តើ១០ឆ្នាំកន្លងមកនេះ កម្ពុជាបានចំណេញ ឬខាតអ្វីខ្លះ? ហើយអាស៊ាន មានគោលដៅយ៉ាងណាក្នុងការជួយប្រទេសជាសមាជិករបស់ខ្លួន ?
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាតិកម្ពុជា បានមានប្រសាសន៍អះអាងថា កម្ពុជា បានទទួលផលចំណេញច្រើន ក្រោយដែលបានក្លាយចូលជាសមាជិកពេញលេញនៃសមាគមអាស៊ាន។
លោក ជាម យៀប តំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធាននៃគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានមានប្រសាសន៍ថា សមាគមអាស៊ានមានគោលដៅមិនខុសពីសហគមន៍អឺរ៉ុប ចំពោះប្រទេសដែលជាសមាជិករបស់ខ្លួនឡើយ ហើយភាពចំណេញដែលកម្ពុជាទទួលបាននោះមាន ៖ «ប្រការសំខាន់គឺយើងបានធ្វើសមាហរន្តកម្មកម្ពុជា ចូលទៅក្នុងបណ្តាប្រទេសក្នុងតំបន់ ហើយគោលការណ៍៣ សំខាន់នោះ គឺសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ។ បន្ថែមពីហ្នឹង យើងបានទទួល៣ផ្សេងទៀត គឺនយោបាយ សន្តិសុខសង្គម ឬស្ថិរភាពសង្គម ទី២ យើងបានរួបរួមគ្នាធ្វើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ហើយទី៣ យើងផ្លាស់ប្តូរបទពិសោធន៍នានា និងវប្បធម៌នៃបណ្តាប្រទេសនីមួយៗ នៅក្នុងប្រទេសជាសមាជិកពេញសិទ្ធិរបស់អាស៊ាន»។
លោក ជាម យៀប មានប្រសាសន៍បន្តថា ទោះបីកម្ពុជា ជាសមាជិកថ្មីនៃសមាគមអាស៊ានក៏ដោយ ក៏ប្រទេស៥ ដែលជាសមាជិកពីមុន មានទិសដៅជួយប្រទេសដែលជាសមាជិកថ្មីឲ្យមានការរីកចម្រើនដូចជាប្រទេសខ្លួន។
លោក ជាម យៀប មានប្រសាសន៍បន្តដូច្នេះ «អាស៊ានមាន ១០ប្រទេស ៥ប្រទេសចាស់ និង ៥ប្រទេសថ្មី ហើយធ្វើយ៉ាងណាដើម្បីឲ្យទាំងចាស់ទាំងថ្មីមានភាពស្មើគ្នា មានជីវភាពរស់នៅក្នុងសង្គមអាចប្រហាក់ប្រហែលគ្នា។ ហើយចាស់ៗដែលចម្រើន ជួយដល់អ្នកថ្មីលើវិស័យសេដ្ឋកិច្ច ហើយយើងផ្លាស់ប្ដូរបទពិសោធន៍ផ្សេងៗទៀត ដើម្បីឲ្យប្រទេសយើងក្លាយជាប្រទេសដែលមានការពិសោធ មានការបណ្ដុះបណ្ដាល ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច ឬក៏វប្បធម៌ឲ្យបានកាន់តែខ្លាំងក្លាឡើង»។
ឯកសារក្នុងទំព័រវ៉ឹបសៃថ៍នៃសព្វវចនាធិប្បាយ ឬភាសាអង់គ្លេសហៅថា Encyclopediaបានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន បានបង្កើតឡើងដំបូងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេស៥ ជាសមាជិក ក្នុងនោះមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ។
ប្រទេសប៊្រុយណេ បានចូលជាសមាជិកទី៦ កាលពីខែមករា ឆ្នាំ១៩៨៤ បន្ទាប់មកប្រទេសវៀតណាម បានចូលជាសមាជិកទី៧ នៅខែកក្កដា ឆ្នាំ១៩៩៥។ ចំណែកឯប្រទេសលាវ និង ភូមា ក៏បានចូលជាសមាជិកនៅថ្ងៃជាមួយគ្នានេះដែរ ក្នុងខែកក្កដា ឆ្នាំ១៩៩៧ ហើយនាពេលនោះ កម្ពុជា ក៏បានសុំចូលជាមួយផងដែរ ប៉ុន្តែបានត្រូវសមាគមអាស៊ានបដិសេធដោយឲ្យហេតុផលថា កម្ពុជា កំពុងជួបវិបត្តិនយោបាយផ្ទៃក្នុងទាក់ទងព្រឹត្តការណ៍ផ្ទុះអាវុធនៅថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧។ នៅទីបំផុតកម្ពុជា ក៏បានចូលជាសមាជិកពេញលេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
លោក សុន ឆ័យ តំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍រិះគន់ថា ក្រៅពីការខាតបង់ប្រាក់រាប់លានដុល្លារបង់សមាជិកភាព និងចំណាយប្រាក់រៀបចំកិច្ចប្រជុំអាស៊ាន ដែលត្រូវដាក់វេនគ្នាធ្វើមួយឆ្នាំម្តងនោះ កម្ពុជាមិនបានទាញយកផលប្រយោជន៍ពីសមាគមអាស៊ាន ដែលបានផ្តល់ការអនុគ្រោះដល់កម្ពុជា ដែលជាសមាជិកថ្មីនោះឡើយ។
លោក សុន ឆ័យ មានប្រសាសន៍ថា ៖ «ដោយសារយើងជាសមាជិកថ្មី ហើយមានសេដ្ឋកិច្ចទន់ខ្សោយនោះ ការអនុគ្រោះរបស់គេ គឺយើងមានសិទ្ធិនាំទំនិញចេញទៅលក់នៅក្នុងទីផ្សារសមាជិកដទៃទៀត ដោយប្រទេសនោះនឹងមិនទារពន្ធនៃការនាំចូលទំនិញពីប្រទេសកម្ពុជា ទេ។ តែយើងមានសិទ្ធិទារពន្ធរហូតដល់ ២០១៥ នោះទើបយើងអនុវត្តការមិនយកពន្ធទំនិញសព្វសារពើបានទាំងស្រុង ប៉ុន្តែយើងមិនបានរៀបចំខ្លួនទាញយកផលចំណេញអំពីការអនុគ្រោះនេះទេ យើងហាក់ដូចជាខាតបង់មួយផ្នែកធំ ដូចជាទីផ្សាររបស់យើងហ្នឹង គឺត្រូវទទួលរងនូវការនាំចូលទំនិញសព្វសារពើពីប្រទេសផ្សេងៗមក»។
លោកតំណាងរាស្ត្រ សុន ឆ័យ មានប្រសាសន៍បន្តថា ការដែលកម្ពុជា ពុំមាននយោបាយការពារទីផ្សារនោះហើយ ទើបផលិតផលកសិកម្មពុំមានទីផ្សារលក់ និងប្រជាពលរដ្ឋភាគច្រើនពុំមានការងារធ្វើ ៖ «កាលណាយើងអត់មានការផលិតនិងការតម្កើងវិស័យកសិកម្ម និងឧស្សាហកម្មទេ ការងារក៏ត្រូវបាត់ ហើយដោយសារប្រទេសយើង កសិករយើងមួយចំនួនឆ្លងទៅប្រទេសជិតខាង ដើម្បីទៅស៊ីឈ្នួលគេ ឥឡូវដោយសារគេមានវិបត្តិ គេបិទមិនឲ្យយើងឆ្លង ហើយយើងមានវិបត្តិផ្នែកកាត់ដេរទៀតនេះ បើយើងមិនមានយោបាយការពារទីផ្សារយើងទេនោះ ខ្ញុំមានការព្រួយបារម្ភណាស់ ថាវិបត្តិសេដ្ឋកិច្ចនេះនឹងផ្ដល់នូវផលវិបាកយ៉ាងធ្ងន់ធ្ងរ»។
ទោះបីជាមានទស្សនៈខុសគ្នារវាងតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសមរង្ស៊ី ក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនៅកម្ពុជា លោក ច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍យ៉ាងនេះថា ៖ «យើងបានផលចំណេញជាផ្នែកនយោបាយ ការទូត ជាមុខមាត់របស់ខ្មែរនៅឆាកអន្តរជាតិ។ ហើយយើងបានផលចំណេញមកពីការបានចូលរួមប្រាស្រ័យទាក់ទងគ្នា ពិភាក្សា ប្រជុំផ្តោះប្តូរខាងផ្នែកបច្ចេកទេស ជាព័ត៌មាន ជាចំណេះដឹង មានការប្រជុំច្រើន។ ដោយឡែករឿងថាឲ្យបានចំណេញច្រើនពីការនាំចេញនូវផលិតផលទៅបណ្ដាប្រទេសអាស៊ាននេះ គឺយើងមិនសូវឃើញមានការចំណេញរបៀបនេះច្រើនទេ»។
មេដឹកនាំនៃបណ្តាប្រទេសទាំង១០ ក្នុងសមាគមអាស៊ាន តែងតែជួបប្រជុំគ្នារៀងរាល់ឆ្នាំ ដែលឲ្យឈ្មោះថា សន្និសីទកំពូលអាស៊ាន ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ធ្វើឲ្យមានភាពរីកចម្រើនក្នុងសង្គម ផ្លាស់ប្តូរវប្បធម៌និងជំរុញឲ្យមានសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
បន្ថែមពីនេះ សមាគមអាស៊ានមានគោលការណ៍ធំៗ៤ ចំពោះប្រទេសដែលជាសមាជិកទី១ គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីប្រទេសនីមួយៗ។ ទី២ ដោះស្រាយបញ្ហាទំនាស់ដោយសន្តិវិធី ទី៣ មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ និងចំណុចទី៤ គឺប្រទេសនីមួយៗ មានសិទ្ធិសេរីភាពរស់នៅដោយពុំមានការជ្រៀតជ្រែកពីខាងក្រៅ៕