ខែកក្កដា ឆ្នាំ២០០៨ ៖
នៅថ្ងៃទី១៤ ខែកក្កដា ប្រជារាស្រ្តរាប់ម៉ឺននាក់បានចូលរួមក្នុងវេទិកាប្រគំតន្ត្រីមួយនាពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរការវិលត្រឡប់របស់គណៈប្រតិភូខ្មែរពីទីក្រុងកេបិច ប្រទេសកាណាដា ដែលនៅទីនោះបានសម្រេចជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
នៅថ្ងៃអង្គារ ទី១៥ កក្កដា ជម្លោះតានតឹងស្តីពីការរំលោភព្រំដែនបានកើតឡើង បន្ទាប់ពីអាជ្ញាធរខ្មែរបានចាប់ខ្លួនជនជាតិថៃ ៣នាក់ ដែលបានឆ្លងព្រំដែនខុសច្បាប់ក្នុងបំណងដោតទង់ជាតិលើប្រាសាទព្រះវិហារ ហើយបន្ទាប់មកមានកងទ័ពថៃជាច្រើននាក់ក៏បានចូលមកតាមក្រោយដែរ។ មានកងទ័ពថៃម្នាក់បានជាន់មីនដាច់ជើងក្នុងការឆ្លងចូលដីខ្មែរនេះ។ បន្ទាប់ពីឆ្លងព្រំដែន កងទ័ពថៃបានរក្សាកម្លាំងនៅទីនោះ ជាពិសេសនៅតំបន់ជុំវិញវត្តកែវសិក្ខាគិរីស្វារៈ ឬហៅថាវត្តប្រាសាទព្រះវិហារ។
មេទ័ពថៃនិងនាយករដ្ឋមន្រ្តីថៃ បានប្រកាសថាដីតំបន់នោះគឺជាទឹកដីក្នុងជម្លោះ ដែលជារបស់ថៃ ប៉ុន្តែក៏បានទប់ទល់ដល់ពួកបាតុករមិនឲ្យចូលមកតំបន់នោះដែរ។ អាជ្ញាធរខ្មែរខេត្តព្រះវិហារបានឲ្យដឹងថា កងទាហានឈុតខ្មៅថៃប្រមាណ៥០នាក់ប្រដាប់ដោយអាវុធបានលើកគ្នាចូលមកក្នុងព្រំដែនខ្មែរនៃតំបន់ប្រាសាទព្រះវិហារ។ កម្លាំងទ័ពនេះក្រោយមកភ្លាមៗបានកើនដល់១០០នាក់។
មន្ត្រីសំខាន់របស់កងរាជអាវុធហត្ថប្រចាំស្រុកជាំក្សាន្តមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា កងទាហានឈុតខ្មៅថៃប្រដាប់ដោយអាវុធគ្រប់ដៃបានលើកគ្នាចូលមកដល់ទីវត្តខ្មែរមួយនៅខាងលិចប្រាសាទព្រះវិហារ ហើយកងកម្លាំងថៃជាច្រើនបានកាន់កាប់នៅលើតំបន់ជណ្តើរបូរាណនៃទឹកដីខ្មែរ ដោយបិទច្រកមិនឲ្យប្រជាពលរដ្ឋខ្មែរចេញចូលទៀតផង ៖ «ទាហានឈុតខ្មៅវាប្រដាប់ដោយអាវុធកំប៉្លេតែម្ដង នៅវត្តលើប្រាសាទហ្នឹង»។
ប្រជាពលរដ្ឋខ្មែរនៅលើប្រាសាទព្រះវិហារបានផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី នៅវេលាម៉ោងប្រមាណ១២និង១៥នាទីថា កងទាហានឈុតខ្មៅថៃកំពុងសំរុកចូលមកច្រកខាងលិចនៃប្រាសាទ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ហើយបានចូលដល់វត្តរបស់ខ្មែរ។
ប្រជាពលរដ្ឋម្នាក់បានបញ្ជាក់ថា ៖ «គេចូលមកខាងទឹកដីយើងតែម្ដង ជណ្ដើរបូរាណ កន្លែងវត្ត ទាហានខ្មៅប្រហែល៥០-៦០នាក់ សុទ្ធតែកាំភ្លើង... ថ្ងៃហ្នឹងខ្លាំងណាស់។ ឥឡូវនាំគ្នាភ័យ ឥឡូវខ្ញុំឡើងទៅប្រាសាទទី១ ទី២»។
រហូតដល់ថ្ងៃទី១៦ ខែកក្កដា ថៃបានបង្កើនកម្លាំងទ័ពថែមទៀតនៅតំបន់ក្បែរប្រាសាទព្រះវិហារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី១៦ កក្កដានោះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរ ដើម្បីរកវិធានការដោះស្រាយសភាពការណ៍បន្ទាប់ពីទាហានឈុតខ្មៅថៃបានបង្កើនកម្លាំងជិត២០០នាក់ចូលកាន់កាប់វត្តខ្មែរមួយដែលស្ថិតនៅក្បែរប្រាសាទព្រះវិហារ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរ គឺលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកកាសែតដោយដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអំពាវនាវឲ្យមានការអត់ធ្មត់ និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ៖ «យើងដាច់ខាតមិនប្រើកម្លាំងយោធាទេ លើកលែងតែយើងត្រូវគេវាយប្រហារតែម្ដង។ ប៉ុន្តែយើងឃើញថាប្រសិនបើការវាយប្រហារ យើងឃើញថាចំណុចគឺថៃគឺជាអ្នកនឹងទទួលការថ្កោលទោសខ្លាំងណាស់ ពីព្រោះដោយសារថាការងារយើងជាសមាជិកអាស៊ាន យើងមានគោលការណ៍គឺមិនប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាទេ»។
លោក ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា ភាគីកម្ពុជាក៏បានបញ្ជូនកម្លាំងកងទ័ពទៅទីនោះផងដែរ ៖ «ប៉ុន្តែយើងបានបន្ថែមកម្លាំងរបស់យើងឡើងដល់៣០០ជាងហើយ ជិត៤០០កម្លាំងរបស់យើង ៣៨០នាក់ហើយ»។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានថ្លែងឲ្យដឹងដែរថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃក៏បានទូរស័ព្ទមកភាគីកម្ពុជាដើម្បីស្នើឲ្យមានការចរចាអំពីរឿងនេះទ្វេភាគីផងដែរ ។
នៅថ្ងៃ១៧ កក្កដា ថៃ បានបង្កើនកម្លាំងទ័ពរហូតដល់ជាង១,០០០នាក់ ដែលក្នុងនោះមានប្រមាណជាង៤០០នាក់ស្ថិតនៅក្នុងតំបន់វត្តកែវសិក្ខាគិរីស្វារៈជារបស់កម្ពុជា ប៉ុន្តែកងទ័ពថៃបាននិយាយថាតំបន់នោះមិនមែនរបស់កម្ពុជាឡើយ។
យោងតាមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិក្បែរវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ព្រះសង្ឃខ្មែរបីអង្គនៅវត្តនោះដែលថៃកំពុងកាន់កាប់ដោយទាហានថៃ បានភៀសចេញពីវត្ត នៅសល់តែព្រះសង្ឃមួយអង្គប៉ុណ្ណោះដែលគង់នៅ។ ក៏ប៉ុន្តែមានព្រះសង្ឃថៃបីអង្គនិងអាចារ្យម្នាក់បានចូលមកនៅកាន់វត្តនោះ។
នៅថ្ងៃដដែលនោះដែរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតមួយទៅលោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរៈវេដ ដោយអំពាវនាវឲ្យមានការដកកងទ័ពជាបន្ទាន់ចេញពីតំបន់នោះ។
នៅថ្ងៃ១៨ កក្កដា នាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ បានឆ្លើយតបលិខិតមកលោក ហ៊ុន សែន ដោយនិយាយថា កងទ័ពថៃដែលដាក់រាយនៅតំបន់ក្បែរប្រាសាទព្រះវិហារនោះ គឺជាអធិបតេយ្យរបស់ថៃទេ។ នៅក្នុងលិខិតនោះ លោក សាម៉ាក់ បានបញ្ជាក់ទៀតថា កងទ័ពកម្ពុជា និងប្រជារាស្រ្តខ្មែរទេដែលមានការសាងសង់សំណង់លើទឹកដីដែលមានទំនាស់ ដែលមានផ្ទៃក្រឡាប្រមាណ ៤,៦គីឡូម៉ែត្រក្រឡា ដែលជាការរំលោភដល់បូរណភាព និងអធិបតេយ្យរបស់ថៃ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនៅតែស្វែររកដំណោះស្រាយបញ្ហាដោយត្រឹមត្រូវនិងសន្តិវិធី។
នៅថ្ងៃដដែលនោះដែរ មន្ត្រីការពារនៅតំបន់ព្រំដែនខ្មែរដទៃទៀតបានឲ្យដឹងថា ទាហានឈុតខ្មៅថៃបានធ្វើសកម្មភាពជីករណ្តៅធ្វើប៉មការពារលើទឹកដីរបស់ខ្លួន ចំណែកឯពលរដ្ឋខ្មែរនៅតាមព្រំដែនមានការបារម្ភពីស្ថានភាពអសន្តិសុខ។
លោក ឈូក អាង ប្រធានវរការពារព្រំដែនលេខ៩១១ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងថា កងទាហានឈុតខ្មៅថៃបានផ្តើមសកម្មភាពជីករណ្តៅចំនួន៥ ទំហំមួយម៉ែត្រកន្លះបួនជ្រុង ៖ «អ៊ីចឹងវាមាន៥រណ្តៅពីខាងជើងស្ពានមក ជាង៥០០ម៉ែត្រគឺមានរណ្តៅ៥ ។ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ១០០ម៉ែត្រ» ។
រីឯប្រជាពលរដ្ឋខ្មែរនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាមានការព្រួយបារម្ភចំពោះសកម្មភាពទាហានឈុតខ្មៅថៃ ហាក់បីដូចជាត្រៀមលក្ខណៈចំពោះស្ថានការណ៍អ្វីមួយដែលអាចនឹងកើតមានឡើងនៅតាមព្រំដែន។
ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា ៖ «ពីម្សិលម៉្ងៃវាមានឈុតខ្មៅ ហើយនិងឈុតប៉ារ៉ាហើយនិងកម្មករឈរជីកអ៊ីចឹងទៅណា៎ ។ យើងចេះតែភ័យខ្លាចមួយៗចេះតែមានអារម្មណ៍តក់ស្លុត»។
នៅពេលជាមួយគ្នានោះបាតុករថៃដែលបានលើកគ្នាមកតវ៉ារឿងករណីប្រាសាទព្រះវិហារបានដកថយ ប៉ុន្តែទាហានឈុតខ្មៅថៃមិនបានដកថយទេ។ ការកាន់កាប់របស់ទាហានឈុតខ្មៅថៃនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារមានចំនួន៤ថ្ងៃហើយ៕