ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​និង​ការ​ស្វែង​រក​យុត្តិធម៌

អំពើ​សងសឹក​គ្នា​ដោយ​ជះ​ទឹក​អាស៊ីត ដែល​ភាគ​ច្រើន​កើត​មក​ពី​រឿង​ប្រចណ្ឌ​ស្នេហា​ត្រីកោណ​កន្លង​មក​នេះ នៅ​ប្រទេស​កម្ពុជា​គេ​កម្រ​ឃើញ​សមត្ថកិច្ច​ចាប់​ជន​ល្មើស​យក​មក​ផ្តន្ទាទោស​ណាស់។

ជន​រង​គ្រោះ​ដោយសារ​ទឹក​អាស៊ីត ក៏​ដូច​ជា​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស បាន​ថ្លែង​ឲ្យ​ដឹង​ថា ជន​ល្មើស​ដែល​ប្រើ​អំពើ​ហិង្សា​ជះ​ទឹក​អាស៊ីត​ជា​ច្រើន​នាក់​កន្លង​មក​នេះ ហាក់​ដូច​ជា​មិន​ត្រូវ​បាន​តុលាការ​ខ្មែរ​រក​មុខ ឬ​ក៏​ផ្តន្ទាទោស​ពួកគេ​នោះ​ឡើយ។

អ្នក​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​បាន​បង្ហើប​ទៀត​ថា ដោយសារ​តែ​កត្តា​យ៉ាង​នេះ​ហើយ ដែល​ញ៉ាំង​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​នៃ​ការ​ជះ​ទឹក​អាស៊ីត​នៅ​បន្ត​កើត​មាន​នៅ​កម្ពុជា​ឥត​ឈប់​ឈរ។

ជន​រង​គ្រោះឈ្មោះ កែ ដារ៉ានី បាន​និយាយ​ថា នៅ​ពេល​ដែល​អ្នកស្រី​បាន​រង​គ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីត​ភ្លាមៗ នៅ​ឯ​ខែត្រ​សៀមរាប គឺ​ថៅកែ​ហាង​ដែល​អ្នកស្រី​បាន​ធ្វើ​ការ ក៏​ដូច​ជា​ប្អូន​ស្រី​របស់​គាត់ បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស​ដែល​ជា​ប្អូន​ថ្លៃ​របស់​ខ្លួន ប៉ុន្តែ​សមត្ថកិច្ច​មិន​ធ្វើ​ការ​ចាប់​ខ្លួន​ជន​ល្មើស​ឈ្មោះ ជាតិ នោះ​ទេ។ រហូត​មក​ទល់​បច្ចុប្បន្ន​ជន​ល្មើស​រស់​នៅ​ធម្មតា ហាក់​បី​ដូច​ជា​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ទាល់​តែ​សោះ។

អ្នកស្រី កែ ដារ៉ានី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ទាល់​តែ​ឲ្យ​ខ្ញុំ​អ្នក​រង​គ្រោះ​ទៅ​ប្ដឹង ហើយ​មាន​ភស្តុតាង​បាន​គេ​អាច​ចាប់​មនុស្ស​ហ្នឹង​បាន។ ខ្ញុំ​រង​គ្រោះ​អ៊ីចឹង ខ្ញុំ​ទៅ​មិន​បាន​ទេ អ៊ីចឹង​ទៅ​អង្គការ​លីកាដូ។ (ពេល​កើត​ហេតុ​ភ្លាមៗ) ខាង​ប៉ូលិស​អត់​មាន​មក​ធ្វើ​កំណត់​ហេតុ​អី​ទេ»

អតីត​គ្រូពេទ្យ​មួយ​រូប អ្នកស្រី ថោង ខាំ បាន​រង​គ្រោះ​ដោយសារ​ទឹក​អាស៊ីត​ទាំង​មិន​ដឹង​ខ្លួន​ព្រោះតែ​គ្រួសារ​អ្នក​ដទៃ គឺ​ជនជាតិ​វៀតណាម ប្រពន្ធ​ចុង​បាន​ជះ​ទឹក​អាស៊ីត​មក​លើ​ប្រពន្ធ​ដើម​នៅ​ក្នុង​ផ្សារ​កណ្តាល ក្រុង​ភ្នំពេញ បាន​ត្រូវ​មក​លើ​ខ្លួន​អ្នកស្រី​នោះ បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ជនល្មើស​មិន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ចាប់​ខ្លួន​ទេ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ជន​ល្មើស​បាន​ចិត្ត និង​ជា​គំរូ​ដល់​អ្នក​ដទៃ​ទៀត​ចង់​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ដែល​មិន​ញញើត​ច្បាប់។

ផ្អែក​តាម​របាយការណ៍​នៃ​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ​ទឹក​អាស៊ីត អះអាង​ថា អ្នក​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​មាន​ចំនួន​សរុប ២១៥​នាក់ គិត​ចាប់​តាំង​ពី​មាន​ការ​កើត​ឡើង​នៃ​អំពើ​នេះ​នា​ឆ្នាំ​១៩៩៣​មក ដោយ​មិន​គិត​អំពី​ចំនួន​អ្នក​ស្លាប់ និង​របាយការណ៍​ផ្សេង​ទៀត​ដែល​គេ​មិន​ដឹង។

មន្រ្តី​គ្រប់គ្រង​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ​ទឹក​អាស៊ីត លោក ពិន តំណាង បញ្ជាក់​ថា ក្នុង​ចំណោម​នេះ គឺ​មនុស្ស​ជាង​១០០​នាក់​រង​គ្រោះ​ធ្ងន់ធ្ងរ។

អំពើ​សងសឹក​គ្នា​ដោយ​ធ្វើការ​ជះ​ទឹក​អាស៊ីត បាន​កក្រើក​ឡើង​ខ្លាំង​ក្លា ដែល​គេ​ប្រទះ​ឃើញ​ញឹក​ស្ទើរ​រៀងរាល់​សប្តាហ៍ កើត​មាន​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០៨ នៅ​ស្ទើរ​គ្រប់​កន្លែង។

ករណី​ធំៗ​ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយសារ​តែ​អំពើ​នោះ ត្រូវ​គេ​ចាត់​ទុក​ថា ធ្វើ​ឡើង​ដោយ​សាហាវ​នៅ​ក្នុង​ស្រទាប់​មហាជន​ខ្មែរ មាន​ដូចជា​ករណី​នាង តាត ម៉ារីណា អតីត​តារា​ចម្រៀង​ល្បីល្បាញ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ។

លោក តំណាង បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ទាំង​នេះ គឺ​ភាគច្រើន​មិន​បាន​ទទួល​សំណង​ពី​ជន​ល្មើស ឬ​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​នោះ​ឡើយ ពួកគេ​បាន​ព្យាបាល​ជំងឺ​ដោយ​ខ្លួន​ឯង និង​បាន​មក​រក​សេវា​ព្យាបាល​ពី​អង្គការ​របស់​លោក​ជាដើម ហើយ​ក៏​មាន​មួយ​ចំនួន​ទៀត​ស្លាប់​ដោយសារ​អាស៊ីត​នេះ​ដែរ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​នា​ពេល​កន្លង​មក គឺ​៩០%​ដោយសារ​រឿង​ប្រចែ​ប្រចណ្ឌ​ស្នេហា​ត្រីកោណ រី​ឯ​១០%​ទៀត គឺ​រឿង​គំនុំ​និង​រឿង​ផ្សេងៗ​ទៀត។ ជាមួយ​គ្នា​នេះ លោក​បាន​បន្ថែម​ថា អំពើ​ហិង្សា​នៃ​ការ​ជះ​ទឹក​អាស៊ីត​នេះ គឺ​ជា​វិនាសកម្ម​មួយ​ធ្ងន់ធ្ងរ​ជាង​អំពើ​ហិង្សា​ដទៃ​ទៀត ដែល​សមត្ថកិច្ច​មិន​គួរ​ឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​ភាគ​តិច​ណាស់​ដែល​ជន​ល្មើស​បាន​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «មាន​ករណី​ខ្លះ គឺ​មិន​បាន​រក​ឃើញ​ជន​សង្ស័យ​ទាំង​អស់​នោះ​ផង​ទេ ហើយ​ចំណែក​ឯ​តុលាការ​ទៀត​សោត ទោះ​បី​ជា​ករណី​មួយ​ចំនួន​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទាំង​ជន​ល្មើស​ទៅ​ហើយ ក៏​មាន​ករណី​លើក​លែង​នៃ​ការ​ចោទ​ប្រកាន់​ផង​ដែរ»

អតីត​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​រូប ដែល​ធ្លាប់​តែ​រស់​នៅ​ស្រួល​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់ តែ​ឥឡូវ​បាន​ធ្លាក់​ខ្លួន​ក្រីក្រ​ដោយសារ​តែ​រឿង​ប្រចែ​ប្រចណ្ឌ​ស្នេហា​ត្រីកោណ ប្រពន្ធ​របស់​លោក​បាន​ជះ​ទឹក​អាស៊ីត​មក​លើ ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​ចាប់​ខ្លួន​ប្រពន្ធ​លោក​បញ្ជូន​ទៅ​តុលាការ​ខែត្រ​ពោធិ៍សាត់ ប៉ុន្តែ​ដោយ​គិត​ថា គ្មាន​អ្នក​ណា​ថែ​រក្សា​កូន លោក​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ប្រពន្ធ​វិញ ប៉ុន្តែ​ត្រូវ​ឲ្យ​លុយ​តុ​លាការ​ចំនួន​៦០០​ដុល្លារ​ទើប​គេ​ដោះលែង។

អតីត​បុគ្គលិក​ក្រុមហ៊ុន សោម ប៊ុនណារិទ្ធិ បាន​និយាយ​ដូច្នេះ ៖ «ព្រោះ​អាស៊ីត​វា​ជា​អាវុធ​មួយ ហើយ​ដែល​ស្ងាត់​បំផុត អត់​មាន​ឮ​ផូងផាំង​ទេ ឮ​តែ​ឆាវ​ហើយ​ចប់ ហើយ​អា​នេះ​ត្រូវ​ភ្នែក​ងងឹត​ភ្នែក ជួន​កាល​បាត់​បង់​ជីវិត​ទៀត ក៏ប៉ុន្តែ​រដ្ឋាភិបាល​យើង​អត់​បាន​គិត​ទេ។ ជួន​កាល​ការ​ជះ​ទឹក​អាស៊ីត​ហ្នឹង​មាន​ដល់​ស្លាប់ គិត​ត្រឹម​ថា​បង្ក​របួស​ស្នាម»

លោក អំ សំអាត បាន​បន្ត​ថា ជន​ល្មើស​ដែល​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​ឬ​តុលាការ​ផ្តន្ទាទោស​ពួកគេ ប៉ុន្តែ​បើ​ជនល្មើស​ជា​អ្នក​មាន​អំណាច​វិញ គឺ​ពួកគេ​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ​ឡើយ ដូចជា​ករណី​តារា​ភាពយន្ត តាត ម៉ារីណា ពិធីករ​នៃ​ទូរទស្សន៍ CTN គឺ​លោក ទិត្យ ប៉ូឡែន មិន​ត្រូវ​បាន​តុលាការ​រក​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​នោះ​ទេ។

លោក អំ សំអាត មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «អ្នក​ដែល​បាន​ប្រព្រឹត្ត​ហ្នឹង សុទ្ធ​តែ​ជា​អ្នក​មាន​លុយ មាន​អំណាច អ៊ីចឹង​ហើយ​បាន​ជា​កម្រ​នឹង​ឃើញ​នាំ​អ្នក​ទាំង​អស់​នោះ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ទី​២ អ្នក​ដែល​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ គឺ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង គឺ​ជា​មនុស្ស​ដែល​ទន់​ខ្សោយ ដោយ​គ្មាន​ទ្រព្យ​ធន»

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «ជាក់​ស្ដែង​រឿង​អ្នកស្រី ជា រដ្ឋា វា​ជា​រឿង​ពិសេស​មួយ​សម្រាប់​ឲ្យ​សង្គម​ជាតិ អន្តរជាតិ ពិនិត្យ​មើល​ឃើញ​អំពី​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​យើង ថា តើ​ប្រព័ន្ធ​តុលាការ​យើង​យ៉ាង​ម៉េច? តុលាការ​នេះ​ឯង​ដែល​ធ្វើ​ឲ្យ​និទណ្ឌភាព​នៅ​ស្រុក​ខ្មែរ​យើង​ជា​វប្បធម៌​មួយ​ដ៏​អាក្រក់ ហើយ​គួរ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ផង»

លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​រដ្ឋ​សភា​បាន​ទទួល​ស្គាល់​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​នា​ពេល​កន្លង​មក​គឺ​មាន​ការ​ធូរ​រលុង ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ច្បាប់​ក្រមព្រហ្មទណ្ឌ​ថ្មី ដែល​រដ្ឋ​សភា​ទើប​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ មិន​អាច​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​អាច​ធ្វើ​ដូច​កាល​ពី​មុន​ទៀត​បាន​ទេ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ ៖ «កន្លង​ទៅ​អាច​នៅ​មាន​សេស​សល់​ខ្លះ​នូវ​ការ​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់ ដោយ​ក្នុង​នោះ​អនុវត្ត​ទៅ​តាម​ក្រម​ព្រហ្មទណ្ឌ​ចាស់ ឆ្នាំ​១៩៥៦ និង​បណ្ដា​ច្បាប់​ទាំង​ឡាយ និង​ក្រម​ព្រហ្មទណ្ឌ​អន្តរកាល​ដែល​អ៊ុនតាក់​ធ្វើ​ក្នុង​ឆ្នាំ​១៩៩២»

លោក អំ សំអាត បាន​បន្ថែម​ថា តាម​ការ​ស៊ើប​អង្កេត​របស់​លោក​កន្លង​មក គឺ​មាន​ជន​រង​គ្រោះ​ចំនួន​១២​ករណី ដែល​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត ក្នុង​នោះ​មាន​តែ​៤​ករណី​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​ចាប់​ជន​ល្មើស​បញ្ជូន​មក​តុលាការ។

អំពើ​ជះ​ទឹក​អាស៊ីត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ប៉នប៉ុង​មនុស្ស​ឃាត​ដែល​ធ្វើ​ឡើង​ដោយ​ចេតនា។

យោង​មាត្រា​៣១ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់​បាន​ចែង​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ជាប់​គុក​ពី​១០​ឆ្នាំ ទៅ​២០​ឆ្នាំ។ នៅ​ក្នុង​មាត្រា​៤១ នៃ​ច្បាប់​ដដែល​នេះ បាន​ចែង​ចំពោះ​អ្នក​បង្ក​ឲ្យ​មាន​របួស​ស្នាម​តិចតួច គឺ​ត្រូវ​មាន​ទោស​ពី​៦​ខែ​ទៅ​៥​ឆ្នាំ ហើយ​អ្នក​សម​គំនិត​ក៏​ត្រូវ​មាន​ទោស​ដូច​គ្នា។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​មន្ត្រី​តុលាការ​ណា​ដែល​មិន​បាន​អនុវត្ត​ច្បាប់ ដូចជា​ករណី​ចាប់​បាន​ជន​សង្ស័យ​ពី​ការ​ជះ​ទឹក​អាស៊ីត​ហើយ​ដោះលែង​វិញ​នោះ គេ​នឹង​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ ពិសេស​គឺ​នៅ​ពេល​ដែល​ក្រម​ព្រហ្មទណ្ឌ​ថ្មី​បាន​ចូល​ជា​ធរមាន៕