ប្រវត្តិ​អ្នក​រាំ​ក្បាល​ទូក

អ្នក​រាំ​ក្បាល​ទូក​ដែល​ភាគ​ច្រើន​ជា​បុរស​ពោរពេញ​ដោយ​កម្លាំង​កាយ​មាំមួន អង្គុយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​បញ្ជា​ទូក​របស់​ខ្លួន​ក្នុង​ការ​ប្រណាំង​យក​ឈ្នះ​ចាញ់ ប៉ុន្តែ​ក្រោយ​មក​តួនាទី​នេះ​បែរ​ជា​ត្រូវ​ជំនួស​ដោយ​ស្រ្តី ដែល​មាន​រាង​តូច​​​ល្វតល្វន់​ទៅ​វិញ។

0:00 / 0:00

សំឡេង​ឆៃយ៉ាំ​បាន​បន្លឺ​ឡើង​ដើម្បី​ហែហម​ក្រុម​កីឡាករ​អ្នក​ប្រណាំង​ទូក​ង មិន​ថា​បុរស​និង​ស្រ្តី​ឡើយ ឲ្យ​មាន​ទឹក​ចិត្ត​ពោរពេញ​ដោយ​ក្តី​សប្បាយ​រីករាយ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទូក​រៀងៗ​ខ្លួន មុន​នឹង​ចាប់​ផ្តើម​ការ​ប្រណាំង។

នៅ​ក្បាល​ទូក​ង​ធ្វើ​អំពើ​ឈើ ក្បូរក្បាច់​រចនា​ពណ៌​ក្រហម​ច្រាល ដែល​មាន​កន្លែង​ទំនេរ​តូច​បំផុត ទទឹង​ប្រហែល​២​តឹក​ប៉ុណ្ណោះ ហាក់​ដូច​ជា​គ្មាន​អ្វី​ទំនង​សម្រាប់​ចាប់​កាន់​ឡើយ​ពេល​មាន​គ្រោះថ្នាក់ នាង រឿន រាត្រី អាយុ​១៧​ឆ្នាំ ក្នុង​សម្លៀក​បំពាក់​អាវ​ប៉ាក់​ស និង​សំពត់​ចងក្បិន​ភ្លឺផ្លេក​ពណ៌​ក្រហម ផាត់​ប្រេង​ម្សៅ​ស្អាត ស្រស់​សោភា បាន​អង្គុយ​នៅ​លើ​ក្បាល​ទូក​អណ្តែត​លើ​ផ្ទៃ​ទឹក ធ្វើ​ហាក់​ដូច​ជា​គ្មាន​ការ​ភ័យ​ព្រួយ​ចំពោះ​ទឹក​ទន្លេ​ល្ហាចល្ហឹម​ធំ​ល្វឹងល្វើយ​ឡើយ។

រាត្រី គឺ​ជា​អ្នក​រាំ​ក្បាល​ទូក​នៃ​ទូក​ចែវ​របស់​នារី​ឈ្មោះ ជម្ពូ​ស​ជ័យ​សេរី​មាន​ឫទ្ធិ ដែល​មក​ពី​ស្រុក​បាធាយ ភូមិ​មេ​ព្រីង ឃុំ​មេ​ព្រីង ខេត្ត​កំពង់ចាម។

រាត្រី បាន​និយាយ​ដោយ​ទឹក​មុខ​ញញឹម​ថា គ្មាន​អ្វី​ដែល​ភ័យ​ព្រួយ​សម្រាប់​នាង​ឡើយ បើ​ទោះ​បី​ជា​នាង​គ្មាន​បទពិសោធន៍​ក៏ដោយ​ក្នុង​ការ​រាំ​ក្បាល​ទូក​នៅ​ពេល​ប្រណាំង​ទូក​ង​កាល​ពី​ឆ្នាំ​មុនៗ​ក៏ដោយ។ នាង​និយាយ​បណ្តើរ សម្លឹង​មើល​ផ្ទៃ​ទន្លេ​ល្ហល្ហេវ​ធំធេង​ថា នាង​នឹង​គិត​តែ​ពី​រាំ​ទៅ​តាម​ចង្វាក់ ដើម្បី​ឲ្យ​អ្នក​អុំ​ទូក​និង​គូ​កន​របស់​នាង​ទាំង​អស់ មាន​ការ​ប្រឹង​ប្រែង​ដើម្បី​យក​ឈ្នះ។

កញ្ញា រឿន រាត្រី ឲ្យ​ដឹង​ដូច្នេះ ៖ «ភ័យ​តិចៗ ភ័យ​ខ្លាច​តែ​ធ្លាក់​ទឹក​អី។ ការពារ​ខ្លួន។ ឲ្យ​យោក​តាម​ទូក ហើយ​ត្រូវ​ចេះ​តោង​ផង កុំ​ចេះ​តែ​រាំៗ​ទៅ​ធ្លាក់​ទឹក។ មាន​អារម្មណ៍​ថា​សប្បាយ ហើយ​សង្ឃឹម​ថា​ឈ្នះ»

ស្រ្តី​ម្នាក់​ទៀត​បាន​និយាយ​ថា វត្តមាន​របស់​អ្នក​រាំ​នៅ​ក្បាល​ទូក ពោរពេញ​ទៅ​ដោយ​ភាពស្រស់​ស្រាយ​បែប​នេះ ជា​ការ​សំខាន់​ណាស់។ គាត់​មិន​អាច​បក​ស្រាយ​ថា តើ​ការ​សំខាន់​នោះ​យ៉ាង​ណា​ខ្លះ​ទេ ប៉ុន្តែ​គាត់​បាន​តែ​និយាយ​ថា បរមបុរាណ​តែងតែ​តម្រូវ​ឲ្យ​មាន​អ្នក​រាំ​ក្បាល​ទូក​នេះ​ជា​ចាំបាច់ ៖ «ទាល់​តែ​មាន​អ្នក​រាំ​បាន​ស្អាត ឲ្យ​សញ្ញា​អ្នក​ចែវ។ សម័យ​បុរាណ​យើង​មក​អ៊ីចឹង ទំនៀម​ទម្លាប់​យើង​អ៊ីចឹង»

មន្ត្រី​ពុទ្ធ​សាសនបណ្ឌិត​និង​ជា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ លោក មៀច ប៉ុន បាន​អះអាង​ថា ស្រី្ត​អ្នក​រាំ​ក្បាល​ទូក​ជា​ទូទៅ ត្រូវ​គេ​ជ្រើសរើស​យក​ស្រ្តី​ដែល​នៅ​ក្រមុំ​ព្រហ្មចារី មាន​វ័យ​ចន្លោះ​ពី​១៦ ទៅ​១៧​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ប្រកប​ទៅ​ដោយ​បុគ្គលិក​លក្ខណៈ​ល្អ​ប្រសើរ ដើម្បី​នាំ​នូវ​ភ័ព្វ​សំណាង​របស់​ទូក។

កាល​ពី​ដំបូង​ឡើយ កំណើត​បុណ្យ​អុំ​ទូក​គេ​ពុំ​បាន​យក​ស្រី​មក​រាំ​នៅ​ក្នុង​ពិធី​នេះ​ឡើយ។ ពិធី​នេះ​គឺ​ជា​ពិធី​ដែល​គេ​រំឭក​ទៅ​ដល់​កងទ័ព​ជើង​ទឹក​ខ្មែរ កាល​ពី​សម័យ​បុរាណ​ដែល​ពោរពេញ​ដោយ​អានុភាព។

លោក មៀច ប៉ុន បាន​អះអាង​អ្នក​រាំ​ក្បាល​ទូក គឺ​បុរស​ដែល​តំណាង​ឲ្យ​មេ​ទ័ព​ជើង​ទឹក​វៃ​ឆ្លាត និង​មុត​ស្រួច​ក្នុង​ការ​បញ្ជា​កងទ័ព​កាល​នោះ ដូច្នេះ​ជា​ទូទៅ​គេ​ឃើញ​តែ​អ្នក​រាំ​ក្បាល​ទូក​ភាគ​ច្រើន​ជា​បុរស​ដែល​គេ​មាន​លទ្ធភាព​ក្នុង​ការ​មើល​គូ​ប្រកួត​របស់​ខ្លួន ដើម្បី​ប្រាប់​ឲ្យ​ក្រុម​កីឡាករ​របស់​គេ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​អាច​យក​ជើង​ធាក់​ខ្សែ​ព្រ័ត្រ​នៅ​ពេល​ជិត​ផ្តាច់​ព្រ័ត្រ​ជាដើម ដែល​ប្រការ​នេះ​គ្រោះថា្នក់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​គេ​មិន​សូវ​ឃើញ​វត្តមាន​របស់​ស្រ្តី​ឡើយ។

លោក​បន្ត​ទៀត​ថា ក្រោយ​មក​ទៀត​គេ​បាន​ឃើញ​មាន​វត្តមាន​ស្រ្តី​អ្នក​រាំ​នៅ​ក្បាល​ទូក នៅ​ក្នុង​ពិធី​ប្រណាំង​ទូក​ង​របស់​ខ្មែរ​ម្ដងៗ។ វត្តមាន​របស់​ស្រ្តី​ដែល​មាន​រូប​ស្អាត​ល្វត់ល្វន់ មាន​សម្លៀក​បំពាក់​ចង​ក្បិន​ស្រស់​ឆើតឆាយ បាន​ក្លាយ​ជា​ទី​ទាក់​ចិត្ត​សម្រាប់​អ្នក​ទស្សនា ក៏ដូច​ជា​ក្រុម​កីឡាករ​ឲ្យ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រណាំង​នោះ​ដែរ។

រឿន រាត្រី មាន​រាង​តូច​ទ្រនាប់ ច្រមុះ​ស្រួច នាង​មាន​កាយវិការ​ទន់ភ្លន់​និង​ល្វតល្វន់ នៅ​ពេល​ដែល​នាង​រាំ​នៅ​លើ​ក្បាល​ទូក​ទៅ​តាម​សំឡេង​ក្រុម​កីឡាករ​អ្នក​ប្រណាំង​របស់​នាង​ស្រែក​ជា​សញ្ញា។

នាង​និយាយ​ទៀត​ថា នាង​សប្បាយ​ចិត្ត​ហើយ​មាន​មោទនភាព នៅ​ពេល​ត្រូវ​បាន​អ្នក​ភូមិ​ជ្រើសតាំង​នៅ​ក្នុង​ឆ្នាំ​នេះ​សម្រាប់​ការ​រាំ​ក្បាល​ទូក ដើម្បី​ការ​ប្រណាំង​ដណ្តើម​យក​ពាន់​រង្វាន់​ខាន់ខៅ សម្រាប់​ត្រឡប់​ទៅ​ស្រុក​វិញ ៖ «គេ​រើស គេ​ហៅ​ឲ្យ​ទៅ​រាំ ខ្ញុំ​ក៏​រាំ​ទៅ»

ទូក​ចែវ​របស់​នារី​នៅ​ក្នុង​ស្រុក​បាធាយ វត្ត​សិរី​ចំប៉ា នៅ​ភូមិ​មេ​ព្រីង ឃុំ​មេ​ព្រីង មាន​ចំណុះ​សរុប​៣៨​នាក់ ភាគ​ច្រើន​ជា​ស្រ្តី គឺ​មាន​ប្រុស​ប្រហែល​១០​នាក់​ប៉ុណ្ណោះ​ចូល​រួម ដោយ​ធ្វើ​ជា​អ្នក​បាច​ទឹក ពេល​ដែល​ស្រ្តីៗ​កំពុង​ជាប់​ចែវ។

ក្រុម​នេះ កីឡាករ​ស្លៀក​ក្បិន​ពណ៌​បៃតង​ចាស់។ ស្រ្តី​កីឡាករ​ខ្លះ​ចេះ​ហែល​ទឹក ហើយ​ខ្លះ​ទៀត​មិន​ចេះ​ហែល​ទឹក​ឡើយ។

លឹម គា អាយុ​៣០​ឆ្នាំ ដែល​កំពុង​ចង​ក្បិន​ពណ៌​បៃតង មាន​ចង​យ័ន្ត​នៅ​ចង្កេះ​ផង​នោះ មុន​នឹង​ត្រៀម​ខ្លួន​ចុះ​ទូក​ក្នុង​ការ​ប្រណាំង​បាន​និយាយ​ប្រាប់​ថា គ្រប់​គ្នា​ត្រូវ​តែ​ចង​យ័ន្ត​ដូច្នេះ ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ ហើយ​នាង​មិន​ខ្លាច​អ្វី​ទេ បើ​ទោះ​បី​ជា​មិន​ចេះ​ហែល​ទឹក​ក៏ដោយ។

ស្រ្តី លឹម គា ឲ្យ​ដឹង​ដូច្នេះ ៖ «តែ​ទឹក​ហូរ​ខ្លាំង​វា​កួច​ហើយ តែ​កួច​ខ្លាំង​យើង​ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ដែរ ប៉ុន្តែ​នឹក​ឃើញ​ថា ចែវ​ឲ្យ​ជាប់ ឈរ​ទូក​ឲ្យ​នឹង គឺ​ដឹង​តែ​ឈ្នះ​អ៊ីចឹង​តែម្ដង។ មាន​អារម្មណ៍​ថា​សប្បាយ​ដែរ បើ​ថា​បាន​ជោគជ័យ គឺ​ថា សប្បាយ​អស់​ពី​ចិត្ត​ពី​ថ្លើម​អ៊ីចឹង​តែម្ដង»

ស្រ្តី​ម្នាក់​ទៀត​បាន​និយាយ​ថា នាង​សប្បាយ​រក​ថា​មិន​ត្រូវ ដែល​នាំ​ឲ្យ​នាង​ចូល​រួម​ជា​រៀងរាល់​ឆ្នាំ ៖ «សប្បាយ ចិត្ត​ចង់​តែ​មក​តែម្ដង»

កីឡាករ​ស្រ្តី​ម្នាក់ៗ​សុទ្ធ​តែ​មាន​ទឹក​មុខ​រីករាយ ដោយ​គេ​បរិភោគ​បាយ​រួម​គ្នា សម្រាក​នៅ​ទី​លាន​វត្ត​អារាម​រួម​គ្នា។ គេ​ឮ​សូរ​តែ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ក្រេវៗ នៅ​ពេល​ដែល​គ្នីគ្នា​របស់​គេ​បាន​ស្រែក​ថា យក្សអរៗ បន្ទរ​ដោយ​សំឡេង​ថា ឈ្នះៗៗ៕