កាំង ហ្កិចអ៊ាវ និង ហូ ងី ជាមនុស្សដែលមានទំនោរខ្លាំងទៅរកលទ្ធិកុម្មុយនីស្ត រហូតដល់ពេលខ្លះ ពួកគាត់លួចហែកយកអត្ថបទដែលពេញចិត្តយកទៅទុកទៀតផង។ ពួកគាត់បានចូលបក្សកុម្មុយនីស្តកម្ពុជាក្នុងឆ្នាំ១៩៦៧ ជាមួយគ្នា តាមរយ:ការណែនាំរបស់ ឆាយ គីមហួ ដែលជាសាស្រ្តាចារ្យនៅវិទ្យាស្ថានគរុកោសល្យនាពេលនោះ។ គឺនៅពេលនោះហើយដែល កាំង ហ្កិកអ៊ាវ បានប្តូរឈ្មោះទៅជា ឌុច ដែលជានាមបដិវត្តន៍របស់គាត់ទៅវិញ។
នៅឆ្នាំ ១៩៦៩ ឌុច ត្រូវបានប៉ូលិសសម្តេចព្រះនរោត្តម សីហនុ ចាប់ខ្លួនយកទៅដាក់គុកព្រៃស ពីបទធ្វើសកម្មភាពកុម្មុយនីស្ត។ ឆ្នាំនេះក៏ជាឆ្នាំដែលប្អូនស្រីរបស់គាត់ឈ្មោះ គីម ហៀប ត្រូវរៀបការផងដែរ។ កាំង ហ្កិចអ៊ាវ ហៅ ឌុច មិនមានវត្តមាននៅក្នុងពិធីមង្គលការនេះទេ។
នៅឆ្នាំ ១៩៧១ ក្នុងពេលដែលលោកសេនាប្រមុខ លន់ នល់ ឡើងកាន់អំណាចបានមួយរយ: បានធ្វើសេចក្តីប្រកាសលើកលែងទោសដល់អ្នកទោសនយោបាយទាំងអស់ក្នុងនោះក៏មាន ឌុច ម្នាក់ដែរ ដែលត្រូវបានដោះលែងចេញពីគុកព្រៃស។ ក្រោយពេលចេញពីមន្ទីរឃុំឃាំង ឌុច បានទៅលេងក្រុមគ្រួសាររបស់គាត់នៅស្ទោង។ បន្ទាប់មកគាត់បានត្រឡប់មកធ្វើការនៅភ្នំពេញវិញហើយបានបាត់ខ្លួនចូលទៅក្នុងពិភពសម្ងាត់ចាប់តាំងពីពេលនោះមក។
ក្រោយមក ហម អ៊ិន ជាអតីតអ្នកទោសនៅមន្ទីរឃុំឃាំងអមលាំង ដែលស្ថិតនៅក្រោមការកាន់កាប់របស់ខ្មែរក្រហមបានឲ្យដឹងថា ឌុច មានតួនាទីជាអ្នកគ្រប់គ្រងអ្នកទោសនៅទីនោះ ដែលហៅថា ម-១៣ និងគុកនៅឯជើងភ្នំឱរ៉ាល់មួយទៀត ដែលអតីតខ្មែរក្រហមនិយមហៅថា ម-៩៩។
តាមរយ:ឯកសារពេជ្ឈឃាដបាត់ខ្លួនដដែលបានឲ្យដឹងទៀតថា ហម អ៊ិន អតីតអ្នកទោសនៅមន្ទីរឃុំឃាំងអមលាំង ឬ ម-១៣ បានឲ្យដឹងអំពីរបៀបធ្វើទារុណកម្មរបស់ឆ្មាំគុកមកលើអ្នកទោសដូច្នេះថា ៖ "មានអ្នកទោសនិងរូបភាពទារុណកម្មច្រើនប្រភេទណាស់។ ក្នុងនោះមានការយកញញួរមកវាយអ្នកទោសត្រង់ស្មងជើង ខ្នង និងដើមទ្រូង ពេលខ្លះគេយកជ័រចន្លុះកំពុងឆេះសម្រកលើខ្លួនអ្នកទោស ហើយការបដិសេធការចោទប្រកាន់ហ្នឹង ធ្វើឲ្យពួកអ្នកសួរចម្លើយខឹងខ្លាំងណាស់ ហើយពួកគេវាយអ្នកទោសរហូតដល់សន្លប់។ មានរបៀបធ្វើទារុណកម្មពិសេសមួយទៀតមានឈ្មោះថា បង្គោលជ័យជម្នះ ដែលក្នុងទារុណកម្មនេះគេយកអ្នកទោសបួននាក់ចងភ្ជាប់គ្នាដោយដាក់ខ្នងភ្ជាប់ទៅនឹងបង្គោលតែមួយ មុខបែរទៅរកទិសទីទៃៗពីគ្នា បន្ទាប់មកអ្នកបាញ់កាំភ្លើងបាញ់ចំក្បាលរបស់អ្នកទោសម្នាក់ ធ្វើឱ្យឈាមនិងខួរក្បាលហ្នឹងខ្ទាតទៅលើអ្នកទោសផ្សេងទៀត"។
តាមរយ:ឯកសារពេជ្ឈឃាដបាត់ខ្លួនដដែលបានឲ្យដឹងទៀតថា សមមិត្ត វ៉ន វេត គឺជាអ្នកដែលបានតែងតាំង ឌុច ឲ្យធ្វើជាប្រធានសន្តិសុខពិសេសសម្រាប់គ្រប់គ្រងអ្នកទោសនាពេលនោះ។
ក្នុងឋាន:ជាប្រធានមន្ទីរឃុំឃាំងទាំងពីរនេះ សមមិត្ត ឌុច មានអនុប្រធានរបស់គាត់ចំនួនពីរនាក់ គឺសមមិត្ត ចាន់ ក្រោយមកក្លាយជាអនុប្រធានគុកទួលស្លែង មានឈ្មោះដើមថា ម៉ម ណៃ អតីតជាគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្តធម្មជាតិ ហើយក៏ជាអ្នកដែលធ្លាប់ជាប់នៅគុកព្រៃសជាមួយ ឌុច ផងដែរ។ អនុប្រធានរបស់គាត់មួយរូបទៀត គឺសមមិត្ត ប៉ុន ក៏ជាអតីតគ្រូបង្រៀនផ្នែកគណិតសាស្រ្ត ជាមួយឌុច ផងដែរ។
មនុស្សទាំងបីនាក់នេះ មានតួនាទីសំខាន់នៅក្នុងការគ្រប់គ្រង ម-១៣ និង ម-៩៩ ហើយក៏ជាអ្នកទទួលខុសត្រូវលើជីវិតអ្នកទោសចំនួនប្រមាណជាពីរម៉ឺននាក់ ដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងទាំងពីរនេះដែរ។
បន្ទាប់ពីខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ហើយឡើងគ្រប់គ្រងប្រទេសកម្ពុជា ក្នុងខែមេសា ឆ្នាំ ១៩៧៥ សមមិត្ត ឌុច និងកូនចៅរបស់គាត់បានចូលមកទីក្រុងភ្នំពេញ ហើយប៉ុន្មានខែក្រោយមកទៀតអង្គភាពរបស់សមមិត្ត ឌុច បានចូលមកកាន់កាប់គុកទាំងអស់ក្នុងក្រុងភ្នំពេញ មានទីតាំងនៅបញ្ជាការប៉ូលិសជាតិខាងត្បូងផ្សារថ្មី ព្រមទាំងគុកព្រៃស និងគុកតាខ្មៅផងដែរ។
នៅក្នុងខែឧសភា ឆ្នាំ ១៩៧៦ ពន្ធនាគារក្នុងក្រុងទាំងអស់ត្រូវបានផ្លាស់មកអតីតវិទ្យាល័យទួលស្វាយព្រៃវិញ។ ពេលនោះហើយដែលអ្នកគ្រប់គ្រងរបបកម្ពុជាប្រជាធិបតេយ្យបានប្តូរឈ្មោះទីនោះម្តងទៀតទៅជាមន្ទីរ ស-២១ វិញ។
ដើមឡើយគុកទួលស្លែង ឬមន្ទីរ ស-២១ ត្រូវបានដឹកនាំដោយ អ៊ិន លន់ ហៅសមមិត្ត ណាត ជាមេបញ្ជាការកងពលលេខ ៧០៣ និងមានសមមិត្ត ឌុច ជាអនុប្រធានរបស់គាត់។ ក្រោយមកសមមិត្ត ណាត បានត្រូវផ្លាស់ទៅកាន់តំណែងថ្មី ហើយសមមិត្ត ឌុច ក៏ត្រូវបានតែងតាំងជំនួសកន្លែងរបស់សមមិត្ត ណាត នោះ។
សុន សេន ហៅបង ៨៩ ឬសមមិត្ត ខៀវ រដ្ឋមន្រ្តីក្រសួងសន្តិសុខ និងការពារប្រទេសនាពេលនោះជាអ្នកតែងតាំង ឌុច ហើយក៏ជាមេរបស់គាត់ផងដែរ។ គួររំឭកដែរថា សុន សេន ក៏ធ្លាប់ជាសាស្ត្រាចារ្យរបស់ កាំង ហ្កិចអ៊ាវ ហៅ ឌុច កាលពីនៅសាលាគរុកោសល្យផងដែរ។
តាមរយ:កិច្ចសម្ភាសន៍របស់អ្នកយកព័ត៌មានឲ្យទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ា ឈ្មោះ Nate Thayer (ណេត ស្សេអឺ) ជាមួយអតីតប្រធានមន្ទីរស-២១ រូបនេះ បានឲ្យដឹងថា ឌុច តែងធ្វើរបាយណ៍ដោយផ្ទាល់ទៅថ្នាក់លើរបស់ខ្លួនជាប់ជានិច្ច ៖ "ឌុច ធ្វើការរាយការណ៍ដោយផ្ទាល់ទៅ សុន សេន ហើយនិងទៅ នួន ជា។ សុន សេន គឺជាតំណាងយោធារបស់ខ្មែរក្រហម ហើយនួន ជា គឺជាតំណាងឲ្យបក្សកុម្មុយនីស្ត។ រាល់ការសួរចម្លើយ និងឯកសារទាំងអស់ត្រូវតែថតចម្លង ហើយបញ្ជូនទៅឲ្យ នួន ជា ហើយនិង សុន សេន"។
ក្នុងរយ:ពេលជាងបីឆ្នាំនៃរបបកម្ពុជាប្រជាធិបតេយ្យ សមមិត្ត ឌុច បាននៅគ្រប់គ្រងជុំវិញស-២១ ជាប្រចាំ។ ឌុច រស់នៅជាមួយប្រពន្ធរបស់គាត់ឈ្មោះ រ៉ុម ក្នុងផ្ទះធំមួយនៅជិតមន្ទីរឃុំឃាំងនោះ។ ក្នុងឆ្នាំ ១៩៧៧ ប្រពន្ធរបស់ ឌុច បានផ្តល់កំណើតឲ្យកូនស្រីទី១ របស់ពួកគាត់។
ប្រតិបត្តិការសម្លាប់មនុស្សរបស់មន្ទីរ ស-២១ បានកើតមានជាបន្ត ចាប់តាំងពីពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញមក ដែលនៅក្នុងនោះក៏មានកម្មាភិបាលជាន់ខ្ពស់របស់របបកម្ពុជាប្រជាធិបតេយ្យផងដែរ៕