លោកមេធាវី នូ ទេពីរិទ្ធ ដែលជាបេក្ខជនប្រធានមួយរូបដែរតែក្រោយមកបានដកខ្លួនលែងឈរឈ្មោះវិញនោះបានឲ្យដឹងថា លោក ជីវ សុងហាក់ ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនប្រធានចំនួន៣នាក់ ហើយបានទទួលសន្លឹកឆ្នោតគាំទ្រចំនួន៣២៥សន្លឹក។
លោកមេធាវី នូ ទេពីរិទ្ធ បានឲ្យដឹងថា ៖ «ជាប់ឆ្នោតលោក ជីវ សុងហាក់ ហើយសំឡេង៣២៥។ ខ្ញុំអត់ទេ ខ្ញុំអត់ឈរ(ឈ្មោះ)»។
បេក្ខជនចំនួន២នាក់ទៀតគឺមានលោក ពុធ ធាវី បានទទួលសំឡេងគាំទ្រចំនួន១២៣សន្លឹកនិងលោក អ៊ុក ភូរិ បានទទួលសម្លឹងគាំទ្រចំនួន៨សំឡេង។
លោក ពុធ ធាវី ដែលជាបេក្ខជនបានទទួលសំឡេងគាំទ្រតិចជាង លោក ជីវ សុងហាក់ បានរិះគន់ថាការបោះឆ្នោតបានដំណើរការល្អតែការឃោសនាមានលក្ខណៈមិនស្មើភាពដោយសារមានការចែកវត្ថុអនុស្សាវរីយ៍មុនពេលបោះឆ្នោតដែលជាការទាក់ទាញទឹកចិត្តមួយមិនត្រឹមត្រូវ។
លោក ពុធ ធាវី បានមានប្រសាសន៍ថា ៖ «ការបោះឆ្នោតប្រព្រឹត្តទៅមិនបញ្ហាអីទេ ក៏ប៉ុន្តែសំណូមពរថាឲ្យលោកប្រធានគណៈមេធាវីអាណត្តិថ្មី សុំឲ្យគាត់ហ្នឹងសហការជាមួយក្រុមប្រឹក្សាគណៈមេធាវី បើសិនជាមានការចាប់ផ្ដើមឲ្យមានការឈរឈ្មោះបោះឆ្នោតជ្រើសរើសជាប្រធានគណៈមេធាវីអាណត្តិក្រោយ ឬក្រុមប្រឹក្សាគណៈមេធាវីអាណត្តិក្រោយនេះ គួរឲ្យបន្ថែមបញ្ជាកុំឲ្យមានការឃោសនា ចែកជារបស់ទិញទឹកចិត្ត ដូចជាដាក់លុយក្នុងស្រោមសំបុត្រ ដូចជាទិញហូលផាមួងចែក ហើយថាជាវត្ថុអនុស្សាវរីយ៍ ទិញរបស់វត្ថុមានតម្លៃអីអ៊ីចឹងៗវាអាក្រក់មើលណាស់»។
សូមជម្រាបថា នៅពេលបើកឲ្យមានការឈរឈ្មោះដំបូងមានបេក្ខជនចំនួន៧រូបបានឈរឈ្មោះជាបេក្ខជនប្រធានគណៈមេធាវីកម្ពុជាតែនៅពេលបោះឆ្នោតនៅសល់បេក្ខជនចំនួនតែ៣រូបប៉ុណ្ណោះ។
គណៈមេធាវីកម្ពុជាធ្លាប់មានប្រវត្តិទំនាស់នៅអាណត្តិមុនរវាងលោក សួន វិសាល ដែលបានឈ្នះឆ្នោតតែមិនបានកាន់តំណែង ដោយសារមានការប្តឹងតវ៉ារបស់លោក គី តិច ហើយក្រោយមកចៅក្រមសាលាឧទ្ធរណ៍បានកាត់សេចក្តីឲ្យលោក គី តិច កាន់តំណែងជាប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី៦៕
