នេះជាលើកទីពីរហើយចំពោះដំណើរទស្សនកិចិ្ចរបស់អ្នករាយការណ៍ពិសេសនៃឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកតាមដានសិទ្ធិមនុស្សនៅកម្ពុជា។
ដំណើរទស្សនកិច្ចលើកនេះ លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី (Surya Prasad Subedi) នឹងត្រួតពិនិត្យដោយផ្ទាល់លើដំណើរការរដ្ឋសភា ស្ថាប័នតុលាការ ព្រមទាំងស្ថាប័នឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលអង្គការសហប្រជាជាតិសង្ស័យថា ដំណើរការនៃស្ថាប័នទាំងនោះគ្មានតម្លាភាព។
អ្នកវិភាគក្នុងស្រុកខ្លះមានប្រសាសន៍ថា ស្តាប់ទៅដំណើរទស្សកិច្ចរបស់មន្ត្រីសហប្រជាជាតិរូបនេះសម្បើមណាស់ ទំនងតែមន្ត្រីរដ្ឋាភិបាលកម្ពុជាគោរពខ្លបខ្លាច ហើយអនុវត្តតាមអនុសាសន៍ដើម្បីលើកស្ទួយការការពារសិទ្ធិមនុស្ស តែជារឿយៗមន្ត្រីទាំងនោះមិនត្រឹមតែមិនត្រូវបានស្វាគមន៍តែប៉ុណ្ណោះទេ តែថែមទាំងបានបដិសេធមិនចង់ជួប ហើយជួនកាលត្រូវមេដឹកនាំរដ្ឋាភិបាលស្ទើរតែបណ្តេញចេញពីប្រទេសទៀតផងក៏មាន។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស មិនមានអំណាចបង្ខំរដ្ឋាភិបាលកម្ពុជាឲ្យកែប្រែស្ថានភាពរំលោភសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះបានទេ តែរដ្ឋាភិបាលកម្ពុជាទេដែលអាចបំបាត់ការរំលោភសិទ្ធិមនុស្សបាន បើសិនជារដ្ឋាភិបាលនេះមានឆន្ទៈ។
ចំណែកលោក យឹម សុវណ្ណ សមាជិកសភាគណបក្សសមរង្ស៊ី បញ្ជាក់ថា ដរាបអ្នកដឹកនាំសព្វថ្ងៃនៅតែបន្តកាន់អំណាច ការរំលោភសិទ្ធិមនុស្សនឹងនៅតែបន្តជារៀងរហូត ព្រោះលោកអះអាងថា ការរំលោភសិទ្ធិមនុស្សវាជាការចាំបាច់ដើម្បីរក្សានិងពង្រឹងអំណាចរដ្ឋាភិបាលបច្ចុប្បន្នឲ្យនៅឋិតឋេរ។
លោក យឹម សុវណ្ណ បានឲ្យដឹងថា ៖ «បើសិនជាគណបក្សប្រជាជននៅតែកាន់អំណាច គឺការរំលោភសិទ្ធិមនុស្សនៅតែបន្ត ហើយអត់មានថ្ងៃបញ្ចប់ទេ ពីព្រោះពេលខ្លះការរំលោភសិទ្ធិមនុស្សហ្នឹងគឺជាការពង្រឹងអំណាចរបស់គាត់ ប៉ុន្តែខ្ញុំថា នឹងបញ្ចប់នៅពេលណា? នៅពេលណាដែលអ្នកប្រជាធិបតេយ្យអាចនឹងកាន់កាប់អំណាចនៅក្នុងប្រទេសកម្ពុជា នៅពេលណាប្រជាពលរដ្ឋយល់ឃើញថា ការរំលោភសិទ្ធិមនុស្សជាទោសព្រហ្មទណ្ឌ ខ្ញុំថា ពេលហ្នឹងហើយជាទីបញ្ចប់នៃការរំលោភសិទ្ធិមនុស្ស»។
ទស្សនៈនេះត្រូវបានមន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត គាំទ្រហើយបានមានប្រសាសន៍ប្រហាក់ប្រហែលគ្នានេះថា ជួនកាលរដ្ឋាភិបាលកម្ពុជាបានប្រើការគាបសង្កត់សិទ្ធិមនុស្សនេះជាល្បិចកលដើម្បីបម្រើផលប្រយោជន៍ទាក់ទាញអ្នកគាំទ្រឲ្យបោះឆ្នោតផងដែរ។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា ៖ «នៅពេលដែលជិតបោះឆ្នោតម្ដងៗ គឺឃើញរាជរដ្ឋាភិបាលកម្ពុជាមានការបន្ធូរបន្ថយ និងមានវិធានការច្រើនយ៉ាងទៅនឹងសិទ្ធិទាមទារទាំងឡាយរបស់ប្រជាពលរដ្ឋ ដើម្បីជាការទាញយកសន្លឹកឆ្នោតមកវិញ។ ដល់ពេលបោះឆ្នោតហើយ ស្ថានភាពនៃសេរីភាពបញ្ចេញមតិហ្នឹងគឺត្រូវបានរឹតត្បិត តឹងរ៉ឹង ហើយមានការគំរាមកំហែងបំបាក់ស្មារតី មិនឲ្យមានការទាមទារតវ៉ា មិនឲ្យមានអី ភាគច្រើនណាស់! គឺប្រើប្រាស់រូបភាពឧទាហរណ៍ បង្ក្រាបបាតុកម្មអីអ៊ីចឹងជាដើម យើងឃើញថា មានសភាពតានតឹង»។
ជារឿយៗរបាយការណ៍អង្គការសិទ្ធិមនុស្សសហប្រជាជាតិនិងសិទ្ធិមនុស្សអន្តរជាតិ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី និងផ្ទះសម្បែងដោយគ្មានសំណងសមរម្យ ហើយបានលក់ទ្រព្យសម្បត្តិជាតិ ធនធានធម្មជាតិ ដូចជារ៉ែ ព្រៃឈើ មន្ទីរអគាររដ្ឋជាដើម ហើយបិទសិទ្ធិបញ្ចេញមតិជាសាធារណៈ ហើយបានចាប់អ្នករិះគន់រដ្ឋាភិបាល ដូចជាមន្រ្តីបក្សប្រឆាំង អ្នកតវ៉ារឿងដីធ្លី និងអ្នកកាសែតជាដើម ដាក់គុក។
លោក សុក សំអឿន មន្ត្រីអ្នកច្បាប់ដ៏ល្បីម្នាក់ បានមានប្រសាសន៍ថា នាបច្ចុប្បន្ននេះប្រជាជនមិនសូវហ៊ានបញ្ចេញមតិទេ។
អង្គការសិទ្ធិមនុស្សអន្តរជាតិខ្លះបានឡកឡឺយដាក់រដ្ឋាភិបាលកម្ពុជាដែលបានលក់ដីមន្ទីរនិងអគាររដ្ឋនានាថា ប្រទេសកម្ពុជាជាប្រទេសសម្រាប់ដាក់លក់ដូចទំនិញ។ ក្រៅពីនេះអតីតតំណាងពិសេសអង្គការសហប្រជាជាតិតាមដានសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺលោក យ៉ាស្ហ ហ្កាយ (Yash Ghai) បានរិះគន់ចំៗថា អំណាចទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងកណ្តាប់ដៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់ឯង ដែលធ្វើឲ្យលោកនាយករដ្ឋមន្រ្តីប្រតិកម្មយ៉ាងខ្លាំងៗ ឆ្លើយតបយ៉ាងគំរោះគំរើយទៅវិញ រហូតដល់ទៅចង់បិទការិយាល័យសិទ្ធិមនុស្សសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជាទៀតផង ដោយលោកនាយករដ្ឋមន្ត្រីបានចោទថា របាយការណ៍អង្គការសហប្រជាជាតិទាំងនោះជារឿងបំផ្លើស បង្ខូចកិត្តិយសប្រទេសកម្ពុជា។
នៅក្នុងពេលដែលក្រុមសិទ្ធិមនុស្សចោទរដ្ឋាភិបាលថា រំលោភសិទ្ធិពលរដ្ឋខ្មែរ ក៏ប៉ុន្តែរដ្ឋាភិបាលវិញបានឆ្លើយបដិសេធថាទេនោះ ចំណោទនិងការបដិសេធនៃភាគីទាំងពីរនៅតែបន្តមិនចេះចប់មិនចេះហើយ ដែលធ្វើឲ្យគេមានការព្រួយបារម្ភថា ការរំលោភសិទ្ធិមនុស្សនៅតែបន្តមិនចេះចប់ដូចគ្នានេះដែរ។
ទាំងលោក ផៃ ស៊ីផាន និងលោក ជាម យៀប នៅតែទទូចថា រដ្ឋាភិបាលមិនអាចធ្វើការជាមួយមន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិនិងមន្ត្រីសិទ្ធិមនុស្សផ្សេងៗបានទៀតទេ បើសិនជាក្រុមសិទ្ធិមនុស្សទាំងនោះនៅតែសរសេររបាយការណ៍វាយប្រហាររដ្ឋាភិបាលដូចរយៈពេលកន្លងមក។
លោក ជាម យៀប បានបញ្ជាក់ដូច្នេះថា ៖ «យកព័ត៌មានតែម៉្យាងៗដែលគេមិនពេញចិត្ត... ចេះតែឆ្លើយដាក់កំហុស ព្រោះមនុស្សមិនអាចមានភាពសុក្រឹតបានទេ ទស្សនវិទូសូក្រាតក៏បានលើកឡើង គ្មានអ្នកណាសុក្រឹតទេ វាអាចមានការខ្វះខាត ប៉ុន្តែគ្រាន់តែការខ្វះខាតជាបណ្ដោះអាសន្ន យើងអាចមើលកូនកំព្រា យើងអាចជំរុញឲ្យគេគោរពច្បាប់ គោរពសិទ្ធិមនុស្ស បានទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានចែងទេ»។
អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា បញ្ហានេះគួរតែបញ្ចប់ឲ្យបានឆាប់ដើម្បីបម្រើសិទ្ធិមនុស្សប្រជាពលរដ្ឋកម្ពុជាកំពុងតែស្រេកឃ្លាន។ អ្នកស្រីបន្តថា ដំណោះស្រាយគឺភាគីទាំងពីរ ខាងរដ្ឋាភិបាលកម្ពុជានិងមន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិត្រូវតែចុះសម្រុងនឹងគ្នា ដើម្បីរកដំណោះស្រាយណាមួយនៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះឲ្យបានល្អប្រសើរ។
អ្នកស្រី ពុង ឈីវកេក បានមានប្រសាសន៍ថា ៖ «ចង់ឲ្យមានឱកាសអង្គុយជាមួយនឹងអ្នកដឹកនាំរបស់ប្រទេសយើង ហើយលើករឿងសិទ្ធិមនុស្សដាក់លើតុទាំងអស់គ្នា ហើយរករូបមន្តមួយ រកមធ្យោបាយមួយដើម្បីនឹងធ្វើការជាមួយគ្នា។ មានគំនិតតែមួយទេ គោលដៅគឺចង់ជួយប្រទេសកម្ពុជាយើងឲ្យមានការលើកស្ទួយនិងការគោរពសិទ្ធិមនុស្ស»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ តម្រូវឲ្យប្រទេសកម្ពុជាធានានូវការគោរពសិទ្ធិមនុស្សដោយពេញលេញ ដូច្នេះហើយទើបក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងអន្តរជាតិតាមឃ្លាំមើលស្ថានភាពរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ៕