លោក ខៀវ សំផន បានបញ្ជាក់ថា អ្នកមានតួនាទីជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យមុនលោក គឺសម្ដេចព្រះបាទ នរោត្តម សីហនុ នោះ គួរតែត្រូវនាំមកកាត់ទោសដែរ។
សូមស្ដាប់សេចក្ដីថ្លែងការណ៍របស់លោក ខៀវ សំផន ក្នុងតុលាការ។
សំឡេងលោក ខៀវ សំផន៖ ហេតុអ្វីបានជាលោកមិនកោះយាងសម្ដេច ឱ្យលោកមកអង្គុយកៅអីចុងចោទជាមួយយើងខ្ញុំផងទៅ។
តើលោកមានអត្ថាធិប្បាយយ៉ាងណាដែរចំពោះការលើកឡើងរបស់លោក ខៀវ សំផន?
Brad: អំពីសម្ដេចព្រះបាទ នរោត្តម សីហនុ តាមដែលខ្ញុំឮកន្លងមក ព្រះអង្គធ្លាប់មានព្រះរាជបន្ទូលជាច្រើនសាថា ព្រះអង្គនឹងយាងមកធ្វើជាសាក្សី នៅក្នុងតុលាការខ្មែរក្រហម។ ព្រះរាជបន្ទូលរបស់ព្រះអង្គ ស្ម័គ្រព្រះទ័យចូលបំភ្លឺក្នុងតុលាការនោះ ធ្វើអោយខ្ញុំស្ងើចសរសើរព្រះអង្គមែនទែន ពីព្រោះខ្ញុំយល់ថា វាគឺជាគំរូមួយដ៏ល្អអស្ចារ្យណាស់ ដោយសារតែព្រះអង្គជាឥស្សរជនដ៏ជាទីគោរពខ្ពង់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយ នៅពេលព្រះអង្គយាងទៅផ្ដល់កសិណ នៅក្នុងតុលាការ អ្នកដទៃទៀត ដែលត្រូវទៅតុលាការដែរនោះ ពិបាកនឹងបដិសេធណាស់។
ប៉ុន្តែក្រោយមក ខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាព្រះអង្គកែប្រែព្រះទ័យ ហើយបដិសេធមិនចូលបំភ្លឺក្នុងតុលាការវិញ។ ខ្ញុំយល់ថា ព្រះអង្គគ្មានអ្វី ដែលនឹងត្រូវខ្លាចនោះទេ ពីព្រោះឯកសារបានបញ្ជាក់បង្ហាញថា ខ្មែរក្រហមបានប្រើប្រាស់ព្រះអង្គមុនពួកគេឡើងកាន់អំណាច។ នៅពេលនោះ សម្ដេចព្រះបាទ នរោត្តម សីហនុ ជាអ្នកទទួលខុសត្រូវ ក្នុងការជំរុញលើកទឹកចិត្តអោយប្រជាជនចូលរួមក្នុងចលនាខ្មែរក្រហម។ ពេលយាងចូលក្នុងប្រទេសកម្ពុជា ក្រោយខ្មែរក្រហមឡើងកាន់អំណាច ព្រះអង្គក៏ក្លាយជាអ្នកទោសរបស់ខ្មែរក្រហម ឃុំនៅក្នុងព្រះបរមរាជវាំងរបស់ព្រះអង្គ។ ហើយព្រះអង្គអាចយាងចេញពីកម្ពុជាវិញបាន គឺដោយសារតែចិនបានប្រាប់ខ្មែរក្រហមកុំអោយធ្វើគត់ព្រះអង្គ។
សមាជិករាជវង្សានុវង្សរបស់ព្រះអង្គមួយចំនួនក៏ត្រូវខ្មែរក្រហមធ្វើឃាត។ យើងដឹងរឿងរ៉ាវទាំងអស់នេះ។ នៅក្នុងរបបខ្មែរក្រហមព្រះអង្គ មិនមានអំណាចអ្វីទាំងអស់។ ប្រាកដណាស់ព្រះអង្គមិនអាចរងការចោទប្រកាន់ណាមួយបានទេ ពីព្រោះអង្គគ្មានអំណាច។ នៅពេលនោះ ព្រះអង្គមិនមានអំណាចបញ្ជានរណាម្នាក់អោយប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយបានឡើយ នៅពេលនោះ។ ជាការពិត ព្រះអង្គក្នុងពេលនោះ គឺជាចំណាប់ខ្មាំងរបស់ខ្មែរក្រហម។ ដូច្នេះខ្ញុំមិនយល់ដែរ នៅពេលព្រះអង្គបដិសេធមិនចូលជាសាក្សីនៅក្នុងតុលាការ។
ទន្ទឹមនឹងនេះដែរ ខ្ញុំមានភាពមន្ទិលទៅលើរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមរារាំងសម្ដេចព្រះបាទ នរោត្តម សីហនុ មិនអោយចូលមកបំភ្លឺនៅក្នុងតុលាការ។ ប្រការនេះនាំអោយខ្ញុំគិតថា ពួកគេមានអ្វីលាក់លៀម នៅពេលដែលមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ជាអតីតកម្មាភិបាលខ្មែរក្រហម។
ជី វិតា៖ ខ្ញុំចង់សួរលោកអំពីគោលការណ៍នៃការចាប់អោយមេដឹកនាំណាម្នាក់ទទួលខុសត្រូវលើឧក្រិដ្ឋកម្មណាមួយ ដែលប្រព្រឹត្តឡើងដោយកូនចៅរបស់មេដឹកនាំរូបនោះ។ ឧទាហរណ៍៖ នៅពេលកងទ័ពខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញ នៅថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ ឈ្មោះផ្លូវការនៃចលនាខ្មែរក្រហមនៅពេលនោះ ជ្រកក្រោមផ្លាក «រដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា» ដែលមានសម្ដេចព្រះបាទ នរោត្តម សីហនុ ជាប្រធាន។ ពេលនោះមិនទាន់ដូរទៅជារបបកម្ពុជាប្រជាធិបតេយ្យភ្លាមៗ នោះទេ។ ក្រោយពីដណ្ដើមបានប្រទេសកម្ពុជាទាំងមូល ខ្មែរក្រហមបានប្រមូល និងសម្លាប់អតីតមន្ត្រីរដ្ឋាភិបាលរបប លន់ នល់ រាប់រយនាក់។ សម្ដេចព្រះបាទ នរោត្តម សីហនុ ជាប្រធាន«រដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា» ដែលមានខ្មែរក្រហមជាសមាជិកនោះ កំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន។ ទាក់ទិនបញ្ហានេះ ខ្ញុំចង់សួរលោកអំពីគោលការណ៍ឋានានុក្រមថ្នាក់ដឹកនាំ និងអ្នកនៅក្រោមបង្គាប់។ អំពើប្រព្រឹត្តិរបស់កូនចៅព្រះអង្គ ដែលសម្លាប់មន្ត្រីរបប លន់ នល់ នោះ តើព្រះអង្គអាចត្រូវចាប់អោយទទួលខុសត្រូវឬទេ?
Brad: វាជាបញ្ហាភស្តុតាង។ ប៉ុន្តែ តាមការយល់ដឹងរបស់ខ្ញុំ ហើយវាជាហេតុការណ៍ពិតយ៉ាងច្បាស់នោះ សម្ដេចព្រះបាទ នរោត្តម សីហនុ គ្មានអំណាចអ្វីទេ សូម្បីតែនៅក្នុងពេលនោះក៏ដោយ។ ព្រះអង្គមានតែតំណែង ដែលគ្មានអំណាច។ គឺជាតំណែងសម្រាប់ខ្មែរក្រហមប្រើប្រាស់ព្រះអង្គអោយធ្វើកិច្ចការពិធីសារតែប៉ុណ្ណោះ។
ខ្ញុំគិតថា សម្ដេចព្រះបាទ នរោត្តម សីហនុ នៅពេលនោះ មិនមានសមត្ថកិច្ចដឹកនាំបញ្ជា ឬអំណាចជាអ្នកដឹកនាំជាន់ខ្ពស់ឡើយ។ និយាយម៉្យាងទៀត គឺថា សម្រេចព្រះបាទ នរោត្តម សីហនុ មិនអាច បញ្ជាអោយនរណាម្នាក់ក្នុងជួរខ្មែរក្រហមធ្វើអ្វីមួយបានឡើយ។ មានតែ ប៉ុល ពត នួន ជា សុន សេន និងមេដឹកនាំដទៃទៀតប៉ុណ្ណោះ ដែលអាចចេញបញ្ជាធ្វើអ្វីៗ បាន។ ដូច្នេះ បើទោះជាមានការលើកឡើងអំពីព្រះនាមរបស់ព្រះអង្គទាក់ទងជាមួយខ្មែរក្រហមក៏ដោយ ក៏ខ្ញុំគិតថា ឈរលើគតិយុត្តិ ព្រះអង្គនឹងមិនមានការទទួលខុសត្រូវផ្លូវច្បាប់ឡើយ។ ប៉ុន្តែ ប្រសិនបើមានភស្តុតាងដាក់ចេញមកបញ្ជាក់ថា អ្វីដែលខ្ញុំនិយាយវាខុស ស្ថានភាពនឹងប្រែប្រួលវិញ។
ជី វិតា៖ ប៉ុន្តែប្រសិនបើព្រះអង្គបានជ្រាប ឬបានដឹងអំពីការកាប់សម្លាប់នៅពេលនោះ ហើយព្រះអង្គមិនបានព្យាយាមទប់ស្កាត់ តើព្រះអង្គអាចមានទោសជាប់ពាក់ព័ន្ធដែរឬទេ?
Brad: ដើម្បីអោយមានទោសជាប់ពាក់ព័ន្ធ គេត្រូវតែបញ្ជាក់អោយបានថា ទីមួយ ព្រះអង្គមានអំណាចបញ្ជា។ ទីពីរ ព្រះអង្គបានដឹង ឬគួរតែបានដឹងថា មានអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរកំពុងកើតមានឡើង។ ទីបីគឺថា ក្រោយពេលបានដឹងហើយ ប៉ុន្តែមិនបានចាត់វិធានការសមស្រប ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនោះ។
ចំពោះសម្ដេចព្រះបាទ នរោត្តម សីហនុ បញ្ហាត្រង់ថា សូម្បីតែចំណុចទីមួយ ក៏ព្រះអង្គមិនមានដែរ គឺ «អំណាចបញ្ជា»៕