ទង់ជាតិនៃប្រទេសកម្ពុជាត្រូវនិស្សិតជនជាតិខ្មែរម្នាក់ ដែលកំពុងតែរៀនថ្នាក់អាហារូបករណ៍នៅឯប្រទេសម៉ាឡេស៊ី យកទៅបោះនៅលើកំពូលភ្នំ គីណាបាលូ ស្ថិតនៅក្នុងរដ្ឋសាបា ភាគខាងកើតនៃប្រទេសម៉ាឡេស៊ី ដែលមានកម្ពស់ ៤.០៩៥ម៉ែត្រ ហើយក៏ជាភ្នំដែលខ្ពស់ជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លឹម វិច្ឆិកា អាយុ ២០ឆ្នាំ ជានិស្សិតបរិញ្ញាបត្រ ឆ្នាំទី២ ផ្នែកវិស្វករសំណង់ស៊ីវិលនៅឯសាកលវិទ្យាល័យបច្ចេកវិទ្យា ប៉េត្រូណាស់ (Universiti Teknologi PETRONAS) ក្នុងប្រទេសម៉ាឡេស៊ី បាននិយាយឲ្យដឹងថា នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋ និងយុវជនខ្មែរ ដែលបានចូលរួមឯកត្តកម្មក្នុងការឡើងភ្នំខ្ពស់បំផុត ជាមួយនឹងយុវជនមកពីប្រទេសចំនួន ២៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក លឹម វិច្ឆិកា បានឲ្យដឹងថា ៖ «កម្មវិធីហ្នឹងគឺជាកម្មវិធីមួយរៀបចំឡើងដោយសាលាខ្ញុំផ្ទាល់ គឺ Universiti Teknologi PETRONAS មហាវិទ្យាល័យបច្ចេកវិទ្យា PETRONAS។ កម្មវិធីហ្នឹងគឺគេជ្រើសរើសសិស្សតំណាងឲ្យប្រទេសមួយៗ មកពី ២៧ប្រទេស ដែលមាននៅក្នុងសាលារបស់ខ្ញុំហ្នឹង ដើម្បីទៅឡើងភ្នំខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍។ នេះជាឯកត្តកម្មមួយក្នុងការឡើងភ្នំចំនួន ២៧ប្រទេសក្នុងពេលតែមួយ។ ជាឯកត្តកម្មសម្រាប់ភ្នំហ្នឹងផង ហើយអាចជាឯកត្តកម្មពិភពលោកផង»។
វិច្ឆិកា បានថ្លែងឲ្យដឹងទៀតថា នៅក្នុងការចូលរួមបោះជំរំជាមួយយុវជនចំនួន ២៧ប្រទេសក្នុងរយៈពេល ៧ថ្ងៃនោះ គឺធ្វើឡើងដើម្បីលើកកម្ពស់នូវសាមគ្គីភាព ការរួមរស់ជាមួយគ្នា និងការស្វែងយល់ពីវប្បធម៌ទៅវិញទៅមក រវាងនិស្សិតបរទេស និងនិស្សិតខ្មែរ និងជាមួយនិស្សិតនៃប្រទេសម៉ាឡេស៊ីផងដែរ។
និស្សិត លឹម វិច្ឆិកា បានរៀបរាប់ថា ក្នុងអំឡុងពេលកម្មសិក្សា និងឡើងភ្នំនោះ រូបគាត់រួមជាមួយនិស្សិតនៃប្រទេសផ្សេងៗទៀត ដែលតំណាងឲ្យប្រទេសគេរៀងៗខ្លួន បានចុះទៅប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាជននៃរដ្ឋសាបា ដើម្បីស្វែងយល់វប្បធម៌ និងការរស់នៅរបស់ប្រជាជនម៉ាឡេស៊ី ហើយក៏បានចុះបង្រៀនកូនសិស្សនៅក្នុងតំបន់នោះផងដែរ។
យុវជនរូបនោះបានថ្លែងទៀតថា ក្នុងរយៈពេលបោះជំរំជាមួយនិស្សិត៤០នាក់នោះ ក្រៅពីទទួលបទពិសោធន៍ក្នុងការឡើងភ្នំដែលខ្ពស់បំផុត រួមជាមួយការយល់ដឹងពីវប្បធម៌ឥរិយាបថរបស់យុវជនដែលមកពីប្រទេសនានា និងវប្បធម៌របស់គេផង គឺគេបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃណីខ្មែរ ដល់និស្សិតបរទេសទាំងនោះផងដែរ មិនត្រឹមតែប៉ុណ្ណោះនេះជាមោទនភាពបំផុតដែលទង់ជាតិខ្មែរត្រូវបានបោះនៅលើកំពូលភ្នំនោះ។
លោក វិច្ឆិកា បានអះអាងថា ៖ «ក្នុងអំឡុងពេលហ្នឹង ដើម្បីផ្សព្វផ្សាយថា យើងជាខ្មែរ ហើយឲ្យគេមើលមក ដឹងថាយើងជាខ្មែរ គឺខ្ញុំបង្ហាញពីចរិតលក្ខណៈមួយដ៏ប្រពៃរបស់ខ្មែរយើង គឺថា គេស្រឡាញ់រាប់អានយើង។ សំខាន់ អាវដែលខ្ញុំពាក់ គឺដូចជាអាវរូបអង្គរវត្ត អាវរូបព្រះវិហារអីអ៊ីចឹង គេឃើញមក គេដឹងថាយើងខ្មែរ។ គោលដៅក្នុងកម្មវិធីហ្នឹង គឺអ្នកដែលមកពីប្រទេសទាំងអស់ហ្នឹង គឺត្រូវយកទង់ជាតិរៀងៗខ្លួន យកទៅដោតនៅលើហ្នឹង»។
តំណាងសហគមន៍និស្សិតខ្មែរនៅប្រទេសម៉ាឡេស៊ី បានថ្លែងឲ្យដឹងដែរថា ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ មិនមែនតែនិស្សិត លឹម វិច្ឆិកា ដែលបានយកទង់ជាតិខ្មែរទៅដាក់នៅភ្នំ គីណាបាលូ ប៉ុណ្ណោះទេ គឺក្រុមនិស្សិតដែលបានបន្តការសិក្សានៅបរទេស ជាពិសេសក្រុមនិស្សិតដែលបានទៅសិក្សានៅឯប្រទេសម៉ាឡេស៊ីទាំងអស់ គឺម្នាក់ៗក៏បានផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដល់បណ្ដានិស្សិតដែលមកពីប្រទេសផ្សេងៗនោះផងដែរ។
តំណាងសហគមន៍និស្សិតខ្មែរនៅប្រទេសម៉ាឡេស៊ី លោក ប៊ួយ រីណា ជានិស្សិតឆ្នាំទី២ ឯកទេសវិស្វកម្មប្រេង នៅឯសាកលវិទ្យាល័យបច្ចេកវិទ្យា ប៉េត្រូណាស់ បាននិយាយថា នៅមានយុវជនបរទេសមួយចំនួនទៀតនៅមិនទាន់ស្គាល់ប្រទេសកម្ពុជានៅឡើយ ក៏ប៉ុន្តែក្រុមនិស្សិតតែងតែបានបង្ហាញអត្តសញ្ញាណរបស់ប្រទេសកម្ពុជាទៅនិស្សិតបរទេសទាំងនោះ។
លោក ប៊ួយ រីណា បានបញ្ជាក់ថា ៖ «អ្នកខ្លះគឺគេអត់ស្គាល់ខ្មែរយើងទេ ដូចជាយើងនៅនេះ និស្សិតមកពីអាស៊ីកណ្ដាល មជ្ឈិមបូព៌ា ពួកអាហ្វ្រិក ឥណ្ឌា ប៉ាគីស្ថានអីអ៊ីចឹង។ ប្រទេសខ្លះគាត់អត់ដែលស្គាល់ខ្មែរយើងទេ។ អ៊ីចឹងគឺយើងតែងពន្យល់ប្រាប់គាត់ថា ខ្មែរយើងមានអង្គរវត្ត ខ្មែរយើងខុសពីថៃយ៉ាងណា!»។
ប៊ួយ រីណា បានឲ្យដឹងទៀតថា នៅក្នុងថ្នាក់រៀនរបស់គាត់ គឺមានការចែករំលែកការយល់ដឹងឲ្យគ្នាទៅវិញទៅមក អំពីប្រទេសរៀងៗខ្លួន ហើយក៏មានកម្មវិធីប្រចាំឆ្នាំ សម្រាប់និស្សិតដែលមកពីបណ្ដាប្រទេសនានា ដូចជាការតាំងពិព័រណ៍របស់របរប្រើប្រាស់ប្រចាំថ្ងៃ និងវត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីប្រទេសកម្ពុជាជាដើម។
លោក ប៊ួយ រីណា បានបន្ថែមថា ៖ «យើងតែងតែមានសកម្មភាពប្រចាំឆ្នាំដែលយើងតាំងពិព័រណ៍។ តាំងពិព័រណ៍ហ្នឹង គឺយើងយកផលិតផលខ្មែរយើងទៅដាក់តាំងឲ្យគេមើល ដូចជារទេះគោ រូបអប្សរា របស់ប្រើប្រាស់នៅចង្ក្រានបាយ ក្នុងជីវភាពរស់នៅរបស់ខ្មែរយើងហ្នឹង ដូចជា ផ្ទាំងគំនូរ ហើយនិងរបស់មួយចំនួនទៀត រូបប្រាសាទអង្គរវត្ត។ យើងមានចែកក្រដាសឲ្យគេមើលព័ត៌មានអំពីប្រទេសខ្មែរយើង ពីវប្បធម៌។ យើងក៏តែងតែមានធ្វើការសម្ដែង ១ឆ្នាំ ២ដង ទាក់ទងនឹងរបាំប្រពៃណីខ្មែរយើង។ ការសម្ដែងហ្នឹងមានការចូលរួមពីនិស្សិតបរទេសទាំងអស់មាន ៣៣ប្រទេស កំពុងសិក្សានៅសាកលវិទ្យាល័យហ្នឹង គាត់ចូលរួមទាំងអស់គ្នា»។
និស្សិតរូបនេះបានបញ្ជក់ទៀតថា ក្នុងពេលដែលមានកម្មវិធីតាំងពិព័រណ៍នោះដែរ គឺនិស្សិតខ្មែរទាំងអស់ក៏មានការសម្ដែងរបាំបុរាណ និងសម្ដែងសិល្បៈប្រពៃណីជាតិផងដែរ ៖ «ពីមុនយើងមានធ្វើរបាំគោះត្រឡោក របាំនារីជាជួរ ការសម្ដែងក្បាច់គុណ បុកតោ ហើយនិងរបាំជាច្រើនទៀត ហើយនៅប្រហែលជាមួយខែទៀត យើងនឹងសម្ដែងរបាំថ្មីមួយទៀត គឺរបាំស្វា។ នៅក្នុងការសម្ដែងហ្នឹង គឺពីមួយឆ្នាំទៅមួយឆ្នាំ យើងតែងតែរករបាំថ្មីៗ ព្រោះយើងចង់ឲ្យគេដឹងថា ខ្មែរយើងមានវប្បធម៌ច្រើន ហើយនិងទូលំទូលាយ»។
កញ្ញា ណែម សុផា ជានិស្សិតដែលកំពុងបន្តការសិក្សានៅឯប្រទេសម៉ាឡេស៊ីនោះដែរ បានថ្លែងស្រដៀងគ្នាជាមួយនិស្សិតផ្សេងៗនោះថា ក្នុងពេលដែលមានការសម្ដែងរបាំប្រពៃណីខ្មែរនោះ ក្រុមនិស្សិតខ្មែរក៏បានទទួលនូវវប្បធម៌ថ្មីៗ ដែលក្រុមនិស្សិតបរទេសទាំងនោះបានយកមកផ្សព្វផ្សាយនៅក្នុងមហាវិទ្យាល័យនោះដែរ។
កញ្ញា សុផា បានថ្លែងទៀតថា ក្រុមនិស្សិតខ្មែរនឹងមានការសម្ដែងរបាំបុរាណនៅពេលខាងមុខនេះ ដើម្បីបង្ហាញដល់និស្សិតក្នុងមហាវិទ្យាល័យផង និងដល់មហាជនទូទៅនៅក្នុងប្រទេសម៉ាឡេស៊ីនោះផង។
កញ្ញា សុផា បានអះអាងថា ៖ «ខ្ញុំនៅនេះ មិនថាតែខ្ញុំ និងមិត្តភ័ក្ដិខ្ញុំទាំងអស់គ្នាទេ គឺយើងព្យាយាមបង្ហាញពីវប្បធម៌ខ្មែរ ដូចជាការសម្ដែងរបាំប្រពៃណីរបស់ខ្មែរយើង។ នៅថ្ងៃ៩ ខែក្រោយនេះ មានការសម្ដែងធំទៀត គេដាក់ Concert របស់សាលា គេប្រមូលផ្ដុំសិស្សអន្តរជាតិទាំងអស់មកសម្ដែង ហើយយើងលើកយករបាំរាមកេរ្តិ៍ ឈុតត្រង់ស្វាពុល ហើយនិងទេពមច្ឆា ដើម្បីលើកតម្កើងខ្មែរយើង ហើយក៏មិនមែនតែម្ដងហ្នឹងទេ ព្រោះយើងមានការសម្ដែងហ្នឹងម្ដងទៅពីរដងក្នុងមួយឆមាស ហើយមានការតាំងពិព័រណ៍ផ្សេងៗហ្នឹង ខ្មែរយើងចូលរួមច្រើន។ មួយទៀតនៅក្នុងសាលាហ្នឹង គេមានសមាគមនិស្សិតផ្សេងៗអ៊ីចឹង គឺយើងចូលរួមរហូត ហើយយើងក៏នៅក្នុងថ្នាក់ដឹកនាំដែរ ដូច្នេះគេស្គាល់ខ្មែរយើងច្រើន»។
ក្រុមសហគមន៍និស្សិតនៅប្រទេសម៉ាឡេស៊ី បានថ្លែងឲ្យដឹងថា នៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមនិស្សិតនឹងបង្ហាញវប្បធម៌ខ្មែរទៅដល់និស្សិតបរទេសផ្សេងៗទៀត ដោយនឹងរៀបចំពិធីចូលឆ្នាំ ដោយមានលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរផងដែរ៕
