តើលោក ហ៊ុន សែន ស៊ុមគ្រលុំជាមួយ ចេន ហ្ស៊ី ឬទេ?

លោក ហ៊ុន សែន បាន​តែងតាំង​មេ​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ជា​ទីប្រឹក្សា ​ក្រោយ​ពេល​គេ​ដឹង​ថា ចេន ហ្ស៊ី ត្រូវ​បាន​តុលាការ​នៅ​ប្រទេស​ចិន​ដាក់​ក្នុង​បញ្ជី​ថា ជា​ឧក្រិដ្ឋជន​ឆ្លងដែន​រកស៊ី​ខុស​ច្បាប់។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា លោក កើត រិទ្ធ បាន​លើកឡើង​ថា ជន​ណា​ដែល​ដឹង​ថា បុគ្គល​នោះ​ជា​ឧក្រិដ្ឋជន ហើយ​នៅ​តែ​ផ្ដល់​មធ្យោយបាយ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់ ជន​នោះ​នឹង​ត្រូវ​ចាត់​ទុក​ថា «សមគំនិត»៕

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាល​ពី​ថ្ងៃ​ទី០៣ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ បាន​លើកឡើង​ថា បុគ្គល​ណា ដែល​ដឹង​ច្បាស់​រួច​ទៅ​ហើយ ថា​ជន​នោះ​ជា​មេ​ឧក្រិដ្ឋជន ហើយ​នៅ​តែ​សេពគប់​ផ្ដល់​មធ្យោបាយ និង​ជួល​ទីតាំង​ឱ្យ​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​បទល្មើស បុគ្គល​នោះ នឹង​ត្រូវ​ចាត់ចូល​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន។ លោក កើត រិទ្ធ បន្ថែម​ថា សមត្ថកិច្ច​ត្រូវ​តែ​ស៊ើបអង្កេត​ជីក​ឱ្យ​ដល់ឫសគល់ ដើម្បី​អនុវត្ត​ច្បាប់​លើ​ជន​សង្ស័យ​សម​គំនិត​នោះ។

តើលោក ហ៊ុន សែន បានស៊ុមគ្រលុំជាមួយមេឧក្រិដ្ឋជន ចេន ហ្ស៊ី ឬទេ? លោក កើត រិទ្ធ បានលើកឡើងថា ជនណាដែលដឹងថាបុគ្គលនោះជាឧក្រិដ្ឋជន ហើយនៅតែផ្ដល់មធ្យោយបាយធ្វើសកម្មភាពល្មើសច្បាប់ ជននោះនឹងត្រូវចាត់ទុកថា​​ «សមគំនិត»៕

ប៉ុន្តែ​គាត់​អត់​ដឹង​ទេ ស្រាប់តែ​គេ​ហៅ​តាក់ស៊ី​ជិះ គាត់​ដឹក​គេ​ទៅ​ហើយ​គេ​ថា អូរ! ម្នាក់​ហ្នឹង​ស្កេម (Scam) អាហ្នឹង​គាត់​អត់​មាន​ទោស។ សូម្បី​កុំ​ថា​គាត់​ស្កេម សូម្បី​តែ​គាត់​ដឹក​អ្នក​ណា ជា​មេ​គ្រឿងញៀន ដោយ​គាត់​អត់​ដឹង​ថា ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន​ផង ក៏​អត់​មាន​ទោស​ដែរ។ ប៉ុន្តែ​បើ​ផ្ទុយ​ទៅ​វិញ ស្រាប់តែ​ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន គេ​កំពុង​តាម​ចាប់​ខ្លួន ដឹង​ច្បាស់​គ្រប់​គ្នា គាត់​ដឹង អ៊ីចឹង​គាត់​សម្រួល​ការ​រត់​គេច​ខ្លួន​របស់​មេ​គ្រឿងញៀន អាហ្នឹង គាត់​អាច​មាន​ទោស។

—  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ

បើ​តាម​សម្ដី​របស់​លោក កើត រិទ្ធ បាន​បង្ហាញ​ថា លោក ហ៊ុន សែន អាច​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​មេឧក្រិដ្ឋជន ចេន ហ្ស៊ី ពីព្រោះ​លោក ហ៊ុន សែន បាន​យក ចេន ហ្ស៊ី ធ្វើ​ជា​ទីប្រឹក្សា ក្រោយ​ពី​ជនជាតិ​ចិន​រូប​នេះ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​ឧក្រិដ្ឋជន​ទៅ​ហើយ។

លោក ហ៊ុន សែន បាន​តែងតាំង ចេន ហ្ស៊ី ទី​ជា​ទីប្រឹក្សា តាម​រយៈ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ គឺ​ក្រោយពី​សាលក្រម​តុលាការ​ឧក្រិដ្ឋកម្ម​នៃ​ប្រទេស​ចិន បាន​ពិពណ៌នា​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​លោក ចេន ហ្ស៊ី តាំង​ពី​ឆ្នាំ២០២០ ថា ជា «​ក្រុម​ឧក្រិដ្ឋជន​បនល្បែង​អនឡាញ​ឆ្លង​ដែន​ដ៏​អាក្រក់» ដែល​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ហោចណាស់ ៧០០​លាន​ដុល្លារ ជា​ចំណូល​មិន​ស្រប​ច្បាប់។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ត្រូវ​រដ្ឋាភិបាល​បង្កើត​ឡើង​ជា​ប្រញាប់ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី​លោក ហ៊ុន សែន ចេញ​ព្រះរាជក្រម​តំណាង​ឱ្យ​ព្រះមហាក្សត្រ ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ថ្ងៃ​ទី០៦ ខែមេសា។ ច្បាប់​ថ្មី មាន​៥​ជំពូក និង​២៤មាត្រា និង​ត្រូវ​រដ្ឋាភិបាល​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ការ​ឆបោក​ពី​កម្ពុជា ដោយសារ​កន្លង​មក កម្ពុជា​នៅ​ខ្វះ​ច្បាប់​សម្រាប់​បង្ក្រាប​លើ​ក្រុម​ឆបោក​នេះ។

ទោះជាយ៉ាងណាក្ដី អ្នក​ឃ្លាំមើល​បាន​យល់ឃើញ​ថា ការ​លើកឡើង​ថា ការ​ឆបោក​អនឡាញ បាន​រីក​រាលដាល​នៅ​កម្ពុជា ដោយសារ​តែ​មិន​ទាន់​មាន​ច្បាប់ គឺ​ជា​លេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ នឹង​មិន​អាច​ប្រឆាំង​ការ​ឆបោក​អនឡាញ​បាន​ជោគជ័យ​ឡើយ ប្រសិនបើ​មន្ត្រី​ធំៗ មាន​អំណច ដែល​សង្ស័យ​ថា ជាមេ​ក្លោង​និង​ម្ចាស់​ទីតាំង មិន​ត្រូវ​បាន​ស៊ើបអង្កេត​និង​អនុវត្ត​តាម​ច្បាប់។

ចំពោះ​ច្បាប់​ថ្មី​នេះ វា​អាច​ជោគជ័យ​បាន លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ប្រើប្រាស់​វា ដើម្បី​ចាត់​វិធានការ​លើ​មេក្លោង​ធំៗ និង​ម្ចាស់​ទីតាំង​ដែល​មាន​អំណាច ជា​ជាង​តែ​ដេញ​ចាប់​បុគ្គលិក​កម្រិត​ទាប។ បញ្ហា​ប្រឈម​បំផុត ដែល​ច្បាប់​មិន​អាច​ដើរ​ទៅ​មុខ​បាន គឺ​អំពើ​ពុករលួយ​ក្នុង​ជួរ​មន្ត្រី​អនុវត្ត​ច្បាប់​ផ្ទាល់​។

—  អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី

ចំណែក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្រៅ​ប្រទេស​បាន​លើកឡើង​ដែរ​ថា ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ពី​កម្ពុជា គឺ​អាជ្ញាធរ​គួរ​មាន​ការ​ស៊ើបអង្កេត លើ​លោក ហ៊ុន សែន ពី​ព្រោះ ការ​ឆបោក​អនឡាញ គឺ​ជា​ជំនួញ​ប្រមូល​លុយ យក​ទៅ​ចិញ្ចឹម​គណបក្សប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។

ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចង់​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា មិន​ចាំបាច់​ទៅ​ធ្វើ​ច្បាប់​បន្ថែម​នាំ​តែ​ឱ្យ​ខាត​ពេល​ទេ គឺ​ព្យួរ​អភ័យ​ឯកសិទ្ធ​របស់​លោក ហ៊ុន សែន ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​របស់​ពួកគាត់ ហើយ​នាំ​គាត់​ទៅ​សាកសួរ ឱ្យ​ប្រឈម​ចំពោះ​មុខ​ច្បាប់ រួម​ទាំង​ស៊ើបអង្កេត​បណ្ដាញ​ពាក់ព័ទ្ធ​នឹង​គាត់​ឱ្យ​អស់។ ពីព្រោះ​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ​និយាយ​ច្បាស់​ណាស់​ថា ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា ជា​ជំនួញ​ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

—  អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក គឹម សុខ

កាល​ពី​ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អង់គ្លេស​ឈ្មោះ Humanity Research Consultancy បាន​រកឃើញ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​អាច​បង្ក្រាប​បាន ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​ឧកញ៉ា​មាន​ឥទ្ធិពល ដែល​សុទ្ធ​សឹង​ជា​អ្នក​នៅ​ជុំវិញ​ខ្លួន​លោក ហ៊ុន សែន ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក ហើយ​ពួក​ឧក្រិដ្ឋជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ធ្វើ​ជា​ប្រភព​ផ្គត់ផ្គង់​លុយ​ទៅ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គេច​ផុត​ពី​ការ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។