នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីរាត្រីថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ជជែកពិភាក្សាអំពីប្រធានបទ «ការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
វាគ្មិនចូលរួម៖ លោក គល់ បញ្ញា មន្រ្តីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល និងលោក ស្រ៊ុន ស្រ៊ន ជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
នៅថ្ងៃទី២៣ ខែតុលានេះ គឺជាខួប ២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតថា កិច្ចព្រមព្រៀងនេះ លែងមានសុពភាពហើយក្ដី ក៏ក្រុមអ្នកច្បាប់ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា អះអាងថា កិច្ចព្រមព្រៀងនេះ នៅតែមានសុពលភាព សម្រាប់ឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្ត។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាទាំង ៤ក្រុម ព្រមទាំងតំណាងរដ្ឋាភិបាលនៃប្រទេសចំនួន ១៨ផ្សេងទៀត កាលពីឆ្នាំ១៩៩១ បានចែងពីការព្រមព្រៀងសំខាន់ចំនួន៣ គឺទី១ កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ទី២ កិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និងទី៣ សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជាឡើងវិញ។
កិច្ចព្រមព្រៀងនេះ កម្ពុជាសន្យាថា ធានាគោរព និងប្រតិបត្តិតាមគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា គាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជា ទាំងអស់ក្នុងការធ្វើសកម្មភាពដែលជំរុញ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន ព្រមទាំងចូលរួមគោរពតាមកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ស្មារតីសំខាខ់ជាងគេនៃកិច្ចព្រមព្រៀងនេះ គឺការបង្រួបង្រួមជាតិ។
ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ សន្យាថា ជួយជំរុញ និងលើកទឹកចិត្តដល់ការគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិ និងសេចក្ដីសម្រេចទាំងឡាយរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺការពារទប់ទល់នឹងការកកើតឡើងវិញ ការរំលោភសិទ្ធិមនុស្ស។
លោក ហ៊ុន សែន ក៏ទទួលស្គាល់ដែរថា កិច្ចព្រមព្រៀងនេះ មានតម្លៃជាប្រវត្តិសាស្រ្ត ប៉ុន្តែលោកអះអាងថា កិច្ចព្រមព្រៀងនេះ អស់សុពលភាពទៅហើយ។
នៅក្នុងខួបលើកទី២៨ នេះ គេសង្កេតឃើញថា កម្ពុជាកំពុងតែមានការបែកបាក់ជាតិកាន់តែខ្លាំង ជាពិសេស ភាគីអ្នកមានអំណាច ចោទប្រកាន់ និងចាប់ចងសកម្មជនបក្សប្រឆាំងចោទពីផែនការក្បត់ជាតិជាដើម ដែលអ្នកសង្កេតការណ៍ថា ជាការប្រឌិត ដើម្បីបំបិទសំឡេងប្រឆាំង។
ដូច្នេះ តើការចាប់ខ្លួន និងការរំលាយបក្សប្រឆាំង នៅកម្ពុជាសព្វថ្ងៃនេះ ស្របតាមខ្លឹមសារបង្រួបបង្រួមជាតិនៃកិច្ចព្រមព្រៀងនេះដែរឬទេ?
តើអ្នកណាខ្លះ ជាអ្នកទទួលខុសត្រូវលើការរំលោភលើកិច្ចព្រមព្រៀងនេះ?
តើស្ថានភាពកម្ពុជាសព្វថ្ងៃនេះ ប្រទេសហត្ថលេខីមានកាត្វកិច្ចអ្វីខ្លះទេ ក្នុងការជំរុញឲ្យរដ្ឋាភិបាលងាកមកគោរពកិច្ចព្រមព្រៀងនេះវិញ? ហើយត្រូវធ្វើដូចម្ដេច ដើម្បីឲ្យមេដឹកនាំបច្ចុប្បន្នត្រូវងាកមកអនុវត្តតាមវិញ?
សូមចុចស្ដាប់សំឡេងកិច្ចពិភាក្សារវាងលោក ទីន ហ្សាការីយ៉ា និងលោក គល់ បញ្ញា មន្រ្តីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល រួមជាមួយលោក ស្រ៊ុន ស្រ៊ន ជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។