អង្គ​ជំនុំ​ជម្រះ​រឿងក្ដី​០០២ ថ្ងៃ​ដំបូង

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​សាមញ្ញ​ថា សាលាក្ដី​ខ្មែរ​ក្រហម បាន​បើក​ប្រជុំ​សវនាការ​បឋម​លើ​សំណុំ​រឿង​០០២ នៅ​ថ្ងៃ​ទី​២៧ មិថុនា។

ក្នុង​សំណុំ​រឿង​នេះ មាន​ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ចំនួន ៤​នាក់​ចូល​រួម ក្នុង​នោះ​មាន​លោក ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា អតីត​ប្រធាន​រដ្ឋ​សភា លោក អៀង សារី ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​លោក​ស្រី អៀង ធីរិទ្ធិ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​មេធាវី​របស់​អស់​លោក​ទាំង​នោះ។

ក្រោយ​ពី​មាន​ការ​បើក​សវនាការ​បាន​បន្តិច​មក លោក សុន អរុណ ដែល​ជា​មេធាវី​របស់​លោក នួន ជា បាន​លើក​សំណូមពរ​របស់​លោក នួន ជា សុំ​ពាក់​មួក​ការ​ពារ​ធាតុ​ត្រជាក់​ក្នុង​សាល​សវនាការ និង​សុំ​ពាក់​វ៉ែនតា​ការ​ពារ​ពន្លឺ​ភ្លើង​នៅ​ក្នុង​សាល​សវនាការ។

ក្រោយ​បន្តិច​មក​ទៀត លោក នួន ជា បាន​សុំ​មាន​យោបល់​ដោយ​លើក​ឡើង​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​សវនាការ​នេះ​ឡើយ និង​បាន​សុំ​ចាក​ចេញ​ពី​សាល​សវនាការ ហើយ​វិល​ទៅ​បន្ទប់​ឃុំ​ឃាំង​វិញ។ ចៅក្រម​សវនាការ​បាន​យល់​ព្រម និង​អនុញ្ញាត​តាម​ការ​ស្នើ​សុំ។

នៅ​វេលា​ម៉ោង ១១​ព្រឹក ក្រោយ​ពេល​សម្រាក​លើក​ទី​១ តាម​រយៈ​មេធាវី​របស់​ខ្លួន លោក​ស្រី អៀង ធីរិទ្ធិ ដែល​ជា​ជន​ជាប់​ចោទ​មួយ​រូប​ដែរ​នោះ ក៏​បាន​សុំ​ចាក​ចេញ​ពី​សាល​ប្រជុំ​សវនាការ​ផង​ដែរ។

សវនាការ​បឋម​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​គម្រោង​ប្រព្រឹត្តិ​ទៅ​ចំនួន ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ មិថុនា។ សវនាការ​បឋម​នេះ​មាន​ការ​ជជែក​ដេញ​ដោល​លើ​អង្គ​សេចក្ដី ដោយ​មិន​លើក​ឡើង​ជជែក​ពី​អង្គ​ហេតុ​នានា​ឡើយ។ នៅ​ថ្ងៃ​ទី​១ នេះ មាន​ការ​ពិភាក្សា​ជា​ពិសេស​ទៅ​លើ​បញ្ហា​អញ្ញត្រកម្ម (Objection) ទាក់​ទង​គោល​ការណ៍​កាត់​ទោស ២​ដង លើ​បទ​ល្មើស​តែ​មួយ អញ្ញត្រកម្ម​អំពី​ការ​លើក​លែង​ទោស និង​អនុ​គ្រោះ​ទោស​ជា​ដើម៕