កូនៗរបស់ពលរដ្ឋរងគ្រោះដីធ្លីនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ជិត ១០០គ្រួសារ បោះបង់ការសិក្សា ធ្វើចំណាកស្រុកទៅតាមឪពុកម្ដាយរកប្រាក់សងបំណុលធនាគារ ខណៈរដ្ឋាភិបាលមិនទាន់ស្វែងរកដំណោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនវៀតណាមនៅឡើយ។ ចំណែកអាជ្ញាធរឃុំនៅតែអះអាងថា ក្រុមហ៊ុនវៀតណាមបានរំលោភយកដីស្រែចម្ការពលរដ្ឋ និងទទូចឲ្យអាជ្ញាធរថ្នាក់ជាតិជួយរកដំណោះស្រាយឲ្យបានឆាប់។
ក្រោយមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀងអស់រយៈពេលជិត ១ឆ្នាំ និងមិនមានដំណោះស្រាយពីរដ្ឋាភិបាល ពលរដ្ឋរងគ្រោះដីធ្លីជិត ១០០គ្រួសារ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ នាំគ្នាចំណាកស្រុកស្វែងរកការងារធ្វើ ដើម្បីរកប្រាក់សងបំណុលធនាគារ ធ្វើឲ្យកូនចៅរបស់ ពួកគាត់បោះបង់ការសិក្សា ហើយទៅតាមឪពុកម្ដាយរបស់ពួកគេទាំងបង្ខំ។ ពលរដ្ឋនៅឃុំកោះខ្ញែរ នៅតែទាមទារឲ្យរដ្ឋាភិបាលរកដំណោះស្រាយ ដោយកាត់ឆ្វៀលដីធ្លីកំពុងមានវិវាទឲ្យពលរដ្ឋបានអាស្រ័យផលវិញ ពីព្រោះពលរដ្ឋមិនមានដីស្រែចម្ការសម្រាប់អាស្រ័យផលនោះទេ។
«ផលប៉ះពាល់ពីជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាម គឺប្រឈមនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ»
តំណាងប្រជាពលរដ្ឋនៅឃុំកោះខ្ញែរ លោកស្រី អែល រ៉ូស្សា រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែកុម្ភៈ ថា ពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ជាច្រើនគ្រួសារប្រឈមនឹងធនាគាររឹបអូសយកទ្រព្យសម្បត្តិផ្ទះសម្បែង ដែលនៅសេសសល់ពីក្រុមហ៊ុនរំលោភយក ហើយពួកគាត់នាំគ្នាចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើរកប្រាក់សងបំណុលធនាគារ ទើបធ្វើឲ្យកូនៗ របស់ពួកគាត់បោះបង់ការសិក្សា និងធ្វើចំណាកស្រុកទៅតាមឪពុកម្ដាយ។ លោកស្រីបន្ថែមថា កត្តាដែលពលរដ្ឋនាំគ្នាចំណាកស្រុកបែបនេះ ដោយសារតែពួកគាត់មិនអាចចូលទៅបង្កបង្កើនផលនៅលើដីស្រែចម្ការកំពុងមានវិវាទជាមួយក្រុមហ៊ុន ចំណែកអាជ្ញាធរនៅតែមិនទាន់រកដំណោះស្រាយសមរម្យ បើទោះបីពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលជាច្រើនសាក្ដី។
លោកស្រី អែល រ៉ូស្សា៖«ពួកគាត់ទៅស៊ីឈ្នួលគេអ្នកខ្លះទៅធ្វើការនៅចម្ការចេក អ្នកខ្លះទៅរើសគ្រាប់ស្វាយចន្ទី បើមិនអ៊ីចឹងអត់ក្រពះ ទើបនាំគ្នាតស៊ូ ដើម្បីឆ្នាំងបាយរបស់ប្រជាពលរដ្ឋ គាត់អត់ពន្លឿនដោះស្រាយឲ្យប្រជាពលរដ្ឋ នាំគ្នាគិតតែពីថាពលរដ្ឋយកដីក្រុមហ៊ុន ចុះប្រជាពលរដ្ឋនៅនឹងតាំងពីតពូជ តាំងពីជីដូនជីតា ស្លាប់ម៉ែស្លាប់ឪនៅនេះ ហើយថា យកដីខ្ញុំក្រុមហ៊ុនខ្ញុំឆ្ងល់ពេកហើយ»។
តំណាងពលរដ្ឋរូបនេះ អះអាងទៀតថា ពលរដ្ឋមួយចំនួនបាននាំគ្នាលក់មាន់ទា និងឆ្កែ ដើម្បីយកប្រាក់ឲ្យតំណាងរបស់ពួកគាត់ឡើងទៅភ្នំពេញ ដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយដល់ពលរដ្ឋ។ លោកស្រីបន្ថែមថា អាជ្ញាធរថ្នាក់ជាតិបានសន្យាជាមួយពលរដ្ឋថា នឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស តែមិនបានធ្វើដូចការសន្យានោះទេ។
ពលរដ្ឋរងគ្រោះដីធ្លីដែលកំពុងចំណាកស្រុកទាំងគ្រួសារ លោកស្រី គី ស្រីទូច ឲ្យដឹងថា ក្រោយពីក្រុមហ៊ុនវៀតណាម រំលោភយកដីធ្លីរបស់លោកស្រី លោកស្រីពុំមានដីស្រែចម្ការសម្រាប់បង្កបង្កើនផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៀតនោះទេ ដូច្នេះទើបបង្ខំចិត្តឲ្យកូនឈប់រៀន ហើយនាំពួកគាត់ទៅធ្វើការនៅក្រុមហ៊ុនចម្ការចេកនៅខេត្តរតនគិរី ដើម្បីសន្សំប្រាក់សងបំណុលធនាគារ។
លោកស្រី គី ស្រីទូច៖«ខ្ញុំទើបមកដែលមានអ្វីធ្វើនៅស្រុកមកស៊ីឈ្នួលគេនឹង នៅស្រុកអត់មានការងារធ្វើ រកមួយថ្ងៃស៊ីមួយថ្ងៃ មានអ្វីធ្វើបើជំពាក់ធនាគារ ដីក៏គ្មានអ្វីក៏គ្មាន ចង់ឲ្យគាត់ដោះស្រាយ គេថាដីនឹងគេឲ្យវិញតវ៉ាពីខែមុននោះ គេថាឲ្យវិញ មិនដឹងថា ឲ្យវិញ ឬអត់ទេ មិនសង្ឃឹមទេ»។
អាជ្ញាធរទទួលស្គាល់ថា ពលរដ្ឋរងគ្រោះប្រឈមនឹងការចំណាកស្រុកនិងឈប់រៀន
ចំណែកមេឃុំកោះខ្ញែរ លោក អ៊ុក សាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែកុម្ភៈថា ពលរដ្ឋរងគ្រោះដីធ្លីពិតជាបាននាំគ្នាចំណាកស្រុក និងឲ្យកូនៗ ឈប់សិក្សាប្រាកដមែន ហើយពលរដ្ឋធ្វើបែបនេះក៏ដោយសារតែពួកគាត់មិនអាចចូលទៅធ្វើស្រែចម្ការ ក្នុងតំបន់ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាមបាន។ លោកថា លោកបានបញ្ជាក់ប្រាប់អាជ្ញាធរថ្នាក់លើរួចហើយថា ក្រុមហ៊ុនវៀតណាមជាអ្នករំលោភយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និងទទូចឲ្យអាជ្ញាធរជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋនៅក្នុងឃុំថែមទៀត។
លោក អ៊ុក សាវី៖«ខ្ញុំរាល់ថ្ងៃជាប់ឆ្នោត ក៏ដោយសារប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋរាល់ថ្ងៃសង្ឃឹមលើខ្ញុំ ១០០%។ប៉ុន្តែ ខ្ញុំដោះស្រាយអត់ចេញ ខ្ញុំពិបាកចិត្តរាល់ថ្ងៃ។ រាល់ថ្ងៃចង់ឲ្យតែប្រជាពលរដ្ឋហូបចុកគ្រប់គ្រាន់ទេ ហើយបើថា ប្រជាពលរដ្ឋមិនបានធ្វើស្រែឆ្នាំនេះពិបាកហើយ ខ្ញុំមិនដឹងដោះស្រាយយ៉ាងម៉េច បើខាងស្រុកគេអត់មានទំនាក់ទំនងជាមួយយើង គេគិតតែជាមួយក្រុមហ៊ុនទៅវិញ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី២៧ ខែកុម្ភៈ។
អត្ថបទដែលទាក់ទង៖
ចំណែកអនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរគួរតែស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយកាត់ឆ្វៀលដីធ្លីទាំងនោះ ឲ្យទៅពួកគាត់បានអាស្រ័យផលរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដើម្បីកាត់បន្ថយកុំឲ្យពលរដ្ឋទាំងនោះនាំគ្នាចំណាកស្រុកបន្តទៀត។ លោកថា ក្រសួងពាក់ព័ន្ធគួរបញ្ចប់វិវាទមួយនេះឲ្យបានឆាប់រហ័ស កុំឲ្យបញ្ហានេះកាន់តែធំ ប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋ។
លោក យិន ម៉េងលី៖«រដ្ឋាភិបាលធ្វើការត្រួតពិនិត្យកាត់ឆ្វៀលទៅ ខ្ញុំបារម្ភរឿងការយកឈ្នះចាញ់ ក្រុមហ៊ុនមកធ្វើការវិនិយោគក្នុងប្រទេសណាក៏ដោយត្រូវតែគោរពច្បាប់ រដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធមានសមត្ថកិច្ចបញ្ចប់ក្នុងការវិវាទទាំងអស់នេះ កុំឲ្យវិវាទទាំងអស់នេះអូសបន្លាយតាន់តែយូរទៅនាំឲ្យប្រជាពលរដ្ឋឈឺចាប់កាន់តែខ្លាំងឡើងទេ»។
សហគមន៍ថា បច្ចុប្បន្នមានតំណាងពលរដ្ឋចំនួន ៦នាក់ ជាប់បណ្ដឹងនៅតុលាការខេត្តក្រចេះ ពាក់ព័ន្ធបទចោទ រំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ និងបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ក្រោយពីពួកគាត់ចេញមុខតវ៉ា និងរារាំង ក្រុមហ៊ុនវៀតណាមឈ្មោះ កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង មិនឲ្យឈូសឆាយផលដំណាំ និងដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងពេលកន្លងទៅ។
នៅឆ្នាំ២០២១ ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង បានសហការគ្នាដំណើរការដាំដំណាំអំពៅឡើងវិញ សម្រាប់ផលិតជាស្ករស ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា និងវៀតណាម ទើបធ្វើឲ្យមានវិវាទដីធ្លីកើតឡើង ដោយក្រុមហ៊ុនបានឈូសឆាយបំផ្លាញផលដំណាំកសិកម្ម និងដុតផ្ទះសម្បែងរបស់ពលរដ្ឋ និងហ៊ុមព័ទ្ធយកដីព្រៃសហគមន៍ និងដីស្រែចម្ការពលរដ្ឋជាង៣០០គ្រួសារ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់មានដំណោះស្រាយសមរម្យដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។