ប្រទេស​កម្ពុជា ជា​កន្លែង​ផលិត​ថ្នាំ​ប្រភេទ កេតាមីន ធំ​មួយ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ២០២២

ដោយ ឡេង ម៉ាលី
2022.12.13
ប្រទេស​កម្ពុជា ជា​កន្លែង​ផលិត​ថ្នាំ​ប្រភេទ កេតាមីន ធំ​មួយ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ២០២២ (រូបឯកសារ) ​ថ្នាំ កេតាមីន (Ketamine) ដែល​អាជ្ញាធរ​រឹបអូស​បាន​ កាល​ពី​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកនគរបាលជាតិ

អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (#UNODC) នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ចេញ​ផ្សាយ​របាយការណ៍​មួយ កាល​ពី​ខែសីហា ឆ្នាំ២០២២ ថា ការ​រឹបអូស​ថ្នាំ កេតាមីន (Ketamine) បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពី ១១២គីឡូ​ក្រាម​កន្លះ (១១២.៥គ.ក្រ) ក្នុង​ឆ្នាំ២០២០ ឡើង​ដល់​ .៨តោន ក្នុង​ឆ្នាំ២០២១។ ចំនួន​នេះ គឺ​ស្មើ​នឹង​ជាង ៥០ភាគ​រយ​នៃ​ថ្នាំ កេតាមីន គេ​រឹបអូស​បាន​សរុប ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​អស់ ដែល​មាន​ចំនួន ៥.៤តោន ក្នុង​ឆ្នាំ​នោះ។ ការ​កើន​ឡើង​នេះ គឺ​ទាក់ទង​គ្នា​នឹង​ការ​កើន​ឡើង​ភស្តុតាង​ជា​ច្រើន ដែល​បញ្ជាក់​អំពី​ការ​ផលិត​ថ្នាំ កេតាមីន ខុស​ច្បាប់​នៅ​ក្នុង​កម្ពុជា ដូច​ដែល​ការ​ស្រាវជ្រាវ​ថ្មីៗ រក​ឃើញ​កន្លែង​លួច​ផលិត​ថ្នាំ កេតាមីន ជា​ច្រើន​កន្លែង បាន​បញ្ជាក់​ស្រាប់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១ អាជ្ញាធរ​កម្ពុជា​បាន​បិទ​ចោល​រោងចក្រ​លួច​ផលិត​ថ្នាំ​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង។ នៅ​ក្នុង​ខែមករា ឆ្នាំ២០២២ ការ​ស៊ើប​អង្កេត បន្ត​នាំ​ទៅ​ដល់​ការ​បង្ក្រាប​កន្លែង​លួច​ផលិត​ទ្រង់ទ្រាយ​ធំ​ទី​ពីរ និង​ជា​កន្លែង​ផ្ទុក​សារ​ធាតុគីមី ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​ថ្នាំ កេតាមីន និង​អាច​ជា​ថ្នាំ​សំយោគ​ផ្សេង​ទៀត។ នៅ​កន្លែង​លួច​ផលិត​មួយ​កន្លែង ក្នុង​ខេត្តកំពង់ស្ពឺ អាជ្ញាធរ​រក​ឃើញ មាន​សារធាតុ​ផ្សេងៗ សរុប​ចំនួន​ ៦១,៧តោន ក្នុង​នោះ​មាន​សារធាតុ​ដើម កេតាមីន (Ketamine) ៧៥០គីឡូ​ក្រាម និង​ជា​កាក​សំណល់ កេតាមីន ចំនួន​ ៥,២២តោន។ មាន​សារធាតុ​គីមី​ ១៤៩តោនទៀត ត្រូវ​បាន​រឹបអូស​នៅ​កន្លែង​ស្តុក​ទុក​សារធាតុ​គីមី​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ក្នុង​ខែមករា ឆ្នាំ២០២២ នេះ។

អាជ្ញាធរ​ជាតិ នៅ​ខែឧសភា ឆ្នាំ២០២២ បង្ក្រាប​កន្លែង​កែច្នៃ​គ្រឿងញៀន​ខុស​ច្បាប់​មួយ​ទៀត ហើយ​រឹបអូស​បាន​ថ្នាំ កេតាមីន ៤០,៥គីឡូក្រាម សារធាតុ​រំលាយ​ចម្រុះ ដែល​មាន​ផ្ទុក​គ្រឿងញៀន​ .៤២៥គីឡូ​ក្រាម និង​សារធាតុគីមី​ផ្សេង​ទៀត​ ១១,៥តោន។ នៅ​ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរ​បង្ក្រាប​កន្លែង​កែច្នៃ​មួយ និង​កន្លែង​ស្តុក​ទុក​ចំនួន៦ ហើយ​រឹបអូស​បាន​ថ្នាំ កេតាមីន ១,៨តោន និង​សារធាតុគីមី និង​សមាស​ធាតុគីមី​ផ្សេង​ទៀត ២២៧តោន។ នៅ​ខែសីហា ឆ្នាំ២០២២ ថ្នាំ កេតាមីន ៨៧១គីឡូក្រាម​ទៀត ត្រូវ​បាន​រឹបអូស។

កេតាមីន (Ketamine) ជា​ថ្នាំ ដែល​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​មនុស្ស និង​សត្វ ហើយ​ត្រូវ​បាន​គេ​ចុះ​បញ្ជី​ជា​ឱសថ​សំខាន់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ នៅ​ពេល​ដែល​ថ្នាំ កេតាមីន មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អន្តរជាតិ ការ​ប្រើប្រាស់​ក្រៅ​ពី​ផ្លូវ​ពេទ្យ ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន។ ការ​ប្រើ កេតាមីន ក្រៅ​ពី​ផ្លូវ​ពេទ្យ ក្នុង​កម្រិត​ខ្ពស់ អាច​បណ្ដាល​ឱ្យ​បេះដូង​ដើរ​ញាប់ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ពុល​ផ្លូវ​ដង្ហើម ហើយ​បង្ក​បញ្ហា​ដល់​ប្លោកនោម ធ្វើ​ឱ្យ​ថប់​អារម្មណ៍ មាន​អាការៈ​ភ័យ​ស្លន់ស្លោ ញ័រ​ទ្រូង ឈឺ​ទ្រូង ធ្លាក់​ទឹក​ចិត្ត ហើយ​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ស្រាប់ រឹត​តែ​ធ្ងន់ធ្ងរ និយាយ​មិន​ច្បាស់ និង​និយាយ​លែង​ចេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។