ឃាតកម្មជាច្រើនបានកើតឡើងនៅក្នុងខែកក្កដា ក្នុងនោះជនរងគ្រោះមាន លោក ហូ សុខ ផងដែរ។ លោក ហូ សុខ ជាមន្ត្រីជាន់ខ្ពស់របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលចម្រុះ ក្នុងឆ្នាំ១៩៩៧ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ ឃាតកបានបាញ់សម្លាប់លោក ហូ សុខ នៅថ្ងៃទី៧ កក្កដា ឆ្នាំ១៩៩៧ ខណៈលោកស្ថិតក្នុងការឃុំខ្លួនក្នុងការិយាល័យមួយរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃ អំឡុងពេលរដ្ឋប្រហាររបស់លោក ហ៊ុន សែន ទម្លាក់សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ។
២៣ឆ្នាំបានកន្លងផុតទៅដោយគ្មានជនល្មើសណាម្នាក់ត្រូវបានចាប់ខ្លួន។ តើភរិយារបស់លោក ហូ សុខ មានទស្សនៈយ៉ាងណាដែរ។
លោក ហូ សុខ គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់រាប់សិបនាក់របស់គណបក្សហ៊្វុនស៊ិនប៉ិច (FUNCIPEC) ដែលត្រូវបានសម្លាប់ក្រៅច្បាប់អំឡុងពេលរដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។
ខណៈទាហាន និងមន្ត្រីជាន់ខ្ពស់រាជានិយមដ៏ទៃទៀតត្រូវបានចាប់ខ្លួន និងបាញ់សម្លាប់នៅក្នុងព្រៃ ឬនៅក្រៅក្រុងភ្នំពេញ លោក ហូ សុខ ត្រូវបានបាញ់សម្លាប់នៅក្នុងក្រសួងមហាផ្ទៃ។
ប្រពន្ធលោក ហូ សុខ គឺលោក ស្រី ជា គឹម បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិកជាមួយកូន ៥នាក់ មានប្រសាសន៍ថា ទោះជាពេលវេលាកន្លងផុតទៅយូរហើយក្តី លោកស្រីក៏នៅតែចង់បានយុត្តិធម៌ ប៉ុន្តែលោកស្រីមិនរំពឹងថា អ្នកគ្រប់គ្រងរដ្ឋបច្ចុប្បន្នអាចរកយុត្តិធម៌ជូនប្តីរបស់លោកស្រីបានទេ៖ «ការចង់បានយុត្តិធម៌នៅតែចង់បានជានិច្ច ប៉ុន្តែមនុស្សគ្មានយុត្តិធម៌ទេ មានតែព្រះមួយទេដែលយុត្តិធម៌។ ទុក្ខសោករបស់ខ្ញុំបានថ្វាយទៅព្រះអស់ហើយ។ ព្រះអង្គថា ការសងសឹកទុកឱ្យព្រះអង្គ»។
ក្រោយការប្រយុទ្ធគ្នារយៈពេល ២ថ្ងៃ នៅក្នុងទីក្រុងភ្នំពេញរវាងកងទ័ពស្មោះត្រង់នឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ឧត្ដមសេនីយ៍ ហូ សុខ ត្រូវបានកម្លាំងស្មោះត្រង់នឹងលោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី៧ កក្កដា ឆ្នាំ ១៩៩៧ នៅក្នុងទីក្រុងភ្នំពេញ។ លោកត្រូវបានគេយកទៅឃុំនៅក្នុងក្រសួងមហាផ្ទៃ ក្នុងការិយាល័យរបស់ឧត្ដមសេនីយ៍ ម៉ា ឈឿន។ នៅក្នុងការិយាល័យរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានេះឯង ដែលលោក ហូ សុខ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង។
ដោយសារមានសម្ពាធខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ជាង២សប្ដាហ៍ក្រោយមក សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងលោក យូ ហុកគ្រី បានបង្កើតក្រុមស៊ើបអង្កេតឃាតកម្មមួយ។ លទ្ធផលស៊ើបអង្កេតជំហានដំបូង បានជំរុញឱ្យលោក ស ខេង សម្រេចបញ្ឈរជើងឧត្តមសេនីយ៍នគរបាលបីរូប នៅថ្ងៃទី២៤ ខែកក្កដា ដែលជាប់សង្ស័យមានចំណែកទទួលខុសត្រូវក្នុងឃាតកម្មលោក ហូ សុខ ។ នគរបាលជាន់ខ្ពស់ទាំងបីរូបនោះ គឺលោក ម៉ា ឈឿន លោក ថន អ៊ិម និងលោកថោង លឹម។
ប៉ុន្តែក្រោយពីត្រូវបានព្យួរការងារ ដើម្បីបើកផ្លូវឱ្យមានការស៊ើបអង្កេតបានប្រមាណ២ខែ ពួកគេទាំងបីត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនបានពិគ្រោះជាមួយលោក ស ខេង បញ្ជាឱ្យពួកគេចូលធ្វើការធម្មតាឡើងវិញ នៅខែកញ្ញា។ លោក ហ៊ុន សែន សម្រេចបែបនោះ បន្ទាប់ពីមានសំណើរបស់អគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី។
សេចក្តីសម្រេចរបស់លោក ហ៊ុន សែន មិនត្រឹមតែធ្វើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អាក់អន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពតានតឹងរវាងលោក សង ខេង និងលោក ហុក ឡង់ឌី ដែលបានបោះសន្ទូចរំលោងភ្នំទៀតផង។
ទោះជាយ៉ាងណា លោក ស ខេង បានបង្ហើបអំពីគោលដៅនៃអ្នកសម្លាប់លោក ហូ សុខ។
នៅថ្ងៃទី២៣ កញ្ញា ឆ្នាំ១៩៩៧ ដដែល គឺនៅថ្ងៃដែលលោក ហ៊ុន សែន ចេញទៅបេសកកម្មនៅក្រៅប្រទេស លោក ស ខេង ត្រូវបានកាសែត ដឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់សំដីលោកយកមកចុះផ្សាយថា «យើងបានស្គាល់អត្តសញ្ញាណអ្នកសម្លាប់លោក ហូ សុខ ហើយ។ យើងសង្ឃឹមថា ឃាតកនឹងត្រូវចាប់ខ្លួនឆាប់ៗខាងមុខនេះ»។ ក៏ប៉ុន្តែលោក ស ខេង មិនបានបញ្ចេញឈ្មោះជនសង្ស័យនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រឿងនេះជារឿងរស៊ើបណាស់។ ទោះជាយ៉ាងណា បន្តិចក្រោយមកលោក ស ខេង បានប្ដូរចិត្តដោយនិយាយប្រាប់កាសែតភ្នំពេញប៉ុស្ត៍ថា លោកមិនដែលបាននិយាយអំពីរឿងនេះទេ។
ប៉ុន្តែជំនួយការរបស់លោក ស ខេង គឺឧត្តមសេនីយ៍ខៀវ សុភ៌ក ក្រោយមកបានបញ្ជាក់ប្រាប់កាសែតភ្នំពេញប៉ុស្ត៍ថា លោក ស ខេង ដឹងថា អ្នកណាជាអ្នកសម្លាប់លោក ហូ សុខ ហើយ ប៉ុន្តែវាឆាប់ពេកក្នុងការធ្វើសកម្មភាពចាប់ខ្លួន ដោយរង់ចាំប៉ូលិសបញ្ចប់ការស៊ើបអង្កេតជាមុនសិន។ទោះជាយ៉ាងណាក្តី ម្ភៃបីឆ្នាំបានកន្លងផុតទៅ ឃាតកម្មលោក ហូ សុខ នៅតែស្ថិតក្នុងភាពអាថ៌កំបាំងដដែល ហើយលោក ស ខេង ក៏នៅតែជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែល។ លោក ស ខេង ដែលជាអ្នកបង្កើតគណៈកម្មការស៊ើបអង្កេតឃាតកម្មនេះ និងធ្លាប់បាននិយាយប្រាប់អ្នកកាសែតថា លោកស្គាល់អត្តសញ្ញាណឃាតកតាំងពី ២៣ឆ្នាំមុននោះ មិនដែលឃើញបង្ហាញរបាយការណ៍ណាមួយពីឃាតកម្មនេះឡើយ។
កាសែតភ្នំពេញប៉ុស្ត៍ចេញផ្សាយថ្ងៃទី១០ តុលា ឆ្នាំ ១៩៩៧ អះអាងថា នៅក្នុងលិខិតចុះថ្ងៃទី៩ កញ្ញា ផ្ញើទៅកាន់កាសែតរបស់ខ្លួន លោក ហូលីយោ ហេលដ្រេស៍ (Julio Jeldres) អ្នកសរសេរប្រវត្តិរបស់ព្រះបរមរតនកោដ្ឋ សម្ដេច ព្រះនរោត្តម សីហនុ បានសរសេរថា លោកមានព័ត៌មានដែលទទួលបានពីសាក្សីមិនបញ្ចេញអត្តសញ្ញាណ ដែលនិយាយថា លោក ហុក ឡង់ ឌី ពាក់ព័ន្ធក្នុងការសម្លាប់លោក ហូ សុខ។
ទោះជាយ៉ាងណា លោក ហុក ឡង់ ឌី ដែលអាចជាមនុស្សសំខាន់ក្នុងរឿងឃាតកម្មនេះ បានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រលប់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០០៨ នៅក្នុងខេត្តស្វាយរៀង។
ចំណែកលោក ម៉ា ឈឿន ដែលការិយាល័យរបស់លោកក្នុងក្រសួងមហាផ្ទៃ ត្រូវបានប្រើប្រាស់ធ្វើឃាតលោក ហូ សុខ នោះ បច្ចុប្បន្នឡើងបុណ្យស័ក្ដិជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម។ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីលោក ម៉ា ឈឿន តាមទូរស័ព្ទអំពីឃាតកម្មលោក ហូ សុខ ប៉ុន្តែលោកឆ្លើយថា លោកជាប់រវល់ក្មួយឈឺ៖ «សុំទោសខ្ញុំជាប់មានធុរៈបន្តិច ក្មួយឈឺ»។
ឃាតកម្មលោក ហូ សុខ គឺជាភាពអាម៉ាស់មួយដ៏ធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះជនរងគ្រោះរូបនេះ ត្រូវបានបាញ់សម្លាប់ខណៈលោកកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងក្រសួងមហាផ្ទៃ ជាកន្លែងដែលគួរតែមានសុវត្ថិភាពខ្ពស់បំផុត។
នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា នេះគឺជាឧក្រិដ្ឋកម្មមួយធ្ងន់ធ្ងរ រំលោភទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលទាមទារឱ្យរដ្ឋាភិបាលស្រាវជ្រាវដោយតម្លាភាព និងឯករាជ្យ ដើម្បីនាំជនល្មើសមកផ្ដន្ទាទោស៖ «វាជារឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយករណីកើតឡើងអ៊ីចឹង វាត្រូវតែមានការស៊ើបអង្កេតរកអ្នកណាដែលទទួលខុសត្រូវ ដើម្បីរកការពិតផ្ដល់យុត្តិធម៌ និងដើម្បីទប់ស្កាត់កុំឱ្យមានការកើតឡើងបន្តទៅទៀត»។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាឱ្យដឹងថា រឿងសម្លាប់មនុស្សនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៥-៦ ឆ្នាំ១៩៩៧ គ្មានការស៊ើបអង្កេតនោះទេ។ លើសពីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា រឿងនេះផុតកំណត់នៃការស៊ើបអង្កេតហើយ៖ «រឿងនេះវាហួសអាជ្ញាយុកាលនៃការស៊ើបអង្កេតហើយប្អូនអើយប្អូន»។

ពិតមែនហើយ ផុតអាជ្ញាយុកាល ពីព្រោះតែសមត្ថកិច្ចទុកឱ្យវាផុត ដោយមិនបានចាត់ការ។
មាត្រា១០នៃក្រមនីតិវិធីព្រហ្មទណ្ឌស្ដីពីអាជ្ញាយុកាលនៃបទល្មើសចែងថា៖ «ថិរវេលានៃអាជ្ញាយុកាលនៃបណ្ដឹងអាជ្ញាចំពោះបទឧក្រិដ្ឋមានរយៈ ១៥ឆ្នាំ»។
ឃាតកម្មលោក ហូ សុខ និងឃាតកម្មលើទាហានគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើននាក់ទៀតនោះ គិតមកដល់ខែកក្កដា ឆ្នាំ២០២០នេះ មានរយៈពេល២៣ឆ្នាំហើយ គឺមានន័យថា លទ្ធភាពដែលអាចប្ដឹងរកយុត្តិធម៌ជូនលោក ហូ សុខ បានផុតកំណត់រយៈពេល៨ឆ្នាំហើយ បើយោងតាមមាត្រា១០នេះ។
ក៏ប៉ុន្តែ ប្រសិនបើឃាតកម្មលោក ហូ សុខ និងមន្ត្រីដទៃទៀតត្រូវគេរកឃើញថា រំលោភបំពានមាត្រា៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ អាជ្ញាយុកាលនៃបទល្មើស នៅតែមានបន្តរហូត ទោះកន្លងផុតយូរយ៉ាងណាក្ដី។
មាត្រា០៩នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ស្ដីពីឧក្រិដ្ឋកម្មដែលគ្មានអាជ្ញាយុកាលកំណត់ ចែងយ៉ាងដូច្នេះថា៖ «បទឧក្រិដ្ឋប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្គ្រាម មិនអាចផុតអាជ្ញាយុកាលបានទេ»។
នេះមានន័យថា ប្រសិនបើមានក្រុមស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងមួយ រកឃើញថា ការសម្លាប់លោក ហូ សុខ និងកងទ័ពរាជានិយមហ៊្វុនស៊ិនប៉ិចរាប់សិបនាក់នៅអំឡុងពេលរដ្ឋប្រហារឆ្នាំ១៩៩៧ គឺជាបទឧក្រិដ្ឋសង្គ្រាម ឬជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនោះ អាជ្ញាយុកាលនៃល្មើស និងបណ្ដឹងអាជ្ញាប្រឆាំងនឹងជនល្មើសមិនចេះផុតរលត់ឡើយ ពោលគឺជនរងគ្រោះ និងអ្នកមានផលប្រយោជន៍ក្នុងសំណុំរឿងនេះ នៅតែអាចដាក់ពាក្យបណ្តឹងសើរើរហូតទៅ ដូចដែលសាលាក្តីខ្មែរក្រហមកំពុងតែដំណើរការជំនុំជម្រះ និងផ្ដន្ទាទោសមេដឹកខ្មែរក្រហម ដូច្នេះដែរ។
ឧក្រិដ្ឋកម្មមួយដែលសាលាក្តីខ្មែរក្រហមបានជំនុំជម្រះ និងផ្ដន្ទាទោសលោក នួន ជា និងលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតនោះ គឺការសម្លាប់ឈ្លើយសឹក ឬការសម្លាប់អតីតបច្ចាមិត្ត ដែលគ្មានលទ្ធភាពតដៃ។ ភា្លមៗក្រោយឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រមូលអតីតទាហាន និងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ចន្លោះពី២០០០ (ពីរពាន់) ទៅ៣០០០ (បីពាន់) នាក់យកទៅបាញ់សម្លាប់ចោលនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់ ដោយបញ្ឆោតថា ឱ្យទៅទទួលសម្ដេចឳ។
ការប្រហារជីវិតអតីតទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃនៅឆ្នាំ១៩៧៥ និងការប្រហារជីវិតទាហានគណបក្សហ៊្វុនស៊ិនប៉ិច អំឡុងរដ្ឋប្រហារថ្ងៃ៥-៦ កក្កដា ឆ្នាំ ១៩៩៧ មានលក្ខណៈស្រដៀងគ្នា។ ស្រដៀងគ្នា គឺត្រង់ថា ជនរងគ្រោះត្រូវបានចាប់ខ្លួន និងគ្មានអាវុធនៅក្នុងដៃ មុនត្រូវបាញ់សម្លាប់។
របាយការណ៍របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បញ្ជាក់ថា អំឡុងពេលរដ្ឋប្រហារពីថ្ងៃទី២ ដល់ថ្ងៃទី៧ កក្កដា ឆ្នាំ១៩៩៧ កងទ័ពរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ បានសម្លាប់ក្រៅច្បាប់នូវពលទាហាន មន្ត្រីប៉ូលិស និងយោធាជាន់ខ្ពស់រាប់សិបនាក់របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១។ មន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិឱ្យដឹងទៀតថា គេបានរកឃើញសាកសពខ្លះនៃទាហាន និងមន្ត្រីរាជានិយមទាំងនោះ ស្ថិតក្នុងដៃជាប់ចំណង ក្រណាត់រុំមុខ ស្លៀកខោខ្លី និងលលាដ៍ក្បាលត្រូវបានបាញ់បំបែកដោយគ្រាប់កាំភ្លើង។ នេះបញ្ជាក់ថា នៅមុនពេលត្រូវបាញ់សម្លាប់ ពួកគេស្ថិតក្រោមការឃុំខ្លួន និងគ្មានអាវុធនៅក្នុងដៃរួចទៅហើយ។
ច្បាប់សង្គ្រាម ឬច្បាប់មនុស្សធម៌អន្តរជាតិ ដែលចែងក្នុងអនុសញ្ញាក្រុងហ្សឺណែវ កំណត់ថា ទាហានដែលត្រូវបានចាប់ខ្លួនក្នុងសមរភូមិ ឬបានទម្លាក់អាវុធចុះចូល គឺជាឈ្លើយសឹក ឬអ្នកទោសសង្គ្រាម។ ជីវិត និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិរបស់ពួកគេត្រូវទទួលបានការការពារ ហើយបន្ទាប់ពីចប់សង្គ្រាម ពួកគេត្រូវបានដោះលែង។ ការប្រហារជីវិតសត្រូវរបស់ខ្លួន ដែលបានទម្លាក់អាវុធ ឬគ្មានអាវុធនៅក្នុងដៃ ឬខណៈស្ថិតក្រោមការឃុំខ្លួន គឺជាការរំលោភច្បាប់សង្គ្រាម និងជាឧក្រិដ្ឋកម្មសង្គ្រាម។
ងាកមកភរិយារបស់លោក ហូ សុខ គឺលោកស្រី ជា គឹមវិញ។ លោកស្រីមានប្រសាសន៍ថា ពីដំបូងៗ កូនរបស់លោកស្រីមានកំហឹងខ្លាំងណាស់ក្រោយបានដឹងថា ឪពុកខ្លួនត្រូវឃាតកបាញ់សម្លាប់ខណៈស្ថិតក្នុងការឃុំខ្លួន។ ប៉ុន្តែពេលវេលាបានជួយធ្វើឱ្យពួកគេរំសាយកំហឹងបន្តិចម្តងៗ ហើយចំណែកលោកស្រីវិញ ដើម្បីអាចរស់ក្នុងភាពស្ងប់ស្ងាត់ក្នុងចិត្តទៅបាន លោកស្រីសូមឱ្យអហោសិកម្មត្រឹមណឹងទៅចុះ ដោយថ្វាយរឿងនេះជូនព្រះយេស៊ូគ្រិស្ត ជាអ្នកសម្រេចជំនួសលោកស្រីទៅវិញ ពីព្រោះលោកស្រីថា មនុស្សលោកលោភលន់ណាស់ មិនចេះស្កប់ស្កល់ឆ្អែតឆ្អន់ទេ ដូច្នេះមានតែព្រះទេ ដែលអាចសម្រេចវាសនារបស់ពួកគេ៖ «ខ្ញុំមានតែការអត់ទោសឱ្យគេប៉ុណ្ណោះ ដើម្បីឱ្យជីវិតទៅមុខទៀត។ មនុស្សចង់បាន មនុស្សចង់មាន មនុស្សចង់បានអំណាចគ្រប់គ្រង មិនចេះចប់ទេ អត់ស្កប់ស្កល់ទេមនុស្ស មានតែស្វែងរកព្រះហឫទ័យពីព្រះអង្គរកយុត្តិធម៌។ កូនខ្ញុំដូចថា គាត់ស្ងប់អារម្មណ៍អស់ទៅ ម៉្លោះហើយគាត់មិនដែលរម្លឹកអីទេ។ គាត់គ្រាន់តែដឹងថា គេសម្លាប់ឪពុកគាត់ដោយអយុត្តិធម៌ ដោយបាញ់នៅក្រសួងមហាផ្ទៃ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។