អ្នកជំនាញ​ថា កម្ពុជា​គួរទាញ​យក​​ប្រយោជន៍​​ពី​​កិច្ចប្រជុំ​កំពូល​​អាស៊ាន-អឺរ៉ុប​​ដោយ​ផ្តោត​លើ​​ការ​ស្តា​​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស

ដោយ មាន ឫទ្ធិ
2022.12.12
Share on WhatsApp
Share on WhatsApp
អ្នកជំនាញ​ថា កម្ពុជា​គួរទាញ​យក​​ប្រយោជន៍​​ពី​​កិច្ចប្រជុំ​កំពូល​​អាស៊ាន-អឺរ៉ុប​​ដោយ​ផ្តោត​លើ​​ការ​ស្តា​​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តំណាងអគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សហភាពអឺរ៉ុប​ស្វាគមន៍​លោក ហ៊ុន សែន នៅ​អាកាសយានដ្ឋាន​អន្តរជាតិនៅ​ទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) កាល​ពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
រូប៖ SPM

អ្នកជំនាញ និង​ក្រុមអ្នកវិភាគ​នយោបាយ លើកឡើងថា កម្ពុជា​គួរទាញយក​ប្រយោជន៍​ពី​ការធ្វើជា​សហប្រធាន​កិច្ចប្រជុំកំពូល​អាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដោយផ្តោតលើ​ការស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ទទួលបាន​មកវិញ​នូវ​ការអនុគ្រោះពន្ធ EBA ២០% ពីសហភាព​អឺរ៉ុប។ ទោះយ៉ាងណា ពួកគេ​មិនរំពឹងថា​អាចនឹងមាន​ដំណោះស្រាយ​អំពីបញ្ហា EBA នេះ សម្រាប់​កម្ពុជាឡើយ ពីព្រោះតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្តធ្វើផ្គើន និង​បង្កើន​យុទ្ធនាការ​បង្ក្រាបមកលើ​សំឡេងប្រឆាំង សហជីព និង​សង្គមស៊ីវិល ផ្ទុយពី​ការចង់ឃើញ​របស់​សហភាពអឺរុប។

ការងាក​មកស្តា​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្សឡើងវិញ​ដើម្បី​ឱ្យកម្ពុជា​ទទួលបាន​ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» ឬហៅកាត់ថា EBA ចំនួន ២០% ពីសហភាព​អឺរ៉ុប គឺជា​ប្រធានបទ​សំខាន់មួយ​ដែល​ក្រុមអ្នកជំនាញ​កិច្ចការអន្តរជាតិ និងអ្នកវិភាគ​នយោបាយ​ចង់ឃើញ​កម្ពុជា​ចរចា​រកដំណោះស្រាយ​ជាមួយ​សហភាពអឺរ៉ុប ស្របពេល​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួម​ដឹកនាំ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងព្រុចសែល។

អ្នកជំនាញ​កិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់ វិទ្យុអាស៊ីសេរី តាម​សារអេឡិចត្រូនិក​នៅថ្ងៃទី១២ ខែធ្នូ ថា កម្ពុជា​គួរទាញយក​ប្រយោជន៍​ពីកិច្ចប្រជុំកំពូល​អាស៊ាន-សហភាពអឺរ៉ុប ក្នុងនាមជា​ប្រធាន​ប្តូរវេន​អាស៊ាន ដើម្បី​បង្ហាញថា​វាមិនមែនជា​លទ្ធផល​ដែលគេអាចដឹងទុក​ជាមុន​ថាកម្ពុជានឹង​មិនធ្វើតាម​នៅពេល​និយាយដល់​រឿង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​នៅកម្ពុជា​នោះ។ សាស្ត្រាចារ្យ និង​ជា​ព្រឹទ្ធបុរសរង​នៃ​សាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) រូបនេះ យល់ថា នៅមាន​ពេលវេលា​នៅឡើយទេ​ដើម្បី​កែប្រែ​រាល់សេចក្តីសម្រេច​នានា​ដែល​រដ្ឋាភិបាលកម្ពុជា​បានធ្វើ​កាលពីពេល​កន្លងមក​ពាក់ព័ន្ធនឹង​ការចាប់ចង​ក្រុមអ្នករិះគន់ ក្រុមមេដឹកនាំ​គណបក្សប្រឆាំង និង​ក្រុមអ្នករិះគន់​ដទៃទៀត​ដាក់គុកនោះ។ ទោះយ៉ាងណា លោកមិនរំពឹងថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹងធ្វើដូច្នេះឡើយ ដោយសារតែ​ត្រូវប្រឈម​នឹងបញ្ហា​ជាច្រើន​ជាពិសេស​គឺការបាត់បង់​អំណាច ស្របពេលដែលខ្លួន​ពុំចាំបាច់​ធ្វើដូច្នេះឡើយ​ព្រោះមាន​ចិនជា​មិត្តដែកថែប​នៅចាំជួយ​ពីខាងក្រោយ។

ក្រោយការរម្លាយទៅ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដោយ​តុលាការកំពូល​កាលពី​ចុងឆ្នាំ២០១៧ ដូចតាម​ការចង់បាន​របស់​លោក ហ៊ុន សែន ដើម្បីធានា​ជ័យជម្នះ​ទុកជាមុន និង​ការរៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ២០១៨​ដែលរងការរិះគន់​ថា​ជាការបោះឆ្នោត «បង្គ្រប់កិច្ច» គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បាន​សម្រេច​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០% ពី​កម្ពុជា។ ការកាត់ផ្តាច់ ២០%នេះ មានតម្លៃស្មើនឹង​ការបង់ពន្ធលើ​មុខទំនិញ​របស់​កម្ពុជា​នាំចូល​ទៅ​សហភាពអឺរ៉ុប ដែលមាន​តម្លៃជាគិតប្រាក់​ជាង ១ពាន់លានដុល្លារ​អាមេរិក​ក្នុងមួយ​ឆ្នាំ។ គណៈកម្មការអឺរ៉ុប សម្រេចយ៉ាងដូច្នេះ​ដោយសម្អាងថា ខ្លួនបាន​រកឃើញថា កម្ពុជាបាន​រំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរ​ជាប្រព័ន្ធ» ជាពិសេស​ពាក់ព័ន្ធនឹង​សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ព្រមទាំងសិទ្ធិការងារ និង​សិទ្ធិដីធ្លី ជាដើម។

សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និងជា​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ យល់ឃើញថា ក្នុងដំណាក់កាល​បច្ចុប្បន្ននេះ ភាគី​ទាំងពីរ​គឺ​ទាំងកម្ពុជា និងទាំង​សហភាពអឺរ៉ុប​នៅតែអាច​ជជែកគ្នា​ស្វែងរក​លទ្ធផល«ឈ្នះ-ឈ្នះ» ទាំងសង្ខាង ដើម្បី​រក្សាគោលការណ៍​ស្នូល​គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ​របស់​សហភាពអឺរ៉ុប៖

«ខ្ញុំ​គិតថា​ខ្មែរយើង​ព្យាយាម​បញ្ចុះបញ្ចូល និង​បង្ហាញពី​គេហៅថា​ជាការវិវត្ត​ជាវិជ្ជមាន​នៅក្នុង​ប្រទេស​ដើម្បី​ទៅ​ឡប់ប៊ី (lobby) ទៅបញ្ចុះបញ្ចូល​ឱ្យភាគីអឺរ៉ុប​ទទួលយក​នូវការវិវត្ត​នយោបាយ​ថ្មីៗ​របស់​កម្ពុជា។ យើងដឹងហើយថា ភាគី​អឺរ៉ុប​គេមើលឃើញថា​ការដាក់ទណ្ឌកម្ម​ទាំងឡាយណា​ដែលធ្វើឱ្យ​ប៉ះពាល់ទៅដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជារួម ក៏គេ​មិនចង់ធ្វើដែរ​នៅក្នុង​ករណីដែល​គេអាចនៅ​សម្របសម្រួល​នៃការដើរថយក្រោយ ឬការវិវត្ត​ជាអវិជ្ជមាន​ទាក់ទងនឹង​រឿង​ប្រជាធិបតេយ្យ រឿងការគោរព​សិទ្ធិមនុស្ស និងរឿង​ទាក់ទងនឹង​ការរឹតត្បិត​សិទ្ធិសេរីភាព​របស់​សហជីព​នោះ ទោះបី​បញ្ហានោះ​ជាបញ្ហាស្នូល​នៅក្នុង​លក្ខខណ្ឌ​នៃការផ្តល់​ភាពអនុគ្រោះពន្ធ EBA ដល់កម្ពុជា»

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ដើម្បី​សុំការអត្ថាធិប្បាយ​ជុំវិញ​ការយល់ឃើញ​​របស់​ក្រុមអ្នកជំនាញ​ទាំងនេះ នៅថ្ងៃទី១២ ខែធ្នូ បាននៅឡើយទេ។ ទោះយ៉ាងណា ក្រសួងការបរទេស​កម្ពុជា​ឱ្យដឹងតាមរយៈ​សេចក្តីប្រកាសព័ត៌មាន​កាលពី​ថ្ងៃទី០៩ ខែធ្នូ ថា អំឡុងពេល​ស្នាក់នៅ​ទីក្រុងព្រុចសែល ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូលរំលឹកខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប លោក ហ៊ុន សែន រំពឹងថា​នឹងមាន​ជំនួប​ពិភាក្សាទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប​មួយចំនួន។ ក្រសួងនេះ​មិនបាន​បញ្ជាក់​លម្អិតថាតើ​ថ្នាក់ដឹកនាំ​អឺរ៉ុប​ទាំងនោះ​ជានរណា​ខ្លះ និងថាតើ​លោក ហ៊ុន សែន គ្រោងនឹង​លើកយក​បញ្ហា​បាត់បង់ EBA ទៅជជែក​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគីសហភាពអឺរ៉ុប​ដែរឬយ៉ាងណានោះ។

ទោះជាយ៉ាងណា ថែ្លងនៅក្នុង​ពិធីសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋខ្មែរ​ដែលជា​ក្រុមអ្នកគាំទ្រ​លោក​នៅអឺរ៉ុប នៅទីក្រុងព្រុចសែល នៅមុន​កិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ លោក ហ៊ុន សែន អះអាងថា ក្នុង​ដំណើរទស្សនកិច្ច​របស់​លោក​នៅអឺរ៉ុបនេះ លោក​នឹង​មិនស្នើសុំ​ឱ្យ​អឺរ៉ុប​ផ្តល់​ប្រព័ន្ធអនុគ្រោះពន្ធ​ណាមួយមក​កម្ពុជា​វិញឡើយ ជាថ្នូរនឹងការដោះដូរ​អធិបតេយ្យ ឬឯករាជ្យ​របស់​កម្ពុជានោះ៖

«ខ្ញុំមកអឺរ៉ុបនេះ ខ្ញុំអត់​មាន ហើយ​ខ្ញុំដាក់បម្រាម​អត់ឱ្យ​មន្ត្រី​របស់ខ្ញុំ​សុំអី​អ្នកណា​ត្រលប់មកវិញ ភាពអនុគ្រោះណា ខ្ញុំបាន​និយាយហើយថា ខ្ញុំមិនអាច​យកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរ​ជាមួយ​ជំនួយ ឬភាពអនុគ្រោះណា​ទាំងអស់។ អ្នកឯងចង់ឱ្យៗ។ រកស៊ីជាមួយគ្នា រកស៊ី។ ឥឡូវយើងនាំមក​ដល់អឺរ៉ុប​កើន ១៨ភាគរយ។ ទំហំទឹកលុយ​ជាង ៤ពាន់លាន។ នាំទៅអាមេរិក គេរកស៊ី​ជាមួយគ្នា។ អ្នកឯង​អនុគ្រោះ ខ្ញុំក៏អរ។ អ្នកឯង​មិនអនុគ្រោះ ខ្ញុំក៏​មិនដឹងធ្វើម៉េច? អាហ្នុង ទុកសិទ្ធិឱ្យអ្នកឯង​និយាយទៅ»

បើទោះជាជារឿយៗ លោក ហ៊ុន សែន តែងតែ​អះអាងដូច្នេះ​ក៏ដោយ​ ក៏កន្លងមក​លោកបាន​ជះលុយ​មិនតិច​ជាងមួយលានដុល្លារ​ក្នុងមួយឆ្នាំៗ ដើម្បី​ធ្វើយុទ្ធនាការ​បញ្ចុះបញ្ចូល​កុំឱ្យ​សហរដ្ឋអាមេរិក​ធ្វើច្បាប់​ដាក់ទណ្ឌកម្ម​មកលើ​មន្ត្រីជាន់ខ្ពស់​ក្នុងជួរ​រដ្ឋាភិបាល​របស់លោក។ នេះគេនៅ​មិនទាន់ដឹង​ថាតើ​កម្ពុជា​បានចំណាយ​លុយប៉ុន្មាន​ដើម្បី​ជួលក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឱ្យ​ជួយ​បញ្ចុះបញ្ចូល​ក្រុមមេដឹកនាំ ឬសមាជិក​សភាអឺរ៉ុប​កុំឱ្យ​សម្រេច​ដកហូតប្រព័ន្ធ​អនុគ្រោះពន្ធ​ពីកម្ពុជា​បន្ថែមទៀតនោះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និងជា​អ្នកជំនាញ​កិច្ចការអន្តរជាតិ​មួយរូបទៀត​គឺលោក ឯម សុវណ្ណរ៉ា យល់ឃើញថា ក្រៅពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស សហភាពអឺរ៉ុប ក៏ចង់ឃើញ​កម្ពុជា​រក្សាឱ្យបាន​នូវអព្យាក្រឹត្យ​ដូចតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ឆ្នាំ១៩៩១៖

«បញ្ហា​ដែលយើង​អាចប្រមើលមើល ឬយើងអាចនឹក​ស្មានបាន គឺបរិយាកាស​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិនយោបាយ គឺត្រូវតែ​គេហៅថា​ត្រូវមានការឆ្លើយតប ឬក៏ត្រូវមាន​ការកែលម្អ ការជជែកគ្នា។ ទីពីរ​បញ្ហា​អព្យាក្រឹត្យភាព ឬក៏​ការអនុវត្តតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស គឺថា​ខ្លឹមសារ​នៃគោលការណ៍​ច្បាប់នេះ ដែលជំរុញ​ឱ្យកម្ពុជា​ជារដ្ឋ​អព្យាក្រឹត្យ គឺគួរតែ​គេនឹងលើកឡើង ព្រោះ​សហគមន៍​អឺរ៉ុប​ក៏មាន​យុទ្ធសាស្ត្រ​ពាក់ព័ន្ធទៅនឹង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែរ។ អ៊ីចឹង កិច្ចការនេះ គឺ​ខ្ញុំគិតថា ប្រហែលជា​គេអាចនឹងលើកឡើង»

បើទោះជា​មានការរំពឹងថា​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​អព្យាក្រឹត្យ​របស់​កម្ពុជា​អាចនឹង​ត្រូវបាន​លើកឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​ក្រុមមេដឹកនាំ​អឺរ៉ុប​ក៏ដោយ សម្រាប់​អ្នកវិភាគនយោបាយ​ឥតសំចៃមាត់ លោក គឹម សុខ ដែលបច្ចុប្បន្ន​កំពុងរស់នៅភៀសខ្លួន​នៅប្រទេសហ្វាំងឡង់ (Finland) វិញ លោក​រិះគន់​ថា លោក ហ៊ុន សែន ទៅចូលរួម​កិច្ចប្រជុំកំពូល​នៅអឺរ៉ុប​លើកនេះ គឺដើម្បីតែ​មុខមាត់​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ត្រកូល «ហ៊ុន» តែប៉ុណ្ណោះ។ លោកថា លោក ហ៊ុន សែន គ្មាន​សមត្ថភាព​រក​ផលប្រយោជន៍​ជូនជាតិ​បានឡើយ៖

«លោក ហ៊ុន សែន ដែលកំពុងតែ​ហែរហម​ដោយ​ឧញ៉ា​មួយចំនួន​ដែល​សហរដ្ឋអាមេរិក និង​អឺរ៉ុប​កំពុងតែ​តាមដាន​យ៉ាងខ្លាំង អ្នកខ្លះ​ត្រូវអាមេរិក និង​អឺរ៉ុប​ដាក់ទណ្ឌកម្មទៅហើយនោះ សញ្ញាណ​បែបនេះ​គឺមិនផ្តល់​ផលប្រយោជន៍​ឱ្យជាតិទេ។ ម៉្លោះហើយ ដំណើរទស្សនកិច្ច​របស់លោក ហ៊ុន សែន ទៅអឺរ៉ុប ទៅប្រទេសបារាំង ហើយនឹង​បែលហ្សិក​នេះ វាគ្រាន់តែជា​ការបង្ហាញមុខ​ដើម្បី​ទៅឃោសនា​នយោបាយ​តែប៉ុណ្ណោះ។ គាត់គ្មាន​សមត្ថភាព គ្មាន​កិត្តិយស​អ្វី​ទៅទាញផលប្រយោជន៍​ដល់​ប្រទេសកម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរនោះទេ»

ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពី​កម្ពុជា​របស់​សហភាពអឺរ៉ុប បាន​ចូលជាធរមាន​ចាប់តាំងពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មក។ គិតរហូតមកដល់​ពេលនេះ មានរយៈពេល​ជាងពីរឆ្នាំហើយ​ដែល​សហភាពអឺរ៉ុប​បន្ត​អនុវត្ត​ការដាក់ទណ្ឌកម្ម​នេះ​មកលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ នៅមិនទាន់​មានសញ្ញាណ​វិជ្ជមាន​ណាមួយ​ដែលថា គណៈកម្មការ​អឺរ៉ុប​អាចនឹង​ប្រគល់​ភាពអនុគ្រោះពន្ធ​ទាំងនេះ មកឱ្យ​កម្ពុជា​វិញ​នៅឡើយទេ ខណៈ​ភាគីកម្ពុជា​ខ្លួនឯង​ក៏ពុំទាន់​បង្ហាញ​សញ្ញាណ​ណាមួយ​នៃ​ការបើក​លំហ​ប្រជាធិបតេយ្យ សិទ្ធិនយោបាយ និង​សិទ្ធិពលរដ្ឋ​ដូចតាម​ការចង់ឃើញ​របស់​សហភាពអឺរ៉ុប​នោះដែរ។ ផ្ទុយទៅវិញ សភាអឺរ៉ុប បាន​ព្រមាន​កាលពី​ដើមខែឧសភា នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី៥ ថា ខ្លួននឹង​ពិចារណា​ដកហូត​ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង​ពីកម្ពុជា ប្រសិនបើ​រកឃើញថា ការបោះឆ្នោត​នាពេល​ខាងមុខនេះ​ធ្វើឡើង​ដោយមិនសេរី មិនត្រឹមត្រូវ និង​មិនយុត្តិធម៌​នោះ។

កម្ពុជានឹង​រៀបចំ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។