មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា មន្ត្រីពន្ធនាគារខេត្តព្រះវិហារបង្កនីតិវិធីស្មុគស្មាញ និងរឹតបន្តឹងខុសពីអ្នកជាប់ឃុំខុសធម្មតា ក្នុងការសុំជួបកញ្ញា សេង ធារី។ យុវជនខ្មែរថាវរៈ យល់ឃើញថា មន្ត្រីពន្ធនាគាររំលោភលើសិទ្ធិ កញ្ញា សេង ធារី ដែលខុសពីអ្នកជាប់ឃុំធម្មតាបែបនេះគឺបង្ហាញពីការបំបាក់ស្មារតីកញ្ញា និងសកម្មជនដ៏ទៃទៀត ថា កុំឱ្យចូលរួមលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
មន្ត្រីពន្ធនាគារបានរឹតបន្តឹងខុសពីធម្មតា ចំពោះអ្នកដែលចង់ជួបសួរសុខទុក្ខកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា នីតិវិធីស្មុគស្មាញរបស់មន្ត្រីពន្ធនាគារបែបនេះ គឺបានរំលោភសិទ្ធិរបស់កញ្ញា សេង ធារី ធ្ងន់ធ្ងរ។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ធ្នូ ថា លោកមិនត្រូវបានមន្ត្រីពន្ធនាគារអនុញ្ញាតឱ្យជួបសួរសុខទុក្ខកញ្ញា សេង ធារី នោះទេ កាលពីថ្ងៃទី៩ ខែធ្នូ ដោយមានតែមេធាវីរបស់សមាគម តែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឱ្យចូលជួបកញ្ញា សេង ធារី។ លោក នី សុខា ត្អូញត្អែរថា ដំណើរការសុំចូលជួបកញ្ញា សេង ធារី កន្លងមកគឺមានភាពស្មុគស្មាញខ្លាំង ដោយខាងសមាគមអាដហុក (ADHOC) ត្រូវធ្វើលិខិតស្នើសុំទៅច្រើនស្ថាប័ន ទម្រាំអាចឱ្យមេធាវី បានចូលជួបកញ្ញា សេង ធារី ដើម្បីផ្ដិតមេដៃស្នើសុំមេធាវីការពារក្ដីឱ្យកញ្ញា។ លោកយល់ឃើញថា ការដាក់នីតិវិធីស្មុគស្មាញដើម្បីបានជួបកញ្ញា សេង ធារី ដូច្នេះគឺធ្វើឡើងខុសពីអ្នកជាប់ឃុំធម្មតា ហើយបានរំលោភសិទ្ធិរបស់កញ្ញា សេង ធារី ធ្ងន់ធ្ងរ។
ខាងអាដហុក (ADHOC) ហ្នឹងបានដាក់ពាក្យស្នើសុំលើកទី១ ទៅក្រសួងមហាផ្ទៃបន្ទាប់ពីក្រសួងមហាផ្ទៃមកខាងក្រសួងមហាផ្ទៃថា មានតែតុលាការទេ ដល់អ៊ីចឹងទៅយើងដាក់ទៅតុលាការក្រុង ខាងតុលាការក្រុងគេថា មិនស្ថិតក្រោមការឃុំគ្រងរបស់តុលាការក្រុងទេ គឺបញ្ជូនមកព្រះវិហារ វាស្ថិតនៅក្រោមតុលាការព្រះវិហារ ដូច្នេះយើងមកដាក់នៅព្រះវិហារទៀត ខាងព្រះវិហារបែរជាចារត្រឡប់ទៅវិញថា រឿងហ្នឹងរឿងនៅសាលាឧទ្ធរណ៍ដូច្នេះត្រូវទៅសុំអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ខ្ញុំគិតថារឿងនីតិវិធីហ្នឹងវាស្មុគស្មាញហើយ មិនមានជាផ្លូវច្បាប់ណាមួយដែលមកចង្អុលបង្ហាញឲ្យមានភាពច្បាស់លាស់ណាស់ វាអត់មាននៅក្នុងនីតិវិធីច្បាប់ដែលចង្អុលបង្ហាញឲ្យច្បាស់លាស់។
លោក នី សុខា យល់ឃើញថាការឃុំខ្លួនកញ្ញា សេង ធារី មិនមែនជាការអនុវត្តច្បាប់នោះទេ ព្រោះកញ្ញាគ្រាន់តែធ្វើសកម្មភាពដើម្បីលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិតែប៉ុណ្ណោះ។ លោកថា រដ្ឋាភិបាលគួរតែដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាព ជាជាងបន្តឃុំឃាំងកញ្ញា ហើយរងសម្ពាធសេដ្ឋកិច្ចពីបណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យ។
សមត្ថកិច្ចចាប់ឃុំខ្លួនកញ្ញា សេង ធារី អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា ក្រោយតុលាការប្រកាសសាលក្រមកាត់ឲ្យ កញ្ញាជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ នៅក្នុងពិធីកិច្ចប្រជុំកំពូលអាស៊ាន កាលពីពាក់កណ្ដាល ខែវិច្ឆិកា កន្លងមក ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) ស្នើឱ្យលោក ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី ដែរទោះជាយ៉ាងណា កញ្ញា សេង ធារី នៅតែបន្តជាប់ឃុំនៅក្នុងពន្ធនាគារមកដល់សព្វថ្ងៃ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា អះអាងថា ដោយសារកញ្ញា សេង ធារីធ្វើការបង្អត់អាហារធ្វើឱ្យយុវជនខ្មែរថាវរៈបង្អត់អាហារតាមដែរ នៅពេលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ហើយការធ្វើបែបនេះធ្វើឱ្យរដ្ឋាភិបាលបាក់មុខមាត់លើឆាកអន្តរជាតិ។ លោកបន្ថែមថា មូលហេតុដែលខាងពន្ធនាគាររឹតបន្តឹងការចូលទៅសួរសុខទុក្ខកញ្ញា សេង ធារី ខុសពីអ្នកជាប់ឃុំដទៃ ក៏ព្រោះតែកញ្ញាបានធ្វើសកម្មភាពខុសគេ ទាំងមិនទាន់ជាប់ឃុំ និងនៅក្នុងពន្ធនាគារ និងមានបញ្ជាមកពីថ្នាក់លើ។
តែដោយសារគាត់ធ្វើអ៊ី កូដកម្មបង្អត់អាហារ គាត់ទៅធ្វើសកម្មភាពអ៊ីផ្សេងៗហ្នឹង អាហ្នឹងវាខុសពីអ្នកដទៃហា៎ណា៎ អ៊ីចឹងដោយសារពីដំបូងគាត់ធ្វើសកម្មភាពឲ្យមានបញ្ហាចលាចលអ៊ីផ្សេងៗ
រហូតដល់មានអ្នកតវ៉ា មកតាមតវ៉ា អញ្ចឹងទៅយើងចាត់ទុកជាជនជាប់ឃុំសន្តិសុខកម្រិតខ្ពស់ទៅ។
ផ្ទុយពីការលើកឡើងនេះ សមាជិកយុវជនខ្មែរថាវរៈ លោក ស្វាយ សំណាង យល់ឃើញថា សកម្មភាពរបស់កញ្ញា សេង ធារី និងក្រុមយុវជនខ្មែរថាវរៈធ្វើកូដកម្មបង្អត់អាហារដើម្បីទាមទារសិទ្ធិសេរីភាពជូន កញ្ញា សេង ធារី កន្លងមក មិនមានចេតនាធ្វើឱ្យរដ្ឋាភិបាលបាក់មុខមាត់លើឆាកអន្តរជាតិអ្វីនោះឡើយ។ លោក ស្វាយ សំណាង យល់ថា មន្ត្រីពន្ធនាគារខេត្តព្រះវិហារធ្វើការរឹតបន្តឹងការចូលសួរសុខទុក្ខកញ្ញា សេង ធារី ដូច្នេះដើម្បីបំបាក់ស្មារតីកញ្ញា និងសកម្មជនដទៃទៀត កុំឱ្យបន្តចូលរួមលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ លោកថា រដ្ឋាភិបាលគួរដោះលែងកញ្ញា សេង ធារី និងសកម្មជននយោបាយដទៃទៀត ដើម្បីស្ដារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិឡើងវិញ។
មែនទែនទៅមុខមាត់រដ្ឋាភិបាលគឺគាត់ទេ ជាអ្នកបំផ្លាញខ្លួនឯងទេ បើសិនជាគាត់ដោះស្រាយបញ្ហានានានៅក្នុងសង្គម ជាពិសេសដោះលេងកញ្ញា សេង ធារី រាជរដ្ឋាភិបាលគាត់ មិនបានបាក់មុខបាក់មាត់បែបនេះទេ ហើយជាក់ស្ដែងទោះបីជាយុវជនមិនបានធ្វើសកម្មភាពតស៊ូមតិអ៊ីផ្សេងៗហ្នឹង មុខមាត់រាជរដ្ឋាភិបាលគឺបានស្អុយរលួយនៅលើឆាកអន្តរជាតិរួចទៅហើយលើការរំលោភសិទ្ធិមនុស្ស។
ក្រៅពីមានការរឹតបន្តឹងមិនឱ្យសាច់ញាតិ និងអង្គការចូលទៅជួបសួរសុខទុក្ខ កញ្ញា សេង ធារី មន្ត្រីពន្ធនាគារក៏ រំលោភសិទ្ធិសាសនារបស់កញ្ញាដែរ និងមិនឲ្យកញ្ញា សេង ធារីទទួលសេវាព្យាបាលត្រឹមត្រូវនៅក្នុងពន្ធនាគារ។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការផ្ទេរ កញ្ញា សេង ធារី យកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ និងការបង្កនីតិវិធីស្មុគស្មាញ មិនឱ្យសាច់ញាតិ និងអង្គការសង្គមស៊ីវិលចូលសួរសុខទុក្ខកញ្ញាបែបនេះ គឺជាការចង់បំបាក់ស្មារតីកញ្ញា កុំឱ្យបន្តលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កន្លងមក អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ រួមទាំងអង្គការសហប្រជាជាតិ តែងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។