មិន​សូវ​ត្រូវការ​នោះ​ទេ អ្វី​សំខាន់​នោះ​គឺ​ពួកគាត់​ត្រូវ​សម្រួច​ជំនាញ​ដែល​ខំ​រៀន​នោះ​ឲ្យ​ចេះ​ពិតប្រាកដ។

តាម​គំនិត​លោក លោក​មើល​ឃើញ​ថា យុវជន​កម្ពុជា មាន​ទាំង​សមត្ថភាព​និង​ការ​ទំនាក់ទំនង​ក្នុង​ការ​សហប្រតិបត្តិ​ការ​ជាមួយ​អ្នក​ដទៃ ដូច្នេះ​ពួកគេ​អាច​រក​ឱកាស​ការងារ​បាន និង​ចាប់​ឱកាស​ទាំង​នោះ​បាន និង​អាច​ធ្វើ​បាន​នៅ​ពេល​ដែល​សមាហរណកម្ម​អាស៊ាន​ឈាន​មក​ដល់៖ «ចំណុច​ខ្លាំង​របស់​យុវជន​យើង គឺ​អ្នក​រៀន​មាន​សមត្ថភាព​ភាសា រី​ឯ​អ្នក​មិន​រៀន​សូត្រ​អាច​លក់​កម្លាំង​ពលកម្ម។ ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ប្រយោជន៍។ ចំណុច​ខ្សោយ​របស់​យុវជន​យើង គឺ​អ្នក​រៀន​សូត្រ​គឺ​ខ្វះខាត​ផ្នែក​សហប្រតិបត្តិការ និង​ភាព​ម៉ត់ចត់»

ការ​ស្រាវជ្រាវ​ខ្លះ​រក​ឃើញ​ថា គុណភាព​អប់រំ​អន់​ខ្សោយ​នៅ​កម្ពុជា ធ្វើ​ឲ្យ​យុវជន​មិន​ទទួល​បាន​ការងារ​ធ្វើ​សមរម្យ​ឡើយ នៅ​ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន​ខាង​មុខ។

នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា គិត​ថា យុវជន​កម្ពុជា មិន​អាច​ស្រូប​យក​ទីផ្សារ​ការងារ​អាស៊ាន​បាន​ទេ នៅ​ពេល​ដែល​សមត្ថភាព​របស់​យុវជន​នៅ​មាន​កម្រិត។

តាម​គំនិត​លោក ពេល​នេះ​យុវជន​ត្រូវ​ស្វែង​យល់​ពី​ការវិវត្តន៍​នៅ​ក្នុង​តំបន់​ទាក់ទង​នឹង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ថា​តើ​ចាប់​ពី​ពេល​នេះ​ទៅ​មាន​កិច្ចប្រជុំ​អ្វី​ខ្លះ មាន​កម្មវិធី​អ្វី​ខ្លះ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាស៊ាន។ រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​មាន​កម្មវិធី​ជាក់លាក់​សម្រាប់​បង្រៀន ឬ​បណ្ដុះបណ្ដាល​យុវជន​ឲ្យ​ដឹង​ពី​ការវិវត្តន៍​នៅ​ក្នុង​តំបន់ ហើយ​យុវជន​ក៏​ត្រូវ​ដឹង​ខ្លួន​ជា​មុន​ថា នឹង​ត្រៀម​អ្វី​ខ្លះ​ដែល​ស្ថិត​នៅ​ក្រោម​គោលនយោបាយ​រដ្ឋាភិបាល៖ «ឱកាស​ការងារ​វា​មាន ប៉ុន្តែ​វា​ពិបាក​ប្រកួត​ប្រជែង​តម្លៃ​ពលកម្ម​បាន​ខ្ពស់។ សមត្ថភាព​របស់​យុវជន​នៅ​មាន​កម្រិត​ទាប​ជាង​បណ្ដាល​ប្រទេស​ដទៃ»

​លោក ជាង សុខា ព្រួយ​បារម្ភ​ថា កម្ពុជា​អាច​នឹង​ស្ថិត​នៅ​ក្នុង​ចរន្ត​មួយ​សម្រាប់​កំដរ​ក្នុង​តំបន់ ដើម្បី​រុញ​ច្រាន​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​តំបន់​តែមួយ​នៅ​ឆ្នាំ​២០១៥ ដោយសារ​តែ​កម្ពុជា មាន​កង្វះ​ធនធាន​មនុស្ស ដូច្នេះ​កម្ពុជា​មិន​អាច​ទាញ​ផល​ចំណេញ​ច្រើន​ពី​ការ​ចូល​សមាហរណកម្ម​អាស៊ាន​ឡើយ។

អ្នក​សម្របសម្រួល​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក លួន ធន ធ្លាប់​ប្រាប់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន រួម​ទាំង​កម្ពុជា​ផង នៅ​មិនទាន់​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ចូល​ប្រឡង​ក្នុង​កិច្ចការ​អាស៊ាន​នៅ​ឡើយ​ទេ។ ម្យ៉ាង​សំឡេង​របស់​យុវជន​នៅ​មិន​ទាន់​មាន​ភាព​ស្មើ​គ្នា​ក្នុង​ជួរ​រដ្ឋាភិបាល។

​លោក​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​អាស៊ាន ចាប់​អារម្មណ៍​យុវជន​យុវជន​អាច​នឹង​ក្លាយ​ជា​ចលករ​ស្នូល​នៃ​ការ​បង្កើត​តម្លៃ​ប្រជាជាតិ​អាស៊ាន សេចក្ដី​ថ្លៃថ្នូរ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។