អាពាហ៍ពិពាហ៍​ក្នុង​សម័យ​ខ្មែរ​ក្រហម

យុវជន​យុវនារី​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់ ត្រូវ​បាន​អង្គការ​ខ្មែរ​ក្រហម​ចាប់​បង្ខំ​ឲ្យ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​មិន​បាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ ​ដែល​មាន​តាំង​ពី​ដូនតា​យូរ​លង់​ណាស់​មក​ហើយ​នោះ​ទេ។
ដោយ វោហារ ជាតិ
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​រៀបការ​របស់​ខ្មែរ​ក្រហម
ពិធី​រៀបការ​របស់​ខ្មែរ​ក្រហម
Photo courtesy of DC-Cam

ពិធី​រៀបការ​តាម​របប​នយោបាយ​កុម្មុយនិស្ត​ថ្មី​បែប​លទ្ធិ​ម៉ៅ​និយម ដែល​គេ​រៀបការ​ម្តងៗ​មាន​ចំនួន​មនុស្ស​ចាប់​ពី ​២០​គូ ដល់ ១០០​គូ។ អង្គការ​ខ្មែរ​ក្រហម​មិន​អនុញ្ញាត​ឲ្យ​កូន​កំលោះ​ក្រមុំ​ស្ម័គ្រ​ចិត្ត​រើស​គូ​ប្រចាំ​ជីវិត​ដោយ​ខ្លួន​ឯង​ទេ គឺ​អង្គការ​ផ្គូផ្គង​គូ​ស្រករ​ដែល​ពួកគេ​មិន​ដែល​ស្គាល់​គ្នា ឬ​ក៏​មិន​បាន​ស្រឡាញ់​គ្នា ហើយ​បើ​អ្នក​ណា​​ម្នាក់​ហ៊ាន​ប្រកែក អង្គការ​ចោទ​ថា​ខ្មាំង​ប្រឆាំង​បដិវត្ត ហើយ​ត្រូវ​កង​ឈ្លប​ខ្មែរ​ក្រហម​​ចាប់​ចង​​ស្លាបសេក​យក​ទៅ​សម្លាប់​ចោល។

ចម្រៀង​ខ្មែរ​ក្រហម​មួយ​បទៗ​សុទ្ធសឹងតែ​បង្កប់​ទៅ​ដោយ​ពាក្យ​ក្រេវក្រោធ ​ម៉ឺងម៉ាត់ ចង​កំហឹង​ជាមួយ​ខ្មាំង ដែល​ភាគ​ច្រើន​ជា​ប្រជាជន​ខ្មែរ​គ្នា​ឯង។ គ្មាន​ទេ​ពាក្យ​លួង​លោម​ មនោ​សញ្ចេតនា គ្រួសារ ស្នេហា​អូន​បង មាន​តែ​ពាក្យ​ប្ដេជ្ញា លះ​បង់​ទាំង​ជីវិត សូម្បី​តែ​មនោសញ្ចេតនា​ស្នេហា​របស់​យុវជន​យុវនារី ក៏​អង្គការ​ដក​ហូត​ដែរ ពោល​គឺ​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប ពុល ពត កាន់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ គឺ​អ្វីៗ​ទាំង​អស់​ដើម្បី​តែ​អង្គការ​បដិវត្ត​ដ៏​ក្រហម​ឆ្អិនឆ្អៅ​តែ​មួយ​គត់។

សាក្សី​និង​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា យុវជន​យុវនារី​សម័យ​ខ្មែរ​ក្រហម​គ្រប់គ្រង​ប្រទេស​ជាច្រើន​ម៉ឺន​នាក់ ត្រូវ​អង្គការ​ខ្មែរ​ក្រហម​ចាប់​ផ្សំផ្គុំ​ជា​ប្ដី​ប្រពន្ធ​តាម​មនោគម​បដិវត្ត​មហា​លោត​ផ្លោះ មហា​អស្ចារ្យ ខុស​ប្រពៃណី​ខ្មែរ​ដែល​ការ​រៀប​អាពាហ៍ពិពាហ៍​នោះ​មិន​មាន​ភ្លេងភ្លាត់ មេ​បា​ចៅ​មហា​អី​ទាំង​អស់ មាន​តែ​មេ​ខ្មែរ​ក្រហម​ពីរ​បី​នាក់​តែប៉ុណ្ណោះ​ជា​អធិបតីភាព ហើយ​ការ​ប្ដេជ្ញា​ចិត្ត​គោរព​តាម​អង្គការ​បក្ស​ប៉ុណ្ណោះ។

ឯកសារ​ជាច្រើន​បង្ហាញ​ថា ការ​ចាប់​រៀបការ​ដោយ​បង្ខំ ដែល​ភាសា​បដិវត្ត​ខ្មែរ​ក្រហម​កាល​ណោះ​ហៅ​ថា «បើក​វគ្គ» ធ្វើ​ឡើង​ម្តងៗ​ចាប់​ពី​ជាង ២០​គូ​ឡើង​ទៅ​ដល់ ១០០​គូ។ ការ​រៀប​គូ​ស្រករ​​ដោយ​បង្ខំ​នោះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើត​មនុស្ស​ថ្មី​ដែល​មាន​ខួរក្បាល​បដិវត្តន៍​ដាច់​ខាត ដើម្បី​បម្រើ​ឲ្យ​អង្គការ និង​មិន​មែន​ដើម្បី​ជា​សុភមង្គល​គ្រួសារ​ប្រជាជន​នោះ​ទេ។

បៅ សេង អាយុ​ជាង ៦០​ឆ្នាំ នៅ​ក្នុង​ទៅ​រាជធានី​ភ្នំពេញ ដែល​កាល​នោះ​អង្គការ​ខ្មែរ​ក្រហម​ចាប់​បង្ខំ​ឲ្យ​យក​ប្ដី​ដែល​ខ្លួន​មិន​ស្គាល់ បាន​រំឭក​ថា ៖ «ខ្ញុំ​ដូច​ជា​អត់​ចង់​បាន​អី​ទេ​ប្ដី​ហ្នឹង ជំនាន់​ហ្នុង​ដូច​ជា​អត់ តែ​គេ​បង្ខំ ខ្លាច​គេ​​វ៉ៃ​ចោល។ (គេ​រៀប) ៣០​តួ​ម្ដង។ មាន​ស្អី​គ្រាន់​តែ​យើង​ប្ដេជ្ញា​ហើយ​អី​ហើយ គេ​ឲ្យ​ហូប​បាយ​មួយ​ពេល ហើយ​គេ​ឲ្យ​ដូង​ខ្ចី​មួយ កន្ទេល​កក់​មួយ»

របប​ខ្មែរ​ក្រហម ឬ​របប ប៉ុល ពត ដែល​គេ​ហៅ​ជា​ផ្លូវ​ការ​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ កាន់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ គឺ​ជា​របប​កុម្មុយនិស្ត​ផ្ដាច់​ការ​មួយ​ ដែល​បណ្ដាល​ឲ្យ​ប្រជាជន​ខ្មែរ​ស្លូត​ត្រង់​ជិត ២​លាន​នាក់​ត្រូវ​ស្លាប់​ដោយសារ​ធ្វើការ​បាក់​កម្លាំង មិន​មាន​ថ្នាំ​សង្កូវ​ព្យាបាល ​ស្លាប់​ដោយសារ​ដាច់​បាយ និង​ត្រូវ​គេ​វាយ​សម្លាប់​ដោយ​ត្បូង​ចប ឬ​គល់​ឫស្សី ដោយ​ចោទ​ថា ជា​ខ្មាំង​ប្រឆាំង​បដិវត្ត​ គណៈ​ដែល​ប្រទេស​នានា​ជឿន​លឿន និង​គោរព​សិទ្ធិ​មនុស្ស​លើ​សកល​លោក​ក្នុង​សតវត្សរ៍​ទី​២០ កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​ជាតិ លើក​ស្ទួយ​ជីវភាព​ប្រជាជន​របស់​គេ​ឲ្យ​បាន​ប្រសើរ។

សន សាង អាយុ ៥៥​ឆ្នាំ នៅ​ភូមិ​ត្រវែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ថា គាត់​ត្រូវ​អង្គការ​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​យក​ប្ដី​នៅ​ឆ្នាំ​១៩៧៨ ដែល​កាល​នោះ​មាន​ចំនួន​ជាង ២0​គូ តែ​មាន​អ្នក​ខ្លះ​បដិសេធ​ត្រូវ​កង​ឈ្លប​ចាប់​ខ្លួន ហើយ​អ្នក​ខ្លះ​ទៀត​សម្លាប់​ខ្លួន​ឯង ព្រោះ​មិន​ពេញ​ចិត្ត​គូ​ស្រករ​ខ្លួន។

លោក សន សាង បាន​ឲ្យ​ដឹង​ថា ៖ «​រៀបការ​កាល​ស្រករ​ខ្ញុំ​ហ្នឹង ២៥​គូ កាល​រៀប​ហ្នឹង សម្ល​មួយ​ខ្ទះ គេ​វ៉ៃ​ជ្រូក​មួយ ហើយ​បាញ់នឿក​មួយ​ខ្ទះ។ គេ​ប្ដេជ្ញា​ឲ្យ​ស្រឡាញ់​គ្នា​អស់​មួយ​ជីវិត»

គ្រួសារ​ប្តី​ប្រពន្ធ​ថ្មី​ដែល​រៀបចំ​ដោយ​អង្គការ​នោះ ត្រូវ​បាន​អង្គការ​ពិនិត្យ​តាម​ដាន​យ៉ាង​យក​ចិត្ត​​ទុក​ដាក់ បន្ទាប់​ពី​បាន​ផ្សំផ្គុំ​អស់​រយៈ​ពេល​ខ្លី ២ ឬ ៣​ម៉ោង​រួច​មក ដោយ​អង្គការ​ខ្មែរ​ក្រហម​ចាត់​តាំង​កង​ឈ្លប​តាម​ដាន​​ស៊ើប​ការណ៍​ការ​ផ្សំ​ដំណេក​របស់​គូ​ស្រករ​ទាំង​នោះ​យ៉ាង​ដិត​ដល់​បំផុត។

សន សាង បន្ថែម​ថា ៖ «ខ្លះ​ប្រកែក​ដែរ។ ផ្ទះ​មួយ​ឈ្លប​ពីរ​នាក់ៗ។ ឈ្លប​នៅ​ក្រោម​ផ្ទះ ដល់​ខ្ញុំ​ចុះ​ក្រោម​ឃើញ​ឈ្លប​នៅ​ក្រោម​ផ្ទះ​ពីរ​នាក់។ បើ​យើង​ចេះ​តែ​ក្ដុងក្ដាំង​ឈ្លប​គេ​មក​ណែនាំ​យើង​ដែរ។ ខ្ញុំ​អត់​មាន​អី​ទេ ចេះ​តែ​ស្ងាត់ៗ​អ៊ីចឹង​ទៅ។ បើ​យើង​ប្រកែក​គេ​យក​ទៅ​សម្លាប់​ចោល»

មាន​សាក្សី​ជា​ច្រើន​ទៀត​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

ម៉ែន ហ៊ន អាយុ ៥០​ឆ្នាំ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដែល​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​រៀបការ​ឆ្នាំ​១៩៧៥ ដែរ​នោះ បញ្ជាក់​បន្ថែម ៖ «ថ្ងៃ​ហ្នឹង​មាន​ម្នាក់​អត់​ស្រលាញ់​គ្នា អត់​ពេញ​ចិត្ត​ខាង​ប្រុស ...រត់​ចុះ​រត់​ឡើង​ទៅ​ចង​ក​សម្លាប់​ខ្លួន​នៅ​ដើម​អំពិល»

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​អះអាង​ថា មន្ត្រី​មជ្ឈមណ្ឌល​របស់​លោក​បាន​សិក្សា​ស្រាវជ្រាវ​ពី​រឿង​ខ្មែរ​ក្រហម​បង្ខំ​ប្រជាជន​រៀបការ​នេះ​ថា សាមី​ខ្លួន​ភាគ​ច្រើន​លើស​លប់​មិន​បាន​ពេញចិត្ត​ដៃ​គូ​ជីវិត​ដែល​ខ្មែរ​ក្រហម​រៀប​ឲ្យ​នោះ​ទេ តែ​ពូក​គេ​មិន​ហ៊ាន​ប្រកែក ព្រោះ​ខ្លាច​អង្គការ​ចោទ​ថា ខ្មាំង ហើយ​សម្លាប់​ចោល។

ទាក់ទង​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍​ក្នុង​របប​ខ្មែរ​ក្រហម​នោះ មតិ​ខ្លះ​បាន​លើក​ឡើង​ថា គឺ​ជា​ការ​កសាង​ជីវិត​មនុស្ស​ថ្មី បដិវត្តន៍​ថ្មី ដែល​មាន​ខួរក្បាល​គោរព​បក្ស និង​ប្រជាជន​កុម្មុយនិស្ត​ដាច់​ខាត ក៏​ប៉ុន្តែ​លោក ឆាំង យុ បាន​អះអាង​ថា គេ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ជា​ផ្លូវការ​ណា​មួយ​ថា តើ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​ក្រហម​នោះ គឺ​ជា​ការ​បង្កើត​បដិវត្តន៍​ថ្មី ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

លោក ឆាំង យុ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្មែរ​ក្រហម​ហាក់​ដូច​ជា​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ប្រឈម​នឹង​ការ​វាយ​លុក​របស់​វៀតណាម អ៊ីចឹង​ហើយ​កម្លាំង​ទាំង​អស់​គឺ​ថា ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​មុខ​ដើម្បី​បង្ក​បង្កើន​ផល ដូច្នេះ​គ្មាន​ប្រការ​ណា​មួយ​ដែល​បញ្ជាក់​ថា ការ​រៀប​អាពាហ៍ពិពាហ៍​នេះ​ដើម្បី​កសាង​មនុស្ស​ថ្មី​ទេ។ ទី​២​ទៀត យើង​ក៏​ពិបាក​វិនិច្ឆ័យ​ដែរ ដោយសារ​ផែនការ ៤​ឆ្នាំ​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់ អ៊ីចឹង​យើង​ពិបាក​វាយ​តម្លៃ​ណាស់»

យ៉ាង​ណា​ក្ដី របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត បាន​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ដោយ​កង​ទ័ព​វៀតណាម លុក​លុយ។ ភ្លាមៗ​នោះ​ដែរ ប្ដី​ប្រពន្ធ​ដែល​ខ្មែរ​ក្រហម​បាន​ផ្សំផ្គុំ​ភាគ​ច្រើន ក៏​បាន​លែង​លះ​គ្នា​ផង​ដែរ ហើយ​សិទ្ធិ​សេរីភាព​នៃ​ជំនឿ​មនោសញ្ចេតនា​ស្នេហា ដែល​អង្គការ​ខ្មែរ​ក្រហម​បាន​បំបិទ​សិទ្ធិ​ជាង ៣​ឆ្នាំ​មក​ហើយ​នោះ ក៏​បាន​កើត​មាន​នៅ​ក្នុង​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​យើង​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​សង្កេត​ឃើញ​ថា ក៏​មាន​ប្ដី​ប្រពន្ធ​ខ្លះ​ដែល​ខ្មែរ​ក្រហម​បាន​រៀបការ​ឲ្យ​នោះ នៅ​តែ​ស្រលាញ់​គ្នា​មក​ទល់​នឹង​ពេល​នេះ ហើយ​ថែម​ទាំង​បង្កើត​កូន​ពូន​ជា​ចៅ​ច្រើន​នាក់​ទៀត​ផង។ ជា​អាទិ​ដូច​ជា​អ្នកស្រី បៅ សេង ជា​ដើម ៖ «ខ្ញុំ​តែ​រៀបការ​ហើយ​មក​ជា​គូព្រេង​របស់​យើង​ហើយ»

អ្នក​វិភាគ​សង្គម​នយោបាយ​ខ្មែរ​អះអាង​ថា របប ប៉ុល ពត ដែល​ដួល​រលំ​ឆាប់ៗ​ដូច្នេះ គឺ​ព្រោះ​តែ​របប​នេះ​ជា​របប​​ទមិឡ​ឥត​សាសនា សម្លាប់​មនុស្ស​រង្គាល ហើយ​ជា​ទូទៅ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា គូ​ស្រករ​ដែល​ខ្មែរ​ក្រហម​រៀបការ​ឲ្យ​នោះ គឺ​មាន​ជំនឿ​ផ្សេងៗ​គ្នា។ ឧទាហរណ៍ ការ​លែងលះ​គ្នា​ក្រោយ​ពី​របប​នេះ​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩​នោះ គឺ​ជា​គូកម្ម ចំណែក​ឯ​គូស្រករ​ដែល​​រស់​នៅ​ជាមួយ​គ្នា​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ គឺ​ជា​គូ​ព្រេង​ពី​អតីត​ជាតិ​ទៅ​វិញ។ ក៏ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​ថ្លែង​ថា ការ​បង្ខំ​មនុស្ស​ឲ្យ​រៀបការ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ គឺ​ជា​ទោស​ឧក្រិដ្ឋ​មួយ​ក្នុង​ចំណោម​ទោស​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត ដែល​គួរ​តែ​ដាក់​បន្ទុក​លើ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​កំពុង​តែ​ជាប់​ឃុំ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​សព្វថ្ងៃ​នេះ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ៕

គេហទំព័រ​ទាំងមូល