ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារនេះ
2022.12.12

១. លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប ខណៈបក្សប្រឆាំងត្រៀមធ្វើបាតុកម្មស្វាគមន៍
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium) ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប។ ប៉ុន្តែពលរដ្ឋខ្មែរ និងមេបក្សប្រឆាំងនៅទីនោះ ប្រកាសធ្វើបាតុកម្មទទួលស្វាគមន៍ ដើម្បីជំរុញដល់សហភាពអឺរ៉ុបដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិពលរដ្ឋ ដោយដោះលែងសកម្មជនដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលលើកឡើងថា អ្នកដែលចេញបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយសារពួកគេមិនយល់មិនយល់អំពីស្ថានភាពពិតនៅកម្ពុជា។ អានព័ត៌មានពិស្តារ...
២. អ្នកជំនាញថា កម្ពុជាគួរទាញយកប្រយោជន៍ពីកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបដោយផ្តោតលើការស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
អ្នកជំនាញ និងក្រុមអ្នកវិភាគនយោបាយលើកឡើងថា កម្ពុជាគួរទាញយកប្រយោជន៍ពីការធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដោយផ្តោតលើការស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីទទួលបានមកវិញនូវការអនុគ្រោះពន្ធ EBA ២០% ពីសហភាពអឺរ៉ុប។ ទោះយ៉ាងណា ពួកគេមិនរំពឹងថាអាចនឹងមានដំណោះស្រាយអំពីបញ្ហា EBA នេះ សម្រាប់កម្ពុជាឡើយ ពីព្រោះតែរដ្ឋាភិបាលលោក ហ៊ុន សែន បន្តធ្វើផ្គើន និងបង្កើនយុទ្ធនាការបង្ក្រាបមកលើសំឡេងប្រឆាំង សហជីព និងសង្គមស៊ីវិល ផ្ទុយពីការចង់ឃើញរបស់សហភាពអឺរុប។ អានព័ត៌មានពិស្តារ...
៣. លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរនៅអឺរ៉ុបចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន ឱ្យបានមុនពេលលោកចេញពីអំណាច
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរដែលកំពុងរស់នៅទ្វីបអឺរ៉ុបចូលរួមបាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបានច្រើនកុះករ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊េលហ្សិក នៅថ្ងៃ១៤ ធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយហើយ ពីព្រោះចាប់ពីឆ្នាំ២០២៣ ទៅគាត់នឹងចុះចេញពីតំណែងគាត់បច្ចុប្បន្ន។ អានព័ត៌មានពិស្តារ...
៤. អាជ្ញាធរខេត្តព្រះសីហនុរកឃើញឃ្លាំងផ្ទុកគ្រឿងញៀនរបស់ឧក្រិដ្ឋជនជិត ១ តោន
អាជ្ញាធរខេត្តព្រះសីហនុរកឃើញឃ្លាំងផ្ទុកគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ជិត១តោន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុវជនខ្មែរជំនាន់ក្រោយនឹងមានអត្រាគ្រោះថ្នាក់ខ្ពស់ដោយសារតែការប្រើប្រាស់គ្រឿងញៀន ដ្បិតគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្នកំពុងរីកសាយភាយតាំងពីទីក្រុងរហូតដល់ទីជនបទ។ អានព័ត៌មានពិស្តារ...
៥. ប្រទេសកម្ពុជាជាកន្លែងផលិតថ្នាំប្រភេទកេតាមីនធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២២
អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (#UNODC) នៅទីក្រុងវីយែន ប្រទេសអូទ្រីស ចេញផ្សាយរបាយការណ៍មួយ កាលពីខែសីហា ឆ្នាំ២០២២ ថា ការរឹបអូសថ្នាំ កេតាមីន (Ketamine) បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា គឺពី១១២គីឡូក្រាម កន្លះ (១១២.៥គ.ក្រ) ក្នុងឆ្នាំ២០២០ ឡើងដល់ជិត ៣តោន (២.៨តោន) ក្នុងឆ្នាំ២០២១។ ចំនួននេះ គឺស្មើនឹងជាង ៥០ភាគរយនៃថ្នាំ កេតាមីន គេរឹបអូសបានសរុប ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ដែលមានចំនួនជាង ៥តោន (៥.៤តោន) ក្នុងឆ្នាំនោះ។ ការកើនឡើងនេះ គឺទាក់ទងគ្នានឹងការកើន ឡើងភស្តុតាងជាច្រើន ដែលបញ្ជាក់អំពីការផលិតថ្នាំ កេតាមីន ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដូច ដែលការស្រាវជ្រាវថ្មីៗ រកឃើញកន្លែងលួចផលិតថ្នាំ កេតាមីន ជាច្រើនកន្លែង បានបញ្ជាក់ស្រាប់។ អានព័ត៌មានពិស្តារ...
៦. មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកតាមដានការអភិវឌ្ឍសង្គមរិះគន់រដ្ឋាភិបាលថា ផែនការជួយដល់ពលរដ្ឋក្រីក្រគ្មានប្រសិទ្ធភាព
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមការអភិវឌ្ឍសង្គម រិះគន់រដ្ឋាភិបាលថា មិនបានដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋក្រីក្រប្រកបដោយប្រសិទ្ធភាពឡើយ ហើយការផ្ដល់សាច់ប្រាក់ពិសេសក្នុងពេលថ្មីៗនេះ គឺដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតតែប៉ុណ្ណោះ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីបេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលមិនដែលបោះបង់អ្នកដែលមានជីវភាពក្រីក្រឡើយ។ អានព័ត៌មានពិស្តារ...
៧. ក្រុមយុវជនថា រដ្ឋាភិបាលលាក់បាំងព័ត៌មានករណីកាត់ឆ្វៀលតំបន់អភិរក្សជាង ១សែន ២ ម៉ឺនហិកតារ ក្នុងខេត្តកោះកុង
ក្រុមយុវជន និងប្រជាហគមន៍ជនជាតិដើមភាគតិចជងអះអាងថា រដ្ឋាភិបាលលាក់បាំងព័ត៌មាន និងមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទាក់ទិនករណី កាត់ឆ្វៀល តំបន់អភិរក្សទំហំជាង ១ សែន ២ ម៉ឺនហិកតារ ឋិតក្នុងតំបន់ព្រៃអភិរក្សចំនួន ៨ ក្នុងខេត្តកោះកុង។ ពួកគាត់សង្ស័យថា រដ្ឋាភិបាលមានចេតនា បិទបាំងព័ត៌មានជុំវិញរឿងនេះ ធ្វើឱ្យពលរដ្ឋព្រួយបារម្ភ ពីការថយចុះទំហំព្រៃឈើនៅតំបន់អារ៉ែង ទាក់ទាញភ្ញៀវទេសចរ។ អានព័ត៌មានពិស្តារ...
៨. មន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ពន្ធនាគារខេត្តព្រះវិហារថា បង្កនីតិវិធីស្មុគស្មាញ ដើម្បីបានជួបកញ្ញា សេង ធារី
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា មន្ត្រីពន្ធនាគារខេត្តព្រះវិហារបង្កនីតិវិធីស្មុគស្មាញ និង រឹតបន្តឹងខុសពីធម្មតា ដើម្បីបានជួបកញ្ញា សេង ធារី។ យុវជនខ្មែរថាវរៈ យល់ឃើញថា មន្ត្រីពន្ធនាគាររំលោភសិទ្ធិ កញ្ញា សេង ធារី ខុសពីអ្នកជាប់ឃុំធម្មតាបែបនេះ គឺដើម្បីបំបាក់ស្មារតីរបស់កញ្ញា និងសកម្មជនដ៏ទៃទៀត កុំឱ្យចូលរួមលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ អានព័ត៌មានពិស្តារ...
៩. ព្រះសង្ឃ និងយុវជន ចោទអាជ្ញាធរខេត្តបាត់ដំបង ថារឹតត្បិតសិទ្ធិសេរីភាពការជួបប្រជុំរបស់ពលរដ្ឋ
ព្រះសង្ឃ និងយុវជនមួយចំនួនរស់នៅខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរ មន្ត្រីសង្ឃ និងមន្ត្រីធម្មការ ក្នុងខេត្តនេះ ថារឹតត្បិតសិទ្ធិសេរីភាពការជួបប្រជុំរបស់ពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរបើកលំហសេរីភាព និងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមការងារសង្គម ជាជាងរារាំងរឹតត្បិតពលរដ្ឋមិនអោយយល់ដឹង និងអនុវត្តសិទ្ធិរបស់ពួកគេ។ អានព័ត៌មានពិស្តារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។