​វេទិកា​អ្នក​ស្ដាប់​៖ តើ​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពី​ក្រោយ​ការ​ចរចា​ចែក​រំលែក​ផល​ប្រយោជន៍​រួម​គ្នា​ពី​កំណប់​ប្រេង និង​ឧស្ម័ន​រវាង​កម្ពុជា និង​ថៃ?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃ​អង្គារ ទី១៩ ខែវិច្ឆិកា​នេះ ប្រធាន​បទ៖ តើ​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពី​ក្រោយ​ការ​ចរចា​ចែក​រំលែក​ផល​ប្រយោជន៍​រួម​គ្នា​ពី​កំណប់​ប្រេង និង​ឧស្ម័ន​រវាង​កម្ពុជា និង​ថៃ?

រដ្ឋាភិបាល​ត្រកូល ហ៊ុន ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​ចម្លែក​ក្នុង​រឿង​ជម្លោះ​ចែករំលែក​ផល​ប្រយោជន៍​ពី​កំណប់​ប្រេង និង​ឧស្ម័ន​ដ៏​មហាសាល តម្លៃ​ជាង ៣០០ពាន់លានដុល្លារ ពី​តំបន់​ក្បែរ​កោះ​គុត​ក្នុង​ឈូង​សមុទ្រ​ថៃ។ នៅ​ទន្ទឹម​ពេល ដែល​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ កំពុង​ត្រៀម​បើក​ការ​ចរចា​ឡើង​វិញ ដោយ​ផ្អែក​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ឆ្នាំ២០០១ ឬ MOU44 រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ បាន​ព្រមាន​ពី​ការ​ផ្ទុះ​សង្គ្រាម​ជាមួយ​កម្ពុជា ប្រសិនបើ​មិន​យក​កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ជា​គោល​សម្រាប់​ការ​ចរចា។ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន មាន​មន្ទិល​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​ត្រកូល ថាក់ស៊ីន អាច​លួច​ត្រូវរ៉ូវ​គ្នា​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​មួយ ដើម្បី​បែងចែក​ផល​ប្រយោជន៍​ពី​កំណប់​ភោគទ្រព្យ​ធម្មជាតិ​ដ៏​មហាសាល​នេះ។

តើ​មាន​អាថ៌កំបាំង​អ្វី នៅ​ពី​ក្រោយ​ការ​ចរចា​ចែក​រំលែក​ផល​ប្រយោជន៍​រួម​គ្នា​ពី​កំណប់​ប្រេង និង​ឧស្ម័ន​រវាង​កម្ពុជា និង​ថៃ? ហើយ​ថា តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ទាំង​ពីរ​មិន​ហ៊ាន​បង្ហាញ​តម្លាភាព​ជុំវិញ​រឿង​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕