​ការ​ធ្វើ​ទារុណកម្ម​លើ​សត្វ​មាន់​ដើម្បី​កេង​យក​ចំណេញ

មាន់​ជា​អាហារ​សាច់​ដែល​ឈ្មួញ​និយម​ជួញដូរ ហើយ​ច្រើន​ដឹក​ជញ្ជូន​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ ការ​ដឹក​ជញ្ជូន​មាន់​នោះ​ គេ​សង្កេត​ឃើញ​ហាក់​ដូច​ជា​ធ្វើ​ទារុណកម្ម​ទៅ​លើ​សត្វ។
ដោយ អ៊ុក សាវបូរី
2011-10-04
Share
មាន់ ៣០៥ ឈ្មួញ​ចាប់​ហែក​មាត់​មាន់​ដើម្បី​បញ្ច្រក​អង្ករ​ចូល នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១១។
RFA/Ouk Savborey

ប្រជាពលរដ្ឋ​ដែល​កាន់​ព្រះពុទ្ធ​សាសនា និង​មាន​វ័យ​ចំណាស់​កាន់​សីលទាន​នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត បាន​រិះគន់​ថា ឈ្មួញ​ទិញ​លក់​មាន់​បាន​ធ្វើ​ទារុណកម្ម​សត្វ មាន​ដូចជា​ចាប់​ចង​ជើង​ជាប់​គ្នា​ព្យួរ​ឡើង​លើ ដឹក​តាម​ម៉ូតូ។ ឈ្មួញ​យក​អង្ករ​បង្កក ដោយ​បង្ខំ​ញាត់​ចូល​បំពង់​ក​មាន់ យក​ទឹក​បាញ់​ចូល​បំពង់​ក និង​បាញ់​ក្នុង​ស្បែក​មាន់​ពេល​បោច​រួច ដើម្បី​បង្កើន​ទម្ងន់​​គីឡូក្រាម​ ដែល​នាំ​ឲ្យ​ការ​ជួញដូរ​របស់​គេ​ចំណេញ​ភ្នែក​ជញ្ជីង មិន​គិត​ពី​បុណ្យ​បាប​អ្វី​ឡើយ។

ស្ត្រី​វ័យ ៦៧​ឆ្នាំ ឈ្មោះ ប៉ា ប៉ែត រស់​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឲ្យ​ដឹង​ថា គាត់​មិន​ហ៊ាន​សម្លឹង​មើល​ភាព​ឃោរឃៅ​របស់​ឈ្មួញ​ដែល​ចាប់​មាន់​បង្ខំ​ឲ្យ​ស៊ី​អង្ករ​តាម​បែប​ចាប់​ហែក​មាត់​បញ្ច្រក​អង្ករ​ក្នុង​មាត់ ហើយ​បាញ់​ទឹក​បញ្ចូល​បន្ថែម ដើម្បី​ឲ្យ​មាន់​ស៊ី​រហ័ស​ឆាប់​ឡើង​គីឡូ​នោះ​ទេ ៖ «គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ អាណិត​សត្វ​មិន​គួរ​គេ​ធ្វើ​អ៊ីចឹង។ មាន់​ហ្នឹង​គេ​រៀប​យក​ទៅ​លក់ ចាប់​ញាត់​គែ​ឲ្យ​បាន​ឡើង​គីឡូ។ គេ​ចង​ក្បាល​ចុះ​ក្រោម ហើយ​គេ​ចង​ជើង​ឡើង​លើ​ទៅ មាន​ខ្លះ​ក៏​ស្លាប់​នៅ​កន្លែង​គេ​ចង​ហ្នឹង​ដែរ ហើយ​ស្លាប់​លើ​ឡាន លើ​ម៉ូតូ​ទៅ។ ធ្វើ​អ៊ីចឹង​វា​អត់​ត្រូវ អាណិត​សត្វ»

លោក ភឹម ពេញ រស់​នៅ​ភូមិ​មហាសេនា។ លោក​ឲ្យ​ដឹង​ថា មុន​លក់​មាន់ ឈ្មួញ​បាន​ធ្វើ​ទារុណកម្ម​លើ​សត្វ​ដែល​លំបាក​ភ្នែក​មើល​ជា​ទីបំផុត ៖ «ឃើញ​គេ​លក់​ហ្នឹង​មាន​ធ្វើ​ទារុណកម្ម​ដែរ ដូចជា​ញាត់​អង្ករ ដាក់​ទឹក​ដាក់​អី​អ៊ីចឹង​ទៅ ដើម្បី​ឡើង​គីឡូ។ យក​អា​ចំណេញ​តិចតួច​ហ្នឹង វា​មើល​ទៅ​លំបាក​មើល។ គេ​ដាក់​អង្ករ​ក្នុង​ផើង​មួយ​ទៅ រួច​គេ​ចាប់​ហារ​មាត់​វា​ហើយ​ញាត់។ បើ​មិន​អ៊ីចឹង​ទេ គេ​យក​ចង្កឹះ​មក​បុក​ថែម​ទៀត ហើយ​បាន​គេ​ញាត់​បាញ់​ទឹក​ទៅ​គេ​ដាក់​ទុយយោ​ក្នុង​មាត់ ហើយ​គេ​ច្របាច់​កំប្លោក​វា​បញ្ចូល​ទៅ​ក្នុង​ពោះ​ទៅ ដើម្បី​ឲ្យ​វា​ចូល​ទៅ​ដល់​ពោះ​វៀន​វា វា​ហ្នឹង​ឡើង​គីឡូ​ហើយ»

អ្នកស្រី នាង ហ៊ីម ឲ្យ​ដឹង​ថា គាត់​បាន​ឃើញ​គេ​បង្អក​ចុង​អង្ករ​ក្នុង​មាត់​សត្វ​មាន់ និង​បញ្ច្រក​ទឹក រួម​ទាំង​បាញ់​ទឹក​បញ្ចូល​ទៅ​ក្នុង​ស្បែក​មាន់ ដើម្បី​ឲ្យ​មាន់​ឡើង​ទម្ងន់​ភ្នែក​ជញ្ជីង ដើម្បី​ឲ្យ​អ្នក​ទិញ​មើល​ទៅ​មាន់​ធាត់​មិន​ស្គម គេ​ទិញ ឬ​លក់​ឆាប់​ដាច់ ៖ «ញាត់​តាម​មាត់​វា​ដល់​គែ​មាន់។ ពេល​ហើយ​គេ​ឲ្យ​ទឹក បើ​កាល​ណា​នេះ​មាន​ខ្សាច់ ក៏​មាន​ដែរ ក្រួស​ក៏​មាន​ដែរ បើ​អត់​មាន​អី ខ្សាច់ បើ​អត់​មាន​ខ្សាច់​ក្រួស ញាត់​តែម្ដង​ឲ្យ​ធ្ងន់​ដើម្បី​ធ្ងន់​ជញ្ជីង​ហ្នឹង​បាន​លុយ»

ព្រះចៅ​អធិការ​វត្ត​ចំប៉ាលើក ព្រះនាម ហឹម វី មាន​ព្រះថេរដីកា​អប់រំ​ពលរដ្ឋ​ថា ការ​បង្ខំ​ឲ្យ​មនុស្ស​សត្វ​ទទួល​យក​នូវ​ចំណី​ដោយ​បង្ខំ ជា​ការ​ប្រព្រឹត្ត​អំពើ​បាប។ បើ​ទោះ​បី​ជា​សត្វ​មិន​ចេះ​តប​ត និង​ឆ្លើយឆ្លង​ពាក្យ​ជាមួយ​មនុស្ស​ក្ដី ការ​សង្វេគ ក៏​គួរ​តែ​គិត​ពិចារណា​ដែរ។ គួរ​កុំ​គិតតែ​ផលប្រយោជន៍​បុគ្គល​ខ្លួន​ឯង​ពេក។ ប្រាក់​ដែល​រក​បាន​មក​នោះ ក៏​មិន​អាច​យក​ទៅ​ទិញ ឬ​លុបលាង​អំពើ​បាប​ដែល​បុគ្គល​ខ្លួន​ឯង បាន​ប្រព្រឹត្ត​លើ​មនុស្ស និង​សត្វ​នោះ​ដែរ។

ព្រះអង្គ​បន្ត​ថា ៖ «ថ្លឹង​គីឡូ​ត្រឹមត្រូវ​រួច​ទៅ​ហើយ មិន​លក់​តាម​តម្លៃ​ចំណេញ តាម​សារាចរ​នោះ​ទេ ទៅ​ជា​ញាត់​អង្ករ ញាត់​ស្រូវ ឬ​ក៏​បន្តក់​ទឹក​បន្ថែម​ទៀត ដើម្បី​ឲ្យ​វា​ធ្ងន់​ឡើងៗ។ នេះ​ហាក់​បី​ដូច​ជា​ទារុណកម្ម​ហួស​ហេតុ​ពេក បើ​យើង​មិន​ជឿ​សាសនា​ក៏ដោយ ក៏​យើង​គួរ​គិត​ថា ទទួល​ទាន​ឆ្អែត​លើស​ចំនួន តើ​មាន​ការ​ពិបាក​ប៉ុន្មាន? ចុះ​បើ​ញាត់​ថែម​ទៀត តើ​ពិបាក​ប៉ុន្មាន ចុះ​គេ​ចង់​រស់​ប៉ុន្មាន ហើយ​យើង​ចង់​សុខសាន្ត​ប៉ុន្មាន?មិន​គួរ​បៀតបៀន និង​ធ្វើ​ឃាត​អ្នក​ដទៃ ដោយ​របៀប​ធ្វើ​ទារុណកម្ម​យ៉ាង​នេះ​ឡើយ។ ​អ៊ីចឹង​សូម​អំពាវនាវ​ដល់​អាជីវករ​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា ទូទៅ មេត្តា​ជួយ​សម្រួល​អធ្យាស្រ័យ កុំ​ឲ្យ​ចំណេញ​ហួស​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​នេះ​អី»

ឈ្មួញ​ទិញ​លក់​មាន់ អ្នកស្រី ភឹម សេរីរ័ត្ន នៅ​ភូមិ​មហាសេនា ស្រុក​ត្រាំកក់ អះអាង​ថា គាត់​មិន​បាន​បង្អក​ចុង​អង្ករ និង​ចាក់​ទឹក​ក្នុង​ស្បែក​មាន់ ដូច​ពលរដ្ឋ​បាន​ឃើញ​នោះ​ទេ។ គាត់​បាន​គិតគូរ​ពី​ផល​បុណ្យ និង​បាប​ដែរ។ គាត់​ចិញ្ចឹម​សត្វ​មាន់​បាន គាត់​យក​ទៅ​លក់ ថ្លឹង​គីឡូ​តាម​ទម្ងន់​ធម្មតា​របស់​សត្វ ៖ «អត់​មាន​ឲ្យ​អង្ករ ​ញាត់​អង្ករ​អី​ដូច​គេ​ទេ មាន់​ពី​ស្រែ​យើង។ ថ្លឹង​លក់​តាម​ធម្មតា ព្រោះ​អាណិត​គ្នា បើ​យក​ទៅ​ញាត់​គែ​ញាត់​អង្ករ​អី​តើ​យ៉ាង​ម៉េច​ទៅ»

ឈ្មួញ​ទិញ​លក់​មាន់​មួយ​រូប​ទៀត​ឈ្មោះ ពៅ រស់​នៅ​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ឲ្យ​ដឹង​ថា គាត់​ជួញ​ដូរ​មាន់ គឺ​ពិត​ជា​បាន​ធ្វើ​ដូច​ការ​ចោទ និង​បាន​ឃើញ​ពី​សំណាក់​មហាជន​មែន។ លោកស្រី​បន្ត​ថា ការ​បង្ខំ​ធ្វើ​បែប​នេះ ពីព្រោះ​មាន់ ពេល​ចាប់​មក​ភ្លាមៗ វា​មាន​ទម្ងន់​ត្រឹមត្រូវ។ ប៉ុន្តែ​នៅ​ពេល​ដឹក​ជញ្ជូន​មាន់​ផ្លូវ​ឆ្ងាយ វា​នឹង​ស្រក​គីឡូ។ ម្យ៉ាង​ទៀត​ពេល​ដឹក​ជញ្ជូន​តាម​ផ្លូវ​ពី​ខេត្ត​ទៅ​ផ្សារ នៅ​ក្រុង​ភ្នំពេញ មាន​កុងត្រូល​ច្រើន​កន្លែង​តាម​ចាប់​យក​ប្រាក់​ពី​រថយន្ត​ដឹក​មាន់។ ជាមួយ​គ្នា​នោះ អ្នក​ទិញ​មាន់​គេ​មិន​បាន​ដឹង​ថា មាន់​ចិញ្ចឹម​តាម​ធម្មជាតិ និង​មាន់​ចិញ្ចឹម​ឲ្យ​ចំណី​ផ្សារ មាន​តម្លៃ​ខុស​គ្នា​យ៉ាង​ណា​ទេ។ ឯ​មាន់​ឈ្មោល និង​មាន់​ញី ក៏​មាន​តម្លៃ​ខុស​គ្នា​ដែរ ទើប​អ្នក​លក់​មាន់​
បង្ខំ​ចិត្ត​ប្រព្រឹត្ត​អំពើ​អសីលធម៌​នោះ។

ឈ្មួញ​ទិញ​លក់​មាន់​ឈ្មោះ ពៅ ៖ «មាន់​តាម​ពិត​ទៅ​បើ​យើង​ញាត់​វា​អត់​ងាយ​ចេញ​ទៅ​ក្រពះ​វា ឬ​ទៅ​កោះ​វា​ទេ។ ញាត់​ណែន​នៅ​ហ្នឹង រីក​នៅ​ហ្នឹង។ ១​ថ្ងៃ​ទល់​យប់​ហ្នឹង គែ​ហ្នឹង​ជួនកាល​នៅ​ទាំង​អស់។ បើ​យើង​ឲ្យ​វា​ស៊ី​តាម​ធម្មតា គឺ​ឆាប់​រាយ​គែ។ រួច​ហើយ​បាន​ចង​ជើង​វា យើង​ចាប់​ដាក់​ទ្រូង​ដាក់​អី​ ដឹក​ឡាន​យក​ទៅ។ បើ​យើង​មិន​ញាត់​អ៊ីចឹង​ទេ វា​ខាត​គីឡូ។ មាន់​វា​អាចម៍​រហូត។ បើ​មាន់​១​គីឡូ​កន្លះ បើ​យើង​អត់​ញាត់​គែ វា​នៅ​សល់​តែ ១​គីឡូ ២​ខាំ ៣​ខាំ​អី​ទេ ទៅ​ដល់​ភ្នំពេញ។ បើ​យើង​ញាត់​គែ ដូច​ថា ទិញ​មក​បាន ១​គីឡូ​៣​ខាំ យើង​អាច​ញាត់​មាន់​មួយ អាច​បាន​១​ខាំ ២​ខាំ​តាម​វា ដល់​ទៅ​អង្ករ​រីក​វា​បាន​ធ្ងន់​ដែរ»

តាម​ផ្សារ​នានា​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​កំពត មាន​សត្វ​ស្លាប ដូច​ជា​មាន់​ទា​ត្រូវ​បាន​គេ​ចង​ជើង​ជា​ចង្កោមៗ។ ក្នុង​១​ចង្កោម​យ៉ាង​ហោច​ក៏​មាន​ជាង ១០​ក្បាល ខ្លះ​ដាក់​ផ្ទាល់​ដី ខ្លះ​នៅ​ជាប់​ចំណង​ចង​ព្យួរ​លើ​ម៉ូតូ ដាក់​លក់​មុខ​ផ្សារ​ពាសពេញ។

ម្ចាស់​មាន់​គេ​ឃើញ​ប្រើ​ដៃ​យ៉ាង​ញាប់​យក​ចុង​អង្ករ​ដែល​មាន​ត្រាំ​ទឹក​ឲ្យ​រីក​គ្រាប់​អង្ករ​បន្តិច យក​ដៃ​ញាត់​គ្រាប់​អង្ករ​នោះ​ដោយ​បង្ខំ រុក​ឲ្យ​បាន​ជ្រៅ​ដល់​បំពង់​ក ឬ​ដល់​គែ​មាន់។ អ្នក​លក់​មាន់​ហាក់​គ្មាន​សេចក្ដី​អាណិត​អាសូរ​សត្វ​នោះ​ឡើយ។

បច្ចុប្បន្ន​គេ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ណា​មួយ​ចុះ​អប់រំ​ឈ្មួញ ឬ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឈ្មួញ​រៀបចំ​ការ​លក់​ដូរ​ឲ្យ​បង្ហាញ​ពី​សុជីវធម៌ ឬ​កុំ​បង្ហាញ​ក្មេង​ស្រករ​ក្រោយ​ពី​ភាព​អមនុស្សធម៌ និង​សាហាវ​បែប​នោះ។

នៅ​ប្រទេស​ដែល​អភិវឌ្ឍន៍ គេ​ឃើញ​មាន​តាំង​លក់​សាច់​ក្រោយ​ការ​វេច​ខ្ចប់។ ឯ​ការ​ពិឃាដ​សត្វ​គឺ​គេ​ប្រើ​គ្រឿង​ម៉ាស៊ីន រួច​គេ​ប្រើ​ម៉ាស៊ីន​ខ្ចប់ ទើប​គេ​ប្រើ​មនុស្ស​សម្រាប់​ថ្លឹង និង​បិទ​តម្លៃ រួច​បាន​គេ​បញ្ចេញ​មក​លក់​តាម​ទីផ្សារ និង​ហាង​នានា៕

ព័ត៌មាន (4)

មើល​មតិ​ទាំង​អស់.

Anonymous says:
Oct 10, 2011 11:36 PM

គ្រាន់តែច្រកអង្ករចាក់ទឹកប៉ុណ្ណឹងវាមិនជាការ​​ធ្វើ​ទារុណកម្ម​អីធ្ងន់ធ្ងរនោះទេ តែអ្នកដែលស៊ីសាច់គេទៅវិញទេដែលឃោរឃៅរកទីបំផុតគ្មាន។

Anonymous says:
Oct 05, 2011 05:21 PM

គុណធម៌នឹងមេត្តាធម៌ គឺជាគ្រឹះនៃតំលៃព្រះពុទ្ធសាសនាខ្មែរ
ពិតមែនហើយ ក៏ប៉ុន្តែ,សាសនិកជនខ្លះទេ ដែលងងឹតឈ្លប់
នឹងអំពើបាប ក៏គឺដើម្បីសេចក្តីលោភះ កេងប្រវ័ញ្ច នឹងស្វែង
រកកំរៃដោយទុច្ចរឹត ពុំខ្មាស់អៀននឹងសតិសម្បជ្ជញ្ញះនៃខ្លួន!
ឧិ!ទាំងនេះជាមារយាទខ្មែរទាំងនគរឫ?

Anonymous says:
Oct 05, 2011 11:51 AM

ការចាក់ទឹកចូលខ្លួនមាន់​និងច្រកអង្ករធ្វេី​អោយសាច់មានខូចគុណភាព​​​ដូច្នេះសូមក្រសួងមេត្តាមេីល​ផង។

Anonymous says:
Oct 06, 2011 03:46 PM

រូបមួយជីវិតមួយគួរអោយអាសូរណាស់!បើសិនជារូបគាត់វិញហូបឆ្អែតហើយ ហើយត្រូវគេបង្ខំច្រកបាយចូលដូចគាត់
បាញ់ទឹក​និង​ច្រកស្រូវចូលក្នុងខ្លួនសត្វមាន់បែបនេះ​តើគាត់ឈឺចាប់បែបណា?!មាន់ខ្មែរធ្លាប់តែល្បី​ ឥលូវបាញ់ទឹកបញ្ចូលព្រោះតែចង់ចំនេញប្រាក់បន្តិចបន្តួច
ភ្លេចអស់គុណធម៍!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល