លោក សម រង្ស៊ី ថា មានតែ​ពលរដ្ឋ​រួមគ្នា​ងើបឈរ​ឡើង​ទេ​ទើប​មានការ​ផ្លាស់ប្ដូរ

0:00 / 0:00

លោក សម រង្ស៊ី លើកឡើង​ថា គ្មាន​គណបក្ស​ណា​អាច​ជំនួស​គណបក្ស​សង្គ្រោះជាតិ​បាន​ឡើយ។ លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​សង្គម​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ​ទាំងអស់​ជា​អ្នក​សម្រេច​លើ​ជោគវាសនា​ប្រទេសជាតិ ពិសេស​លើ​ការផ្លាស់ប្ដូរ​មេដឹកនាំ។

ការ​លើកឡើង​របស់​លោក សម រង្ស៊ី នេះ​នៅ​ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​រៀបចំ​ចាប់ឆ្នោត​ជ្រើស​លេខ​រៀង​គណបក្ស ដើម្បី​ឈរ​តាម​លំដាប់​នៅ​ក្នុង​សន្លឹកឆ្នោត ក្នុង​នោះ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ឈរ​នៅ​លេខ​រៀង​ទី​៧។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ អះអាង ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចាប់ឆ្នោត​បាន​លេខ​រៀង​លំដាប់​ទី​៧ ដែល​ធ្លាប់​ជា​លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ការបោះឆ្នោត​ឆ្នាំ ២០១៣ គ្រាន់តែ​ជា​រឿង​ចៃដន្យ​តែប៉ុណ្ណោះ។

លោក សម រង្ស៊ី នៅតែ​ប្រកាន់​ជំហរ​ដដែល គឺ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ​ឱ្យ​សោះ ដើម្បី​ឱ្យ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ។ លោក សម រង្ស៊ី សង្កត់ធ្ងន់​ថា ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បាន មាន​តែ​ប្រជាពលរដ្ឋ​ត្រូវ​ងើបឈរ​ឡើង​ទាំងអស់​គ្នា ដើម្បី​ទប់ទល់ និង​អំណាច​ផ្ដាច់ការ ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ «»

កាលពី​ថ្ងៃ​ទី​២៤ ឧសភា លោក សម រង្ស៊ី បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្នើសុំ​ព្រះអង្គ កុំ​ធ្វើ​តាម​អ្វី ដែល​របប​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ស្នើ​ព្រះអង្គ​ឱ្យ​ធ្វើ​អន្តរាគមន៍​ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ ឱ្យ​ទៅ​បោះឆ្នោត​ថ្ងៃ២៩ កក្កដា ខាងមុខ។ មក​ទល់​ពេល​នេះ មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​នៅឡើយ​អំពី​សំណើ​នេះ។ ទោះជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី សង្ឃឹមថា ព្រះមហាក្សត្រ នឹង​ទទួល​សំណើ​របស់​លោក ដែល​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ «»

ទាក់ទង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) ហៅ​លោក សម រង្ស៊ី ថា បាន ធ្វើ​នយោបាយ​ទ័លច្រក ចំពោះ​ការដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជអន្តរាគមន៍ សុំ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ។ លើសពីនេះ​ទៀត លោក សុខ ឥសាន្ត បាន​ចោទ​លោក សម រង្ស៊ី ថា បាន​ប្រមាថ​ព្រះមហាក្សត្រ​ចំពោះ​ការដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ដោយ​លោក​ហៅ​លិខិត​របស់លោក សម រង្ស៊ី ថ្វាយ​ព្រះមហាក្សត្រ​នេះ​ថា ជាការ​បញ្ជា​ព្រះមហាក្សត្រ​ទៅវិញ។

លោក សម រង្ស៊ី បាន​ឆ្លើយតប​វិញ​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ​ទេ ដែល​ធ្វើ​នយោបាយ​ទ័លច្រក​នោះ។ លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ឆ្នោត​បាន​លេខ​រៀង​ទី​២០​នៅលើ​សន្លឹកឆ្នោត​នោះ គឺជា​លេខ​រៀង​ដែល​ភ័យខ្លាច​ចាញ់​ការបោះឆ្នោត ដោយ​លើក​ពី​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្សប្រឆាំង​ចោល​ជា​ឧទាហរណ៍​ស្រាប់។ «»

ទោះបីជា​យ៉ាងណាក៏ដោយ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើង​ថាការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ ជាការ​បោះឆ្នោត​គ្មាន​យុត្តិធម៌ និង​គ្មាន​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ។

ពលរដ្ឋ​បាន​ចុះឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នេះ មាន​ជាង ៨លាន ៣​សែន​នាក់។ រីឯ​សន្លឹកឆ្នោត​សម្រាប់​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ដែល​គ.ជ.ប ត្រៀម​បោះពុម្ព សរុប​មាន​ជាង ១០​លាន​សន្លឹក ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូ និង​សន្លឹកឆ្នោត​បំរុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។