អ្នកវិភាគ​ថា មេ​ដឹកនាំ​យោធា​ផ្ដួល​រំលំ​រដ្ឋាភិបាល​មាន​លក្ខណៈ​ដូច​របប​ភ្នំពេញ​រំលាយ​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2021.02.12
អ្នកវិភាគ​ថា មេ​ដឹកនាំ​យោធា​ផ្ដួល​រំលំ​រដ្ឋាភិបាល​មាន​លក្ខណៈ​ដូច​របប​ភ្នំពេញ​រំលាយ​បក្ស​ប្រឆាំង (ឆ្វេង) លោក មីន អ៊ូង ហ្លាំង (Min Aung Hlaing) មេ​ដឹក​នាំ​យោធា​របស់​ប្រទេស​ភូមា ឬ​ម៉ាយ៉ាន់ម៉ា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ AFP និង​ហ្វេសប៊ុក​នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ១២/២៩/១៨

ក្រុម​បាតុករ​ធ្វើបាតុកម្ម​នៅ​ភូមា ឬ​មីយ៉ាន់​ម៉ា (Myanmar) កំពុងតែ​ផុលផុស​ឡើង មាន​ទាំង​សិល្បករ គ្រូបង្រៀន សិល្បករ ចេញ​ដើរ​ពេញ​ផ្លូវ​នៅ​ទីក្រុង យ៉ាំងហ្គូន (Yangon) ប្រឆាំង​នឹង​មេដឹកនាំ​យោធា ដែល​ធ្វើ​រដ្ឋប្រហារ​យក​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល។ ក្រុម​អ្នកវិភាគ​ថា រដ្ឋប្រហារ​យោធា​នៅ​ភូមា​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ច្រានចោល​ការ​លើកឡើង​នេះ ហើយ​ថា កុំ​យក​កម្ពុជា ប្រៀបធៀប​នឹង​ភូមា។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា មេ​ដឹកនាំ​យោធា​ភូមា ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នេះ​ដោយសារតែ មិន​ទុកចិត្ត​ខ្លួនឯង នៅ​ពេល​ដែល​អស់អំណាច ខ្លាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ផ្សេងៗ មិន​ខុស​ពី​មេដឹកនាំ​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​នោះ​ទេ។

ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ក្រុម​មេដឹកនាំ​យោធា​ភូមា​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ដោយ​យក​លេស​ថា លទ្ធផល​បោះឆ្នោត​មិន​ត្រឹមត្រូវ​នោះ គ្រាន់តែ​ចង់​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន​ទេ​។ លោក​បញ្ជាក់​ថា ក្រុម​យោធា​បាន​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង ហើយ​អ្នក​រៀបចំ​ការបោះឆ្នោត​មួយ​ចំនួន​ក៏​ជា​អតីត​មេទាហាន​ដែរ៖ «យោធា​ទៅ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​មកវិញ មិន​ត្រឹមត្រូវ​ទេ ផ្ទុយទៅវិញ ក្រុម​យោធា​ធ្វើ​ច្បាប់​យក​អាសនៈ​សភា​ ២៥% មិន​ចាំបាច់​បោះឆ្នោត ត្រង់​នេះ​ទេ ដែល​មិន​ត្រឹមត្រូវ បើ​មើល​ពី​ការបោះឆ្នោត និង​ការ​ឃោសនា​គឺ​ត្រឹមត្រូវ​ណាស់»

មេដឹកនាំ​យោធា​ភូមា គឺ​លោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing) បាន​ដឹកនាំ​កងកម្លាំង​ប្រដាប់អាវុធ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល របស់​អ្នកស្រី អ៊ុង សានសូជី (Aun San SuuKyi) កាល​ពី​ថ្ងៃ​ទី​១​ កុម្ភៈ ឆ្នាំ​២០២១។

ទាក់ទង​នឹង​រឿង​នេះ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេងសារី មាន​ប្រសាសន៍​ថា មេដឹកនាំ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី អ៊ុង សានសុជី នេះ ទំនងជា​ការ​ចរចា​មិន​ត្រូវ​គ្នា ពិសេស​មេដឹកនាំ​យោធា​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើងវិញ​ជាដើម​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់​ថា ក្រុម​ឧត្តមសេនីយ៍​យោធា​នេះ ខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ និង​អំណាច នៅ​ពេល​ដឹង​ថា គណបក្ស​របស់​ខ្លួន​លែង​មាន​ពលរដ្ឋ​គាំទ្រ​ទៅ​ហើយ​នោះ​។ លោក​បន្ថែម​ថា រដ្ឋប្រហារ​យោធា​នៅ​ភូមា​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​កម្ពុជា​ដែរ ដែល​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​កាលពី​ឆ្នាំ​២០១៧ ហើយ​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខ​ម្នេញ​ថ្នាក់ ដឹកនាំ​ប្រឆាំង​ផ្សេងទៀត​ឱ្យ​រត់​ទៅ​ក្រៅ​ប្រទេស៖ «នៅ​កម្ពុជា​ក៏​ដូចគ្នា​ដែរ បើ​យើង​មើល​ប្រតិកម្ម​របស់​គណបក្ស​កាន់អំណាច​កន្លងមក​គឺ​ប្រតិកម្ម​​បារម្ភ​ខ្លាច​ពេល​ខ្លួន​ធ្លាក់​ពី​អំណាច ដូច្នេះ​ទើប​ក្រាញ​ហើយ​រក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​ពន្យារ​ពេល​គ្រប់គ្រង»

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ស្ថានភាព​នៅ​ភូមា​ខុស​ពី​កម្ពុជា មិន​អាច​ប្រៀបធៀប​គ្នា​បាន​ឡើយ​។ លោក​បញ្ជាក់​ថា មេដឹកនាំ​យោធា​ភូមា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​នោះ គឺ​ដោយសារតែ​មិន​បាន​ទទួល​ជ័យជំនៈ​ក្នុង​ការ​បោះឆ្នោត​។ ដោយឡែក​ស្រាប់​នៅ​កម្ពុជា​វិញ គណបក្សប្រឆាំង​ដែល​ចាញ់​ការបោះឆ្នោត​មានបំណង​ផ្ដួល​រលំ​រដ្ឋាភិបាល ទើប​ឈាន​ដល់​ការ​ចាប់​មេដឹកនាំ​នឹង​រំលាយ​គណបក្សប្រឆាំង​ចោល​៖ «នៅ​កម្ពុជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​មានរឿង​អី​ត្រូវ​ទៅ​ធ្វើ​រដ្ឋប្រហារ​នោះ មានតែ​អតីត​គណបក្ស​ប្រឆាំង​ទេ ដែល​ចាញ់​ការ​បោះឆ្នោត​ហើយ​មាន​បំណង​ផ្ដួល​រំលំ​តាំងពី​តូច​ដល់​ធំ ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់»

ការ​លើក​ឡើង​របស់​លោក សុខ ឥសាន ផ្ទុយ​ទៅ​នឹង​សហគមន៍​អន្តរជាតិ​។ សហគមន៍​ជាតិ អន្តរជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ ដូច​ដែល​ប្រទេស​លោក​សេរី​កំពុងតែ​ថ្កោលទោស​មេដឹកនាំ​យោធា​ភូមា​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ដូចគ្នា​ដែរ​។ ក្រុម​ប្រទេស​លោក​សេរី រួម​ទាំង​សហគមន៍​អឺរ៉ុប​ផង បាន​ទាមទារ​ឱ្យ​របប​ឯក​បក្ស​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ ម្យ៉ាងទៀត​របប​ឯកបក្ស​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ដោះលែង​សកម្មជន​បក្ស​ប្រឆាំង និង​អ្នកទោស​មនសិការ​នេះ​ហើយ ទើប​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ទំនិញ​គ្រប់​មុខ​លើកលែងតែ​អាវុធ ​(EBA)​ ចេញពី​កម្ពុជា​ចំនួន​២០ដោយ​សារ​តែ​​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។ រីឯ​នៅ​ភូមា​វិញ សហរដ្ឋ​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​មេដឹកនាំ​យោធា លោក មីន អ៊ុងឡាំង និង​មន្ត្រី​ជាន់ខ្ពស់​យោធា​មួយ​ចំនួន​ទៀត។

រី​នៅ​ភូមា​វិញ លោក គល់ បញ្ញា បាន​លើក​ពី​មូលហេតុ​ចម្បង​ដែល​មេដឹកនាំ​យោធា​ងាក​មក​ដណ្ដើម​អំណាច ក្រោយ​ពេល​ចាញ់​ឆ្នោត​នេះ ដោយសារតែ​បារម្ភ​ខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ​មហាសាល​របស់​ខ្លួន​។ លោក​បញ្ជាក់​ថា មេដឹកនាំ​យោធា​បាន​ប្រព្រឹត្តិ​អំពើពុករលួយ និង​ចង់​ការពារ​ក្រុម​បក្ខពួក​របស់​ខ្លួន​មិន​ខុស​ពី​មេដឹកនាំ​កម្ពុជា​នោះ​ទេ​៖ «ដោយសារតែ​ពួក​យោធា​នេះ​គិតគូរ​ពី​ផលប្រយោជន៍​បុគ្គល​នេះ​ខ្លាំង​ណាស់ ដោយសារតែ​គាត់​ភ័យ​ព្រួយ​ដោយសារតែ​គាត់​រំលោភ​សិទ្ធិ​មនុស្ស​លើ​ក្រុង​រ៉ូហ៊ីងយ៉ា និង​ការប្រព្រឹត្តិ​អំពើពុករលួយ»

លទ្ធផល​នៃ​សន្ទស្សន៍​ប្រព្រឹត្តិ​អំពើពុករលួយ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ចុង​ផ្សាយ​កាលពី​ចុង​ឆ្នាំ​២០២០ បង្ហាញ​កម្ពុជា និង​ភូមា មាន​អំពើពុករលួយ​ខ្លាំង​ដូចគ្នា​។ ប្រទេស​កម្ពុជា​ទទួល​បាន ២១​ពិន្ទុ លើ​ពិន្ទុ​អតិបរមា ១០០ ដែល​ជា​ការ​កើន ​១​ពិន្ទុ ចាប់​តាំង​ពី​ឆ្នាំ​២០១៨​។ រីឯ​ភូមា​វិញ​ស្ថិត​នៅ​លើ​លំដាប់​ពិន្ទុ ២៨​លើ​ពិន្ទុ​អតិបរមា​ ១០០​ពិន្ទុ។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា មេដឹកនាំ​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ ឬ​មេដឹកនាំ​ដែល​សាង​កំហុស​ក្នុង​ពេល​ដឹកនាំ​នោះ គួរតែ​ធ្វើ​ច្បាប់​ការពារ​ខ្លួន ដើម្បី​ចៀស​ផុត​ពី​ផ្លូវច្បាប់​ផ្សេងៗ​ក្រោយ​ពេល​ធ្លាក់​ពី​អំណាច។

ទាក់ទង​នឹង​បញ្ហា​នេះ លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា នៅ​កម្ពុជា រដ្ឋាភិបាល​គួរតែ​ធ្វើ​ច្បាប់​ការពារ​ខ្លួន​នេះ នៅ​ពេល​ខ្លួន​កំពុងតែ​ដឹកនាំ​រដ្ឋាភិបាល​នេះ៖ «ច្បាប់​ដែល​ការពារ​អ្នក​ដែល​កាន់កាប់​អំណាច​អាច​ជា​គន្លឹះ​សម្រាប់​ផ្សះផ្សា​ផ្លូវចិត្ត​នៅ​ពេល​ខ្លួន​ធ្លាក់​ពី​អំណាច​ដែរ»

លោក សុខ ឥសាន បដិសេធ​ថា កម្ពុជា​មិន​ចាំបាច់​បង្កើត​ច្បាប់​ការពារ​នាយកមន្ត្រី​អ្វី​ឡើយ​។ លោក អះអាង​ថា មេដឹកនាំ​កម្ពុជា​គ្មាន​ប្រព្រឹត្តិ​កំហុស​អ្វី​ឡើយ​៖ «អាហ្នឹង​ជា​គំនិត​ក្រុម​ទុច្ចរិត​ទេ ចង់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ហើយ​ចោទ​ថា រដ្ឋាភិបាល​បាន​ធ្វើ​ខុសច្បាប់ ហើយ​ធ្វើ​ច្បាប់​ការពារ​ខ្លួន»

កម្ពុជា​ក្រោយពី​បញ្ចប់​ជម្លោះ​នយោបាយ​កាលពី​ឆ្នាំ​២០១៤ ហើយ​បាន​បង្កើត​រដ្ឋាភិបាល ដោយ​ប្រើ​ប្រស់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​អ្នកឃ្លាំមើល​ពី​បញ្ហា​សង្គម​អបអរសាទរ​ថា មេដឹកនាំ​បាន​ងាក​មក​ចាប់ដៃ​គ្នា​បង្រួបបង្រួម​ជាតិ ក្រោយពី​បាន​ហែកហួរ​គ្នា​អស់​រយៈពេល​ជាច្រើន​សតវត្ស​រួចមក​។ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​សម័យប្រជុំ​សភា​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៤ ​នោះ​ថា លោក និង​លោក សម រង្ស៊ី ជា​អ្នក​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា​តាមរយៈ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ។

វប្បធម៌​សន្ទនា​នេះ មិនបាន​យួរ​អង្វែង​ឡើយ​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រក​គ្រប់​មធ្យោបាយ ដើម្បី​កម្ទេច​បក្ស​ប្រឆាំង​វិញ​នៅ​ឆ្នាំ​២០១៧​។ ក្រុម​អ្នក​វិភាគ​អះអាង​ថា មូលហេតុ​ចម្បង​ដែល​គណបក្ស​កាន់អំណាច​កម្ទេច​គណបក្សប្រឆាំង​នោះ ដោយសារតែ​មិន​មាន​សង្ឃឹមថា ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ​ឆ្នាំ​២០១៨ ដូច្នេះ​ហើយ​បានជា​របប​ឯក​បក្ស​រំលាយ​គណបក្ស​ប្រឆាំង​មុន​ការបោះឆ្នោត​មកដល់ ដើម្បី​អាច​រក្សា​អំណាច​បាន​មក​ដល់​សព្វ​ថ្ងៃ។

រីឯ​នៅ​ប្រទេស​ភូមា​វិញ​គិត​ចាប់តាំង​ពី​ឆ្នាំ​២០១៥​ មក ក៏​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ដូចគ្នា​។ ភូមា​បាន​ធ្វើ​កំណែ​ទម្រង់​ងាក​មក​គ្រប់គ្រង​ប្រទេស​តាម​បែប​ស៊ីវិល​វិញ ក្រោយពេល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​។ គណបក្សប្រឆាំង​បាន​បាន​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​វិញ​នេះ ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​កំពុងតែ​រះ​ឡើង​នៅ​ក្នុង​តំបន់​អាស៊ាន។

ក៏ប៉ុន្តែ​នៅ​ទីបំផុត​ទៅ​មេដឹកនាំ​ផ្ដាច់ការ​យោធា​ហាក់​ដូចជា​អស់សង្ឃឹម នៅ​ក្រោយ​ពេល​គណបក្ស​របស់​ខ្លួន​បាន​ចាញ់​ឆ្នោត​ដ៏​ច្រើន​លើសលប់ កាលពី​បោះឆ្នោត​ឆ្នាំ​២០២០ ដោយសារតែ​គណបក្ស​សម្ព័ន្ធ​ជាតិ ដើម្បី​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ជាង​ ៨០%​។ បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មេដឹកនាំ​យោធា​ធ្វើ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុង សានសូជី វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។