អាជ្ញាធរខេត្តព្រះសីហនុរកឃើញឃ្លាំងផ្ទុកគ្រឿងញៀនរបស់ឧក្រិដ្ឋជនជិត ១ តោន
2022.12.12

អាជ្ញាធរខេត្តព្រះសីហនុរកឃើញឃ្លាំងផ្ទុកគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ជិត ១តោន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុវជនខ្មែរជំនាន់ក្រោយនឹងមានអត្រាគ្រោះថ្នាក់ខ្ពស់ដោយសារតែការប្រើប្រាស់គ្រឿងញៀន ដ្បិតគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្នកំពុងរីកសាយភាយតាំងពីទីក្រុងរហូតដល់ទីជនបទ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអះអាងថា សមត្ថកិច្ចនៅតាមមូលដ្ឋានមួយចំនួនបានពន្លាតកម្លាំងតាមចាប់មេខ្លោងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីយកអនុវត្តទោសតាមផ្លូវច្បាប់។
អគ្គលេខានៃអគ្គលេខាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែធ្នូថា បច្ចុប្បន្នគ្រឿងញៀនជិត ១តោនត្រូវបានរក្សាទុកក្នុងឃ្លាំងរបស់ក្រុមឧក្រិដ្ឋជនដដែលដោយមានការយាមកាមពីក្រុមសមត្ថកិច្ចខេត្តព្រះសីហនុ។ លោកបញ្ជាក់ទៀតថា គ្រឿងញៀនទាំងនោះក្រុមឧក្រិដ្ឋជនអាចនឹងដឹកជញ្ជូនឆ្លងដែនចូលកម្ពុជា៖
«កំពុងពន្លាតដែនសមត្ថកិច្ច ដើម្បីរកឱ្យឃើញអ្នកទទួលខុសត្រូវពិតប្រាកដ។ សមត្ថកិច្ចម៉េចដូចក្រុមឧក្រិដ្ឋជន ធ្វើការមានពេលមានម៉ោងមានថ្ងៃឈប់មានថ្ងៃសម្រាក មានការផ្លាស់ប្តូរវេន ក្រុមឧក្រិដ្ឋជនវាចាំមើលភាពឆកល្វែង ជូនកាលគាត់ប្រើប្រាស់របៀបធ្វើការផ្សេងៗទៀត ក្នុងការធ្វើសកម្មភាពខុសច្បាប់»។
សមត្ថកិច្ចចម្រុះ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលរសៀលថ្ងៃទី១១ ខែធ្នូ បានចុះឆែកឆេរឃ្លាំងជួលមួយកន្លែងស្ថិតនៅក្រុម៩ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានរកឃើញគ្រឿងញៀនចំនួន ៣៤បាវ មានទម្ងន់ជិត ១តោន។ កាលពីខែកក្កដា កន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះក៏បង្ក្រាបបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនចំនួន ៧នាក់ដែរ ក្រោយពួកគេបាននាំចូលសារធាតុគីមីផ្សំកែទៅជាគ្រឿងញៀនប្រមាណ ១៤តោន ព្រមទាំងរឹបអូសសម្ភារៈឧបករណ៍កែច្នៃមួយចំនួនធំ ដែលស្ថិតនៅក្នុងរោងចក្រផលិតកែច្នៃគ្រឿងញៀនពួកក្រុមឧក្រិដ្ឋជនក្នុងខេត្តព្រះសីហនុ។
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនមិនទាន់អាចបញ្ជាក់អំពីគ្រឿងញៀនទាំងនោះមានប្រភពពីណា ហើយឃ្លាំងផ្ទុកគ្រឿងញៀននោះជារបស់អ្នកណានៅឡើយ។
កាលពីថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមី សរុបជាង ៦តោន ក្នុងចំណោមវត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗ ដែលរឹបអូសបាន មានទម្ងន់សរុបជិត ១០០តោន។ អាជ្ញាធរឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ និង២០២១ ដែលមានការរីករាលដាលជំងឺកូវីដ-១៩ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ១០តោន និងឃាត់ខ្លួនជនសង្ស័យបានជាង ៣ម៉ឺននាក់។ ក្នុងនោះ សមត្ថិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង១ម៉ឺនករណី (១០.៤៦១ករណី) ក្នុងឆ្នាំ២០២០ និងជាង ៦ពាន់ករណី (៦.៣០៨ករណី) ទៀតក្នុងឆ្នាំ២០២១។
លោក មាស វិរិទ្ធ ឱ្យដឹងទៀតថា គិតត្រឹមពាក់ណ្ដាលខែធ្នូ សម្រាប់ឆ្នាំ២០២២នេះ អាជ្ញាធររឹបអូសគ្រឿងញៀនបានជាង ៥តោន។ លោកថា តួលេខនេះបានកើនឡើងជាងពាក់កណ្ដាលបើធៀបនឹងឆ្នាំ២០២១។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិល ស្នើដល់ស្ថាប័នមានជំនាញត្រូវអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់លើក្រុមឧក្រិដ្ឋជន ដើម្បីកុំឱ្យពួកគេចេះតែយកកម្ពុជាធ្វើជាទីតាំងរោងចក្រផលិតគ្រឿងញៀនតាមអំពើចិត្ត។
អ្នកសម្របសម្រួបសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចបង្ហាញតម្លាភាព និងផ្តល់ព័ត៌មានឱ្យបានទូលំទូលាយអំពីការរកឃើញឃ្លាំងផ្ទុកគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជន។ អ្នកស្រីព្រួយបារម្ភថា បើមន្ត្រីអាជ្ញាធរដែលជាអ្នកគ្រប់គ្រងនៃឃ្លាំងផ្ទុកគ្រឿងញៀននោះប្រព្រឹត្តអំពើពុកលុយ បញ្ហានៃឧក្រិដ្ឋកម្មគ្រឿងញៀននៅកម្ពុជានឹងមិនអាចដោះស្រាយបានទេ៖
«ដូចខ្ញុំបានសំណូមពរអ៊ីចឹង គឺយើងត្រូវតែផ្សព្វផ្សាយរូបភាពរបស់គាត់ [ឧក្រិដ្ឋជន] ជាសាធារណៈ ដើម្បីឱ្យសាធារណជនដឹងថា ហ្នឹងហើយមេគ្រឿងញៀន។ យើងបារម្ភថា ពេលខ្លះខ្លាចមានការឃុបឃិតគ្នាជាប្រព័ន្ធធ្វើឱ្យឧក្រិដ្ឋជនទាំងរួចខ្លួន។ មួយទៀតការថែរក្សាទុកភស្តុតាងជាគ្រឿងញៀនរាប់សិបតោនហ្នឹង យើងក៏មិនដឹងថា លោកយកទៅរក្សាទុកនៅកន្លែងណាដែរ វាច្រើនហើយគ្រឿងញៀននៅពេលដែលគេជួញដូរតែតិចៗសុទ្ធរាប់ម៉ឺន? ចុះបើរាប់តោនយកទុកណា? វាជាគ្រោះថ្នាក់ណាស់ប្រសិនជា អ្នកទទួលខុសត្រូវថែរក្សាទុកភស្តុតាងគាត់លួចចេញទៅក្រៅ ធ្វើការចែកចាយបន្តទៀតវានៅតែគ្រោះថ្នាក់ដដែលហ្នឹង»។
មន្ត្រីសង្គមស៊ីវិល យល់ថា ហេតុផលសំខាន់ដែលក្រុមឧក្រិដ្ឋជននៅតែមិនខ្លាចញញើតក្នុងការដឹកជញ្ជូនគ្រឿងញៀន និងបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជា គឺដោយសារតែក្រុមឧក្រិដ្ឋជនបានដឹងថា អ្នកអនុវត្តច្បាប់នៅកម្ពុជាទន់ខ្សោយ និងមានអំពើពុករលួយជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។